ណាពីម៉ាឡាគី 2
2
បន្ទូលរបស់អុលឡោះព្រមានពួកអ៊ីមុាំ
1«ពួកអ៊ីមុាំអើយ
ឥឡូវនេះ យើងព្រមានអ្នករាល់គ្នាដូចតទៅ:
2ប្រសិនបើអ្នករាល់គ្នាមិនព្រមស្ដាប់យើង
ប្រសិនបើអ្នករាល់គ្នាមិនយកចិត្តទុកដាក់
លើកតម្កើងសិរីរុងរឿងនាមរបស់យើងទេ
យើងនឹងធ្វើឲ្យសេចក្ដីវេទនាកើតមាន
ក្នុងចំណោមអ្នករាល់គ្នា។
យើងនឹងធ្វើឲ្យពររបស់អ្នករាល់គ្នា
ក្លាយទៅជាបណ្ដាសាមែនហើយ
យើងធ្វើឲ្យពររបស់អ្នករាល់គ្នា
ក្លាយទៅជាបណ្ដាសា
ព្រោះអ្នករាល់គ្នាមិនយកចិត្តទុកដាក់
នឹងពាក្យរបស់យើងទេ។
3យើងប្រកាសប្រាប់អ្នករាល់គ្នាហើយថា
យើងនឹងដាក់ទោសពូជពង្សរបស់អ្នករាល់គ្នា
យើងនឹងជះលាមកលើមុខអ្នករាល់គ្នា
គឺលាមកសត្វដែលអ្នករាល់គ្នាសម្លាប់ធ្វើ
គូរបានក្នុងពិធីបុណ្យផ្សេងៗ។
គេនឹងយកអ្នករាល់គ្នាចេញទៅក្រៅ
ជាមួយលាមកសត្វនោះដែរ។
4ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា
យើងពិតជាបានព្រមានអ្នករាល់គ្នា
ដើម្បីឲ្យសម្ពន្ធមេត្រី ដែលយើងចងជាមួយ
កុលសម្ព័ន្ធលេវី ស្ថិតនៅគង់វង្ស
- នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់
នៃពិភពទាំងមូល។
5សម្ពន្ធមេត្រីដែលយើងចងជាមួយលេវីនោះ
គឺយើងផ្ដល់ជីវិត និងសេចក្ដីសុខសាន្តដល់គេ
ហើយឲ្យគេគោរពកោតខ្លាចនាមយើង
និងភ័យញាប់ញ័រនៅចំពោះមុខយើង។
6គេបង្រៀនហ៊ូកុំដ៏ត្រឹមត្រូវ
ហើយមិនពោលពាក្យបោកបញ្ឆោតទេ។
គេរស់នៅជាមួយយើងដោយសុខសាន្ត
និងដោយទៀងត្រង់
ព្រមទាំងណែនាំមនុស្សជាច្រើន
ឲ្យងាកចេញពីអំពើអាក្រក់។
7ពាក្យសំដីរបស់អ៊ីមុាំបង្រៀនមនុស្ស
ឲ្យស្គាល់អុលឡោះ
ហើយហ៊ូកុំក៏ហូរចេញពីមាត់អ៊ីមុាំដែរ
ព្រោះគាត់ជាអ្នកនាំបន្ទូលរបស់
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។
8រីឯអ្នករាល់គ្នាវិញ
អ្នករាល់គ្នាបានងាកចេញពីមាគ៌ានេះ
ការបង្រៀនរបស់អ្នករាល់គ្នា
បាននាំមនុស្សជាច្រើនឲ្យវង្វេង។
អ្នករាល់គ្នាបានបំពានលើសម្ពន្ធមេត្រី
ដែលយើងបានចងជាមួយកុលសម្ព័ន្ធលេវី
- នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់
នៃពិភពទាំងមូល។
9ដូច្នេះ យើងនឹងឲ្យប្រជាជនទាំងមូល
ប្រមាថមាក់ងាយ បន្តុះបង្អាប់អ្នករាល់គ្នា
ដ្បិតអ្នករាល់គ្នាមិនធ្វើតាមមាគ៌ារបស់យើងទេ
ហើយអ្នករាល់គ្នាបង្រៀនហ៊ូកុំដល់ប្រជាជន
ដោយរើសមុខ»។
ការក្បត់នឹងសម្ពន្ធមេត្រី តាមរបៀបពីរយ៉ាង
10ពួកយើងទាំងអស់គ្នាមានឪពុកតែមួយគត់
ហើយអុលឡោះដែលបង្កើតពួកយើងមក
ក៏មានតែមួយដែរ
ហេតុដូចម្ដេចបានជាពួកយើងក្បត់គ្នា
ទៅវិញទៅមក ដោយបំពានលើសម្ពន្ធមេត្រី
ដែលអុលឡោះបានចងជាមួយ
បុព្វបុរសរបស់ពួកយើងដូច្នេះ?
