YouVersion Logo
Search Icon

សេរី‌ភាព 4

4
អុលឡោះ‌តាអាឡា​បង្ហាញ​អំណាច​ឲ្យ​ណាពី​ម៉ូសា​ឃើញ
1ម៉ូសា​ឆ្លើយ​ថា៖ «ប្រហែល​ជា​ជន‌ជាតិ​អ៊ីស្រ‌អែល​មិន​ជឿ ហើយ​មិន​ស្តាប់​សំដី​ខ្ញុំទេ។ ពួក​គេ​នឹង​ពោល​មក​ខ្ញុំ​ថា “អុលឡោះ‌តាអាឡា​មិន​បាន​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ទ្រង់​ឡើយ”»។ 2អុលឡោះ‌តាអាឡា​សួរ​ម៉ូសា​ថា៖ «តើ​អ្នក​កាន់​អ្វី?» ម៉ូសា​ឆ្លើយ​ថា៖ «ខ្ញុំ​កាន់​ដំបង»។ 3អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ចូរ​បោះ​វា​ទៅ​ដី​ទៅ!»។ ម៉ូសា​បោះ​ដំបង​ទៅ​ដី ដំបង​នោះ​ក៏​ក្លាយ​ទៅ​ជា​ពស់។ ម៉ូសា​រត់​ចេញ​ពី​ពស់។ 4អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​គាត់​ថា៖ «លូក​ដៃ​ចាប់​កន្ទុយ​វា​ទៅ!»។ ម៉ូសា​លូក​ដៃ​ចាប់​វា ពស់​នោះ​ក៏​ប្រែ​ទៅ​ជា​ដំបង​នៅ​ក្នុង​ដៃ​របស់​គាត់។ 5អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ធ្វើ​ដូច្នេះ កូន​ចៅ​អ៊ីស្រ‌អែល​នឹង​ជឿ​ថា អុលឡោះជា​ម្ចាស់​នៃ​បុព្វ‌បុរស​របស់​គេ គឺ​ម្ចាស់​របស់​អ៊ីព្រហ៊ីម អ៊ីសា‌ហាក់ និង​យ៉ាកកូប​បាន​បង្ហាញ​ឲ្យ​អ្នក​ឃើញ​មែន»។ 6អុលឡោះ‌តាអាឡា​មាន​បន្ទូល​ទៀត​ថា៖ «ចូរ​ដាក់​ដៃ​លើ​ទ្រូង​អ្នក​ទៅ»។ ម៉ូសា​ក៏​ដាក់​ដៃ​លើ​ទ្រូង រួច​ពេល​ដក​ដៃ​មក​វិញ គាត់​ឃើញ​ដៃ​គាត់​កើត​ឃ្លង់ ឡើង​ស​ដូច​កប្បាស។ 7អុលឡោះ‌តាអាឡា​បញ្ជា​ទៀត​ថា៖ «ចូរ​ដាក់​ដៃ​លើ​ទ្រូង​អ្នក​ម្តង​ទៀត»។ ម៉ូសា​ដាក់​ដៃ​លើ​ទ្រូង ហើយ​ពេល​គាត់​ដក​ដៃ​មក​វិញ ឃើញ​ដៃ​គាត់​ជា​ដូច​ធម្មតា។ 8អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ប្រសិន​បើ​ពួក​គេ​មិន​ជឿ​អ្នក ហើយ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ទី​សំគាល់​ទី​មួយ​ទេ គេ​មុខ​ជា​ជឿ​លើ​ទី​សំគាល់​ក្រោយ​នេះ។ 9ប្រសិន​បើ​ពួក​គេ​នៅ​តែ​មិន​ជឿ​លើ​ទី​សំគាល់​ទាំង​ពីរ​នេះ ហើយ​មិន​ស្តាប់​សំដី​របស់​អ្នក​ទេ ចូរ​យក​ទឹក​ទន្លេ​នីល​ទៅ​ចាក់​លើ​ដី​ស្ងួត ទឹក​ដែល​អ្នក​យក​ពី​ទន្លេ​នីល​មក​នោះ នឹង​ក្លាយ​ទៅ​ជា​ឈាម​នៅ​លើ​ដី​ស្ងួត»។
អុលឡោះ​តាំង​ណាពី​ហារូន​ឲ្យ​ធ្វើ​ជា​ជំនួយ​ការ​របស់ ណាពី​ម៉ូសា
