ម៉ាថាយ 13
13
ប្រស្នាអំពីគ្រាប់ពូជ
1នៅគ្រានោះ អ៊ីសាចាកចេញពីផ្ទះ ទៅនៅមាត់សមុទ្រ។ 2មានមហាជនច្រើនកុះករ មកចោមរោមគាត់ គាត់ក៏ចុះទៅនៅក្នុងទូកមួយ រីឯបណ្ដាជនឈរនៅមាត់ច្រាំង។ 3អ៊ីសាមានប្រសាសន៍ទៅគេយ៉ាងច្រើន ដោយប្រើប្រស្នាដូចតទៅ៖
«មានបុរសម្នាក់ចេញទៅព្រោះគ្រាប់ពូជ។ 4ពេលគាត់ព្រោះ មានគ្រាប់ពូជខ្លះធ្លាក់ទៅលើផ្លូវ ហើយសត្វមកចឹកស៊ីអស់ទៅ។ 5មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើកន្លែងមានថ្ម ពុំសូវមានដី។ គ្រាប់ពូជក៏ដុះឡើងភ្លាម ព្រោះដីមិនជ្រៅ។ 6លុះដល់ថ្ងៃក្ដៅឡើង ពន្លកទាំងនោះក្រៀមស្វិតអស់ទៅ ព្រោះឫសចាក់មិនបានជ្រៅ។ 7គ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីមានបន្លា។ បន្លាក៏ដុះឡើង រួបរឹតស្រូវមិនឲ្យដុះបានឡើយ។ 8គ្រាប់ពូជខ្លះទៀត ធ្លាក់ទៅលើដីមានជីជាតិល្អ មួយគ្រាប់ឲ្យផលជាមួយរយគ្រាប់ មួយទៀតឲ្យហុកសិប និងមួយទៀតឲ្យសាមសិប។ 9អស់អ្នកដែលឮពាក្យនេះ សូមយកទៅពិចារណាចុះ!»។
10ពេលនោះ ពួកសិស្សនាំគ្នាចូលមកជិតអ៊ីសាសុំសួរថា៖ «ហេតុដូចម្ដេចបានជាតួនមានប្រសាសន៍ទៅកាន់បណ្ដាជន ដោយប្រើពាក្យប្រស្នាដូច្នេះ?»។ 11អ៊ីសាតបទៅគេវិញថា៖ «មកពីអុលឡោះបានប្រោសប្រទានឲ្យអ្នករាល់គ្នាយល់ គម្រោងការដ៏លាក់កំបាំងរបស់នគរនៃទ្រង រីឯអ្នកដទៃវិញ ទ្រង់មិនប្រទានឲ្យយល់ឡើយ។ 12អ្នកណាមានហើយ អុលឡោះនឹងប្រទានថែមទៀត ដើម្បីឲ្យអ្នកនោះបានបរិបូណ៌ រីឯអ្នកដែលគ្មាន ទ្រង់នឹងហូតយកអ្វីៗដែលអ្នកនោះមានផង។ 13ហេតុនេះហើយបានជាខ្ញុំនិយាយទៅគេ ដោយប្រើពាក្យប្រស្នា គឺទោះបីគេមើលក៏ពុំឃើញ ទោះបីគេស្ដាប់ក៏ពុំឮ ហើយក៏ពុំយល់ដែរ 14ដើម្បីឲ្យបានស្របនឹងសេចក្ដីដែលណាពីអេសាយថ្លែងទុកអំពីពួកគេថា៖
“អ្នករាល់គ្នាស្ដាប់ឮមែន
តែពុំយល់ទេ
អ្នករាល់គ្នាមើលមែន តែពុំឃើញទេ
15 ដ្បិតចិត្ដប្រជារាស្ដ្រនេះរឹងណាស់
ហើយត្រចៀកគេក៏ធ្ងន់។
គេនាំគ្នាបិទភ្នែក មិនឲ្យឃើញ
មិនឲ្យត្រចៀកស្ដាប់ឮមិនឲ្យប្រាជ្ញាយល់
ហើយមិនចង់វិលមកវិញទេ
ក្រែងលោយើងប្រោសគេឲ្យបានជា”។
16រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាមានសុភមង្គលហើយ ព្រោះភ្នែកអ្នករាល់គ្នាឃើញ ត្រចៀកអ្នករាល់គ្នាស្ដាប់ឮ! 17ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា មានណាពី និងមនុស្សសុចរិតជាច្រើនមានបំណងចង់ឃើញហេតុការណ៍ដែលអ្នករាល់គ្នាឃើញនេះដែរ តែមិនបានឃើញទេ គេចង់ឮសេចក្ដីដែលអ្នករាល់គ្នាឮនេះដែរ តែមិនបានឮឡើយ!។
