ណាពីអេសេគាល 12
12
ប្រផ្នូលអំពីអ៊ីស្រអែលត្រូវខ្ចាត់ខ្ចាយ
1 អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំថា៖ 2«កូនមនុស្សអើយ! អ្នករស់នៅក្នុងចំណោមពូជអ្នកបះបោរ។ ពួកគេមានភ្នែក តែមើលមិនឃើញ មានត្រចៀក តែស្ដាប់មិនឮ ដ្បិតពួកគេជាពូជអ្នកបះបោរ។ 3កូនមនុស្សអើយ ចូររៀបចំបង្វេច ដូចជនដែលត្រូវខ្មាំងកៀរ ហើយចេញពីផ្ទះទាំងថ្ងៃឲ្យពួកគេឃើញគ្រប់ៗគ្នា។ ធ្វើដូច្នេះ ប្រហែលជាពួកគេដឹងខ្លួនថា ពួកគេជាពូជអ្នកបះបោរ។ 4អ្នកត្រូវរៀបចំអីវ៉ាន់ វេចបង្វេចទាំងថ្ងៃ ដូចជនដែលត្រូវខ្មាំងកៀរ ឲ្យគេឃើញគ្រប់គ្នា។ ដល់ពេលល្ងាចត្រូវចេញដំណើរទៅដូចជនដែលត្រូវខ្មាំងកៀរ។ 5ចូរទម្លុះកំពែងឲ្យគេឃើញ រួចបញ្ចេញបង្វេចតាមប្រឡោះនោះ។ 6ត្រូវលើកបង្វេចនោះស្ពាយឲ្យពួកគេឃើញ ហើយចេញដំណើរទៅ ទាំងងងឹត ព្រមទាំងបិទមុខ ដើម្បីកុំឲ្យអ្នកឃើញថាអ្នកទៅទីណា ដ្បិតយើងចង់ឲ្យអ្នកធ្វើដូច្នេះ ជាប្រផ្នូលសម្រាប់ពូជពង្សអ៊ីស្រអែល»។
7ខ្ញុំធ្វើតាមបញ្ជារបស់អុលឡោះតាអាឡា គឺនៅពេលថ្ងៃ ខ្ញុំរៀបចំអីវ៉ាន់ វេចបង្វេច ដូចជនដែលត្រូវខ្មាំងកៀរ។ នៅពេលល្ងាច ខ្ញុំទម្លុះកំពែងក្រុងដោយដៃរបស់ខ្ញុំផ្ទាល់ ហើយចេញដំណើរទៅនៅពេលងងឹត ទាំងស្ពាយបង្វេចឲ្យពួកគេឃើញទាំងអស់គ្នា។
8លុះព្រឹកឡើង អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំដូចតទៅ៖ 9«កូនមនុស្សអើយ! ពូជពង្សអ៊ីស្រអែលដែលជាពូជបះបោរនេះ មុខជាសួរអ្នកថា “តើអ្នកធ្វើអ្វី?” 10ត្រូវតបទៅពួកគេថា “អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា នេះជាការព្រមានដល់ស្តេចនៅក្រុងយេរូសាឡឹម និងពូជពង្សអ៊ីស្រអែលទាំងមូល ដែលស្ថិតនៅក្រុងនេះ”។ 11ចូរប្រាប់ពួកគេថា “ខ្ញុំធ្វើដូច្នេះ ជាប្រផ្នូលសម្រាប់អ្នករាល់គ្នា។ ខ្ញុំធ្វើយ៉ាងណា អ្នករាល់គ្នាក៏ធ្វើយ៉ាងនោះដែរ គឺអ្នករាល់គ្នានឹងត្រូវខ្មាំងកៀរយកទៅជាឈ្លើយ។ 12រីឯស្ដេចដែលគ្រប់គ្រងអ្នករាល់គ្នា ក៏នឹងស្ពាយបង្វេចចាកចេញពីក្រុងទៅ ក្នុងពេលងងឹតដែរ។ គេនឹងទម្លុះកំពែងក្រុងឲ្យស្ដេចចេញ ទាំងបិទមុខ មិនឲ្យឃើញថាទៅទីណា។ 13យើងនឹងបោះសំណាញ់ទៅលើស្ដេច ហើយស្ដេចនោះនឹងជាប់អន្ទាក់របស់យើង។ យើងនឹងនាំគេទៅស្រុកបាប៊ីឡូន គឺស្រុករបស់ជនជាតិខាល់ដេ គេនឹងស្លាប់នៅស្រុកនោះ តែឥតបានឃើញស្រុកនោះឡើយ។ 14យើងនឹងកំចាត់កំចាយអស់អ្នកដែលនៅជាមួយស្ដេច គឺទាំងអង្គរក្ស និងទាហានទាំងប៉ុន្មានរបស់ស្ដេច ឲ្យទៅគ្រប់ទីកន្លែង ព្រមទាំងយកដាវដេញតាមប្រហារពួកគេពីក្រោយផង។ 15ពេលណាយើងបំបែកពួកគេឲ្យទៅនៅក្នុងចំណោមប្រជាជាតិនានា ពេលណាយើងកំចាត់កំចាយពួកគេទៅនៅតាមស្រុកទាំងឡាយ ពួកគេនឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡាមែន។ 16ប៉ុន្តែ យើងទុកឲ្យពួកគេមួយចំនួននៅសេសសល់ គឺគេចផុតពីមុខដាវ ពីទុរ្ភិក្ស និងជំងឺរាតត្បាត ដើម្បីឲ្យរៀបរាប់អំពីការប្រព្រឹត្តគួរស្អប់ខ្ពើមទាំងនេះប្រាប់ប្រជាជាតិនានា។ ពេលនោះ ពួកគេនឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡាមែន”»។