10ម៉ូសា​ជម្រាប អុលឡោះ‌តាអាឡា​ថា៖ «អុលឡោះ‌ជាអម្ចាស់​អើយ! តាំង​តែ​ពី​ដើម​រៀង​មក រហូត​ដល់​ពេល​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​មិន​មែន​ជា​មនុស្ស​ពូ​កែ​វោ​ហារ​ទេ ដ្បិត​ខ្ញុំ​មិន​ប្រសប់​និយាយ»។ 11អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​គាត់​ថា៖ «តើ​នរណា​ធ្វើ​ឲ្យ​មនុស្ស​មាន​មាត់? តើ​នរណា​ធ្វើ​ឲ្យ​មនុស្ស​ទៅ​ជា គ ឬ​ថ្លង់ មើល​ឃើញ ឬ​ខ្វាក់? តើ​មិន​មែន​យើង​ទេ​ឬ​អី? 12ឥឡូវ​នេះ ចូរ​ចេញ​ទៅ​ចុះ ពេល​អ្នក​និយាយ​យើង​នឹង​នៅ​ជា​មួយ​អ្នក យើង​នឹង​ប្រាប់​អ្នក​អំពី​សេចក្តី​ដែល​ត្រូវ​និយាយ»។
13ម៉ូសា​អង្វរ​ថា៖ «អុលឡោះ‌ជាអម្ចាស់​អើយ សូម​ចាត់​នរណា​ម្នាក់​ទៀត​ឲ្យ​ទៅ​ចុះ!»។ 14ពេល​នោះ អុលឡោះ‌តាអាឡា​ខឹង​ទាស់​នឹង​ម៉ូសា​យ៉ាង​ខ្លាំង ហើយ​មាន​បន្ទូល​ថា៖ «អ្នក​មាន​បង​ប្រុស​ម្នាក់ ឈ្មោះ​ហារូន ជា​កូន​ចៅ​លេវី។ យើង​ដឹង​ថា គាត់​ជា​មនុស្ស​ពូកែ​វោហារ ហើយ​កំពុង​តែ​មក​រក​ជួប​អ្នក​ទៀត​ផង។ កាល​ណា​គាត់​ឃើញ​អ្នក នោះ​គាត់​មុខ​ជា​សប្បាយ​រីក​រាយ​យ៉ាង​ខ្លាំង។ 15អ្នក​នឹង​ប្រាប់​គាត់​ឲ្យ​និយាយ​ជំនួស នូវ​សេចក្តី​ដែល​អ្នក​ត្រូវ​និយាយ។ រីឯ​យើង​វិញ យើង​នឹង​ស្ថិត​នៅ​ជា​មួយ​អ្នក​ទាំង​ពីរ ក្នុង​ពេល​ដែល​អ្នក​ទាំង​ពីរ​និយាយ ហើយ​ប្រាប់​អំពី​អ្វីៗ​ដែល​អ្នក​ទាំង​ពីរ​ត្រូវ​ធ្វើ។ 16គាត់​នឹង​និយាយ​ទៅ​កាន់​ប្រជា‌ជន​ជំនួស​អ្នក គាត់​ជា​អ្នក​នាំ​ពាក្យ​របស់​អ្នក ហើយ​អ្នក​ប្រៀប​ដូច​ជា​ម្ចាស់​សម្រាប់​គាត់។ 17ចូរ​កាន់​ដំបង​នេះ​ទៅ​ជា​មួយ ដោយ​សារ​ដំបង​នេះ អ្នក​អាច​ធ្វើ​ទី​សំគាល់​ដ៏​អស្ចារ្យ​ផ្សេងៗ»។
ណាពី​ម៉ូសា​វិល​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ
18ម៉ូសា​ក៏​ចេញ​ទៅ​ត្រឡប់​ទៅ ជួប​លោក​យេត្រូ​ជា​ឪពុក​ក្មេក ហើយ​ជម្រាប​ថា៖ «ខ្ញុំ​ត្រូវ​តែ​ត្រឡប់​ទៅ​រក​បង‌ប្អូន​រួម​ជាតិ​របស់​ខ្ញុំ នៅ​ស្រុក​អេស៊ីប​វិញ ដើម្បី​ឲ្យ​ដឹង​ថា ពួក​គេ​នៅ​រស់​ឬ​យ៉ាង​ណា?»។ លោក​យេត្រូ​និយាយ​ទៅ​កាន់​ម៉ូសា​ថា៖ «ចូរ​កូន​ទៅ ដោយ​សុខ‌សាន្ត​ចុះ!»។
19នៅ​ស្រុក​ម៉ាឌានអុលឡោះ‌តាអាឡា​មាន​បន្ទូល​ទៅ​ម៉ូសា​ថា៖ «ចូរ​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ​ចុះ ព្រោះ​ពួក​ដែល​ប៉ុន​ប៉ង​សម្លាប់​អ្នក​បាន​ស្លាប់​អស់​ហើយ»។ 20ម៉ូសា​នាំ​ប្រពន្ធ កូន ជិះ​លា​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ។ គាត់​បាន​កាន់​ដំបង​របស់​អុលឡោះ​ទៅ​ជា​មួយ​ដែរ។