18ដូច្នេះ សុំស្ដាប់អត្ថន័យនៃប្រស្នាអំពីអ្នកព្រោះស្រូវដូចតទៅៈ 19អ្នកដែលបានឮបន្ទូលអំពីនគរ នៃអុលឡោះតែមិនយល់ប្រៀបបាននឹងអ្នកដែលទទួលគ្រាប់ពូជនៅតាមផ្លូវ ដ្បិតអ៊ីព្លេសមកឆក់យកបន្ទូលនៃអុលឡោះដែលបានធ្លាក់ក្នុងចិត្ដគេនោះទៅ។ 20រីឯអ្នកដែលទទួលគ្រាប់ពូជលើដីមានថ្ម គឺអស់អ្នកដែលបានឮបន្ទូលនៃអុលឡោះហើយ ក៏ទទួលយកភ្លាមដោយអំណរ 21ប៉ុន្ដែ គេពុំបានទុកឲ្យបន្ទូលនៃអុលឡោះចាក់ឫសនៅក្នុងខ្លួនគេឡើយ គេជាប់ចិត្ដតែមួយភ្លែតប៉ុណ្ណោះ លុះដល់មានទុក្ខលំបាក ឬត្រូវគេបៀតបៀន ព្រោះតែបន្ទូល គេក៏បោះបង់ចោលជំនឿភ្លាម។ 22អ្នកដែលទទួលគ្រាប់ពូជក្នុងដីមានបន្លា គឺអ្នកដែលបានឮបន្ទូលនៃអុលឡោះ ប៉ុន្ដែ ការខ្វល់ខ្វាយអំពីជីវិតក្នុងលោកីយ៍ ចិត្ដលោភលន់ចង់បានទ្រព្យសម្បត្តិ រួបរឹតបន្ទូលមិនឲ្យបង្កើតផលបានឡើយ។ 23រីឯអ្នកដែលទទួលគ្រាប់ពូជក្នុងដីមានជីជាតិល្អ គឺអស់អ្នកដែលបានឮបន្ទូលនៃអុលឡោះហើយយល់ គេបង្កបង្កើតផល ខ្លះបានមួយជាមួយរយ ខ្លះបានមួយជាហុកសិប និងខ្លះទៀតបានមួយជាសាមសិប»។
ប្រស្នាអំពីស្រងែ
24អ៊ីសាមានប្រសាសន៍ជាពាក្យប្រស្នាមួយទៀតទៅគេថា៖ «នគរនៃអុលឡោះប្រៀបបាននឹងបុរសម្នាក់ ដែលបានព្រោះគ្រាប់ពូជល្អទៅក្នុងស្រែរបស់គាត់។ 25ពេលមនុស្សម្នាដេកលក់អស់ សត្រូវរបស់គាត់ បានមកព្រោះស្រងែនៅក្នុងស្រែនោះដែរ រួចចេញបាត់ទៅ។ 26ពេលស្រូវដុះឡើងដាក់គ្រាប់ ស្រងែក៏ដុះឡើងដែរ។ 27ពួកអ្នកបម្រើចូលមកជម្រាបម្ចាស់ស្រែថាៈ “លោក! លោកបានព្រោះតែគ្រាប់ពូជល្អក្នុងស្រែសោះ ចុះស្រងែនេះមកពីណា?”។ 28ម្ចាស់តបវិញថាៈ “ពិតជាមានសត្រូវមកព្រោះហើយ!”។ ពួកអ្នកបម្រើសួរលោកទៀតថាៈ “តើលោកចង់ឲ្យយើងខ្ញុំទៅដកស្រងែនោះចេញឬ?”។ 29ម្ចាស់តបថាៈ “កុំអី! បើអ្នករាល់គ្នាដក ក្រែងលោដោយស្រូវមកជាមួយដែរ 30ទុកឲ្យវាដុះជាមួយគ្នារហូតដល់ស្រូវទុំចុះ ពេលនោះ ខ្ញុំនឹងប្រាប់ពួកអ្នកច្រូតថា ចូរប្រមូលស្រងែ ចងជាបាច់ យកទៅដុតចោលជាមុនសិន រួចសឹម ប្រមូលស្រូវដាក់ជង្រុកឲ្យខ្ញុំ”»។
ប្រស្នាអំពីគ្រាប់ពូជល្អិត និងមេនំបុ័ង
