YouVersion Logo
Search Icon

ម៉ាថាយ 12

12
ណាពី​អ៊ីសា​មាន​អំណាច​លើ​ហ៊ូកុំ​ថ្ងៃ​ជំអាត់
1មាន​គ្រា​មួយ អ៊ីសា​ដើរ​កាត់​វាល​ស្រែ នៅ​ថ្ងៃ​ជំអាត់ សិស្ស​របស់​គាត់​ឃ្លាន​ពេក ក៏​នាំ​គ្នា​បូត​កួរ​ស្រូវ​មក​បរិភោគ។ 2ពួក​ខាង​គណៈ​ផារីស៊ី​ឃើញ​ដូច្នោះ​ជម្រាប​អ៊ីសា​ថា៖ «សូម​លោក​មើល​ចុះ ពួក​សិស្ស​របស់​លោក​នាំ​គ្នា​ធ្វើ​ការ ដែល​បញ្ញត្ដិ​ហាម​មិន​ឲ្យ​ធ្វើ​នៅ​ថ្ងៃ​ជំអាត់!»។ 3អ៊ីសា​តប​ទៅ​គេ​វិញ​ថា៖ «ក្នុង​គីតាប មាន​អាយិត​មួយ​ស្ដី​អំពី​ការ​ដែល​ទត និង​អ្នក​បម្រើ​បាន​ប្រព្រឹត្ដ​នៅ​ពេល​ឃ្លាន 4គឺ​ទត​ចូល​ទៅ​ក្នុង​ដំណាក់​របស់​អុលឡោះ ហើយ​យក​នំបុ័ង​ដែល​គេ​ទុក​ជូន​អុលឡោះ មក​បរិភោគ​ជា​មួយ​ពួក​អ្នក​បម្រើ។ តាម​គីតាប​ហ៊ូកុំ មាន​តែ​អ៊ីមុាំ​ប៉ុណ្ណោះ ដែល​បរិភោគ​នំបុ័ង​នេះ​បាន រីឯ​ស្តេច​គ្មាន​សិទ្ធិ​បរិភោគ​ទេ ហើយ​ពួក​អ្នក​បម្រើ​ក៏​គ្មាន​សិទ្ធិ​បរិភោគ​ដែរ តើ​អ្នក​រាល់​គ្នា​ធ្លាប់​អាន​អាយិត​នោះ​ឬ​ទេ? 5ម្យ៉ាង​ទៀត នៅ​ថ្ងៃ​ជំអាត់ អ៊ីមុាំ​ដែល​បំពេញ​មុខ‌ងារ​នៅ​ក្នុង​ម៉ាស្ជិទ សុទ្ធ​តែ​រំលោភ​លើ​ហ៊ូកុំ​ថ្ងៃ​ជំអាត់ តែ​ឥត​មាន​ទោស​ឡើយ តើ​អ្នក​រាល់​គ្នា​ដែល​អាន​គីតាប​ហ៊ូកុំ​នោះ​ទេ? 6ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ទី​នេះ​មាន​ម្នាក់ ប្រសើរ​ជាង​ម៉ាស្ជិទ​ទៅ​ទៀត។ 7ប្រសិន​បើ​អ្នក​រាល់​គ្នា​យល់​អត្ថន័យ​នៃ​សេចក្ដី​ដែល​មាន​ចែង​ទុក​មក​ថា “យើង​មិន​ចង់​បាន​គូរបាន​ទេ គឺ​ចង់​បាន​តែ​ចិត្ដ​មេត្ដា‌ករុណា​ប៉ុណ្ណោះ” នោះ​អ្នក​រាល់​គ្នា​មុខ​ជា​មិន​ប្រកាន់​ទោស​ជន​ដែល​គ្មាន​ទោស​ទាំង​នេះ​ឡើយ 8ដ្បិត​បុត្រា​មនុស្ស​ជា​ម្ចាស់​លើ​ថ្ងៃ​ជំអាត់»។
ណាពី​អ៊ីសា​ប្រោស​មនុស្ស​ស្វិត​ដៃ​ម្នាក់​ឲ្យ​ជា
