ណាពីម៉ាឡាគី 3
3
1 អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល
មានបន្ទូលថា៖
«យើងចាត់អ្នកនាំសាររបស់យើងឲ្យទៅមុន
ដើម្បីរៀបចំផ្លូវសម្រាប់យើង។
រំពេចនោះ អុលឡោះជាអម្ចាស់ដែលអ្នករាល់គ្នាស្វែងរក
នឹងចូលក្នុងម៉ាស្ជិទរបស់ទ្រង់។
រីឯទូតនៃសម្ពន្ធមេត្រី ដែលអ្នករាល់គ្នារង់ចាំ
កំពុងតែមកហើយ»។
2ប៉ុន្តែ នៅថ្ងៃដែលទ្រង់មកដល់
តើនរណាអាចទ្រាំបាន?
នៅពេលទ្រង់លេចមក
តើនរណាអាចឈរបាន?
ដ្បិតទ្រង់ប្រៀបបាននឹងភ្លើងរបស់ជាងដែក
និងដូចសាប៊ូរបស់អ្នកបោកសម្លៀកបំពាក់។
3ទ្រង់នឹងកាត់ក្ដី ដូចជាងទងអង្គុយ
រំលាយ និងបន្សុទ្ធសាច់ប្រាក់។
ទ្រង់នឹងជម្រះកូនចៅលេវីឲ្យបានបរិសុទ្ធ
ទ្រង់នឹងបន្សុទ្ធពួកគេ
ដូចបន្សុទ្ធមាស និងប្រាក់។
ពួកគេនឹងនាំជំនូនត្រឹមត្រូវតាមហ៊ូកុំ
មកជូនអុលឡោះតាអាឡាដោយចិត្តស្មោះត្រង់។
4ពេលនោះ អុលឡោះតាអាឡាពេញចិត្តទទួល
ជំនូនរបស់អ្នកស្រុកយូដា
និងអ្នកក្រុងយេរូសាឡឹម
ដូចកាលពីដើម នៅជំនាន់មុនៗ។
5 អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា៖
«យើងនឹងមករកអ្នករាល់គ្នា
ដើម្បីវិនិច្ឆ័យទោស។
យើងនឹងប្រញាប់ប្រញាល់ចោទប្រកាន់
ពួកគ្រូធ្មប់ និងពួកក្បត់ចិត្តយើង
ពួកស្បថបំពាន
ពួកសង្កត់សង្កិនកម្មករ
ស្ត្រីមេម៉ាយ និងក្មេងកំព្រា
ពួកធ្វើបាបជនបរទេស
ហើយមិនគោរពកោតខ្លាចយើង»។
ជំនូនដែលត្រូវជូនដល់អុលឡោះ
6«យើងជាអុលឡោះតាអាឡា យើងមិនប្រែប្រួលទេ
រីឯអ្នករាល់គ្នាវិញ កូនចៅយ៉ាកកូបអើយ អ្នករាល់គ្នាពុំបានវិនាសសូន្យឡើយ»។
7 អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា៖
«អ្នករាល់គ្នាក៏ដូចដូនតារបស់អ្នករាល់គ្នាដែរ
អ្នករាល់គ្នាងាកចេញពីហ៊ូកុំរបស់យើង
គឺអ្នករាល់គ្នាមិនព្រមកាន់តាមទេ។
ចូរនាំគ្នាវិលមករកយើង
នោះយើងក៏វិលមករកអ្នករាល់គ្នាវិញដែរ។
អ្នករាល់គ្នាពោលថា:
“យើងខ្ញុំត្រូវវិលមកវិញយ៉ាងដូចម្ដេច?”។
8តើមនុស្សកេងប្រវ័ញ្ចអុលឡោះ
ដូចម្ដេចបាន?
អ្នករាល់គ្នាកេងប្រវ័ញ្ចយើង ហើយពោលថា
“យើងខ្ញុំកេងប្រវ័ញ្ចទ្រង់ដូចម្ដេចខ្លះ?”។
គឺអ្នករាល់គ្នាកេងប្រវ័ញ្ច
ជំនូនមួយភាគដប់ និងជំនូន
ដែលអ្នករាល់គ្នាត្រូវញែកទុកសម្រាប់យើង!
9អ្នករាល់គ្នាត្រូវបណ្ដាសាហើយ!
