ណាពីយេរេមា 41
41
1នៅខែទីប្រាំពីរ លោកអ៊ីស្មាអែល ជាកូនរបស់លោកនេថានា ជាចៅរបស់លោកអេលីសាម៉ា ដែលជាប់ពូជស្ដេច ហើយធ្លាប់កាន់មុខតំណែងនៅក្នុងវាំង បានមកជួបលោកកេដាលា ជាកូនរបស់លោកអហ៊ីកាម នៅមីសប៉ា ដោយនាំទាហានដប់នាក់មកជាមួយផង។ ពេលកំពុងតែបរិភោគជាមួយគ្នា 2លោកអ៊ីស្មាអែល ជាកូនរបស់លោកនេថានា ក្រោកឡើងជាមួយទាហានរបស់គាត់ទាំងដប់នាក់ ហើយយកដាវចាក់សម្លាប់លោកកេដាលា ជាកូនរបស់លោកអហ៊ីកាម ដែលស្ដេចស្រុកបាប៊ីឡូនបានតែងតាំងឲ្យគ្រប់គ្រងស្រុក។ 3លោកអ៊ីស្មាអែលក៏បានសម្លាប់ជនជាតិយូដាទាំងអស់ ព្រមទាំងទាហានជាតិខាល់ដេដែលនៅជាមួយលោកកេដាលា នៅមីសប៉ាដែរ។
4ពេលនោះ គ្មាននរណាដឹងអំពីការធ្វើឃាតលោកកេដាលាទេ។ នៅថ្ងៃបន្ទាប់ 5មានប្រជាជនប៉ែតសិបនាក់ធ្វើដំណើរពីភូមិស៊ីគែម ពីស៊ីឡូ និងពីក្រុងសាម៉ារី មកដល់ទាំងកោរពុកចង្កា និងស្លៀកសម្លៀកបំពាក់រហែក ហើយឆូតសាច់ខ្លួនឯងផង។ ពួកគេកាន់ជំនូន និងគ្រឿងក្រអូប ដើម្បីយកទៅជូននៅក្នុងទីសក្ការៈរបស់អុលឡោះតាអាឡា។ 6លោកអ៊ីស្មាអែល ជាកូនរបស់លោកនេថានា ចេញពីមីសប៉ា ដើរទៅរកពួកគេទាំងយំផង។ ពេលជួបពួកគេហើយគាត់ពោលថា៖ «សូមអញ្ជើញទៅផ្ទះលោកកេដាលា ជាកូនរបស់លោកអហ៊ីកាមសិន»។ 7ពេលទៅដល់កណ្ដាលទីក្រុង លោកអ៊ីស្មាអែល ជាកូនរបស់លោកនេថានា បានសម្លាប់ពួកគេ រួចបោះសាកសពទៅក្នុងអណ្ដូង ដោយមានអស់អ្នកដែលនៅជាមួយគាត់ជួយផង។ 8ប៉ុន្តែ ក្នុងចំណោមពួកគេ មានដប់នាក់ពោលទៅកាន់លោកអ៊ីស្មាអែលថា៖ «សូមកុំសម្លាប់យើងខ្ញុំអី យើងខ្ញុំមានស្បៀងអាហារលាក់ទុកនៅក្នុងចម្ការ គឺមានស្រូវ មានអង្ករ ប្រេង និងទឹកឃ្មុំ»។ លោកអ៊ីស្មាអែលក៏ទុកជីវិតឲ្យអ្នកទាំងដប់នោះ។ 9រីឯអណ្ដូងដែលលោកអ៊ីស្មាអែលបោះសាកសពអ្នកដែលគាត់បានសម្លាប់ ជាអណ្ដូងដែលស្តេចអេសា ជាស្ដេចស្រុកយូដាបានជីក នៅគ្រាធ្វើសឹកជាមួយស្តេចបាសា ជាស្ដេចស្រុកអ៊ីស្រអែល។ លោកអ៊ីស្មាអែលបោះសាកសពពេញក្នុងអណ្ដូងនោះ។ 