ណាពីអេសេគាល 40
40
និមិត្តហេតុស្ដីអំពីម៉ាស្ជិទ នៅអនាគតកាល
ណាពីអេសេគាលនិមិត្តឃើញក្រុងយេរូសាឡឹម
1នៅឆ្នាំទីម្ភៃប្រាំ ដែលគេកៀរយើងមកជាឈ្លើយ គឺដប់បួនឆ្នាំក្រោយពេលក្រុងយេរូសាឡឹមរលំ នៅថ្ងៃទីដប់ ក្នុងខែដើមឆ្នាំនោះ អុលឡោះតាអាឡាបានដាក់ដៃលើខ្ញុំ ហើយលើកខ្ញុំទៅ។ 2ខ្ញុំនិមិត្តឃើញហេតុដ៏អស្ចារ្យពីអុលឡោះ គឺទ្រង់នាំខ្ញុំទៅស្រុកអ៊ីស្រអែល ហើយដាក់ខ្ញុំនៅលើភ្នំមួយយ៉ាងខ្ពស់។ ខ្ញុំមើលទៅខាងត្បូងឃើញមានហាក់ដូចជាអាគាររបស់ទីក្រុងមួយ។ 3ទ្រង់នាំខ្ញុំទៅទីនោះ ឃើញមនុស្សម្នាក់មានភាពដូចលង្ហិន ឈរនៅក្បែរខ្លោងទ្វារទាំងកាន់ខ្សែវេញពីធ្មៃ និងឈើរង្វាស់មួយ។ 4បុរសនោះពោលមកខ្ញុំថា៖ «កូនមនុស្សអើយ ចូរខំប្រឹងមើល ចូរប្រុងត្រចៀកស្ដាប់ ចូរយកចិត្តទុកដាក់ចំពោះហេតុការណ៍ដែលខ្ញុំបង្ហាញឲ្យអ្នកឃើញ ដ្បិតអុលឡោះតាអាឡានាំអ្នកមកទីនេះ ដើម្បីឲ្យអ្នកឃើញ។ បន្ទាប់មក ចូរយកហេតុការណ៍ទាំងអស់ដែលអ្នកឃើញ ទៅពន្យល់ប្រាប់កូនចៅអ៊ីស្រអែល»។
ទីលាន និងទ្វារខាងក្រៅ
5ខ្ញុំមើលទៅឃើញមានកំពែងព័ទ្ធជុំវិញដំណាក់។ បុរសនោះកាន់ឈើរង្វាស់ ដែលមានបណ្ដោយប្រាំមួយហត្ថ (ក្នុងមួយហត្ថៗមានប្រវែងលើសពីខ្នាតធម្មតាមួយទះ) ទៅវាស់កំពែងនោះឃើញមានបណ្ដោយមួយឈើរង្វាស់ និងទទឹងមួយឈើរង្វាស់។ 6បន្ទាប់មក បុរសនោះទៅខ្លោងទ្វារដែលបែរមុខទៅទិសខាងកើត ហើយឡើងតាមជណ្ដើរ។ គាត់វាស់ក្របខ្លោងទ្វារ ឃើញមានកំរាស់មួយឈើរង្វាស់។ 7បន្ទប់តូចៗមានបណ្ដោយមួយឈើរង្វាស់ ទទឹងមួយឈើរង្វាស់។ ពីបន្ទប់មួយទៅបន្ទប់មួយ មានចន្លោះប្រាំហត្ថ។ ក្របទ្វារដែលនៅក្បែរច្រកខ្លោងទ្វារខាងក្នុង ក៏មានកំរាស់មួយឈើរង្វាស់ដែរ។ 8គាត់វាស់បន្ទប់ល្វែង ដែលនៅជាប់នឹងខ្លោងទ្វារខាងក្នុងឃើញមានទទឹងមួយឈើរង្វាស់។ 9រីឯបណ្ដោយបន្ទប់ល្វែងនោះ គាត់វាស់ទៅឃើញមានប្រវែងប្រាំបីហត្ថ ហើយសសរនីមួយៗមានកំរាស់ពីរហត្ថ។ បន្ទប់ល្វែងនៃខ្លោងទ្វារនោះស្ថិតនៅខាងក្នុង។ 10ចំនួនបន្ទប់តូចៗនៅខ្លោងទ្វារខាងកើតមានម្ខាងបី និងមានទំហំដូចៗគ្នា រីឯសសរដែលនៅសងខាងក៏មានទំហំដូចគ្នាដែរ។ 