ណាពីយេរេមា 50
50
ចក្រភពបាប៊ីឡូនត្រូវរលំ អុលឡោះរំដោះអ៊ីស្រអែល
1នេះជាបន្ទូលដែលអុលឡោះតាអាឡាប្រកាស តាមរយៈណាពីយេរេមា ស្ដីអំពីបាប៊ីឡូន និងស្រុកខាល់ដេ។
2«ចូរប្រកាសប្រាប់ប្រជាជាតិនានា
ចូរប្រាប់ឲ្យពួកគេដឹង
ចូរលើកទង់សញ្ញាឡើង!
ចូរប្រាប់ឲ្យពួកគេដឹង
កុំលាក់ឲ្យសោះ!
ចូរប្រកាសថា:
សត្រូវវាយយកបានក្រុងបាប៊ីឡូនហើយ!
ព្រះបាលត្រូវអាម៉ាស់ ព្រះម៉ារ៉ូឌូកត្រូវរលំ
រូបបដិមារបស់ពួកគេត្រូវអាម៉ាស់
ព្រះក្លែងក្លាយរបស់ពួកគេក៏ត្រូវរលំដែរ!។
3ប្រជាជាតិមួយនៅទិសខាងជើង
លើកទ័ពមកវាយក្រុងបាប៊ីឡូន
ធ្វើឲ្យស្រុកនេះក្លាយទៅជាទីស្មសាន
គ្មាននរណារស់នៅទៀតទេ
គឺទាំងមនុស្ស ទាំងសត្វ រត់ចេញពីទីនោះ
អស់គ្មានសល់។
4នៅគ្រានោះ កូនចៅអ៊ីស្រអែល
និងកូនចៅយូដា វិលត្រឡប់មកវិញជាមួយគ្នា
ពួកគេដើរផង យំផង
ហើយស្វែងរកអុលឡោះតាអាឡា ជាម្ចាស់របស់ពួកគេ
- នេះជាបន្ទូលរបស់អុលឡោះតាអាឡា-។
5ពួកគេនឹងស៊ើបសួររកផ្លូវទៅក្រុងស៊ីយ៉ូន
ហើយនាំគ្នាបែរមុខតម្រង់ទៅរកក្រុងនោះ។
ពួកគេរួមរស់ជាមួយអុលឡោះតាអាឡា
ដោយចងសម្ពន្ធមេត្រី
ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច
ជាសម្ពន្ធមេត្រីដែលពួកគេមិនបំភ្លេចឡើយ។
6ប្រជាជនរបស់យើងប្រៀបបាននឹងហ្វូងចៀម
ដែលវង្វេងបាត់។
ពួកគង្វាលបាននាំពួកគេឲ្យវង្វេង
ដោយពង្វាងទៅតាមភ្នំនានា។
ចៀមរបស់យើងដើរពីភ្នំមួយទៅភ្នំមួយ
រហូតដល់ភ្លេចក្រោលរបស់ខ្លួន។
7អស់អ្នកដែលជួបពួកគេ នាំគ្នាខាំហែកស៊ីសាច់
ហើយបច្ចាមិត្តរបស់ពួកគេពោលថា:
“បើយើងសម្លាប់ពួកគេ យើងគ្មានកំហុសអ្វីទេ
ព្រោះពួកគេបានប្រព្រឹត្តអំពើបាប
ទាស់នឹងបំណងរបស់អុលឡោះតាអាឡា!”។
ដូនតារបស់ពួកគេបានសង្ឃឹមលើអុលឡោះតាអាឡា
ដែលជាប្រភពនៃសេចក្ដីសុចរិត។
8ចូរនាំគ្នារត់ចេញពីក្រុងបាប៊ីឡូន
ចូរចាកចេញពីស្រុកខាល់ដេ!
