YouVersion Logo
Search Icon

ណាពី​មីកា 3

3
ពាក្យ​ព្រមាន​មេ​ដឹក​នាំ
1ពួក​មេ​ដឹក​នាំ​កូន​ចៅ​យ៉ាកកូប
និង​ពួក​អ្នក​គ្រប់‌គ្រង​លើ
ពូជ‌ពង្ស​អ៊ីស្រ‌អែល​អើយ សូម​ស្ដាប់​ពាក្យ​ខ្ញុំ!
អ្នក​រាល់​គ្នា​ត្រូវ​តែ​ស្គាល់​ហ៊ូកុំ។
2ប៉ុន្តែ អ្នក​រាល់​គ្នា​បែរ​ជា​ស្អប់​អំពើ​ល្អ
ហើយ​ចូល​ចិត្ត​អំពើ​អាក្រក់​ទៅ​វិញ។
អ្នក​រាល់​គ្នា​កេង‌ប្រវ័ញ្ច​ប្រជា‌ជន
រហូត​ដល់​បក​ស្បែក​គេ
ហើយ​ពន្លះ​សាច់​គេ​រហូត​ដល់​ឆ្អឹង។
3អ្នក​រាល់​គ្នា​ស៊ី​សាច់​ប្រជា‌ជន​របស់​ខ្ញុំ
អ្នក​រាល់​គ្នា​បក​ស្បែក​គេ បំបាក់​ឆ្អឹង​គេ
ហើយ​កាប់​គេ​ជា​ដុំៗ ដូច​សាច់​នៅ​ក្នុង​ថ្លាង។
4អ្នក​រាល់​គ្នា​ស្រែក​អង្វរអុលឡោះ‌តាអាឡា
តែ​ទ្រង់​មិន​ឆ្លើយ​តប​មក​វិញ​ឡើយ
ពេល​នោះ ទ្រង់​គេច​ពី​អ្នក​រាល់​គ្នា
ដ្បិត​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់។
បន្ទូល​របស់​អុលឡោះ​ប្រឆាំង​នឹង​ណាពី​ក្លែង‌ក្លាយ
5 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ស្ដី​អំពី​ពួក​ណាពី
ដែល​នាំ​ប្រជា‌ជន​របស់​ទ្រង់​ឲ្យ​វង្វេង។
បើ​ប្រជា‌ជន​ឲ្យ​ពួក​គេ​បរិភោគ​ឆ្អែត
ពួក​គេ​ទាយ​ថា មាន​សេចក្ដី​សុខ‌សាន្ត
តែ​បើ​ប្រជា‌ជន​មិន​ឲ្យ​អ្វី​បរិភោគ​ទេ
ពួក​គេ​ទាយ​ថា មាន​កើត​សង្គ្រាម។
6ហេតុ​នេះ អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ
និមិត្ត‌ហេតុ​អស្ចារ្យ​ទៀត​ហើយ
ផ្ទុយ​ទៅ​វិញ មាន​តែ​យប់​ងងឹត
អ្នក​រាល់​គ្នា​នឹង​លែង​ទស្សន៍‌ទាយ​ទៀត​ហើយ
ផ្ទុយ​ទៅ​វិញ មាន​តែ​ភាព​អន្ធការ
ភាព​ងងឹត​សូន្យ‌សុង​នឹង​គ្រប​ពី​លើ
ណាពី​ទាំង​នោះ ដូច​ព្រះ‌អាទិត្យ​លិច​បាត់។
7ពួក​គ្រូ​ទាយ​នឹង​ត្រូវ​បាក់​មុខ
ពួក​ហោរា​នឹង​ត្រូវ​អាម៉ាស់
ពួក​គេ​នឹង​យក​ដៃ​បាំង​មុខ
ដ្បិត​អុលឡោះ​មិន​អើពើ​នឹង​ពួក​គេ​ឡើយ។
8ចំណែក​ឯ​ខ្ញុំ​វិញ ខ្ញុំ​ពោរ‌ពេញ​ដោយ​កម្លាំង
មក​ពី​រស​របស់អុលឡោះ‌តាអាឡា
ទ្រង់​ប្រទាន​ឲ្យ​ខ្ញុំ​ស្គាល់​យុត្តិធម៌
និង​មាន​ចិត្ត​ក្លា‌ហាន
ដើម្បី​ប្រាប់​ពូជ‌ពង្ស​យ៉ាកកូប
ឲ្យ​ស្គាល់​អំពើ​ទុច្ចរិត​របស់​ខ្លួន
ហើយ​ប្រាប់​ប្រជា‌ជន​អ៊ីស្រ‌អែល
ឲ្យ​ស្គាល់​អំពើ​បាប​របស់​ខ្លួន។
9នាម៉ឺន​មន្ត្រី​នៃ​កូន​ចៅ​យ៉ាកកូប
មេ​ដឹក​នាំ​នៃ​កូន​ចៅ​អ៊ីស្រ‌អែល​អើយ
សូម​នាំ​គ្នា​ស្ដាប់!
អស់​លោក​ស្អប់​យុត្តិធម៌ ហើយ​បង្ខូច​ហ៊ូកុំ។
10អស់​លោក​សង់​ក្រុង​ស៊ីយ៉ូន ដោយ​បង្ហូរ​ឈាម​គេ
ហើយ​សង់​ក្រុង​យេរូ‌សាឡឹម
ដោយ​ជិះ‌ជាន់​សង្កត់‌សង្កិន​គេ។
11ចៅ‌ក្រម​កាត់​ក្ដី ដោយ​ចង់​បាន​សំណូក
អ៊ីមុាំ​បង្រៀន​ហ៊ូកុំ ដោយ​ចង់​បាន​កំរៃ
ណាពី​ទស្សន៍‌ទាយ ដោយ​ចង់​បាន​ប្រាក់។
ពួក​គេ​យក​នាមអុលឡោះ‌តាអាឡា​មក​ប្រើ
ទាំង​ពោល​ថា: “អុលឡោះ‌តាអាឡា​នៅ​ជា​មួយ​យើង
មហន្ត‌រាយ​មិន​កើត​មាន​ដល់​ពួក​យើង​ទេ”។
12ហេតុ​នេះ ព្រោះ​តែ​អ្នក​រាល់​គ្នា
ខ្មាំង​នឹង​ភ្ជួរ​រាស់​ក្រុង​ស៊ីយ៉ូន ដូច​ភ្ជួរ​ស្រែ
ហើយ​ក្រុង​យេរូ‌សាឡឹម​នឹង​ក្លាយ​ទៅ​ជា
គំនរ​បាក់​បែក
រីឯ​ភ្នំ​របស់​ម៉ាស្ជិទ​នឹង​ក្លាយ​ទៅ​ជា​ព្រៃ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in