YouVersion Logo
Search Icon

ណាពី​យេរេមា 42

42
ណាពី​យេរេមា​ជំទាស់​នឹង​ជន‌ជាតិ​យូដា​ដែល​ចង់​ភៀស​ខ្លួន​ទៅ​ស្រុក​អេស៊ីប
1ពួក​មេ‌ទ័ព​ទាំង​អស់ លោក​យ៉ូហាណាន​ជា​កូន​របស់​លោក​ការ៉ា លោក​យេសា‌នា​ជា​កូន​របស់​លោក​ហូសា‌យ៉ា និង​ប្រជា‌ជន​ទាំង​មូល ចាប់​ពី​អ្នក​តូច​រហូត​ដល់​អ្នក​ធំ នាំ​គ្នា​ទៅ​ជួប​ណាពី​យេរេមា 2ពោល​ថា៖ «សូម​អាណិត​មេត្តា​យើង​ខ្ញុំ ហើយ​ទូរអា‌អង្វរអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក សូម​ទ្រង់​ប្រណី​សន្ដោស​ដល់​យើង​ខ្ញុំ ដែល​នៅ​សេស‌សល់​ផង! ពី​មុន យើង​មាន​គ្នា​ច្រើន តែ​ឥឡូវ​នេះ យើង​នៅ​សល់​តែ​បន្តិច‌បន្តួច ដូច​អ្នក​ឃើញ​ស្រាប់​ហើយ។ 3សូមអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក បង្ហាញ​ឲ្យ​យើង​ខ្ញុំ​ស្គាល់​ផ្លូវ​ដែល​យើង​ខ្ញុំ​ត្រូវ​ដើរ និង​អំពើ​ដែល​យើង​ខ្ញុំ​ត្រូវ​ប្រព្រឹត្ត»។ 4ណាពី​យេរេមា​តប​ទៅ​ពួក​គេ​វិញ​ថា៖ «ខ្ញុំ​យល់​ព្រម​ហើយ ខ្ញុំ​នឹង​ទូរអា‌អង្វរអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា តាម​សំណូម​ពរ​របស់​អ្នក​រាល់​គ្នា រួច​ហើយ ខ្ញុំ​នឹង​ជម្រាប​ឲ្យ​អ្នក​រាល់​គ្នា​ដឹង នូវ​បន្ទូល​ទាំង​ប៉ុន្មាន ដែលអុលឡោះ‌តាអាឡា​ឆ្លើយ​មក​អ្នក​រាល់​គ្នា​វិញ ឥត​លាក់‌លៀម​ត្រង់​ណា​ឡើយ»។ 5ពួក​គេ​ពោល​មក​កាន់​យេរេមា​ថា៖ «សូមអុលឡោះ‌តាអាឡា​ធ្វើ​ជា​សាក្សី​ដ៏​ពិត​ប្រាកដ និង​ដោយ​ស្មោះ​ត្រង់! ប្រសិន​បើ​យើង​ខ្ញុំ​មិន​ធ្វើ​តាម​បន្ទូល​ទាំង​ប៉ុន្មាន​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក បង្គាប់​មក​យើង​ខ្ញុំ​តាម​រយៈ​អ្នក​ទេ​នោះ សូម​ទ្រង់​ដាក់​ទោស​យើង​ខ្ញុំ​ចុះ! 6យើង​ខ្ញុំ​បាន​សូម​ឲ្យ​អ្នក​ទូរអា‌អង្វរអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​យើង។ យើង​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​តាម​បន្ទូល​របស់​ទ្រង់ ទោះ​បី​យើង​ខ្ញុំ​ពេញ​ចិត្ត ឬ​មិន​ពេញ​ចិត្ត​ក្ដី។ ដូច្នេះ យើង​ខ្ញុំ​នឹង​មាន​សេចក្ដី​សុខ ដោយ​ធ្វើ​តាម​បន្ទូល​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង​ខ្ញុំ»។