ចូរធ្វើដូចជាពពែឈ្មោល
ដែលនៅខាងមុខហ្វូងចៀម។
9យើងនឹងប្រមូលប្រជាជាតិនានា
ដែលជាមហាអំណាច ពីស្រុកខាងជើង
ឲ្យមកវាយលុកក្រុងបាប៊ីឡូន។
ប្រជាជាតិទាំងនោះនឹងរៀបក្បួនទ័ព
វាយយកក្រុងនេះ
ព្រួញរបស់ពួកគេបាញ់មិនចេះខុសទេ
គឺប្រៀបដូចជាទាហានដ៏មានថ្វីដៃ
ដែលឥតត្រឡប់មកវិញ
ដោយពុំបានប្រហារជីវិតមនុស្សឡើយ។
10ខ្មាំងនឹងរឹបអូសយកសម្បត្តិរបស់ស្រុកខាល់ដេ
ហើយអស់អ្នកដែលរឹបអូសយកសម្បត្តិ
របស់ស្រុកនោះ មុខជាបានស្កប់ស្កល់មិនខាន
- នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
11ជនជាតិបាប៊ីឡូនអើយ អ្នករាល់គ្នាបានរឹបអូស
យកទ្រព្យសម្បត្តិនៃប្រជាជនរបស់យើង
ម្ដេចក៏មិននាំគ្នារីករាយ និងលោតកព្ឆោងទៅ!
ចូរលោតដូចគោញីដែលកំពុងពេញកម្លាំង
ចូរស្រែកហ៊ោកញ្ជ្រៀវដូចសេះខ្លាំងពូកែទៅ!
12ក្រុងបាប៊ីឡូនជាម្ដាយរបស់អ្នករាល់គ្នា
នឹងត្រូវអាម៉ាស់ ហើយបាក់មុខ។
បាប៊ីឡូននឹងក្លាយទៅជាប្រជាជាតិមួយ
អន់ជាងគេបំផុត
ទឹកដីរបស់គេក្លាយទៅជាទីស្មសាន
ជាដីហួតហែង និងជាព្រៃល្បោះ»។
13ដោយសារកំហឹងរបស់អុលឡោះតាអាឡា
បាប៊ីឡូននឹងក្លាយទៅជាកន្លែងដែល
គ្មាននរណារស់នៅ
គឺក្រុងបាប៊ីឡូនទាំងមូលនឹងវិនាសហិនហោច
អស់អ្នកដែលដើរក្បែរនោះ នឹងព្រឺសម្បុរ
ហើយស្រឡាំងកាំង
ដោយឃើញសំណល់បាក់បែកទាំងប៉ុន្មាន។
14ទ័ពបាញ់ព្រួញអើយ ចូរតំរៀបគ្នាវាយលុក
និងព័ទ្ធជុំវិញក្រុងបាប៊ីឡូនទៅ!
ចូរបាញ់ព្រួញតម្រង់ទៅក្រុងនេះ
ដោយឥតខ្លាចខាតព្រួញឡើយ
ដ្បិតក្រុងនេះបានប្រព្រឹត្តអំពើបាប
ប្រឆាំងនឹងអុលឡោះតាអាឡា!
15ចូរស្រែកជយឃោសពីគ្រប់ទិសទី
ដ្បិតក្រុងនេះលើកដៃសុំចុះចាញ់ហើយ។
គ្រឹះរបស់វាត្រូវកក្រើក
ហើយកំពែងរបស់វាក៏រលំដែរ
ដ្បិតអុលឡោះតាអាឡាសងសឹកនឹងក្រុងនេះ
ដូច្នេះ ចូរសងសឹកនឹងក្រុងបាប៊ីឡូន
ដោយប្រព្រឹត្តចំពោះពួកគេតាមអំពើដែល
ពួកគេធ្លាប់ប្រព្រឹត្ត។
16ចូរកុំទុកឲ្យមានអ្នកសាបព្រោះ
ឬអ្នកច្រូតកាត់ រស់នៅក្នុងស្រុកបាប៊ីឡូន
ទៀតឡើយ។
រីឯជនបរទេសរស់នៅក្នុងក្រុងនេះ ត្រូវរត់គេច
ពីមុខដាវរបស់កងទ័ពដែលមកវាយលុក
ហើយម្នាក់ៗវិលទៅរកប្រជាជន
និងរត់ទៅស្រុកកំណើតរបស់ខ្លួនវិញ។
17អ៊ីស្រអែលប្រៀបបាននឹងចៀមវង្វេង