9អ៊ីសា​ចាក​ចេញ​ពី​ទី​នោះ ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​របស់​គេ។ 10មាន​បុរស​ស្វិត​ដៃ​ម្នាក់​នៅ​ក្នុង​សាលា​ប្រជុំ​នោះ​ដែរ។ គេ​នាំ​គ្នា​សួរ​អ៊ីសា​ថា៖ «នៅ​ថ្ងៃ​ជំអាត់ តើ​យើង​មាន​សិទ្ធិ​ប្រោស​អ្នក​ជំងឺ​ឲ្យ​បាន​ជា​ឬ​ទេ?»។ គេ​សួរ​ដូច្នេះ ក្នុង​គោល​បំណង​រក​លេស​ដើម្បី​ចោទ​ប្រកាន់​គាត់។ 11អ៊ីសា​សួរ​ទៅ​គេ​ថា៖ «ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​នរណា​ម្នាក់​មាន​ចៀម​តែ​មួយ ហើយ​ចៀម​នោះ​ធ្លាក់​អណ្ដូង​នៅ​ថ្ងៃ​ជំអាត់ តើ​អ្នក​នោះ​មិន​ទៅ​ស្រង់​យក​ចៀម​ឡើង​មក​វិញ​ទេ​ឬ?។ 12រីឯ​មនុស្ស​វិញ គេ​មាន​តម្លៃ​លើស​ចៀម​ឆ្ងាយ​ណាស់! ដូច្នេះ យើង​មាន​សិទ្ធិ​ធ្វើ​អំពើ​ល្អ​នៅ​ថ្ងៃ​ជំអាត់ បាន»។
13អ៊ីសា​មាន​ប្រសាសន៍​ទៅ​កាន់​បុរស​ស្វិត​ដៃ​នោះ​ថា៖ «ចូរ​លាត​ដៃ​មើល៍!»។ បុរស​នោះ​លាត​ដៃ ហើយ​ដៃ​គាត់​ក៏​បាន​ជា​ដូច​ដៃ​ម្ខាង​ទៀត។
14ពួក​ខាង​គណៈ​ផារីស៊ី​ចេញ​ពី​សាលា​ប្រជុំ ហើយ​ពិគ្រោះ​គ្នា រក​មធ្យោ‌បាយ​សម្លាប់​អ៊ីសា។ 15កាល​អ៊ីសា​ជ្រាប​ដូច្នោះ គាត់​ចាក​ចេញ​ពី​ទី​នោះ ទាំង​មាន​មហា‌ជន​ជា​ច្រើន​ដើរ​តាម​គាត់​ទៅ​ដែរ។ អ៊ីសា​បាន​ប្រោស​ពួក​គេ​ឲ្យ​ជា​ពី​ជំងឺ​ទាំង​អស់​គ្នា 16តែ​អ៊ីសា​គំរាម​គេ​យ៉ាង​ម៉ឺង​ម៉ាត់ មិន​ឲ្យ​និយាយ​ប្រាប់​អ្នក​ដទៃ​ថា គាត់​ជា​នរណា​ឡើយ 17ដើម្បី​ឲ្យ​ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក តាម​រយៈ​ណាពី​អេសាយ​ថា៖
18 «គាត់​នេះ​ហើយ​ជា​អ្នក​បម្រើ​ដែល​យើង​បាន
ជ្រើស​រើស ជា​អ្នក​ដែល​យើង​ស្រឡាញ់
ហើយ​ធ្វើ​ឲ្យ​ចិត្ដ​យើង​រីក‌រាយ។
យើង​នឹង​ដាក់​រស​របស់​យើង
ឲ្យ​សណ្ឋិត​លើ​គាត់
ហើយ​គាត់​នឹង​ប្រាប់​ឲ្យ​ជាតិ​សាសន៍
ទាំង​អស់​ស្គាល់​សេចក្ដី​សុចរិត។
