YouVersion Logo
Search Icon

សេរី‌ភាព 5

5
ណាពី​ម៉ូសា និង​ណាពី​ហារូន​ទៅ​ជួប​ស្តេច​ហ្វៀរ៉អ៊ូន
1បន្ទាប់​មក ម៉ូសា និង​ហារូន​ចូល​ទៅ​ជួប​ស្តេច​ហ្វៀរ៉អ៊ូន ហើយ​ជម្រាប​ថា៖ អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល មាន​បន្ទូល​ដូច​តទៅ​នេះ ចូរ​អនុ‌ញ្ញាត​ឲ្យ​ប្រជា‌រាស្ត្រ​យើង ចេញ​ទៅ​ធ្វើ​ពិធី​បុណ្យ​គោរព​យើង​នៅ​វាល​រហោ‌ស្ថាន»។ 2ស្តេច​ហ្វៀរ៉អ៊ូន​តប​ថា៖ «តើ អុលឡោះ‌តាអាឡាជា​នរណា បាន​ជា​យើង​ត្រូវ​ស្តាប់​តាម ហើយ​អនុ‌ញ្ញាត​ឲ្យ​ពួក​អ៊ីស្រ‌អែល​ចេញ​ទៅ​នោះ? យើង​មិន​ស្គាល់ អុលឡោះ‌តាអាឡា​ទេ យើង​មិន​អនុ‌ញ្ញាត​ឲ្យ​ពួក​អ៊ីស្រ‌អែល​ចេញ​ទៅ​ឡើយ។ 3អ្នក​ទាំង​ពីរ​ជម្រាប​ស្តេច​ទៀត​ថា៖ «អុលឡោះ​ជា​ម្ចាស់​នៃ​ជន‌ជាតិ​ហេប្រឺ បាន​មក​ជួប​យើង​ខ្ញុំ។ ឥឡូវ​នេះ សូម​អនុ‌ញ្ញាត​ឲ្យ​យើង​ខ្ញុំ​ចេញ​ទៅ​វាល​រហោ‌ស្ថាន ចម្ងាយ​ផ្លូវ​ដើរ​បី​ថ្ងៃ ដើម្បី​ធ្វើ​គូរបាន​ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង​ខ្ញុំ។ បើ​យើង​ខ្ញុំ​មិន​ទៅ​ទេ ទ្រង់​នឹង​ប្រហារ​យើង​ខ្ញុំ​ដោយ​ជំងឺ ឬ​ដោយ​មុខ​ដាវ»។ 4ស្តេច​ស្រុក​អេស៊ីប​មាន​ប្រសាសន៍​មក​កាន់​អ្នក​ទាំង​ពីរ​ថា៖ «ម៉ូសា និង​ហារូន ហេតុ​អ្វី​បាន​ជា​អ្នក​ទាំង​ពីរ​នាំ​អាទិ៍​ពួក​អ៊ីស្រ‌អែល ឲ្យ​ឈប់​ធ្វើ​ការ​ដូច្នេះ? ចូរ​នាំ​គ្នា​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​ទៅ!។
5ស្តេច​ហ្វៀរ៉អ៊ូន​មាន​ប្រសាសន៍​ថា៖ «ឥឡូវ​នេះ ប្រជា‌ជន​អ៊ីស្រ‌អែល​មាន​ចំនួន​ច្រើន​នៅ​ក្នុង​ស្រុក តើ​អ្នក​ទាំង​ពីរ​ចង់​ឲ្យ​គេ​ឈប់​ធ្វើ​ការ​ដូច​ម្តេច​បាន?»។
ស្តេច​ហ្វៀរ៉អ៊ូន​បន្ថែម​ការ‌ងារ​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល
6នៅ​ថ្ងៃ​ដដែល​នោះ ស្តេច​ហ្វៀរ៉អ៊ូន​បាន​បញ្ជា​មេ​ត្រួត‌ត្រា​លើ​ប្រជា‌ជន និង​មេ​ក្រុម​ថា៖ 7«មិន​ត្រូវ​ផ្តល់​ចំបើង​ឲ្យ​ពួក​អ៊ីស្រ‌អែល សម្រាប់​ធ្វើ​ដុំ​ឥដ្ឋ​ដូច​ពី​មុន​ទៀត​ទេ គឺ​ឲ្យ​ពួក​គេ​ទៅ​រក​ចំបើង​ដោយ​ខ្លួន​ឯង។ 8ប៉ុន្តែ ត្រូវ​បង្ខំ​ឲ្យ​គេ​ធ្វើ​ដុំ​ឥដ្ឋ​គ្រប់​ចំនួន​ដដែល កុំ​បន្ថយ​ចំនួន​ឡើយ។ ពួក​គេ​សុទ្ធ​តែ​ជា​មនុស្ស​ខ្ជិល ហេតុ​នេះ​ហើយ​បាន​ជា​គេ​ទាម​ទារ​សុំ​ចេញ​ទៅ​ធ្វើ​គូរបាន ជូន​អុលឡោះ​ជា​ម្ចាស់​របស់​ពួក​គេ។ 9ត្រូវ​ដាក់​ការ‌ងារ​ឲ្យ​ពួក​គេ​ធ្វើ​កាន់​តែ​ធ្ងន់​ធ្ងរ​ថែម​ទៀត ដើម្បី​កុំ​ឲ្យ​ពួក​គេ​មាន​ពេល​គិត​អំពី​ការ​ភូត​ភរ​បាន​ឡើយ»។
10ពួក​មេ​ត្រួត‌ត្រា​លើ​ប្រជា‌ជន និង​ពួក​មេ​ក្រុម ពោល​មក​កាន់​ជន‌ជាតិ​អ៊ីស្រ‌អែល ដូច​តទៅ​នេះ៖ «ស្តេច​ហ្វៀរ៉អ៊ូន​មាន​ប្រសាសន៍​ថា: យើង​ឈប់​ផ្តល់​ចំបើង​ឲ្យ​អ្នក​រាល់​គ្នា​ទៀត​ហើយ។ 11អ្នក​រាល់​គ្នា​ត្រូវ​ចេញ​ទៅ​រក​ចំបើង​ខ្លួន​ឯង​ផ្ទាល់ នៅ​កន្លែង​ណា​ដែល​អាច​រក​បាន ប៉ុន្តែ កុំ​បន្ថយ​ចំនួន​ដុំ​ឥដ្ឋ​ឡើយ»។ 12ដូច្នេះ ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​អស់​ចេញ​ទៅ​គ្រប់​កន្លែង ក្នុង​ស្រុក​អេស៊ីប ដើម្បី​ប្រមូល​ជញ្ជ្រាំង​មក​ប្រើ​ជំនួស​ចំបើង។ 13ពួក​មេ​ត្រួត‌ត្រា​ដាក់​កំហិត​ប្រជា‌ជន​ថា៖ «ត្រូវ​បង្ហើយ​ការ​ងារ​ប្រចាំ​ថ្ងៃ ឲ្យ​បាន​គ្រប់​ចំនួន​ដូច​ពី​មុន​ក្នុង​ពេល​ដែល​អ្នក​រាល់​គ្នា​មាន​ចំបើង»។ 14មេ​ត្រួត‌ត្រា​ទាំង​នោះ វាយ​ពួក​មេ​ក្រុម​អ៊ីស្រ‌អែល​ដែល​ខ្លួន​បាន​តែង​តាំង ព្រម​ទាំង​ស្តី​បន្ទោស​ថា៖ «ប៉ុន្មាន​ថ្ងៃ​នេះ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​ផលិត​ដុំ​ឥដ្ឋ​គ្រប់​ចំនួន ដូច​កាល​ពី​មុន?»។