17 អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំ ដូចតទៅ៖ 18«កូនមនុស្សអើយ ចូរបរិភោគអាហារ ទាំងញាប់ញ័រ ចូរផឹកទឹកទាំងស្លន់ស្លោ និងភ័យរន្ធត់។ 19ចូរថ្លែងប្រាប់ប្រជាជននៅស្រុកនេះដូចតទៅ: អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលស្ដីអំពីអ្នកក្រុងយេរូសាឡឹម ដែលរស់នៅលើទឹកដីអ៊ីស្រអែលថា ពួកគេនឹងបរិភោគអាហារ ទាំងភ័យរន្ធត់ ពួកគេនឹងផឹកទឹកទាំងតក់ស្លុត ដ្បិតស្រុករបស់គេក្លាយទៅជាទីស្មសាន បាត់បង់អ្វីៗទាំងអស់ ព្រោះតែអំពើឃោរឃៅដែលអ្នកស្រុកនេះប្រព្រឹត្ត។ 20ក្រុងដែលធ្លាប់តែមានប្រជាជនកុះករ នឹងក្លាយទៅជាគំនរបាក់បែក ហើយស្រុករបស់ពួកគេក្លាយទៅជាទីស្មសាន។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡាមែន»។
21 អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំ ដូចតទៅ៖ 22«កូនមនុស្សអើយ នៅស្រុកអ៊ីស្រអែល អ្នករាល់គ្នាមានសុភាសិតមួយចែងថា “ពេលវេលាចេះតែបោះជំហានទៅមុខ តែគ្មាននិមិត្តហេតុណាមួយសម្រេចជារូបរាងសោះ!”។ 23ដូច្នេះ ចូរប្រាប់ពួកគេថា អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ: យើងនឹងលុបបំបាត់សុភាសិតនេះ គឺគេនឹងលែងនិយាយពីសុភាសិតនេះ នៅស្រុកអ៊ីស្រអែលទៀតហើយ។ ផ្ទុយទៅវិញ ចូរប្រាប់ពួកគេថា “ពេលវេលាចេះតែបោះជំហានទៅមុខ និមិត្តហេតុទាំងប៉ុន្មាននឹងសម្រេចជារូបរាងមិនខាន” 24ដ្បិតនៅស្រុកអ៊ីស្រអែល លែងមាននិមិត្តហេតុឥតបានការ ឬការទស្សន៍ទាយ បញ្ជោរទៀតហើយ។ 25យើងអុលឡោះតាអាឡាជាម្ចាស់ ការអ្វីដែលយើងថ្លែងតែងតែសម្រេចជារូបរាង ឥតបង្អង់ឡើយ។ ពិតមែនហើយ យើងនឹងសម្រេចតាមពាក្យរបស់យើង ក្នុងពេលអ្នករាល់គ្នាដែលជាពូជអ្នកបះបោរ នៅមានជីវិតនៅឡើយ» -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
26 អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំដូចតទៅ៖ 27«កូនមនុស្សអើយ កូនចៅអ៊ីស្រអែលពោលថា “និមិត្តហេតុអស្ចារ្យដែលអ្នកឃើញនេះ គឺសម្រាប់អនាគតកាលដ៏យូរលង់ ហើយសេចក្ដីដែលគាត់ថ្លែងក៏សម្រាប់ពេលដ៏ឆ្ងាយខាងមុខដែរ”។ 28ហេតុនេះ ចូរប្រាប់ពួកគេថា អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ: អ្វីៗដែលយើងថ្លែងតែងតែសម្រេចជារូបរាង ឥតបង្អង់ឡើយ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
Currently Selected:
ណាពីអេសេគាល 12: អគត
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2014 United Bible Societies, UK.