31អ៊ីសាមានប្រសាសន៍ជាពាក្យប្រស្នាមួយទៀតទៅគេថា៖ «នគរនៃអុលឡោះប្រៀបបីដូចជាគ្រាប់ពូជម្យ៉ាងដ៏ល្អិត ដែលបុរសម្នាក់យកទៅដាំក្នុងចម្ការរបស់ខ្លួន។ 32គ្រាប់ពូជនោះតូចជាងគ្រាប់ពូជទាំងអស់ ប៉ុន្ដែ ពេលដុះឡើង វាធំជាងដំណាំឯទៀតៗ គឺទៅជាដើមឈើមួយយ៉ាងធំ ហើយបក្សាបក្សីមកធ្វើសំបុកស្នាក់អាស្រ័យនៅតាមមែករបស់វា»។
33អ៊ីសាមានប្រសាសន៍ជាពាក្យប្រស្នាមួយទៀតថា៖ «នគរនៃអុលឡោះប្រៀបបីដូចជាមេនំបុ័ង ដែលស្ដ្រីម្នាក់យកទៅលាយនឹងម្សៅពីរតៅ ធ្វើឲ្យម្សៅនោះដោរឡើង»។
34អ៊ីសាមានប្រសាសន៍អំពីសេចក្ដីទាំងនេះ ទៅកាន់មហាជនជាពាក្យប្រស្នាទាំងអស់ គឺគាត់មិនដែលមានប្រសាសន៍ទៅគេ ដោយឥតប្រើពាក្យប្រស្នាឡើយ 35ដើម្បីឲ្យស្របនឹងសេចក្ដីដែលមានចែងទុកតាមរយៈពួកណាពីថា៖
«យើងនឹងនិយាយទៅគេជាពាក្យប្រស្នា
យើងនឹងប្រកាសសេចក្ដីលាក់កំបាំង
តាំងពីដើមកំណើតពិភពលោកមក ឲ្យគេដឹង»។
ណាពីអ៊ីសាពន្យល់អត្ថន័យប្រស្នាអំពីស្រងែ
36ពេលនោះ អ៊ីសាចេញពីមហាជនចូលទៅក្នុងផ្ទះ។ ពួកសិស្សនាំគ្នាចូលមកជួបគាត់សួរថា៖ «សូមតួនបកស្រាយប្រស្នាអំពីស្រងែក្នុងស្រែ ឲ្យយើងខ្ញុំបានយល់អត្ថន័យផង»។ 37អ៊ីសាបានឆ្លើយទៅគេវិញថា៖ «អ្នកព្រោះគ្រាប់ពូជល្អ គឺបុត្រាមនុស្ស 38ស្រែ គឺពិភពលោក គ្រាប់ពូជល្អ គឺអ្នកដែលត្រូវចូលទៅក្នុងនគរនៃអុលឡោះ រីឯស្រងែវិញ គឺកូនចៅរបស់អ៊ីព្លេស។ 39សត្រូវដែលសាបព្រោះស្រងែ គឺអ៊ីព្លេស រដូវចម្រូត គឺអវសានកាលនៃពិភពលោក ហើយអ្នកច្រូត គឺម៉ាឡាអ៊ីកាត់។ 40គេច្រូតស្រងែយកទៅដុតក្នុងភ្លើងយ៉ាងណា នៅអវសានកាលនៃពិភពលោក ក៏នឹងកើតមានយ៉ាងនោះដែរ។ 41បុត្រាមនុស្សនឹងចាត់ម៉ាឡាអ៊ីកាត់របស់គាត់ឲ្យមក។ ម៉ាឡាអ៊ីកាត់ទាំងនោះនឹងប្រមូលពួកអ្នកដែលនាំគេឲ្យប្រព្រឹត្ដអំពើបាប និងពួកអ្នកដែលបានប្រព្រឹត្ដអំពើទុច្ចរិតយកចេញពីនគរអុលឡោះ 42បោះទៅក្នុងភ្លើងដែលឆេះសន្ធោសន្ធៅ ហើយនៅទីនោះមានតែសំរែកយំសោក ខឹងសង្កៀតធ្មេញ។ 43រីឯអ្នកសុចរិតវិញ គេនឹងស្ថិតនៅក្នុងនគរនៃអុលឡោះជាបិតារបស់គេ ទាំងបញ្ចេញរស្មីភ្លឺដូចព្រះអាទិត្យ។ អ្នកណាឮពាក្យនេះ សូមយកទៅពិចារណាចុះ!»។
ប្រស្នាស្ដីអំពីកំណប់ និងអំពីពេជ្រដ៏មានតម្លៃ
44«នគរនៃអុលឡោះប្រៀបបីដូចជាកំណប់ដែលគេកប់ទុកនៅក្នុងស្រែមួយ។ មានបុរសម្នាក់រកកំណប់នោះឃើញ ហើយកប់ទុកវិញ។ គាត់មានចិត្ដត្រេកអរជាខ្លាំង ក៏ចេញទៅលក់ទ្រព្យសម្បត្តិទាំងប៉ុន្មានដែលគាត់មាន យកប្រាក់ទិញដីស្រែនោះ។