15មេ​ក្រុម​អ៊ីស្រ‌អែល​នាំ​គ្នា​ទៅ​តវ៉ា​ស្តេច​ហ្វៀរ៉អ៊ូន​ថា៖ «ហេតុ​អ្វី​បាន​ជា​ស្តេច​ធ្វើ​បាប​យើង​ខ្ញុំ​ទាំង​អស់​គ្នា​ដូច្នេះ? 16គេ​មិន​បាន​ផ្តល់​ចំបើង​ឲ្យ​ពួក​យើង​ខ្ញុំ​ទេ ហើយ​គេ​បញ្ជា​ឲ្យ​ពួក​យើង​ខ្ញុំ​ធ្វើ​ដុំ​ឥដ្ឋ​គ្រប់​ចំនួន ព្រម​ទាំង​វាយ​ពួក​យើង​ខ្ញុំ​ទៀត​ផង។ ប្រជា‌រាស្ត្រ​របស់​ស្តេច​ខុស​ហើយ!»។ 17ស្តេច​ហ្វៀរ៉អ៊ូន​ឆ្លើយ​ថា៖ «អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​មនុស្ស​ខ្ជិល ច្រអូស! ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​រាល់​គ្នា​ពោល​ថា “សូម​អនុ‌ញ្ញាត​ឲ្យ​យើង​ខ្ញុំ ចេញ​ទៅ​ធ្វើ​គូរបាន​ជូនអុលឡោះ‌តាអាឡា!។ 18ឥឡូវ​នេះ ចូរ​នាំ​គ្នា​ទៅ​ធ្វើ​ការ​វិញ​ទៅ។ យើង​គ្មាន​ចំបើង​ឲ្យ​ទេ ប៉ុន្តែ ត្រូវ​ធ្វើ​ដុំ​ឥដ្ឋ​ឲ្យ​បាន​គ្រប់​ចំនួន»។ 19កាល​ឮ​ថា គេ​មិន​បន្ថយ​ចំនួន​ដុំ​ឥដ្ឋ​ដែល​ត្រូវ​ផលិត​ប្រចាំ​ថ្ងៃ​ទេ​នោះ ពួក​មេ​ក្រុម​អ៊ីស្រ‌អែល​ដឹង​ថា ខ្លួន​ធ្លាក់​ក្នុង​ស្ថាន​ភាព​លំបាក​វេទនា​ហើយ។ 20ពេល​ចេញ​ពី​ជួប​ស្តេច​ហ្វៀរ៉អ៊ូន​វិញ ពួក​គេ​មក​រក​ម៉ូសា និង​ហារូន​ដែល​កំពុង​តែ​រង់​ចាំ​ពួក​គេ។ 21ពួក​គេ​ពោល​ទៅ​កាន់​អ្នក​ទាំង​ពីរ​ថា៖ «សូមអុលឡោះ‌តាអាឡា​មើល ហើយ​ដាក់​ទោស​អ្នក​ទាំង​ពីរ​ចុះ! អ្នក​ទាំង​ពីរ​ធ្វើ​ឲ្យ​ស្តេច​ហ្វៀរ៉អ៊ូន និង​ពួក​មន្ត្រី​ទាំង​អស់​ស្អប់​ពួក​យើង។ អ្នក​ទាំង​ពីរ​បាន​ហុច​ដាវ​ទៅ​ឲ្យ​ពួក​គេ​សម្លាប់​យើង»។
22ម៉ូសា​បែរ​ទៅ​រកអុលឡោះ‌តាអាឡាហើយ​សួរ​ថា៖ «អុលឡោះ‌តាអាឡាអើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​ធ្វើ​បាប​ប្រជា‌ជន​នេះ? ហេតុ​អ្វី​បាន​ជា​ទ្រង់​ចាត់​ខ្ញុំ​ឲ្យ​មក? 23តាំង​ពី​ខ្ញុំ​បាន​ទៅ​ជួប​ស្តេច​ហ្វៀរ៉អ៊ូន ក្នុង​នាម​របស់​អុលឡោះ​មក ស្តេច​នោះ​បាន​ធ្វើ​បាប​ប្រជា‌ជន​នេះ តែ​ទ្រង់​មិន​បាន​រំដោះ​ប្រជា‌រាស្ត្រ​របស់​ទ្រង់​សោះ»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in