7ដប់​ថ្ងៃ​កន្លង​មក អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​យេរេមា 8ហើយ​គាត់​ក៏​ហៅ​លោក​យ៉ូហាណាន និង​ពួក​មេ‌ទ័ព​ទាំង​អស់​ដែល​នៅ​ជា​មួយ​គាត់ ព្រម​ទាំង​ប្រជា‌ជន​ទាំង​អស់ តាំង​ពី​អ្នក​តូច​រហូត​ដល់​អ្នក​ធំ។ 9គាត់​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «អ្នក​រាល់​គ្នា​បាន​ចាត់​ខ្ញុំ​ឲ្យ​ទូរអា‌អង្វរអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ទ្រង់​មាន​បន្ទូល​ដូច​ត​ទៅ:
10ប្រសិន​បើ​អ្នក​រាល់​គ្នា​រស់​នៅ​ក្នុង​ស្រុក​នេះ
ត​ទៅ​ទៀត
យើង​នឹង​បណ្ដុះ​បណ្ដាល​អ្នក​រាល់​គ្នា
គឺ​យើង​មិន​បំផ្លាញ​អ្នក​រាល់​គ្នា​ទេ។
យើង​នឹង​ដាំ​អ្នក​រាល់​គ្នា
គឺ​យើង​មិន​ដក​អ្នក​រាល់​គ្នា​ទៀត​ឡើយ។
យើង​នឹង​នឹក​ស្ដាយ
ដោយ​បាន​ដាក់​ទោស​អ្នក​រាល់​គ្នា។
11កុំ​ខ្លាច​ស្ដេច​ស្រុក​បាប៊ី‌ឡូន
ដូច​អ្នក​រាល់​គ្នា​កំពុង​តែ​ខ្លាច​នេះ​ធ្វើ​អ្វី
កុំ​ខ្លាច​ឲ្យ​សោះ
-នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា-
ដ្បិត​យើង​ស្ថិត​នៅ​ជា​មួយ​អ្នក​រាល់​គ្នា
ដើម្បី​សង្គ្រោះ និង​រំដោះ​អ្នក​រាល់​គ្នា
ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​នោះ។
12យើង​នឹង​ធ្វើ​ឲ្យ​ស្ដេច​ស្រុក​បាប៊ី‌ឡូន
អាណិត​មេត្តា​ដល់​អ្នក​រាល់​គ្នា
ហើយ​ស្ដេច​នោះ​ក៏​អាណិត​មេត្តា​អ្នក​រាល់​គ្នា
ព្រម​ទាំង​ឲ្យ​អ្នក​រាល់​គ្នា​វិល​មក
រស់​នៅ​លើ​ទឹក​ដី​របស់​អ្នក​រាល់​គ្នា​វិញ។
13ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​រាល់​គ្នា​ពោល​ថា “យើង​ខ្ញុំ​មិន​ចង់​រស់​នៅ​ក្នុង​ស្រុក​នេះ​ទេ!” គឺ​អ្នក​រាល់​គ្នា​មិន​ព្រម​ស្ដាប់​បន្ទូល​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា 14ហើយ​ប្រសិន​បើ​អ្នក​រាល់​គ្នា​ពោល​ថា “យើង​ខ្ញុំ​នឹង​ទៅ​រស់​នៅ​ក្នុង​ស្រុក​អេស៊ីប ដើម្បី​កុំ​ឲ្យ​ឃើញ​សង្គ្រាម កុំ​ឲ្យ​ឮ​សំឡេង​ត្រែ កុំ​ឲ្យ​ខ្វះ​អាហារ​បរិភោគ!” 15ជន‌ជាតិ​យូដា​ដែល​នៅ​សេស‌សល់​អើយ បើ​អ្នក​រាល់​គ្នា​គិត​ដូច្នោះ​មែន ចូរ​ស្ដាប់​បន្ទូល​របស់អុលឡោះ‌តាអាឡា! អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ដែល​ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​មាន​បន្ទូល​ថា:
ប្រសិន​បើ​អ្នក​រាល់​គ្នា​សម្រេច​ចិត្ត
ភៀស​ខ្លួន​ទៅ​រស់​នៅ​ស្រុក​អេស៊ីប​មែន​នោះ
16មុខ​ដាវ​ដែល​អ្នក​រាល់​គ្នា​ខ្លាច
នឹង​ទៅ​តាម​អ្នក​រាល់​គ្នា​នៅ​ស្រុក​អេស៊ីប
