ណាពីយេរេមា 40
40
ណាពីយេរេមាមានសេរីភាព
1 អុលឡោះតាអាឡាមានបន្ទូលមកកាន់យេរេមា ក្រោយពេលដែលលោកនេប៊ូសារ៉ាដាន ជារាជប្រតិភូ ឲ្យលោកចាកចេញពីភូមិរ៉ាម៉ា។ កាលលោកនេប៊ូសារ៉ាដានឲ្យគេទៅនាំយេរេមាមកនោះ គាត់ជាប់ច្រវាក់ជាមួយអ្នកក្រុងយេរូសាឡឹម និងអ្នកស្រុកយូដាទាំងអស់ ដែលត្រូវគេនាំទៅជាឈ្លើយនៅស្រុកបាប៊ីឡូន។
2លោករាជប្រតិភូបានឲ្យគេទៅនាំយេរេមាមក ហើយគាត់ពោលទៅយេរេមាថា៖ «អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក បានសម្រេចនាំមហន្តរាយមកលើទឹកដីនេះ។ 3អុលឡោះតាអាឡាបានធ្វើឲ្យមហន្តរាយកើតមាន ស្របតាមបន្ទូលដែលទ្រង់បានប្រកាសមែន ព្រោះអ្នករាល់គ្នាបានប្រព្រឹត្តអំពើបាបទាស់នឹងបំណងរបស់អុលឡោះតាអាឡា អ្នករាល់គ្នាពុំបានស្ដាប់តាមបន្ទូលរបស់ទ្រង់ទេ។ អ្វីៗដែលទ្រង់បានប្រកាសទុក សុទ្ធតែសម្រេចទាំងអស់។ 4ប៉ុន្តែ ឥឡូវនេះ ខ្ញុំដោះលែងអ្នកឲ្យរួចពីច្រវាក់ ដែលជាប់នៅដៃអ្នក។ ប្រសិនបើអ្នកចង់ទៅស្រុកបាប៊ីឡូនជាមួយខ្ញុំ សុំអញ្ជើញមក ខ្ញុំនឹងជួយទំនុកបម្រុងអ្នក តែបើអ្នកមិនចង់ទៅស្រុកបាប៊ីឡូនជាមួយ ខ្ញុំទេ ក៏មិនអីដែរ។ មើល៍! ស្រុកទាំងអស់ស្ថិតនៅចំពោះមុខអ្នកហើយ សុំអញ្ជើញទៅកន្លែងណាក៏បាន តាមតែអ្នកពេញចិត្ត»។ 5ពេលឃើញយេរេមានៅស្ងៀមមិនទាន់ឆ្លើយ លោកនេប៊ូសារ៉ាដានក៏ពោលទៀតថា៖ «សុំអ្នកវិលទៅជួបនឹងលោកកេដាលា ជាកូនរបស់លោកអហ៊ីកាម និងជាចៅរបស់លោកសាផាន ដែលស្តេចក្រុងបាប៊ីឡូនបានតែងតាំងឲ្យគ្រប់គ្រងស្រុកយូដានោះ ហើយស្នាក់នៅជាមួយគាត់ ក្នុងចំណោមប្រជាជនទៅ ឬមួយអ្នកចង់ទៅកន្លែងណាផ្សេងទៀត តាមចិត្តអ្នកប្រាថ្នា»។ លោករាជប្រតិភូបានប្រគល់ស្បៀង និងអំណោយខ្លះទៀត ឲ្យគាត់ ហើយប្រាប់ឲ្យគាត់ចេញទៅ។ 6យេរេមាក៏ទៅជួបលោកកេដាលា ជាកូនរបស់លោកអហ៊ីកាម នៅក្រុងមីសប៉ា រួចស្នាក់នៅជាមួយគាត់ ក្នុងចំណោមប្រជាជនដែលរស់នៅក្នុងស្រុកនៅឡើយ។
លោកកេដាលាគ្រប់គ្រងស្រុកយូដា
7កាលមេទាហានទាំងអស់ដែលនៅតាមព្រៃ និងពលទាហានរបស់ពួកគេឮដំណឹងថា ស្ដេចស្រុកបាប៊ីឡូនបានតែងតាំងលោកកេដាលា ជាកូនរបស់លោកអហ៊ីកាមឲ្យគ្រប់គ្រងស្រុក ហើយផ្ទុកផ្ដាក់គាត់ឲ្យមើលខុសត្រូវលើប្រជាជនប្រុសស្រី ក្មេង និងជនក្រីក្រ នៅក្នុងស្រុក ដែលគេមិនបានកៀរយកទៅជាឈ្លើយនៅបាប៊ីឡូន។ 8ពួកគេក៏នាំគ្នាមកជួបនឹងលោកកេដាលានៅមីសប៉ា។ អ្នកទាំងនោះ គឺលោកអ៊ីស្មាអែលជាកូនរបស់លោកនេថានា លោកយ៉ូហាណាន និងលោកយ៉ូណាថានជាកូនរបស់លោកការ៉ា