ដែលត្រូវហ្វូងសិង្ហដេញខាំ
មុនដំបូង ស្ដេចស្រុកអាស្ស៊ីរីខាំអ៊ីស្រអែល
បន្ទាប់មក នេប៊ូក្នេសាស្ដេចស្រុកបាប៊ីឡូន
ហែកស៊ី និងកំទេចឆ្អឹងអ៊ីស្រអែល។
18ហេតុនេះហើយបានជាអុលឡោះតាអាឡាជាម្ចាស់នៃពិភព
ទាំងមូល ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល
មានបន្ទូលថា៖
«យើងនឹងធ្វើទោសស្ដេចស្រុកបាប៊ីឡូន
និងស្រុករបស់គេ
ដូចយើងបានធ្វើទោសស្ដេចស្រុកអាស្ស៊ីរីដែរ។
19យើងនឹងនាំជនជាតិអ៊ីស្រអែលឲ្យ
វិលត្រឡប់មកស្រុករបស់ខ្លួនវិញ
ពួកគេនឹងរស់នៅលើភ្នំកើមែល និងភ្នំបាសាន
ហើយពួកគេនឹងបរិភោគឆ្អែតបរិបូណ៌
នៅលើភ្នំអេប្រាអ៊ីម និងភ្នំកាឡាដ។
20នៅគ្រានោះ គេរកមើលកំហុសរបស់
ជនជាតិអ៊ីស្រអែលលែងឃើញទៀតហើយ
រីឯអំពើបាបរបស់ជនជាតិយូដា
ក៏ពុំឃើញមានទៀតដែរ
ដ្បិតយើងលើកលែងទោសអស់អ្នកដែលយើង
ទុកឲ្យនៅសេសសល់ពីស្លាប់»
- នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
21«ចូរឡើងទៅវាយលុកស្រុកមេរ៉ាថែម
វាយលុកអ្នកស្រុកពេកូដ
ចូរកំទេច និងប្រហារពួកគេ
ឥតទុកឲ្យនៅសល់អ្វីឡើយ
ចូរប្រព្រឹត្តតាមពាក្យទាំងប៉ុន្មានដែលយើង
បានបង្គាប់ដល់អ្នក»
- នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
22នៅក្នុងស្រុក មានឮសូរសំឡេងសឹកសង្គ្រាម
និងមហន្តរាយ។
23បាប៊ីឡូនដែលប្រៀបដូចជាញញួរដំកំទេច
ផែនដីទាំងមូល
បែរជាបាក់បែកខ្ទេចខ្ទីអស់!
ម្ដេចក៏បាប៊ីឡូនក្លាយទៅជាទីស្មសាន
ក្នុងចំណោមប្រជាជាតិនានាដូច្នេះ!
24បាប៊ីឡូនអើយ យើងបានដាក់អន្ទាក់អ្នក
ហើយអ្នកក៏ជាប់អន្ទាក់នេះ ដោយមិនដឹងខ្លួន
ពេលគេឃើញអ្នក គេចាប់យកភ្លាម
ព្រោះអ្នកហ៊ានរករឿងអុលឡោះតាអាឡា។
25 អុលឡោះតាអាឡាបានបើកឃ្លាំងរបស់ទ្រង់
ហើយយកគ្រឿងសស្រ្ដាវុធ
នៃកំហឹងចេញមក
ដ្បិតអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល និងប្រើ
គ្រឿងសស្រ្ដាវុធទាំងនេះ នៅស្រុកខាល់ដេ។
26ចូរនាំគ្នាមកពីទីដាច់ស្រយាលនៃផែនដី
ដើម្បីវាយប្រហារបាប៊ីឡូន
ចូរបើកជង្រុករបស់ពួកគេ
ចូរកំទេចក្រុងនេះ ហើយបំផ្លាញទាំងអស់
កុំទុកឲ្យនៅសេសសល់អ្វីឡើយ។
27ចូរសម្លាប់មេទ័ពទាំងអស់នៅស្រុកនោះ
ដូចគោដែលគេសម្លាប់នៅទីសត្តឃាត!