19 គាត់​នឹង​មិន​ឈ្លោះ​ប្រកែក​ជា​មួយ​នរណា​ឡើយ
ហើយ​ក៏​មិន​ស្រែក​ដាក់​នរណា​ផង
គ្មាន​នរណា​ឮ​សំឡេង​របស់​គាត់​នៅ​តាម​ទីផ្សារ​ទេ។
20 គាត់​នឹង​មិន​កាច់​ដើម​ត្រែង​ណា​ដែល
ទក់​ហើយ​នោះ​ឡើយ
ហើយ​ក៏​មិន​ផ្លុំ​ពន្លត់​ភ្លើង​ណា​ដែល​ហៀប​នឹង​រលត់​នោះ​ដែរ។
គាត់​ធ្វើ​ដូច្នេះ រហូត​ដល់​គាត់​នាំ
សេចក្ដី​សុចរិត​ឲ្យ​មាន​ជ័យ‌ជំនះ។
21 ជាតិ​សាសន៍​ទាំង​អស់​នឹង​នាំ​គ្នា​សង្ឃឹម​លើ​គាត់​»
ណាពី​អ៊ីសា​ឆ្លើយ​តប​នឹង​អ្នក​ចោទ​ប្រកាន់​គាត់
22ពេល​នោះ មាន​គេ​នាំ​បុរស​អ៊ីព្លេស​ចូល​ម្នាក់​មក​ជួប​អ៊ីសា។ អ៊ីព្លេស​បាន​ធ្វើ​ឲ្យ​គាត់​ខ្វាក់​ផង ថ្លង់​ផង។ អ៊ីសា​ប្រោស​គាត់​ឲ្យ​ជា​គាត់​ក៏​និយាយ​បាន និង​ឃើញ​ទៀត​ផង។ 23មហា‌ជន​ស្រឡាំង‌កាំង​ទាំង​អស់​គ្នា គេ​ពោល​ថា៖ «អ្នក​នេះ​ពិត​ជា​ពូជ‌ពង្ស​របស់​ទត​មែន!»។ 24ប៉ុន្ដែ ពួក​ខាង​គណៈ​ផារីស៊ី​ពោល​ថា៖ «អ្នក​នេះ​ដេញ​អ៊ីព្លេស​បាន​ដូច្នេះ មក​ពី​បេលសេ‌ប៊ូល ជា​ស្ដេច​អ៊ីព្លេស​ប្រគល់​អំណាច​ឲ្យ​ប៉ុណ្ណោះ»។ 25អ៊ីសា​ឈ្វេង​យល់​គំនិត​របស់​គេ អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «នគរ​ណា​ក៏​ដូច​នគរ​ណា​ដែរ ប្រសិន​បើ​ពល​រដ្ឋ​បាក់​បែក​ទាស់‌ទែង​គ្នា​ឯង នគរ​នោះ​មុខ​ជា​ត្រូវ​វិនាស​មិន​ខាន រីឯ​ក្រុង ឬ​ក្រុម​គ្រួសារ​ណា​បាក់​បែក​ទាស់‌ទែង​គ្នា​ឯង​ក៏​មិន​អាច​នៅ​ស្ថិត‌ស្ថេរ​គង់​វង្ស​បាន​ដែរ។ 26បើ​អ៊ីព្លេស‌ហ្សៃតន​បណ្ដេញ​អ៊ីព្លេស‌ហ្សៃតន ហើយ​វា​បាក់​បែក​ទាស់‌ទែង​នឹង​ខ្លួន​វា ធ្វើ​ម្ដេច​ឲ្យ​អំណាច​របស់​វា​នៅ​ស្ថិត‌ស្ថេរ​គង់​វង្ស​បាន!។ 27ប្រសិន​បើ​ខ្ញុំ​ដេញ​អ៊ីព្លេស ដោយ​អំណាច​បេលសេ‌ប៊ូល​មែន តើ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​ដេញ​អ៊ីព្លេស ដោយ​អាង​លើ​នរណា​វិញ?