ម៉ាថាយ 11
11
ណាពីយ៉ះយ៉ាចាត់សិស្សទៅជួបណាពីអ៊ីសា
1កាលអ៊ីសាមានប្រសាសន៍ផ្ដែផ្ដាំសិស្សទាំងដប់ពីរនាក់ ចប់សព្វគ្រប់ហើយ គាត់ចាកចេញពីទីនោះទៅបង្រៀន និងប្រកាសដំណឹងល្អដល់ប្រជាជននៅតាមភូមិនានា។ 2ពេលនោះ យ៉ះយ៉ាជាប់ក្នុងមន្ទីរឃុំឃាំង ហើយឮគេនិយាយអំពីកិច្ចការទាំងប៉ុន្មាន ដែលអាល់ម៉ាហ្សៀសបានធ្វើ។ លោកក៏ចាត់សិស្សឲ្យទៅសួរអ៊ីសាថា៖ 3«តើលោកជាអាល់ម៉ាហ្សៀសដែលត្រូវមក ឬមួយយើងខ្ញុំត្រូវរង់ចាំម្នាក់ផ្សេងទៀត?»។ 4អ៊ីសាបានប្រាប់ទៅសិស្សទាំងនោះថា៖ «ចូរអ្នករាល់គ្នាទៅជម្រាបយ៉ះយ៉ា នូវហេតុការណ៍ដែលអ្នករាល់គ្នាបានឮ និងបានឃើញនេះទៅ 5គឺមនុស្សខ្វាក់ឃើញ មនុស្សខ្វិនដើរបាន មនុស្សឃ្លង់ជាស្អាតមនុស្សថ្លង់ស្ដាប់ឮ មនុស្សស្លាប់បានរស់ឡើងវិញ ហើយមានគេនាំដំណឹងល្អទៅប្រាប់ជនក្រីក្រ។ 6អ្នកណាមិនរវាតចិត្ដចេញពីជំនឿដោយសារខ្ញុំ អ្នកនោះពិតជាមានសុភមង្គលហើយ!»។
7ពេលពួកសិស្សរបស់យ៉ះយ៉ាចេញផុតទៅ អ៊ីសាប្រាប់ទៅមហាជនអំពីយ៉ះយ៉ាថា៖ «តើអ្នករាល់គ្នាទៅវាលរហោស្ថានរកមើលអ្វី? រកមើលដើមត្រែងដែលត្រូវខ្យល់បក់នោះឬ?។ 8តើអ្នករាល់គ្នាទៅរកមើលអ្វី? រកមើលមនុស្សស្លៀកពាក់ល្អរុងរឿងឬ? តាមធម្មតា អស់អ្នកដែលស្លៀកពាក់ល្អរុងរឿង គេរស់នៅក្នុងដំណាក់ស្ដេចឯណោះ!។ 9បើដូច្នេះ តើអ្នករាល់គ្នាទៅរកមើលអ្វី? រកមើលណាពីម្នាក់ឬ?។ ត្រូវហើយ! ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងថា លោកនោះប្រសើរជាងណាពីទៅទៀត 10ដ្បិតក្នុងគីតាប មានចែងអំពីយ៉ះយ៉ាថា “យើងចាត់អ្នកនាំសារយើងឲ្យទៅមុនអ្នក ដើម្បីរៀបចំផ្លូវរបស់អ្នក”។ 11ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា បណ្ដាមនុស្សដែលកើតមកក្នុងលោកនេះ គ្មាននរណាមានឋានៈធំជាងយ៉ះយ៉ាជាអ្នកធ្វើពិធីជ្រមុជទឹកឡើយ។ ប៉ុន្ដែ អ្នកណាតូចជាងគេនៅក្នុងនគរនៃអុលឡោះ អ្នកនោះប្រសើរលើសយ៉ះយ៉ាទៅទៀត។
12តាំងពីជំនាន់យ៉ះយ៉ាជាអ្នកធ្វើពិធីជ្រមុជទឹក មកទល់សព្វថ្ងៃ នគរនៃអុលឡោះបានរងនូវអំពើឃោរឃៅ ហើយមនុស្សឃោរឃៅបាននាំគ្នាប្រើកម្លាំងដណ្ដើមយកនគរនេះផង។ 13តាំងពីដើម រហូតមកដល់ជំនាន់យ៉ះយ៉ា ណាពីទាំងអស់បានថ្លែងទុកអំពីនគរនេះ ហើយក្នុងហ៊ូកុំក៏មានចែងទុកដែរ។ 14ជឿខ្ញុំចុះ យ៉ះយ៉ាហ្នឹងហើយជាណាពីអេលីយ៉េសដែលត្រូវមក។ 15អ្នកណាឮពាក្យនេះ សុំយកទៅពិចារណាទៅ!
