ណាពីម៉ាឡាគី 1
1
អុលឡោះបានជ្រើសរើសជនជាតិអ៊ីស្រអែល
1សេចក្ដីប្រកាស
នេះជាបន្ទូលដែលអុលឡោះតាអាឡាថ្លែងមកកាន់ជនជាតិអ៊ីស្រអែល តាមរយៈម៉ាឡាគី។
2 អុលឡោះតាអាឡាមានបន្ទូលថា៖
«យើងស្រឡាញ់អ្នករាល់គ្នា
តែអ្នករាល់គ្នាបែរជាពោលថា
“តើមានអ្វីបញ្ជាក់ថា
ទ្រង់ស្រឡាញ់យើងខ្ញុំ?”។
- នេះជាបន្ទូលរបស់អុលឡោះតាអាឡា -
ទោះបីអេសាវជាបងរបស់យ៉ាកកូបក្តី
ក៏យើងស្រឡាញ់យ៉ាកកូបជាងអេសាវ
3គឺយើងមិនពេញចិត្តនឹងអេសាវទេ
យើងបានធ្វើឲ្យភ្នំនៅស្រុកអេសាវ
ក្លាយទៅជាទីស្មសាន
ហើយយើងបានឲ្យឆ្កែព្រៃមករស់នៅក្នុង
ទឹកដីដែលជាចំណែកមត៌ករបស់គេ។
4ប្រសិនបើអេដុមពោលថា
“ពួកយើងនឹងសង់ស្រុក
ដែលវិនាសនេះឡើងវិញ!”
ឲ្យពួកគេសង់ទៅ!
យើងនឹងកំទេចស្រុកនោះសាជាថ្មី។
គេនឹងហៅស្រុកនោះថា “ទឹកដីរបស់ជនទុច្ចរិត”
“ប្រជាជនដែលអុលឡោះតាអាឡាខឹងរហូត”។
- នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់
នៃពិភពទាំងមូល។
5អ្នករាល់គ្នានឹងឃើញហេតុការណ៍នេះ
ហើយពោលថា: “អុលឡោះតាអាឡាសំដែងអំណាច
ហួសព្រំដែនស្រុកអ៊ីស្រអែលទៅទៀត!”»។
ការថ្វាយបង្គំមិនត្រឹមត្រូវ
6«ធម្មតា កូនតែងតែគោរពឪពុក
ហើយអ្នកបម្រើតែងតែគោរពម្ចាស់របស់ខ្លួន។
ប្រសិនបើយើងជាឪពុកមែន
ម្ដេចក៏មិនឃើញអ្នករាល់គ្នាគោរពយើង
ក្នុងឋានៈជាឪពុក?
ប្រសិនបើយើងជាម្ចាស់មែន
ម្ដេចក៏មិនឃើញអ្នករាល់គ្នាគោរពយើង
ក្នុងឋានៈជាម្ចាស់?
- នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់
នៃពិភពទាំងមូល។
រីឯអ្នករាល់គ្នា ដែលជាអ៊ីមុាំវិញ
អ្នករាល់គ្នាមាក់ងាយនាមរបស់យើង
តែអ្នករាល់គ្នាពោលថា “តើយើងខ្ញុំមាក់ងាយ
នាមរបស់ទ្រង់ត្រង់ណា?”។
7អ្នករាល់គ្នាយកម្ហូបអាហារសៅហ្មង
មកដាក់នៅលើអាសនៈរបស់យើង
ហើយអ្នករាល់គ្នាពោលថា
“តើយើងខ្ញុំបានធ្វើឲ្យទ្រង់សៅហ្មង
ត្រង់ណា?”
គឺមកពីអ្នករាល់គ្នាពោលថា:
តុរបស់អុលឡោះតាអាឡាមិនសូវសំខាន់ទេ!
8ពេលដែលអ្នករាល់គ្នាយកសត្វខ្វាក់
មកធ្វើគូរបាន
តើមិនមែនជាការអាក្រក់ទេឬ?