។ ដូច្នេះ កូន​ចៅ​របស់​អ្នក​រាល់​គ្នា​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា​ពុំ‌ខាន។ 28ផ្ទុយ​ទៅ​វិញ បើ​ខ្ញុំ​ដេញ​អ៊ីព្លេស​ដោយ​រស​របស់​អុលឡោះ បាន​សេចក្ដី​ថា នគរ​របស់​អុលឡោះ​មក​ដល់​អ្នក​រាល់​គ្នា​ហើយ។ 29ម្យ៉ាង​ទៀត ពុំ​មាន​នរណា​អាច​ចូល​ទៅ​ក្នុង​ផ្ទះ​មនុស្ស​ខ្លាំង​ពូកែ ហើយ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​គាត់​បាន​ឡើយ លុះ​ត្រា​ណា​តែ​ចង​មនុស្ស​ខ្លាំង​ពូកែ​នោះ​ជា​មុន​សិន ទើប​អាច​ប្លន់​យក​ទ្រព្យ​សម្បត្តិ​ក្នុង​ផ្ទះ​គាត់​បាន។ 30អ្នក​ណា​មិន​រួម​ជា​មួយ​ខ្ញុំ អ្នក​នោះ​ប្រឆាំង​នឹង​ខ្ញុំ ហើយ​អ្នក​ណា​មិន​ជួយ​ប្រមូល​ផ្ដុំ​ជា​មួយ​ខ្ញុំ​ទេ អ្នក​នោះ​ជា​អ្នក​កំចាត់‌កំចាយ។ 31ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​មនុស្ស​លោក​ប្រព្រឹត្ដ​អំពើ​បាប និង​ពោល​ពាក្យ​ប្រមាថ​នឹង​លើក‌លែង​ទោស​ឲ្យ​បាន​ទាំង​អស់ តែ​បើ​គេ​ប្រមាថ​រស‌អុលឡោះ​វិញ​ទ្រង់​នឹង​មិន​លើក‌លែង​ទោស​ឲ្យ​ឡើយ។ 32បើ​អ្នក​ណា​ពោល​ពាក្យ​ទាស់​នឹង​បុត្រា​មនុស្ស អុលឡោះ​នឹង​លើក‌លែង​ទោស​ឲ្យ​បាន រីឯ​អ្នក​ដែល​ពោល​ពាក្យ​ទាស់​នឹង​រស‌អុលឡោះ​ដ៏​វិសុទ្ធ ទោះ​បី​នៅ​ក្នុង​លោក​នេះ ឬ​ស្លាប់​ទៅ​ក្ដី ក៏​ទ្រង់​មិន​លើក‌លែង​ទោស​ឲ្យ​ដែរ»។
ដើម​ឈើ​ល្អ ដើម​ឈើ​អាក្រក់
33«បើ​ដើម​ល្អ ផ្លែ​ក៏​ល្អ តែ​បើ​ដើម​អាក្រក់​វិញ ផ្លែ​វា​ក៏​អាក្រក់​ដែរ ដ្បិត​គេ​ស្គាល់​ដើម​ឈើ​តាម​ផ្លែ​របស់​វា។ 34នែ៎ ពូជ​ពស់​វែក​អើយ! អ្នក​រាល់​គ្នា​និយាយ​សេចក្ដី​ល្អៗ​ដូច​ម្ដេច​បាន បើ​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​មនុស្ស​អាក្រក់​ដូច្នេះ! ដ្បិត​មាត់​របស់​មនុស្ស​តែង​ស្រដី​ចេញ​មក​នូវ​សេចក្ដី​ណា