លោកសេរ៉ាយ៉ាជាកូនរបស់លោកថានហ៊ូមែត កូនៗរបស់លោកអេផាយ អ្នកស្រុកនថូផា និងលោកយេសានាជាកូនរបស់ពួកម៉ាកាទី ព្រមទាំងទាហានរបស់ពួកគេ។ 9លោកកេដាលា ជាកូនរបស់លោកអហ៊ីកាម និងជាចៅរបស់លោកសាផាន ប្រកាសយ៉ាងឱឡារិកចំពោះមេទាហាន និងពលទាហានទាំងនោះថា៖ «កុំខ្លាចក្រែងនឹងបម្រើជនជាតិខាល់ដេឡើយ ចូររស់នៅក្នុងស្រុក ហើយបម្រើស្តេចក្រុងបាប៊ីឡូនទៅ នោះអស់លោកនឹងបានសុខជាមិនខាន។ 10ចំណែកឯខ្ញុំ ខ្ញុំនៅមីសប៉ានេះ ដើម្បីជាតំណាងរបស់អស់លោកនៅចំពោះមុខពួកខាល់ដេ ដែលមកស្រុកយើង។ អស់លោកត្រូវបេះផ្លែទំពាំងបាយជូរ និងផ្លែឈើឯទៀតៗ ព្រមទាំងផលិតប្រេងទុកក្នុងដប ហើយនាំគ្នាស្នាក់នៅក្នុងក្រុង ដែលអស់លោកកាន់កាប់ពីមុននោះទៅ»។
11រីឯជនជាតិយូដាទាំងអស់ដែលរស់នៅក្នុងស្រុកម៉ូអាប់ ស្រុកអាំម៉ូន ស្រុកអេដុម និងស្រុកឯទៀតៗ ក៏ឮដំណឹងថា ស្ដេចស្រុកបាប៊ីឡូនទុកប្រជាជនមួយចំនួនដែលនៅសេសសល់ ឲ្យរស់ក្នុងស្រុកយូដា ហើយតែងតាំងលោកកេដាលា ជាកូនរបស់លោកអហ៊ីកាម និងជាចៅរបស់លោកសាផាន ឲ្យគ្រប់គ្រងលើអ្នកទាំងនោះដែរ។ 12ដូច្នេះ ជនជាតិយូដាទាំងអស់នាំគ្នាវិលពីគ្រប់ទីកន្លែង ដែលពួកគេខ្ចាត់ខ្ចាយទៅ ហើយត្រឡប់មករកលោកកេដាលា នៅមីសប៉ា ក្នុងស្រុកយូដាវិញ។ ពួកគេបេះផ្លែទំពាំងបាយជូរ និងផ្លែឈើឯទៀតៗបានយ៉ាងច្រើន។
លោកកេដាលាត្រូវគេធ្វើឃាត
13លោកយ៉ូហាណាន ជាកូនរបស់លោកការ៉ា និងមេទាហានទាំងអស់នៅតាមព្រៃ នាំគ្នាមកជួបលោកកេដាលានៅមីសប៉ា 14ជម្រាបថា៖ «តើលោកជ្រាបឬទេ បាលីស ជាស្ដេចរបស់ជនជាតិអាំម៉ូន ចាត់លោកអ៊ីស្មាអែលជាកូនរបស់លោកនេថានា ឲ្យមកសម្លាប់លោក?»។ ប៉ុន្តែ លោកកេដាលា ជាកូនរបស់លោកអហ៊ីកាម មិនជឿពាក្យអ្នកទាំងនោះទេ។ 15លោកយ៉ូហាណាន ជាកូនរបស់លោកការ៉ា ជម្រាបលោកកេដាលាជាសម្ងាត់ នៅមីសប៉ាថា៖ «សូមអនុញ្ញាតឲ្យខ្ញុំទៅសម្លាប់អ៊ីស្មាអែល ជាកូនរបស់លោកនេថានាចុះ គ្មាននរណាដឹងទេ។ មិនត្រូវទុកឲ្យគាត់ប្រហារជីវិតលោក ហើយឲ្យជនជាតិយូដាដែលប្រមូលគ្នានៅជុំវិញលោក ត្រូវខ្ចាត់ខ្ចាយ និងឲ្យជនជាតិយូដាដែលនៅសេសសល់ ត្រូវវិនាសអន្តរាយនោះឡើយ»។
16លោកកេដាលា ជាកូនរបស់លោកអហ៊ីកាម តបទៅលោកយ៉ូហាណានជាកូនរបស់លោកការ៉ាវិញថា៖ «កុំធ្វើដូច្នោះឲ្យសោះ ដ្បិតសេចក្ដីដែលអ្នកពោលអំពីលោកអ៊ីស្មាអែលនោះ មិនពិតទេ!»។
Currently Selected:
ណាពីយេរេមា 40: អគត
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2014 United Bible Societies, UK.