45ម្យ៉ាងទៀត នគរនៃអុលឡោះប្រៀបបីដូចជាអ្នកជំនួញម្នាក់ ដែលស្វែងរកទិញពេជ្រល្អៗ។ 46កាលបានឃើញពេជ្រមួយគ្រាប់ដ៏មានតម្លៃលើសលប់ហើយ គាត់ក៏ទៅលក់អ្វីៗទាំងប៉ុន្មានដែលគាត់មានយកប្រាក់មកទិញពេជ្រនោះ»។
ប្រស្នាស្ដីអំពីអួន
47«នគរនៃអុលឡោះប្រៀបបីដូចជាអួនមួយដែលគេរាយក្នុងសមុទ្រ ហើយជាប់បានត្រីគ្រប់យ៉ាង។ 48ពេលជាប់បានត្រីពេញហើយ គេអូសអួននោះឡើងមកលើគោក រួចអង្គុយរើសត្រីល្អៗដាក់ក្នុងកព្ឆោ រីឯត្រីមិនល្អវិញ គេបោះចោល។ 49នៅអវសានកាលនៃពិភពលោក ក៏នឹងកើតមានដូច្នេះដែរ។ ពួកម៉ាឡាអ៊ីកាត់នាំគ្នាមកញែកមនុស្សទុច្ចរិត ចេញពីចំណោមមនុស្សសុចរិត 50រួចបោះមនុស្សទុច្ចរិតទាំងនោះ ទៅក្នុងភ្លើងដែលឆេះសន្ធោសន្ធៅ ហើយនៅទីនោះ មានតែសំរែកយំសោកខឹងសង្កៀតធ្មេញ។
51តើអ្នករាល់គ្នាយល់សេចក្ដីទាំងនេះឬទេ?» ពួកសិស្សជម្រាបអ៊ីសាថា៖ «បាទ យល់!»។
52អ៊ីសាមានប្រសាសន៍ទៅគេទៀតថា៖ «ហេតុនេះហើយបានជាពួកតួនដែលបានទទួលការអប់រំអំពីនគរនៃអុលឡោះ ប្រៀបបានទៅនឹងម្ចាស់ផ្ទះដែលយកទ្រព្យ ទាំងចាស់ទាំងថ្មីចេញពីឃ្លាំងរបស់គាត់ដូច្នោះដែរ»។
អ្នកភូមិណាសារ៉ែតមិនព្រមទទួលស្គាល់ណាពីអ៊ីសា
53កាលអ៊ីសាមានប្រសាសន៍ជាពាក្យប្រស្នាទាំងនេះចប់សព្វគ្រប់ហើយ គាត់ក៏ចេញពីទីនោះ 54ត្រឡប់ទៅភូមិស្រុករបស់គាត់វិញ។ អ៊ីសាបង្រៀនអ្នកស្រុកនៅក្នុងសាលាប្រជុំរបស់គេ ធ្វើឲ្យគេងឿងឆ្ងល់គ្រប់ៗគ្នា។ គេពោលថា៖ «តើគាត់បានទទួលប្រាជ្ញា និងអំណាចធ្វើការអស្ចារ្យទាំងនេះមកពីណា? 55អ្នកនេះជាកូនរបស់ជាងឈើ ហើយម្ដាយរបស់គាត់ឈ្មោះ នាងម៉ារីយំ បងប្អូនគាត់ឈ្មោះយ៉ាកកូប យ៉ូស្វេ ស៊ីម៉ូន យូដាស ទេតើ! 56ប្អូនស្រីរបស់គាត់ទាំងប៉ុន្មានរស់នៅក្នុងភូមិជាមួយយើងដែរ។ ដូច្នេះគាត់ដឹងសេចក្ដី ទាំងនេះពីណាមក?»។ 57ហេតុនេះហើយបានជាគេមិនអាចជឿគាត់បាន។ អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ធម្មតា គេមើលងាយណាពីតែក្នុងស្រុកកំណើត និងក្នុងផ្ទះរបស់គាត់ប៉ុណ្ណោះ!»។ 58នៅទីនោះ អ៊ីសាពុំបានធ្វើការអស្ចារ្យច្រើនឡើយ ព្រោះគេគ្មានជំនឿ។
Currently Selected:
ម៉ាថាយ 13: អគត
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2014 United Bible Societies, UK.