ពួកគេមុខជាវេទនាពុំខាន
ដ្បិតថ្ងៃដែលពួកគេទទួលទារុណកម្ម
មកដល់ហើយ។
28ប្រជាជនដែលរត់ភៀសខ្លួនចេញពីក្រុង
បាប៊ីឡូន ប្រកាសឲ្យអ្នកក្រុងស៊ីយ៉ូនដឹងថា
អុលឡោះតាអាឡា ជាម្ចាស់នៃយើង ទ្រង់សងសឹកហើយ
គឺទ្រង់សងសឹកពួកបាប៊ីឡូន
ព្រោះគេបានកំទេចម៉ាស្ជិទរបស់ទ្រង់!
29ចូរកោះហៅអ្នកបាញ់ព្រួញ គឺអ្នកបាញ់ព្រួញ
ដ៏ពូកែទាំងប៉ុន្មាន មកវាយលុកបាប៊ីឡូន
ចូរបោះទ័ពជុំវិញក្រុងនេះ
កុំឲ្យនរណាម្នាក់រត់រួចឡើយ។
ចូរសងពួកបាប៊ីឡូនវិញ តាមអំពើរបស់ពួកគេ
ពួកគេធ្លាប់ប្រព្រឹត្តយ៉ាងណា
ចូរប្រព្រឹត្តចំពោះពួកគេវិញយ៉ាងនោះដែរ
ដ្បិតពួកគេវាយឫកព្រហើនដាក់អុលឡោះតាអាឡា
ជាម្ចាស់ដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រអែល។
30«ហេតុនេះហើយបានជានៅថ្ងៃនោះ
យុវជនរបស់ពួកគេដួលស្លាប់នៅតាមផ្លូវ
រីឯទាហានទាំងអស់ក៏បាត់បង់ជីវិតដែរ
- នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
31ក្រុងបាប៊ីឡូនដ៏ព្រហើនអើយ
យើងនឹងដាក់ទោសអ្នក
ថ្ងៃដែលអ្នកទទួលទារុណកម្មមកដល់ហើយ
- នេះជាបន្ទូលរបស់អុលឡោះតាអាឡា
ជាម្ចាស់នៃពិភពទាំងមូល។
32ក្រុងដ៏ព្រហើននេះ ត្រូវជំពប់ដួល
គ្មាននរណាជួយលើកវាឡើងវិញទេ
យើងដុតកំទេចក្រុងនានានៅស្រុកបាប៊ីឡូន
ហើយភ្លើងនឹងឆាបឆេះគ្រប់ទិសទី»។
33 អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា៖
«ប្រជាជនអ៊ីស្រអែល និងប្រជាជនយូដា
ត្រូវបាប៊ីឡូនសង្កត់សង្កិនរួមជាមួយគ្នា
អស់អ្នកដែលបានកៀរពួកគេទៅជាឈ្លើយ
នៅតែឃុំពួកគេទុកដដែល
មិនព្រមលែងពួកគេឡើយ»។
34ប៉ុន្តែ ម្ចាស់ដែលលោះពួកគេ
ទ្រង់ប្រកបដោយអំណាច
ទ្រង់មាននាមថា
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។
ទ្រង់ពិតជារកយុត្តិធម៌ឲ្យពួកគេ
ហើយនាំសេចក្ដីសុខមកលើទឹកដី និងធ្វើឲ្យ
អ្នកស្រុកបាប៊ីឡូនកើតចលាចល។
35 អុលឡោះតាអាឡាមានបន្ទូលថា៖
«ចូរយកដាវទៅប្រហារជនជាតិខាល់ដេ
អ្នកក្រុងបាប៊ីឡូន
ព្រមទាំងមន្ត្រី និងអ្នកប្រាជ្ញរបស់ពួកគេ។
36ចូរយកដាវទៅប្រហារគ្រូហោររបស់ពួកគេ!
អ្នកទាំងនោះជាមនុស្សវិកលចរិត!
ចូរយកដាវទៅប្រហារទាហានដ៏
ខ្លាំងពូកែរបស់ពួកគេ
អ្នកទាំងនោះត្រូវរលំហើយ!
37ចូរយកដាវទៅប្រហារសេះ
និងរទេះចំបាំងរបស់ពួកគេ
ហើយប្រហារជនបរទេសដែលមកជួយច្បាំង
រួមជាមួយពួកគេដែរ!
អ្នកទាំងនោះទន់ខ្សោយដូចមនុស្សស្រី!