11គាត់វាស់ទទឹងខ្លោងទ្វារ ឃើញមានប្រវែងដប់ហត្ថ ហើយបណ្ដោយមានដប់បីហត្ថ។ 12នៅពីមុខបន្ទប់តូចៗមានប្រឡោះមួយ ដែលជ្រុងនីមួយៗមានប្រវែងមួយហត្ថ។ រីឯជ្រុងនីមួយៗរបស់បន្ទប់តូចៗមានប្រវែងប្រាំមួយហត្ថ។ 13គាត់វាស់ចុងជញ្ជាំងម្ខាងនៃបន្ទប់ រហូតដល់ចុងជញ្ជាំងម្ខាងនៃបន្ទប់មួយទៀតដែលនៅទល់មុខគ្នា ឃើញមានប្រវែងម្ភៃប្រាំហត្ថ។ 14គាត់វាស់បន្ទប់ឃើញមានបណ្ដោយម្ភៃហត្ថ។ មានទីលាននៅជុំវិញបន្ទប់នោះ។ 15ពីខ្លោងទ្វារចូលរហូតដល់បន្ទប់លែងនៅជាប់នឹងខ្លោងទ្វារខាងក្នុង មានប្រវែងហាសិបហត្ថ។ 16នៅតាមបន្ទប់តូចៗមានបង្អួចព័ទ្ធជុំវិញ បង្អួចនោះធ្វើពីចម្រឹងដែក ហើយក៏មានសសរព័ទ្ធជុំវិញដែរ។ នៅតាមបន្ទប់ល្វែងខាងក្នុង ក៏មានបង្អួចធ្វើពីចម្រឹងដែកព័ទ្ធជុំវិញដែរ។ នៅលើជញ្ជាំងមានឆ្លាក់ក្បាច់ដើមចាកជាលំអផង។
17គាត់បាននាំខ្ញុំទៅទីលានខាងក្រៅ ដែលមានក្រាលថ្មនៅជុំវិញទីលាននោះ មានបន្ទប់សាមសិប។ 18កំរាលថ្មស្ថិតនៅជាប់ខ្លោងទ្វារ ហើយមានបណ្ដោយស្មើនឹងបណ្ដោយរបស់ខ្លោងទ្វារ។ កំរាលថ្មនោះជាកំរាលថ្មខាងក្រោម។ 19គាត់វាស់ពីមុខខ្លោងទ្វារខាងក្រោមរហូតដល់ទីលានខាងក្នុង គឺពីទិសខាងកើត រហូតដល់ទិសខាងជើង មានប្រវែងមួយរយហត្ថ។
20គាត់វាស់បណ្ដោយ និងទទឹងរបស់ខ្លោងទ្វារដែលបែរមុខទៅរកទីលានខាងក្រៅ គឺនៅខាងជើងទីលាន។ 21ខ្លោងទ្វារនោះមានបន្ទប់តូចៗម្ខាងបីៗ រីឯជញ្ជាំង និងបន្ទប់ល្វែង ក៏មានទំហំដូចខ្លោងទ្វារទីមួយដែរ គឺបណ្ដោយហាសិបហត្ថ និងទទឹងម្ភៃប្រាំហត្ថ។ 22រីឯបង្អួច បន្ទប់ល្វែង និងក្បាច់ដើមចាក មានទំហំដូចខ្លោងទ្វារដែលបែរមុខទៅទិសខាងកើតដែរ។ ជណ្ដើរដែលឡើងទៅខ្លោងទ្វារមានប្រាំពីរកាំ ហើយបន្ទប់ល្វែងស្ថិតនៅពីមុខកាំជណ្ដើរនោះ។ 23នៅទីលានខាងក្នុងមានខ្លោងទ្វារមួយទៀត ដែលនៅទល់មុខខ្លោងទ្វារខាងជើង និងខ្លោងទ្វារខាងកើត។ គាត់វាស់ពីខ្លោងទ្វារមួយទៅខ្លោងទ្វារមួយទៀត ឃើញមានប្រវែងមួយរយហត្ថ។