ពេលអ្នករាល់គ្នាយកសត្វបាក់ជើង
ឬសត្វមានជំងឺមកធ្វើគូរបាន
តើមិនមែនជាការអាក្រក់ទេឬ?
បើអ្នកយកសត្វបែបនេះទៅជូន
ទេសាភិបាលរបស់អ្នក
តើគាត់សុខចិត្តទទួលយក
ហើយទទួលអ្នកដោយរាក់ទាក់ឬ?»
- នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់
នៃពិភពទាំងមូល។
9ឥឡូវនេះ ចូរនាំគ្នាទូរអាអង្វរអុលឡោះ
សូមទ្រង់ប្រណីសន្ដោសពួកយើង!
«បើអ្នករាល់គ្នានៅតែធ្វើអំពើអាក្រក់ដូច្នេះ
តើអ្នករាល់គ្នាស្មានថា យើងទទួលអ្នករាល់គ្នា
ដោយរាក់ទាក់ឬ?
- នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់
នៃពិភពទាំងមូល។
10បើនៅតែដូច្នេះ គួរឲ្យនរណាម្នាក់
ក្នុងចំណោមអ្នករាល់គ្នាបិទទ្វារម៉ាស្ជិទ
ដើម្បីកុំឲ្យអ្នករាល់គ្នាបង្កាត់ភ្លើង
ជាអសារបង់នៅលើអាសនៈរបស់យើងទៀត!
យើងមិនពេញចិត្តនឹងអ្នករាល់គ្នាទេ
ហើយយើងក៏មិនទទួលជំនូនពីដៃ
របស់អ្នករាល់គ្នាដែរ!
- នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់
នៃពិភពទាំងមូល។
11ចាប់ពីទិសខាងកើត រហូតដល់ទិសខាងលិច
នាមរបស់យើងប្រសើរឧត្ដុង្គឧត្ដម
ក្នុងចំណោមប្រជាជាតិនានា។
នៅគ្រប់ទីកន្លែង គេនាំគ្នាដុតគ្រឿងក្រអូប
ដើម្បីលើកតម្កើងនាមរបស់យើង
ព្រមទាំងនាំយកជំនូនបរិសុទ្ធមកជាមួយផង
ដ្បិតនាមរបស់យើងប្រសើរឧត្ដុង្គឧត្ដម
ក្នុងចំណោមប្រជាជាតិនានា
- នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់
នៃពិភពទាំងមូល។
12ប៉ុន្តែ អ្នករាល់គ្នាបង្អាប់បង្អោននាមរបស់យើង
ដោយពោលថា:
“តុរបស់អុលឡោះតាអាឡាសៅហ្មងហើយ
មិនបាច់យកអាហារថ្លៃថ្នូរ
ទៅតម្កល់លើតុនោះទេ”។
13អ្នករាល់គ្នាពោលថា
“ពិធីទាំងនេះគួរឲ្យធុញទ្រាន់ណាស់!”
ហើយក៏នាំគ្នាមើលងាយយើង
- នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់
នៃពិភពទាំងមូល។
អ្នករាល់គ្នាយកសត្វដែលលួចគេ សត្វពិការ
ឬសត្វមានជំងឺមកឲ្យយើង
ទុកជាជំនូន តើយើងទទួលជំនូននេះ
ពីដៃរបស់អ្នករាល់គ្នាកើតឬ?
- នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
14ជនបោកប្រាស់មុខជាត្រូវវេទនាពុំខាន!
ដ្បិតគេទុកសត្វល្អៗក្នុងហ្វូងសត្វរបស់ខ្លួន
ហើយបែរជាយកសត្វពិការ
មកធ្វើជាគូរបានជូនអុលឡោះទៅវិញ!
យើងជាស្តេចដ៏ឧត្ដម
ប្រជាជាតិនានាស្ញែងខ្លាចនាមរបស់យើង»
- នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់
នៃពិភពទាំងមូល។
Currently Selected:
ណាពីម៉ាឡាគី 1: អគត
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2014 United Bible Societies, UK.