11ជនជាតិយូដាបានក្បត់នឹងសម្ពន្ធមេត្រីនេះ
ពួកគេបានប្រព្រឹត្តអំពើដ៏គួរស្អប់ខ្ពើមនៅ
ស្រុកអ៊ីស្រអែល និងនៅក្រុងយេរូសាឡឹម។
យូដាបានប្រមាថម៉ាស្ជិទរបស់អុលឡោះតាអាឡា
ជាកន្លែងដែលទ្រង់ស្រឡាញ់
គឺពួកគេរៀបការជាមួយស្ត្រី
ដែលថ្វាយបង្គំព្រះដទៃ។
12សូមអុលឡោះតាអាឡាដកអ្នកដែលប្រព្រឹត្តដូច្នេះ
ចេញពីចំណោមពូជពង្សរបស់យ៉ាកកូប
ហើយកុំឲ្យគេមានកូនចៅ
ដើម្បីចូលរួមជូនជំនូនដល់
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលឡើយ។
13អ្នករាល់គ្នាបានប្រព្រឹត្តការមួយទៀត
គឺអ្នករាល់គ្នាយំសោកសង្រេង សម្រក់ទឹកភ្នែក
ជោកអាសនៈរបស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល
ព្រោះទ្រង់លែងរវីរវល់នឹងជំនូន
របស់អ្នករាល់គ្នា
ទ្រង់មិនពេញចិត្តនឹងអ្វីៗដែល
អ្នករាល់គ្នាយកមកជូនទេ។
14អ្នករាល់គ្នាសួរថា “ហេតុអ្វីបានជាដូច្នេះ?”
គឺកាលពីនៅក្មេង អ្នកបានរៀបការ
ដោយយកអុលឡោះតាអាឡាធ្វើសាក្សី។
នាងជាគូស្រករ ជាភរិយាពេញច្បាប់របស់អ្នក
តែអ្នកបានក្បត់ចិត្តចោលនាង។
15តើអុលឡោះមិនបានផ្សំផ្គុំអ្នកទាំងពីរ
ឲ្យទៅជារូបកាយតែមួយ
មានចិត្តគំនិតតែមួយទេឬ?
ទ្រង់ធ្វើដូច្នេះ ក្នុងគោលបំណងអ្វី?
គឺឲ្យអ្នកទាំងពីរបង្កើតកូនចៅ
ដែលជាអំណោយទានរបស់អុលឡោះ។
ហេតុនេះ ចូរកាន់ចិត្តគំនិតឲ្យបានល្អ
គឺម្នាក់ៗមិនត្រូវក្បត់ចិត្តភរិយា
ដែលខ្លួនបានរៀបការតាំងពីក្មេងនោះឡើយ។
16 អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល
មានបន្ទូលថា ទ្រង់មិនពេញចិត្ត
នឹងការលែងលះគ្នាទេ
ហើយអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល
ក៏មិនពេញចិត្តនឹងអ្នកដែលប្រព្រឹត្ត
អំពើឃោរឃៅបែបនេះ
ចំពោះភរិយារបស់ខ្លួនដែរ!
ហេតុនេះ ចូរកាន់ចិត្តគំនិតឲ្យបានល្អ
មិនត្រូវមានចិត្តក្បត់ឡើយ។
ថ្ងៃអុលឡោះវិនិច្ឆ័យទោសជិតមកដល់ហើយ
17អ្នករាល់គ្នាធ្វើឲ្យអុលឡោះតាអាឡានឿយណាយ
ព្រោះតែពាក្យសំដីរបស់អ្នករាល់គ្នា
តែអ្នករាល់គ្នាបែរជាពោលថា “តើពួកយើង
មានធ្វើអ្វីឲ្យទ្រង់នឿយហត់?”
គឺមកពីអ្នករាល់គ្នាពោលថា:
“អ្នកណាប្រព្រឹត្តអំពើអាក្រក់
អ្នកនោះជាមនុស្សល្អនៅចំពោះ
អុលឡោះតាអាឡា
ដ្បិតទ្រង់ពេញចិត្តនឹងមនុស្ស
បែបនេះ!”
ហើយអ្នករាល់គ្នាពោលទៀតថា:
“តើម្ចាស់ដែលវិនិច្ឆ័យដោយយុត្តិធម៌
នៅឯណា?”។
Currently Selected:
ណាពីម៉ាឡាគី 2: អគត
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2014 United Bible Societies, UK.