24បន្ទាប់មក គាត់នាំខ្ញុំទៅទិសខាងត្បូង ដែលមានខ្លោងទ្វារមួយបែរទៅខាងត្បូង គាត់វាស់ជញ្ជាំង និងបន្ទប់ល្វែង ឃើញមានទំហំដូចគ្នា។ 25នៅជុំវិញខ្លោងទ្វារនេះ ព្រមទាំងបន្ទប់ល្វែង មានបង្អួច ដូចបង្អួចឯទៀតៗ។ ខ្លោងទ្វារ និងបន្ទប់ល្វែងនេះមានបណ្ដោយហាសិបហត្ថ និងទទឹងម្ភៃប្រាំហត្ថ។ 26ជណ្ដើរដែលឡើងទៅខ្លោងទ្វារមានប្រាំពីរកាំ ហើយបន្ទប់ល្វែងស្ថិតនៅពីមុខកាំជណ្ដើរនោះ។ នៅសងខាងមានឆ្លាក់ក្បាច់ដើមចាកលើសសរ។ 27ទីលានខាងក្នុងមានទ្វារមួយនៅខាងត្បូង។ គាត់វាស់ពីខ្លោងទ្វារមួយទៅខ្លោងទ្វារមួយទៀត នៅខាងត្បូងមានប្រវែងមួយរយហត្ថ។
28បន្ទាប់មក គាត់នាំខ្ញុំចូលទៅទីលានខាងក្នុង តាមទ្វារខាងត្បូង។ គាត់វាស់ទ្វារខាងត្បូងមានទំហំដូចទ្វារឯទៀតៗ។ 29បន្ទប់តូចៗ ជញ្ជាំង និងបន្ទប់ល្វែង ក៏មានទំហំដូចគ្នាដែរ។ ខ្លោងទ្វារ និងបន្ទប់ល្វែងនេះមានបង្អួចជុំវិញ ហើយមានបណ្ដោយហាសិបហត្ថ ទទឹងម្ភៃប្រាំហត្ថ។ 30ជុំវិញបន្ទប់ល្វែង មានបណ្ដោយម្ភៃប្រាំហត្ថ និងទទឹងប្រាំហត្ថ។ 31បន្ទប់ល្វែងទាំងនោះនៅជាប់នឹងទីលានខាងក្រៅ។ លើជញ្ជាំងមានឆ្លាក់ក្បាច់ដើមចាក ហើយជណ្ដើរដែលឡើងទៅខ្លោងទ្វារមានប្រាំបីកាំ។
32គាត់បាននាំខ្ញុំចូលទៅទីលានខាងក្នុង តាមខ្លោងទ្វារខាងកើត។ គាត់វាស់ខ្លោងទ្វារមានទំហំដូចគ្នា។ 33បន្ទប់តូចៗ ជញ្ជាំង និងបន្ទប់ល្វែង ក៏មានទំហំដូចគ្នាដែរ។ ខ្លោងទ្វារ និងបន្ទប់ល្វែងនេះ មានបង្អួចជុំវិញ ហើយមានបណ្ដោយហាសិបហត្ថ ទទឹងម្ភៃប្រាំហត្ថ។ 34បន្ទប់ល្វែងទាំងនោះនៅជាប់នឹងទីលានខាងក្រៅ។ នៅសងខាង មានឆ្លាក់ក្បាច់ដើមចាកលើជញ្ជាំង ហើយជណ្ដើរដែលឡើងទៅខ្លោងទ្វារ មានប្រាំបីកាំ។
35គាត់នាំខ្ញុំទៅខ្លោងទ្វារខាងជើង ហើយវាស់ខ្លោងទ្វារឃើញមានទំហំដូចគ្នា 36រីឯបន្ទប់តូចៗ ជញ្ជាំង និងបន្ទប់ល្វែង ក៏មានទំហំដូចគ្នា។ មានបង្អួចជុំវិញ ហើយមានបណ្ដោយហាសិបហត្ថ ទទឹងម្ភៃប្រាំហត្ថ។ 37ជញ្ជាំងនៅជាប់នឹងទីលានខាងក្រៅ។ នៅសងខាង មានឆ្លាក់ក្បាច់ដើមចាកលើជញ្ជាំង ហើយជណ្ដើរដែលឡើងទៅខ្លោងទ្វារ មានប្រាំបីកាំ។
