YouVersion Logo
Search Icon

ណាពី​យេរេមា 49

49
បន្ទូល​របស់​អុលឡោះ​ស្ដី​អំពី​ជន‌ជាតិ​អាំម៉ូន
1នេះ​ជា​បន្ទូល​ស្ដី​អំពី​ជន‌ជាតិ​អាំម៉ូន។
អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖
«តើ​អ៊ីស្រ‌អែល​គ្មាន​កូន​ត​ពូជ​ទេ​ឬ?
ហេតុ​អ្វី​បាន​ជា​ព្រះ​ម៉ូឡុក​មក​កាន់​កាប់​ទឹក​ដី
កាដ​ដូច្នេះ?
ហេតុ​អ្វី​បាន​ប្រជា‌ជន​របស់​ព្រះ​ម៉ូឡុក
មក​រស់​នៅ​ក្នុង​ក្រុង​នានា​នៃ​ស្រុក​កាដ?
2ហេតុ​នេះ នៅ​គ្រា​ខាង​មុខ
យើង​នឹង​ឲ្យ​សង្គ្រាម​កើត​មាន​ដល់
ជន‌ជាតិ​អាំម៉ូន​នៅ​ក្រុង​រ៉ាបាត់
- នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា
ក្រុង​នោះ​នឹង​ក្លាយ​ទៅ​ជា​ទី​ស្មសាន
ហើយ​ក្រុង​ទាំង‌ឡាយ​ដែល​នៅ​ជុំ‌វិញ​នឹង​ត្រូវ
វិនាស​ដោយ​ភ្លើង។
ពេល​នោះ អ៊ីស្រ‌អែល​នឹង​យក​ទឹក​ដី​ដែល
ជន‌ជាតិ​អាំម៉ូន​ដណ្ដើម​ទៅ​នោះ​បាន​មក​វិញ
- នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា
3អ្នក​ក្រុង​ហេស‌បូន​អើយ ចូរ​ស្រែក​យ៉ាង​ខ្លាំង​ទៅ
ដ្បិត​ក្រុង​អៃ​វិនាស​សូន្យ​ហើយ!
អ្នក​ក្រុង​ទាំង‌ឡាយ​ដែល​នៅ​ជុំ‌វិញ​រ៉ាបាត​អើយ
ចូរ​ស្រែក​ទ្រហោ​យំ ចូរ​នាំ​គ្នា​ស្លៀក​បាវ​កាន់​ទុក្ខ
ចូរ​រត់​ទៅ​រត់​មក តាម​បណ្ដោយ​កំពែង​ក្រុង
ដ្បិត​ម៉ូឡុក​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា
ត្រូវ​គេ​ចាប់​យក​ទៅ​ជា​ឈ្លើយ
ជា​មួយ​ពួក​បូជាចារ្យ និង​ពួក​មន្ត្រី។
4ប្រជា‌ជន​ដែល​បះ‌បោរ​អើយ
ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​អួត​ខ្លួន​អំពី​ជ្រលង​ភ្នំ
របស់​អ្នក​ដូច្នេះ?
ជ្រលង​ភ្នំ​នេះ​ជិត​វិនាស​អន្តរាយ​ហើយ។
អ្នក​ទុក​ចិត្ត​លើ​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន
ដោយ​ពោល​ថា
“តើ​នរណា​ហ៊ាន​មក​វាយ​ប្រហារ​ខ្ញុំ?”។
5យើង​នឹង​ធ្វើ​ឲ្យ​ភយន្ត‌រាយ​ពី​គ្រប់​ទិស‌ទី
កើត​មាន​ដល់​អ្នក
- នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ
ពិភព​ទាំង​មូល។
អ្នក​រាល់​គ្នា​ត្រូវ​ខ្ចាត់‌ខ្ចាយ ម្នាក់ៗ​រត់​ប្រាស​អាយុ
គ្មាន​នរណា​ប្រមូល​ផ្ដុំ​អ្នក​រាល់​គ្នា​ឡើង​វិញ​ទេ។
6ប៉ុន្តែ ក្រោយ​មក
យើង​នឹង​ស្ដារ​ស្រុក​អាំម៉ូន​ឡើង​វិញ»
- នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា
បន្ទូល​របស់​អុលឡោះ​ស្ដី​អំពី​ជន‌ជាតិ​អេដុម
7នេះ​ជា​បន្ទូល​ស្ដី​អំពី​ស្រុក​អេដុម។
អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​បន្ទូល​ថា៖
«តើ​នៅ​ក្រុង​ថេម៉ាន​លែង​មាន​ប្រាជ្ញា​ហើយ​ឬ?