ព្រោះប្រជាជាតិទាំងមូល
បានកេងប្រវ័ញ្ចយើង»។
10 អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា៖
«ចូរនាំយកជំនូនមួយភាគដប់ទាំងប៉ុន្មាន
មកដាក់នៅក្នុងឃ្លាំង
ដើម្បីឲ្យមានស្បៀងអាហារ
ក្នុងដំណាក់របស់យើង។
ចូរធ្វើយ៉ាងនេះ ដើម្បីល្បងលយើងទៅ
នោះអ្នករាល់គ្នានឹងឃើញថា
យើងនឹងបើកផ្ទៃមេឃ
បង្ហូរពររបស់យើងដ៏លើសលប់មកលើអ្នករាល់គ្នា»។
11 អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា៖
«យើងនឹងរារាំងសត្វល្អិតមិនឲ្យបំផ្លាញ
ដំណាំរបស់អ្នករាល់គ្នា
ហើយចម្ការទំពាំងបាយជូររបស់អ្នករាល់គ្នា
នឹងផ្តល់ភោគផលបរិបូណ៌»។
12 អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា៖
«ប្រជាជាតិទាំងអស់នឹងពោលថា
អ្នករាល់គ្នាពិតជាមានសុភមង្គលមែន
ដ្បិតស្រុករបស់អ្នករាល់គ្នានឹងទៅជាស្រុកមួយ
ដ៏សម្បូណ៌សប្បាយ»។
អុលឡោះប្រទានពរដល់អ្នកគោរពបម្រើទ្រង់
13 អុលឡោះតាអាឡាមានបន្ទូលថា៖
«អ្នករាល់គ្នាពោលពាក្យទ្រគោះបោះបោក
ប្រឆាំងនឹងយើង ហើយអ្នករាល់គ្នាពោលថា:
“តើយើងខ្ញុំនិយាយគ្នាប្រឆាំងនឹងទ្រង់
ដូចម្ដេចខ្លះ?”។
14អ្នករាល់គ្នាពោលថា:
“ពួកយើងខំបម្រើអុលឡោះ
តែគ្មានបានការអ្វីទេ
ពួកយើងខំធ្វើតាមបង្គាប់របស់ទ្រង់
ហើយខំដើរតាមអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល
ទាំងកាន់ទុក្ខដូច្នេះ តើបានចំណេញអ្វី?
15ពួកយើងសង្កេតឃើញថា
ឥឡូវនេះ មានតែមនុស្សព្រហើនទេ
ដែលមានសុភមង្គល
ហើយមនុស្សប្រព្រឹត្តអំពើអាក្រក់
បែរជាបានចំរុងចំរើនទៅវិញ។
ទោះបីពួកគេល្បងលមើលអុលឡោះក្តី
ក៏ពួកគេគេចផុតពីទុក្ខទោសជានិច្ច”»។
16ពេលនោះ អស់អ្នកដែលគោរព
កោតខ្លាចអុលឡោះតាអាឡា
ពិភាក្សាគ្នាទៅវិញទៅមក
អុលឡោះតាអាឡាស្តាប់
ហើយយកចិត្តទុកដាក់នឹង
ពាក្យសំដីរបស់ពួកគេ។
គេបានចារឈ្មោះរបស់អស់អ្នកដែលគោរព
កោតខ្លាចនាមអុលឡោះតាអាឡាក្នុងក្រាំងមួយ
ទុកជាទីរំលឹកចំពោះទ្រង់។
17 អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា៖
«នៅថ្ងៃដែលយើងបានកំណត់ទុក
អ្នកទាំងនោះនឹងទៅជាប្រជារាស្ត្ររបស់យើង
ពួកគេនឹងទៅជាប្រជារាស្ត្រដែលជា
ចំណែកមត៌ករបស់យើងផ្ទាល់។
យើងនឹងត្រាប្រណីពួកគេ
ដូចឪពុកត្រាប្រណីកូនដែលបម្រើឪពុក។
18ពេលនោះ អ្នករាល់គ្នានឹងឃើញសាជាថ្មីថា
តើមនុស្សសុចរិត និងមនុស្សអាក្រក់
ខុសគ្នាយ៉ាងណា
ហើយអ្នកគោរពបម្រើអុលឡោះ
និងអ្នកមិនគោរពបម្រើ ខុសគ្នាយ៉ាងណា
Currently Selected:
ណាពីម៉ាឡាគី 3: អគត
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2014 United Bible Societies, UK.