ទុរ្ភិក្ស​ដែល​អ្នក​រាល់​គ្នា​នឹក​បារម្ភ
នឹង​តាម​អ្នក​រាល់​គ្នា​ជាប់
រហូត​ដល់​ស្រុក​អេស៊ីប
ហើយ​អ្នក​រាល់​គ្នា​នឹង​ស្លាប់​នៅ​ទី​នោះ។
17អស់​អ្នក​ដែល​សម្រេច​ចិត្ត​ភៀស​ខ្លួន
ទៅ​រស់​នៅ​ស្រុក​អេស៊ីប
មុខ​ជា​ត្រូវ​ស្លាប់ ដោយ​មុខ​ដាវ
ដោយ​ទុរ្ភិក្ស និង​ដោយ​ជំងឺ​អាសន្ន‌រោគ
គឺ​គ្មាន​នរណា​ម្នាក់​រួច​ជីវិត
ឬ​គេច​ផុត​ពី​គ្រោះ​កាច​ដែល​យើង​នឹង
ធ្វើ​ឲ្យ​កើត​មាន​ដល់​ពួក​គេ​ឡើយ។
18 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​មាន​បន្ទូល​ថា: ប្រសិន​បើ​អ្នក​រាល់​គ្នា​ទៅ​ស្រុក​អេស៊ីប យើង​នឹង​ជះ​កំហឹង​ដ៏​ខ្លាំង‌ក្លា​របស់​យើង​ទៅ​លើ​អ្នក​រាល់​គ្នា ដូច​យើង​បាន​ជះ​ទៅ​លើ​អ្នក​ក្រុង​យេរូ‌សាឡឹម​ដែរ។ ប្រជា‌ជាតិ​ទាំង‌ឡាយ​យក​ឈ្មោះ​អ្នក​រាល់​គ្នា​ទៅ​ដាក់​បណ្ដាសា​ជេរ​ប្រមាថ និង​ចំអក‌ឡក‌ឡឺយ​ឲ្យ​គ្នា អ្នក​រាល់​គ្នា​ពុំ​បាន​ឃើញ​ទឹក​ដី​នេះ​វិញ​ឡើយ។ 19ជន‌ជាតិ​យូដា​ដែល​នៅ​សេស‌សល់​អើយ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​អ្នក​រាល់​គ្នា​ថា កុំ​ទៅ​ស្រុក​អេស៊ីប​ឡើយ! ចូរ​ដឹង​ឲ្យ​ច្បាស់​ថា ថ្ងៃ​នេះ ខ្ញុំ​និយាយ​យ៉ាង​ដាច់‌អហង្ការ​ជា​មួយ​អ្នក​រាល់​គ្នា។ 20អ្នក​រាល់​គ្នា​ប្រថុយ​ជីវិត ដោយ​ចាត់​ខ្ញុំ​ឲ្យ​ទូរអា‌អង្វរអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ទាំង​ពោល​ថា “សូម​ទូរអា‌អង្វរអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​ឲ្យ​យើង​ខ្ញុំ​ផង អ្វីៗ​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង​ខ្ញុំ មាន​បន្ទូល សូម​ប្រាប់​យើង​ខ្ញុំ​មក យើង​ខ្ញុំ​នឹង​ធ្វើ​តាម​ទាំង​អស់”។ 21ខ្ញុំ​ក៏​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​នៅ​ថ្ងៃ​នេះ តែ​អ្នក​រាល់​គ្នា​ពុំ​ព្រម​ស្ដាប់​បន្ទូល​របស់អុលឡោះ‌តាអាឡា ហើយ​ក៏​ពុំ​ស្ដាប់​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បង្គាប់​ឲ្យ​ខ្ញុំ​នាំ​មក​ប្រាប់​អ្នក​រាល់​គ្នា​ដែរ។ 22ឥឡូវ​នេះ ចូរ​ដឹង​ឲ្យ​ច្បាស់​ថា អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ ដោយ​ទុរ្ភិក្ស ឬ​ដោយ​ជំងឺ​អាសន្ន‌រោគ ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​ចង់​ទៅ​រស់​នៅ»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in