16តើខ្ញុំអាចប្រដូចមនុស្សជំនាន់នេះទៅនឹងជនប្រភេទណា? អ្នកទាំងនោះប្រៀបបានទៅនឹងកូនក្មេងដែលអង្គុយលេងនៅតាមផ្សារ ហើយស្ដីបន្ទោសគ្នាទៅវិញទៅមកថាៈ 17“យើងបានផ្លុំខ្លុយ តែពួកឯងពុំព្រមរាំទេ យើងបានស្មូតបទទំនួញ ក៏ពួកឯងពុំព្រមគក់ទ្រូងយំដែរ”។ 18យ៉ាងណាមិញ យ៉ះយ៉ាបានមកគាត់តមអាហារ តមសុរា តែគេថាគាត់មានអ៊ីព្លេសចូល 19រីឯបុត្រាមនុស្សក៏បានមកដែរ គាត់បរិភោគអាហារ និងពិសាសុរា តែគេថា “មើលចុះ! អ្នកនេះគិតតែពីស៊ីផឹក ហើយសេពគប់ជាមួយពួកទារពន្ធ និងមនុស្សបាប”។ ប៉ុន្ដែ មនុស្សលោកទទួលស្គាល់ថា ប្រាជ្ញាញាណរបស់អុលឡោះពិតជាល្អត្រឹមត្រូវមែន ដោយគេបានឃើញកិច្ចការដែលទ្រង់ធ្វើ»។
ណាពីអ៊ីសាបន្ទោសអ្នកក្រុងនានាដែលពុំព្រមជឿ
20ពេលនោះ អ៊ីសាចាប់ផ្ដើមស្ដីបន្ទោសអ្នកក្រុងនានាយ៉ាងខ្លាំង ព្រោះគេបានឃើញគាត់សំដែងការអស្ចារ្យផ្សេងៗក្នុងក្រុងរបស់គេ តែគេពុំព្រមកែប្រែចិត្ដគំនិតសោះ៖
21«អ្នកក្រុងខូរ៉ាស៊ីនអើយ! អ្នកត្រូវវេទនាជាពុំខាន។ អ្នកក្រុងបេតសៃដាអើយ! អ្នកក៏ត្រូវវេទនាដែរ។ ប្រសិនបើអ្នកក្រុងទីរ៉ូស និងអ្នកក្រុងស៊ីដូនបានឃើញការអស្ចារ្យ ដូចអ្នករាល់គ្នាឃើញនៅទីនេះ ម៉្លេះសមអ្នកក្រុងទាំងនោះកែប្រែចិត្ដគំនិត ហើយស្លៀកបាវអង្គុយក្នុងផេះជាមិនខាន។ 22ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃដែលអុលឡោះវិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងទីរ៉ូស និងអ្នកក្រុងស៊ីដូនទទួលទោសស្រាលជាងអ្នករាល់គ្នា។
23អ្នកក្រុងកាពើណិមអើយ! កុំនឹកស្មានថាអ្នកនឹងបានថ្កើងឡើងដល់សូរ៉កាឡើយ អ្នកនឹងធ្លាក់ទៅនរ៉កាវិញ។ ប្រសិនបើអ្នកក្រុងសូដុមបានឃើញការអស្ចារ្យ ដែលកើតមាននៅកណ្ដាលចំណោមអ្នករាល់គ្នា ម៉្លេះសមក្រុងសូដុមនៅស្ថិតស្ថេរគង់វង្ស ដរាបមកទល់សព្វថ្ងៃជាមិនខាន។ 24ហេតុនេះ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃដែលអុលឡោះវិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងសូដុមនឹងទទួលទោសស្រាលជាងអ្នករាល់គ្នា»។
បិតា និងបុត្រា
25នៅពេលនោះ អ៊ីសាមានប្រសាសន៍ឡើងថា៖ «ឱអុលឡោះ ជាបិតាជាម្ចាស់នៃសូរ៉កា និងជាម្ចាស់នៃផែនដីអើយខ្ញុំសូមសរសើរតម្កើងទ្រង់ ព្រោះទ្រង់បានសំដែងការទាំងនេះឲ្យមនុស្សតូចតាចយល់ តែទ្រង់បានលាក់មិនឲ្យអ្នកប្រាជ្ញ និងអ្នកចេះដឹងយល់ទេ។ 26មែនហើយ! ទ្រង់ពេញចិត្តសម្រេចដូច្នេះ។
27អុលឡោះជាបិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់មកខ្ញុំ គ្មានអ្នកណាស្គាល់បុត្រា ក្រៅពីបិតា ហើយក៏គ្មាននរណាស្គាល់បិតា ក្រៅពីបុត្រា និងអ្នកដែលបុត្រាពេញចិត្ត សំដែងឲ្យស្គាល់នោះដែរ»។
ហ៊ូកុំរបស់ណាពីអ៊ីសា
28«អស់អ្នកដែលនឿយហត់ និងមានបន្ទុកធ្ងន់អើយ! ចូរមករកខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាបានសម្រាក។ 29ចូរយកនឹម របស់ខ្ញុំ ដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំទៅ អ្នករាល់គ្នាមុខជាបានស្ងប់ចិត្ដមិនខាន ដ្បិតខ្ញុំស្លូត និងមានចិត្ដសុភាព។ 30នឹមរបស់ខ្ញុំស្រួល ហើយបន្ទុកដែលខ្ញុំដាក់លើអ្នករាល់គ្នាក៏ស្រាលដែរ»។
Currently Selected:
ម៉ាថាយ 11: អគត
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2014 United Bible Societies, UK.