ចូរយកដាវបំផ្លាញទ្រព្យសម្បត្តិរបស់ពួកគេ
ហើយរឹបអូសយកទាំងអស់ទៅ!
38ចូរយកដាវទៅវាយទឹកទន្លេរបស់ពួកគេ
ឲ្យរីងស្ងួត!
ដ្បិតស្រុកនេះពោរពេញដោយរូបបដិមា
ពួកគេវង្វេងវង្វាន់ទៅតាមរូបទីងមោង
ដ៏គំរក់របស់ខ្លួន។
39ហេតុនេះហើយបានជាសត្វព្រៃ និងសត្វសាហាវ
នាំគ្នាមកស្នាក់អាស្រ័យនៅក្នុងក្រុងនេះ
សត្វត្មាតក៏មកធ្វើសំបុករស់នៅដែរ
គ្មានមនុស្សរស់នៅ
អស់កល្បជាអង្វែងតរៀងទៅ។
40ក្រុងនេះប្រៀបបាននឹងក្រុងសូដុម និងកូម៉ូរ៉ា
ព្រមទាំងក្រុងឯទៀតៗ
ដែលអុលឡោះបានបំផ្លាញ
គឺគ្មាននរណាមករស់នៅទៀតឡើយ
ហើយក៏គ្មានមនុស្សណាមកតាំងទីលំនៅ
ទៀតដែរ»។
- នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
41មើល៍! មានកងទ័ពមកពីទិសខាងជើង
ប្រជាជាតិមួយ និងស្ដេចដ៏ខ្លាំងពូកែទាំងឡាយ
ចេញដំណើរពីទីដាច់ស្រយាលនៃផែនដី
42ពួកគេលើកធ្នូ លើកលំពែងឡើង
ពួកគេសាហាវណាស់ ឥតមានចិត្តមេត្តាទេ
សន្ធឹកទ័ពរបស់ពួកគេលាន់ឮដូចសន្ធឹកសមុទ្រ
ពួកគេជិះសេះមក
ហើយតំរៀបគ្នាជាក្បួនទ័ព
ដើម្បីវាយលុកក្រុងបាប៊ីឡូន!
43ស្ដេចស្រុកបាប៊ីឡូនបានឮដំណឹងនេះ
ក៏ទន់ដៃទន់ជើង អន្ទះសា
និងឈឺចាប់ដូចស្ត្រីហៀបនឹងសំរាលកូន។
44សត្វសិង្ហលោតចេញពីមាត់ទន្លេយ័រដាន់
ចូលទៅក្នុងគុម្ពោតព្រៃរហ័សយ៉ាងណា
យើងក៏នឹងធ្វើឲ្យអ្នកស្រុកបាប៊ីឡូន
រត់ចេញទៅរហ័សយ៉ាងនោះដែរ។
យើងនឹងតែងតាំងអ្នកគ្រប់គ្រងដែលយើងបាន
ជ្រើសរើសឲ្យគ្រប់គ្រងលើស្រុកនេះ។
តើមាននរណាអាចផ្ទឹមស្មើនឹងយើង?
តើនរណាហ៊ានប្ដឹងយើង?
តើអ្នកដឹកនាំណាអាចប្រឆាំងនឹងយើង?
45ហេតុនេះ ចូរនាំគ្នាស្ដាប់អំពីការដែលអុលឡោះតាអាឡា
សម្រេចធ្វើ ចំពោះបាប៊ីឡូន
និងគម្រោងការដែលទ្រង់គ្រោងទុក
ដើម្បីដាក់ទោសអ្នកស្រុកខាល់ដេ!
សត្រូវពិតជានាំអ្នកស្រុកនេះចេញទៅ
ដូចកូនចៀមដែលគេកៀរយកទៅ
ព្រមទាំងបំផ្លាញស្រុកភូមិរបស់ពួកគេ
ឲ្យហិនហោចទៀតផង។
46ពេលក្រុងបាប៊ីឡូនរលំ ផែនដីក៏កក្រើក
មានសំរែកលាន់ឮឡើងក្នុងចំណោម
ប្រជាជាតិទាំងឡាយ។
Currently Selected:
ណាពីយេរេមា 50: អគត
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2014 United Bible Societies, UK.