ដែល​មាន​ពេញ​ហូរ‌ហៀរ​នៅ​ក្នុង​ដួង​ចិត្ដ​របស់​ខ្លួន។ 35មនុស្ស​ល្អ​តែង​ប្រព្រឹត្ដ​ល្អ ព្រោះ​គេ​មាន​សុទ្ធ​តែ​គំនិត​ល្អ​នៅ​ក្នុង​ខ្លួន រីឯ​មនុស្ស​អាក្រក់​វិញ តែង​ប្រព្រឹត្ដ​អាក្រក់ ព្រោះ​គេ​មាន​សុទ្ធ​តែ​គំនិត​អាក្រក់​នៅ​ក្នុង​ខ្លួន។ 36ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​អុលឡោះ​វិនិច្ឆ័យ​ទោស​មនុស្ស​លោក ទ្រង់​នឹង​វិនិច្ឆ័យ​តាម​ពាក្យ​សំដី​ឥត​ប្រយោជន៍​ដែល​គេ​បាន​និយាយ 37ដ្បិត​អ្នក​នឹង​បាន​សុចរិត​ដោយ‌សារ​ពាក្យ​សំដី​អ្នក ឬ​មួយ​អ្នក​ត្រូវ​ទទួល​ទោស​ក៏​ដោយ‌សារ​តែ​ពាក្យ​សំដី​របស់​អ្នក​ដែរ»។
ទី​សំគាល់​របស់​យូនើស
38នៅ​ពេល​នោះ មាន​ពួក​តួន និង​ពួក​ខាង​គណៈ​ផារីស៊ី​ខ្លះ សុំ​អ៊ីសា​ថា៖ «តួន សូម​តួន​ធ្វើ​ទី​សំគាល់​ដ៏​អស្ចារ្យ​មួយ​ឲ្យ​យើង​ខ្ញុំ​ឃើញ​ផង!»។
39អ៊ីសា​បាន​ឆ្លើយ​ទៅ​គេ​ថា៖ «មនុស្ស​ជំនាន់​នេះ​អាក្រក់​ណាស់ ហើយ​ក្បត់​នឹង​អុលឡោះ​ផង។ គេ​ចង់​តែ​ឃើញ​ទី​សំគាល់​ដ៏​អស្ចារ្យ ប៉ុន្ដែ អុលឡោះ​មិន​ប្រទាន​ទី​សំគាល់​ណា​ផ្សេង ក្រៅ​ពី​ទី​សំគាល់​របស់​ណាពី​យូនើស​ឡើយ។ 40យូនើស​ស្ថិត​នៅ​ក្នុង​ពោះ​ត្រី​ធំ​បី​ថ្ងៃ​បី​យប់​យ៉ាង​ណា បុត្រា​មនុស្ស​ក៏​នឹង​ស្ថិត​នៅ​ក្នុង​ដី​បី​ថ្ងៃ​បី​យប់​យ៉ាង​នោះ​ដែរ។ 41នៅ​ថ្ងៃ​ដែល​អុលឡោះ​វិនិច្ឆ័យ​ទោស​មនុស្ស​លោក អ្នក​ក្រុង​នីនីវេ​នឹង​ក្រោក​ឡើង​ជា​មួយ​មនុស្ស​ជំនាន់​នេះ ព្រម​ទាំង​ចោទ​ប្រកាន់​គេ​ផង ព្រោះ​កាល​ពី​ជំនាន់​ដើម​នៅ​ពេល​ដែល​អ្នក​ក្រុង​នីនីវេ ឮ​សេចក្ដី​យូនើស​ប្រកាស គេ​បាន​កែ​ប្រែ​ចិត្ដ​គំនិត។ រីឯ​នៅ​ទី​នេះ មាន​ម្នាក់​ប្រសើរ​ជាង​យូនើស​ទៅ​ទៀត។ 42នៅ​ថ្ងៃ​ដែល​អុលឡោះ​វិនិច្ឆ័យ​ទោស​មនុស្ស​លោក មហា​ក្សត្រី​ស្រុក​ខាង​ត្បូង នឹង​ក្រោក​ឡើង​ជា​មួយ​មនុស្ស​ជំនាន់​នេះ ព្រម​ទាំង​ចោទ​ប្រកាន់​គេ​ផង ព្រោះ​កាល​ពី​ជំនាន់​ដើម នាង​បាន​មក​ពី​តំបន់​ដាច់​ស្រយាល​នៃ​ផែនដី ដើម្បី​ស្ដាប់​ប្រសាសន៍​របស់​ស៊ូឡៃ‌ម៉ាន ប្រកប​ដោយ​ប្រាជ្ញា​ឈ្លាស​វៃ។ រីឯ​នៅ​ទី​នេះ​មាន​ម្នាក់​ប្រសើរ​ជាង​ស៊ូឡៃ‌ម៉ាន​ទៅ​ទៀត»។
ត្រូវ​ប្រយ័ត្ន កុំ​ឲ្យ​អ៊ីព្លេស​ចូល​ម្ដង​ទៀត
43«កាល​បើ​អ៊ីព្លេស​ចេញ​ពី​មនុស្ស​ណា​ម្នាក់​ហើយ វា​តែង​ស្វែង​រក​ទី​ជំរក​នៅ​វាល​ហួត​ហែង តែ​ប្រសិន​បើ​វា​រក​ពុំ​ឃើញ​ទេ 44វា​មុខ​ជា​និយាយ​ថា“អញ​នឹង​វិល​ត្រឡប់​ទៅ​ផ្ទះ ដែល​អញ​ទើប​ចេញ​មក”។ លុះ​ទៅ​ដល់ ឃើញ​ផ្ទះ​នោះ​នៅ​ទំនេរ បោស​ស្អាត ហើយ​តុប‌តែង​ល្អ 45វា​នឹង​ចេញ​ទៅ​បបួល​អ៊ីព្លេស​ប្រាំ​ពីរ​ទៀត ដែល​សុទ្ធ​តែ​អាក្រក់​ជាង​វា​មក​ចូល​នៅ​ក្នុង​អ្នក​នោះ បណ្ដាល​ឲ្យ​គាត់​រឹង‌រឹត​តែ​អាក្រក់​លើស​ដើម​ទៅ​ទៀត។ រីឯ​មនុស្ស​អាក្រក់​នៅ​ជំនាន់​នេះ ក៏​នឹង​កើត​មាន​ដូច្នោះ​ដែរ»។
ញាតិ​វង្ស​ពិត​ប្រាកដ​របស់​ណាពី​អ៊ីសា
46អ៊ីសា​កំពុង​តែ​មាន​ប្រសាសន៍​ទៅ​កាន់​មហា‌ជន​នៅ​ឡើយ ស្រាប់​តែ​ម្តាយ និង​បង​ប្អូន​របស់​គាត់ មក​ឈរ​ចាំ​នៅ​ខាង​ក្រៅ ចង់​និយាយ​ជា​មួយ​គាត់។ 47មាន​ម្នាក់​ជម្រាប​អ៊ីសា​ថា៖ «ម្ដាយ​លោក និង​បង​ប្អូន​លោក​នៅ​ខាង​ក្រៅ ចង់​និយាយ​ជា​មួយ​លោក»។ 48អ៊ីសា​បាន​ឆ្លើយ​ទៅ​គាត់​វិញ​ថា៖ «តើ​នរណា​ជា​ម្ដាយ​ខ្ញុំ នរណា​ជា​បង​ប្អូន​ខ្ញុំ?»។ 49អ៊ីសា​លើក​ដៃ​ចង្អុល​ទៅ​ពួក​សិស្ស ទាំង​មាន​ប្រសាសន៍​ថា៖ «អ្នក​ទាំង​នេះ​ហើយ​ជា​ម្តាយ និង​ជា​បង​ប្អូន​របស់​ខ្ញុំ 50ដ្បិត​អ្នក​ណា​ធ្វើ​តាម​បំណង​របស់​អុលឡោះ​ជា​បិតា​ខ្ញុំ​ដែល​នៅ​សូរ៉កា អ្នក​នោះ​ហើយ​ជា​បង​ប្អូន​ប្រុស​ស្រី និង​ជា​ម្ដាយ​របស់​ខ្ញុំ»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in