ណាពីមីកា 3
3
ពាក្យព្រមានមេដឹកនាំ
1ពួកមេដឹកនាំកូនចៅយ៉ាកកូប
និងពួកអ្នកគ្រប់គ្រងលើ
ពូជពង្សអ៊ីស្រអែលអើយ សូមស្ដាប់ពាក្យខ្ញុំ!
អ្នករាល់គ្នាត្រូវតែស្គាល់ហ៊ូកុំ។
2ប៉ុន្តែ អ្នករាល់គ្នាបែរជាស្អប់អំពើល្អ
ហើយចូលចិត្តអំពើអាក្រក់ទៅវិញ។
អ្នករាល់គ្នាកេងប្រវ័ញ្ចប្រជាជន
រហូតដល់បកស្បែកគេ
ហើយពន្លះសាច់គេរហូតដល់ឆ្អឹង។
3អ្នករាល់គ្នាស៊ីសាច់ប្រជាជនរបស់ខ្ញុំ
អ្នករាល់គ្នាបកស្បែកគេ បំបាក់ឆ្អឹងគេ
ហើយកាប់គេជាដុំៗ ដូចសាច់នៅក្នុងថ្លាង។
4អ្នករាល់គ្នាស្រែកអង្វរអុលឡោះតាអាឡា
តែទ្រង់មិនឆ្លើយតបមកវិញឡើយ
ពេលនោះ ទ្រង់គេចពីអ្នករាល់គ្នា
ដ្បិតអ្នករាល់គ្នាបានប្រព្រឹត្តអំពើអាក្រក់។
បន្ទូលរបស់អុលឡោះប្រឆាំងនឹងណាពីក្លែងក្លាយ
5 អុលឡោះតាអាឡាមានបន្ទូលស្ដីអំពីពួកណាពី
ដែលនាំប្រជាជនរបស់ទ្រង់ឲ្យវង្វេង។
បើប្រជាជនឲ្យពួកគេបរិភោគឆ្អែត
ពួកគេទាយថា មានសេចក្ដីសុខសាន្ត
តែបើប្រជាជនមិនឲ្យអ្វីបរិភោគទេ
ពួកគេទាយថា មានកើតសង្គ្រាម។
6ហេតុនេះ អ្នករាល់គ្នានឹងលែងឃើញ
និមិត្តហេតុអស្ចារ្យទៀតហើយ
ផ្ទុយទៅវិញ មានតែយប់ងងឹត
អ្នករាល់គ្នានឹងលែងទស្សន៍ទាយទៀតហើយ
ផ្ទុយទៅវិញ មានតែភាពអន្ធការ
ភាពងងឹតសូន្យសុងនឹងគ្របពីលើ
ណាពីទាំងនោះ ដូចព្រះអាទិត្យលិចបាត់។
7ពួកគ្រូទាយនឹងត្រូវបាក់មុខ
ពួកហោរានឹងត្រូវអាម៉ាស់
ពួកគេនឹងយកដៃបាំងមុខ
ដ្បិតអុលឡោះមិនអើពើនឹងពួកគេឡើយ។
8ចំណែកឯខ្ញុំវិញ ខ្ញុំពោរពេញដោយកម្លាំង
មកពីរសរបស់អុលឡោះតាអាឡា។
ទ្រង់ប្រទានឲ្យខ្ញុំស្គាល់យុត្តិធម៌
និងមានចិត្តក្លាហាន
ដើម្បីប្រាប់ពូជពង្សយ៉ាកកូប
ឲ្យស្គាល់អំពើទុច្ចរិតរបស់ខ្លួន
ហើយប្រាប់ប្រជាជនអ៊ីស្រអែល
ឲ្យស្គាល់អំពើបាបរបស់ខ្លួន។
9នាម៉ឺនមន្ត្រីនៃកូនចៅយ៉ាកកូប
មេដឹកនាំនៃកូនចៅអ៊ីស្រអែលអើយ
សូមនាំគ្នាស្ដាប់!
អស់លោកស្អប់យុត្តិធម៌ ហើយបង្ខូចហ៊ូកុំ។
10អស់លោកសង់ក្រុងស៊ីយ៉ូន ដោយបង្ហូរឈាមគេ
ហើយសង់ក្រុងយេរូសាឡឹម
ដោយជិះជាន់សង្កត់សង្កិនគេ។
11ចៅក្រមកាត់ក្ដី ដោយចង់បានសំណូក
អ៊ីមុាំបង្រៀនហ៊ូកុំ ដោយចង់បានកំរៃ
ណាពីទស្សន៍ទាយ ដោយចង់បានប្រាក់។
ពួកគេយកនាមអុលឡោះតាអាឡាមកប្រើ
ទាំងពោលថា: “អុលឡោះតាអាឡានៅជាមួយយើង
មហន្តរាយមិនកើតមានដល់ពួកយើងទេ”។
12ហេតុនេះ ព្រោះតែអ្នករាល់គ្នា
ខ្មាំងនឹងភ្ជួររាស់ក្រុងស៊ីយ៉ូន ដូចភ្ជួរស្រែ
ហើយក្រុងយេរូសាឡឹមនឹងក្លាយទៅជា
គំនរបាក់បែក
រីឯភ្នំរបស់ម៉ាស្ជិទនឹងក្លាយទៅជាព្រៃ។
Currently Selected:
ណាពីមីកា 3: អគត
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2014 United Bible Societies, UK.