តើ​ប្រជា‌ជន​នៅ​ក្រុង​នេះ​បាត់​បង់
គំនិត​យោបល់​អស់​ហើយ​ឬ?
តើ​ពួក​គេ​អាប់​ប្រាជ្ញា​ឬ?
8អ្នក​ក្រុង​ដេដាន់​អើយ
ចូរ​នាំ​គ្នា​រត់ ចូរ​ចាក​ចេញ​ពី​ទី​នេះ
ចូរ​នាំ​គ្នា​ពួន​ក្នុង​រូង​ភ្នំ​ទៅ!
ដ្បិត​យើង​នឹង​ធ្វើ​ឲ្យ​មហន្ត‌រាយ​កើត​មាន
ដល់​ពូជ‌ពង្ស​របស់​អេសាវ
គឺ​ដល់​ពេល​យើង​វិនិច្ឆ័យ​ទោស​គេ​ហើយ។
9ប្រសិន​បើ​ពួក​បេះ​ផ្លែ​ទំពាំង‌បាយជូរ
មក​ដល់​ស្រុក​អ្នក
គេ​មិន​ទុក​ឲ្យ​មាន​ផ្លែ​នៅ​សល់​ឡើយ។
ប្រសិន​បើ​ពួក​ចោរ​ចូល​ប្លន់​អ្នក​នៅ​ពេល​យប់
គេ​នឹង​យក​អ្វីៗ​ដែល​គេ​អាច​យក​បាន។
10យើង​នឹង​យក​អ្វីៗ​ទាំង​អស់​ចេញ​ពី​អេសាវ
យើង​នឹង​បើក​កកាយ​កន្លែង​ដែល​គេ​ពួន
គឺ​គេ​ពុំ​អាច​ពួន​ត​ទៅ​ទៀត​បាន​ឡើយ។
ពូជ‌ពង្ស បង​ប្អូន ព្រម​ទាំង​អ្នក​ជិត​ខាង​របស់​គេ
នឹង​ត្រូវ​អន្តរាយ។
គ្មាន​នៅ​សល់​នរណា​ម្នាក់​ពោល​ថា:
11“កុំ​ព្រួយ​បារម្ភ​នឹង​កូន​អ្នក​ដែល​នៅ​កំព្រា​ឡើយ
ខ្ញុំ​នឹង​ចិញ្ចឹម​ពួក​វា
ប្រពន្ធ​របស់​អ្នក​ដែល​នៅ​មេម៉ាយ
ក៏​អាច​ទុក​ចិត្ត​លើ​ខ្ញុំ​ដែរ”»។
12 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «អស់​អ្នក​ដែល​មិន​ត្រូវ​ផឹក​ពី​ពែង​នៃ​ទុក្ខ​លំបាក​នេះ ក៏​យើង​ដាក់​ទោស​ឲ្យ​ផឹក​ដែរ។ ចុះ​អ្នក​វិញ តើ​អ្នក​ស្មាន​ថា​អាច​រួច​ខ្លួន​ឬ? ទេ អ្នក​ពុំ​អាច​រួច​ខ្លួន​បាន​ឡើយ អ្នក​ត្រូវ​តែ​ផឹក! 13យើង​សុំ​ស្បថ​ក្នុង​នាម​យើង​ផ្ទាល់​ថា ក្រុង​បូសរ៉ា​នឹង​ត្រូវ​វិនាស​អន្តរាយ​ក្លាយ​ទៅ​ជា​ទី​ស្មសាន និង​ជា​គំនរ​បាក់​បែក។ ប្រជា‌ជន​ឯ​ទៀតៗ​នឹង​យក​ឈ្មោះ​ក្រុង​នេះ​ទៅ​ជេរ​ប្រមាថ និង​ដាក់​បណ្ដាសា​គ្នា។ ក្រុង​ឯ​ទៀតៗ​ដែល​នៅ​ជុំ‌វិញ​ក្រុង​បូសរ៉ា នឹង​ក្លាយ​ទៅ​ជា​គំនរ​បាក់​បែក​រហូត​ត​ទៅ» -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា
14 អុលឡោះ‌តាអាឡាប្រទាន​ដំណឹង​មក​ខ្ញុំ
ទ្រង់​ចាត់​អ្នក​នាំ​ពាក្យ​ម្នាក់​ឲ្យ​ទៅ
ប្រកាស​ហៅ​ប្រជា‌ជាតិ​នានា​ថា
ចូរ​ប្រមូល​គ្នា​មក​ប្រហារ​ស្រុក​អេដុម
ចូរ​ក្រោក​ឡើង វាយ​លុក​ស្រុក​នេះ​ទៅ!
15«អេដុម​អើយ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ទៅ
ជា​ប្រជា‌ជាតិ​មួយ​តូច​ជាង​គេ
ជា​ប្រជា‌ជាតិ​ដែល​មនុស្ស​លោក​មើល‌ងាយ។
16ចិត្ត​អួត‌អាង​របស់​អ្នក​បញ្ឆោត​ខ្លួន​ឯង
តែ​គ្មាន​នរណា​ខ្លាច​អ្នក ដូច​អ្នក​នឹក​ស្មាន​នោះ​ទេ
អ្នក​រស់​នៅ​តាម​ក្រហែង​ថ្ម និង​នៅ​តាម​កំពូល​ភ្នំ
ប៉ុន្តែ ទោះ​បី​អ្នក​លើក​ទ្រនំ​របស់​អ្នក
ឲ្យ​ខ្ពស់​ដូច​ទ្រនំ​សត្វ​ឥន្ទ្រី​ក្ដី
ក៏​យើង​នឹង​ច្រាន​អ្នក​ឲ្យ​ធ្លាក់​ចុះ​ដល់​ដី​ដែរ»
- នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា
17«ស្រុក​អេដុម​នឹង​វិនាស​ហិន‌ហោច អស់​អ្នក​ដែល​ដើរ​ក្បែរ​នោះ​នឹង​ព្រឺ​សម្បុរ ហើយ​ស្រឡាំង‌កាំង ដោយ​ឃើញ​សំណល់​បាក់​បែក​ទាំង​ប៉ុន្មាន។ 18អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ស្រុក​អេដុម​ប្រៀប​បាន​នឹង​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា ព្រម​ទាំង​ក្រុង​ឯ​ទៀតៗ​នៅ​ជុំ‌វិញ ដែល​ត្រូវ​វិនាស​អន្តរាយ គឺ​នឹង​គ្មាន​ប្រជា‌ជន​រស់​នៅ ហើយ​ក៏​គ្មាន​មនុស្ស​ណា​មក​ជ្រក​អាស្រ័យ​នៅ​ដែរ។
19សត្វ​សិង្ហ​លោត​ចេញ​ពី​មាត់​ទន្លេ​យ័រដាន់
ចូល​ទៅ​ក្នុង​គុម្ពោត​ព្រៃ​រហ័ស​យ៉ាង​ណា
យើង​ក៏​នឹង​ធ្វើ​ឲ្យ​ប្រជា‌ជន​រត់​ចេញ​ពី
ស្រុក​អេដុម​រហ័ស​យ៉ាង​នោះ​ដែរ។
យើង​នឹង​តែង‌តាំង​អ្នក​គ្រប់‌គ្រង​ដែល​យើង​បាន
ជ្រើស​រើស​ឲ្យ​គ្រប់‌គ្រង​លើ​ស្រុក​នេះ។
តើ​មាន​នរណា​អាច​ផ្ទឹម​ស្មើ​នឹង​យើង?
តើ​នរណា​ហ៊ាន​ប្ដឹង​យើង?
តើ​អ្នក​ដឹក​នាំ​ណា​អាច​ប្រឆាំង​នឹង​យើង?»។
20ហេតុ​នេះ ចូរ​នាំ​គ្នា​ស្ដាប់​អំពី​ការ​ដែល
អុលឡោះ‌តាអាឡា​សម្រេច​ធ្វើ​ចំពោះ​ស្រុក​អេដុម
និង​គម្រោង‌ការ​ដែល​ទ្រង់​គ្រោង​ទុក
ដើម្បី​ដាក់​ទោស​អ្នក​ក្រុង​ថេម៉ាន!