21 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «យើង​ផ្តល់​អំណាច​ឲ្យ​អ្នក​សំដែង​ការ​អស្ចារ្យ។ ដូច្នេះ ពេល​ទៅ​ដល់​ស្រុក​អេស៊ីប ចូរ​សំដែង​ការ​អស្ចារ្យ​ទាំង​នោះ​ឲ្យ​ស្តេច​ហ្វៀរ៉អ៊ូន​ឃើញ។ រីឯ​យើង​វិញ យើង​នឹង​ធ្វើ​ឲ្យ​ស្តេច​ហ្វៀរ៉អ៊ូន​មាន​ចិត្ត​រឹង​ចចេស មិន​ព្រម​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​ចេញ​មក​ទេ។ 22ត្រូវ​ជម្រាប​ស្តេច​ហ្វៀរ៉អ៊ូន​ថា: “អុលឡោះ‌តាអាឡា​មាន​បន្ទូល​ដូច​តទៅ​នេះ ប្រជា‌ជន​អ៊ីស្រ‌អែល​ជា​កូន​ច្បង​របស់​យើង 23ចូរ​អនុ‌ញ្ញាត​ឲ្យ​កូន​របស់​យើង​ចេញ​ទៅ​គោរព​បម្រើ​យើង។ ប្រសិន​បើ​អ្នក​មិន​ព្រម​ទេ យើង​នឹង​ប្រហារ​កូន​ច្បង​របស់​អ្នក”»។
24ពេល​ធ្វើ​ដំណើរ ម៉ូសា​ឈប់​សម្រាក​នៅ​កន្លែង​មួយ យប់​នោះ អុលឡោះ‌តាអាឡា​ក៏​ចូល​មក​ជិត​ដើម្បី​រក​សម្លាប់​គាត់។ 25សាទី​សេផូរ៉ា​យក​កាំបិត​មួយ​ធ្វើ​ពី​ថ្ម ខតាន់​ចុង​ស្វាស​របស់​កូន​ប្រុស​នាង យក​ទៅ​ប៉ះ​ភ្លៅ​របស់​ម៉ូសា ទាំង​ពោល​ថា៖ «ដោយ​សារ​ឈាម​នេះ អ្នក​ពិត​ជា​ប្ដី​របស់​ខ្ញុំ!»។ 26ពេល​នោះ អុលឡោះ‌តាអាឡា​ចាក​ចេញ​ពី​ម៉ូសា។ សាទី​សេផូរ៉ា​ពោល​ថា «ដោយ​សារ​ឈាម​នេះ អ្នក​ពិត​ជា​ប្ដី​របស់​ខ្ញុំ!» ដូច្នេះ គឺ​ចង់​សំដៅ​ទៅ​លើ​ការ​ខតាន់។
27 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ហារូន​ថា៖ «ចូរ​ចេញ​ទៅ​ជួប​ម៉ូសា​នៅ​វាល​រហោ‌ស្ថាន»។ ហារូន​ក៏​ចេញ​ទៅ​ជួប​ម៉ូសា​នៅ​ភ្នំ​របស់​អុលឡោះហើយ​ឱប​គាត់។ 28ម៉ូសា​រៀប​រាប់​ប្រាប់​ហារូន អំពី​បន្ទូល​ទាំង​ប៉ុន្មាន​ដែលអុលឡោះ‌តាអាឡា ចាត់​គាត់​ឲ្យ​មក​ប្រកាស់។ គាត់​ក៏​រៀប​រាប់​អំពី​ទី​សំគាល់​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​បង្គាប់​ឲ្យ​គាត់​ធ្វើ​ទៀត​ផង។ 29បន្ទាប់​មក​ម៉ូសា និង​ហារូន​នាំ​គ្នា​ទៅ​ប្រមូល​ចាស់​ទុំ​ទាំង​អស់​របស់​អ៊ីស្រ‌អែល។ 30ហារូន​រៀប​រាប់​អំពី​សេចក្តី​ទាំង​ប៉ុន្មាន ដែលអុលឡោះ‌តាអាឡា​មាន​បន្ទូល​ប្រាប់​ម៉ូសា ព្រម​ទាំង​ធ្វើ​ទី​សំគាល់​ឲ្យ​ប្រជា‌ជន​ឃើញ​ផង។ 31ប្រជា‌ជន​នាំ​គ្នា​ជឿ ហើយ​យល់​ថា អុលឡោះ‌តាអាឡា​បាន​ឃើញ​ទុក្ខ​វេទនា​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ហើយ​ទ្រង់​មក​សង្គ្រោះ​ពួក​គេ។ ពួក​គេ​ក៏​អោន​កាយ ក្រាប​ថ្វាយ‌បង្គំ​ទ្រង់។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in