38នៅក្បែរជញ្ជាំងទាំងនោះមានបន្ទប់មួយ ជាកន្លែងដែលគេលាងគូរបានដុត។ 39ក្នុងបន្ទប់ល្វែងនៃខ្លោងទ្វារ មានតុពីរនៅម្ខាង និងតុពីរនៅម្ខាងទៀត។ គេអារ កសត្វនៅលើតុទាំងនោះ សម្រាប់ធ្វើជាគូរបានដុតគូរបានសុំឲ្យរួចពីបាប និងគូរបានសុំលើកលែងទោស។ 40ត្រង់កន្លែងមួយ ដែលស្ថិតនៅខាងក្រៅនៃច្រកចូលតាមខ្លោងទ្វារខាងជើង មានតុពីរ ហើយនៅម្ខាងទៀត គឺនៅក្បែរបន្ទប់ល្វែង ក៏មានតុពីរដែរ។ 41នៅត្រង់បន្ទប់ល្វែង មានតុប្រាំបី គឺម្ខាងបួនៗ ដែលគេអារ ក សត្វពីលើ។ 42មានតុបួនទៀតដែលធ្វើពីផ្ទាំងថ្ម សម្រាប់ធ្វើគូរបាន។ តុនីមួយៗមានបណ្ដោយមួយហត្ថកន្លះ ទទឹងមួយហត្ថកន្លះ និងកំពស់មួយហត្ថ។ គេដាក់ឧបករណ៍សម្រាប់អារ ក សត្វធ្វើគូរបានដុត និងធ្វើគូរបានផ្សេងៗទៀតនៅលើតុនោះ។ 43នៅតាមគែមតុ មានចង្អូរព័ទ្ធជុំវិញ ចង្អូរនោះមានទទឹងមួយចង្អាម រីឯសាច់សម្រាប់ធ្វើគូរបាន គេដាក់នៅលើតុ។
44នៅមុខខ្លោងទ្វារខាងក្នុង គឺនៅទីលានខាងក្នុង មានបន្ទប់ផ្សេងៗសម្រាប់អ្នកចំរៀង។ បន្ទប់មួយស្ថិតជិតខ្លោងទ្វារខាងជើង ហើយបែរមុខទៅទិសខាងត្បូង មួយទៀតនៅជិតខ្លោងទ្វារខាងកើត ហើយបែរមុខទៅទិសខាងជើង។ 45គាត់ពោលមកខ្ញុំថា៖ «បន្ទប់បែរមុខទៅទិសខាងត្បូង ជាបន្ទប់របស់ពួកអ៊ីមុាំដែលបំពេញការងារក្នុងដំណាក់របស់អុលឡោះ។ 46រីឯបន្ទប់បែរមុខទៅទិសខាងជើង ជាបន្ទប់របស់ពួកអ៊ីមុាំដែលបំពេញការងារនៅទីអាសនៈ។ អ្នកទាំងនោះជាកូនចៅរបស់លោកសាដុក ក្នុងកុលសម្ព័ន្ធលេវី ដែលមានភារកិច្ចចូលមកបម្រើអុលឡោះតាអាឡា»។
47គាត់វាស់ទីលានដែលមានរាងបួនជ្រុងស្មើ ជ្រុងនីមួយៗមានប្រវែងមួយរយហត្ថ។ រីឯអាសនៈស្ថិតនៅមុខទីសក្ការៈ។
ទីសក្ការៈ
48គាត់នាំខ្ញុំចូលទៅក្នុងបន្ទប់ល្វែងនៃដំណាក់។ គាត់វាស់សសរបន្ទប់នោះ ម្ខាងៗមានប្រវែងប្រាំហត្ថ។ រីឯទទឹងខ្លោងទ្វារ ម្ខាងៗមានប្រវែងបីហត្ថ។ 49បន្ទប់ល្វែងនោះមានបណ្ដោយម្ភៃហត្ថ និងទទឹងដប់មួយហត្ថ។ មានជណ្ដើរឡើងទៅកាន់បន្ទប់ល្វែងនោះ ហើយមានបង្គោលនៅក្បែរសសរ គឺម្ខាងៗមានបង្គោលមួយ។
Currently Selected:
ណាពីអេសេគាល 40: អគត
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2014 United Bible Societies, UK.