សត្រូវ​ពិត​ជា​នាំ​អ្នក​ស្រុក​នេះ​ចេញ​ទៅ
ដូច​កូន​ចៀម​ដែល​គេ​កៀរ​យក​ទៅ
ព្រម​ទាំង​បំផ្លាញ​ស្រុក​ភូមិ​របស់​ពួក​គេ
ឲ្យ​ហិន‌ហោច​ទៀត​ផង។
21ពេល​ស្រុក​អេដុម​រលំ ផែនដី​ក៏​កក្រើក
សំរែក​របស់​គេ​លាន់​ឮ​រហូត​ដល់​សមុទ្រ​ក្រហម។
22សត្រូវ​មក​វាយ​ប្រហារ
ដូច​ខ្លែង​សំកាំង​ស្លាប​លើ​ក្រុង​បូសរ៉ា
នៅ​ថ្ងៃ​នោះ ចិត្ត​របស់​ទាហាន​ដ៏​អង់‌អាច
នៃ​ជន‌ជាតិ​អេដុម នឹង​ឈឺ​ចុក​ចាប់
ដូច​ស្ត្រី​ហៀប​នឹង​សំរាល​កូន»។
បន្ទូល​របស់​អុលឡោះ​ស្ដី​អំពី​ក្រុង​ដាម៉ាស់
23នេះ​ជា​បន្ទូល​ស្ដី​អំពី​ក្រុង​ដាម៉ាស់។
«អ្នក​ក្រុង​ហា‌ម៉ាត់ និង​អ្នក​ក្រុង​អើផាត
ត្រូវ​អាម៉ាស់ ដ្បិត​ពួក​គេ​ទទួល​ដំណឹង​មិន​ល្អ
ពួក​គេ​ញ័រ​រន្ធត់​យ៉ាង​ខ្លាំង
ពួក​គេ​អន្ទះ‌អន្ទែង​ដូច​ទឹក​សមុទ្រ​ពុះ​កញ្ជ្រោល
គ្មាន​នរណា​អាច​ធ្វើ​ឲ្យ​ស្ងប់​បាន​ឡើយ។
24អ្នក​ក្រុង​ដាម៉ាស់​ធ្លាក់​ទឹក​ចិត្ត
ហើយ​បែរ​ក្រោយ ដើម្បី​រត់​គេច​ខ្លួន
ពួក​គេ​ភ័យ​តក់‌ស្លុត​ឈឺ​ចុក​ចាប់
អន្ទះ‌អន្ទែង​ដូច​ស្ត្រី​ហៀប​នឹង​សំរាល​កូន។
25តើ​ក្រុង​ដ៏​ល្បី‌ល្បាញ ក្រុង​ដ៏​សប្បាយ​នេះ
ត្រូវ​គេ​បោះ​បង់​ចោល​មែន​ឬ?
26នៅ​ថ្ងៃ​នោះ ពួក​យុវជន​ដួល​ស្លាប់​នៅ​តាម​ផ្លូវ
ទាហាន​ទាំង​អស់​ក៏​បាត់​បង់​ជីវិត​ដែរ
- នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់
នៃ​ពិភព​ទាំង​មូល។
27យើង​នឹង​ដុត​កំពែង​ក្រុង​ដាម៉ាស់
ហើយ​ភ្លើង​នោះ​នឹង​ឆេះ​បំផ្លាញ​វិមាន​របស់
ស្ដេច​បេនហា‌ដាដ»។
បន្ទូល​របស់​អុលឡោះ​ស្ដី​អំពី​ស្រុក​កេដារ
28នេះ​ជា​បន្ទូល​របស់​អុលឡោះ​ស្ដី​អំពី​ស្រុក​កេដារ និង​នគរ​ទាំង​ប៉ុន្មាន​នៅ​ហាសោរ ដែល​ស្តេច​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន វាយ​យក​បាន។
អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖
«ចូរ​ក្រោក​ឡើង ទៅ​វាយ​លុក​ស្រុក​កេដារ
ចូរ​កំទេច​ពួក​អ្នក​ស្រុក​ខាង​កើត​នោះ
ឲ្យ​អន្តរាយ​ទៅ!
29ចូរ​ដណ្ដើម​យក​ជំរំ និង​ហ្វូង​សត្វ​របស់​ពួក​គេ
ព្រម​ទាំង​យក​ក្រណាត់​ដ៏​ក្រាស់ៗ
ឥវ៉ាន់ និង​ហ្វូង​អូដ្ឋ​របស់​ពួក​គេ​ដែរ។
ចូរ​ស្រែក​ដាក់​ពួក​គេ​ថា
ការ​ព្រឺ​ខ្លាច​ស្ថិត​នៅ​គ្រប់​ទី​កន្លែង!
30អ្នក​ស្រុក​ហាសោរ​អើយ
ចូរ​នាំ​គ្នា​រត់​គេច​ខ្លួន​យ៉ាង​លឿន
ហើយ​ពួន​ក្នុង​រូង​ភ្នំ​ទៅ!