10លោកអ៊ីស្មាអែលចាប់ប្រជាជនដែលនៅសេសសល់នៅមីសប៉ា ព្រមទាំងពួកបុត្រីរបស់ស្ដេច និងអស់អ្នកដែលរស់នៅមីសប៉ា គឺអស់អ្នកដែលលោកនេប៊ូសារ៉ាដាន ជារាជប្រតិភូ ផ្ទុកផ្ដាក់ទៅឲ្យលោកកេដាលា ជាកូនរបស់លោកអហ៊ីកាម មើលខុសត្រូវ នាំទៅជាឈ្លើយ។ លោកអ៊ីស្មាអែលចាប់អ្នកទាំងនោះជាឈ្លើយនាំទៅស្រុកអាំម៉ូន។
11កាលលោកយ៉ូហាណាន ជាកូនរបស់លោកការ៉ា និងមេទាហានទាំងអស់ដែលនៅជាមួយ ដឹងពីអំពើអាក្រក់ទាំងប៉ុន្មានដែលលោកអ៊ីស្មាអែល ជាកូនរបស់លោកនេថានាបានប្រព្រឹត្ត 12ពួកគេក៏នាំទាហានទាំងអស់ដែលនៅជាមួយ ចេញទៅតាមវាយលោកអ៊ីស្មាអែល ជាកូនរបស់លោកនេថានា ពួកគេតាមគាត់ទាន់នៅបឹងគីបៀន។ 13ប្រជាជនដែលលោកអ៊ីស្មាអែលចាប់នាំមកជាមួយ ឃើញលោកយ៉ូហាណាន ជាកូនរបស់លោកការ៉ា និងមេទាហានទាំងអស់ដែលនៅជាមួយលោក គេត្រេកអរយ៉ាងខ្លាំង។ 14ពេលនោះ ប្រជាជន ដែលលោកអ៊ីស្មាអែលចាប់ទៅជាឈ្លើយ នាំគ្នាបកក្រោយ ចូលដៃជាមួយលោកយ៉ូហាណាន ជាកូនរបស់លោកការ៉ា។ 15រីឯលោកអ៊ីស្មាអែល ជាកូនរបស់លោកនេថានា និងបក្សពួករបស់គាត់ប្រាំបីនាក់ បានគេចខ្លួនរួច ហើយរត់ទៅដល់ស្រុកអាំម៉ូន។ 16លោកយ៉ូហាណាន ជាកូនរបស់លោកការ៉ា ព្រមទាំងពួកមេទាហាននៅជាមួយបាននាំប្រជាជន ដែលគាត់រំដោះពីលោកអ៊ីស្មាអែលនៅគីបៀនមកវិញ គឺទាំងទាហាន ទាំងស្ត្រី ទាំងក្មេងៗ ទាំងមហាតលិកដែលនៅសេសសល់ ហើយត្រូវលោកអ៊ីស្មាអែលចាប់ពីមីសប៉ា ក្រោយបានសម្លាប់លោកកេដាលា ជាកូនរបស់លោកអហ៊ីកាម។ 17ពួកគេនាំគ្នាចេញដំណើរ ហើយឈប់នៅផ្ទះសំណាក់គីមហាំ ជិតភូមិបេថ្លេហិម បម្រុងនឹងបន្តដំណើរទៅស្រុកអេស៊ីប 18ដើម្បីគេចពីពួកខាល់ដេ ព្រោះពួកគេនឹកខ្លាច ដោយលោកអ៊ីស្មាអែល ជាកូនរបស់លោកនេថានា បានសម្លាប់លោកកេដាលា ជាកូនរបស់លោកអហ៊ីកាម ដែលស្ដេចស្រុកបាប៊ីឡូនតែងតាំងឲ្យគ្រប់គ្រងស្រុក។
Currently Selected:
ណាពីយេរេមា 41: អគត
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2014 United Bible Societies, UK.