ដ្បិត​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន
បាន​សម្រេច​រៀប‌ចំ​គម្រោង‌ការ​វាយ​ប្រហារ
អ្នក​រាល់​គ្នា​ហើយ។
- នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា
31ចូរ​ក្រោក​ឡើង​ទៅ​វាយ​លុក​ប្រជា‌ជាតិ
ដែល​រស់​នៅ​យ៉ាង​សុខ‌សាន្ត គ្មាន​កង្វល់​អ្វី
- នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា -
ដ្បិត​ទី​លំ‌នៅ​របស់​គេ គ្មាន​ទ្វារ គ្មាន​រនុក​ទេ
គេ​រស់​នៅ​ដាច់​តែ​ឯង។
32ខ្មាំង​សត្រូវ​នឹង​ដណ្ដើម​យក​ហ្វូង​អូដ្ឋ​របស់​ពួក​គេ
ព្រម​ទាំង​រឹប​អូស​យក​ហ្វូង​សត្វ​ដ៏​ច្រើន
របស់​ពួក​គេ ទុក​ជា​ជយ‌ភ័ណ្ឌ​ទៀត​ផង។
យើង​នឹង​កំចាត់​ប្រជា‌ជន​ដែល​កោរ​ជើង​សក់
ឲ្យ​ខ្ចាត់‌ខ្ចាយ​ទៅ​គ្រប់​ទិស​តំបន់
យើង​នឹង​ធ្វើ​ឲ្យ​ទុក្ខ​វេទនា​ពី​គ្រប់​ទិស‌ទី
កើត​មាន​ដល់​ពួក​គេ
- នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា
33ស្រុក​ហាសោរ​នឹង​ក្លាយ​ទៅ​ជា ជំរក​របស់​ឆ្កែ​ព្រៃ
ជា​ទី​ស្មសាន​រហូត​ត​ទៅ
គឺ​នឹង​គ្មាន​ប្រជា‌ជន​រស់​នៅ
ហើយ​ក៏​គ្មាន​មនុស្ស​ណា​មក​ជ្រក​អាស្រ័យ
នៅ​ទៀត​ដែរ»។
បន្ទូល​របស់​អុលឡោះ​ស្ដី​អំពី​ស្រុក​អេឡាំ
34នៅ​ដើម​រជ្ជកាល​ស្តេច​សេដេ‌គា ជា​ស្ដេច​ស្រុក​យូដា អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ណាពី​យេរេមា ស្ដី​អំពី​ស្រុក​អេឡាំ​ដូច​ត​ទៅ:
35 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​បន្ទូល​ថា៖
«យើង​កាច់​បំបាក់​ធ្នូ ជា​អាវុធ​ដ៏​ល្បី‌ល្បាញ
របស់​ជន‌ជាតិ​អេឡាំ។
36យើង​នឹង​ធ្វើ​ឲ្យ​ខ្យល់​ទាំង​បួន​ទិស
បក់​មក​លើ​ស្រុក​អេឡាំ
យើង​ឲ្យ​ខ្យល់​ទាំង​នោះ​កំចាត់​ពួក​គេ
ខ្ចាត់‌ខ្ចាយ​ទៅ​គ្រប់​ទិស‌ទី
ជន‌ជាតិ​អេឡាំ​ទៅ​នៅ​ក្នុង​ចំណោម
ប្រជា‌ជាតិ​ទាំង​អស់ ឥត​ចន្លោះ​ណា​មួយ​ឡើយ។
37យើង​នឹង​ធ្វើ​ឲ្យ​ជន‌ជាតិ​អេឡាំ​ញ័រ​រន្ធត់
នៅ​ចំពោះ​មុខ​ខ្មាំង​សត្រូវ និង​នៅ​ចំពោះ​មុខ
អស់​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ពួក​គេ។
យើង​នឹង​នាំ​ទុក្ខ​វេទនា​មក​លើ​ពួក​គេ
ដោយ​កំហឹង​ដ៏​ខ្លាំង‌ក្លា​របស់​យើង
- នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា -
យើង​នឹង​ឲ្យ​ដាវ​ទៅ​តាម​ប្រហារ​ពួក​គេ
រហូត​ទាល់​តែ​ប្រល័យ​ជីវិត​ពួក​គេ
អស់​គ្មាន​សល់។
38យើង​នឹង​មក​គ្រង​រាជ្យ​លើ​ស្រុក​អេឡាំ
យើង​នឹង​ប្រហារ​ជីវិត​ស្ដេច និង​នាម៉ឺន
របស់​ពួក​គេ
- នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា-
39ប៉ុន្តែ នៅ​គ្រា​ក្រោយ
យើង​នឹង​ស្ដារ​ស្រុក​អេឡាំ​ឡើង​វិញ»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in