ណាពីដានីយ៉ែល 4
4
ស្ដេចនេប៊ូក្នេសាសុបិនឃើញដើមឈើមួយដ៏ធំ
1«យើង នេប៊ូក្នេសា ជាស្តេច ជូនចំពោះប្រជាជនទាំងអស់ ចំពោះប្រជាជាតិនានា និងចំពោះមនុស្សគ្រប់ភាសាដែលរស់នៅលើផែនដីទាំងមូល។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខយ៉ាងបរិបូណ៌!
2យើងយល់ឃើញថា គួរតែរៀបរាប់ប្រាប់ឲ្យអ្នករាល់គ្នាដឹងពីទីសំគាល់ និងអំណាចផ្សេងៗដែលអុលឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតបានសំដែងចំពោះយើង។
3ទីសំគាល់របស់ទ្រង់ធំឧត្ដុង្គឧត្ដមណាស់
អំណាចរបស់ទ្រង់
ក៏ប្រកបដោយការអស្ចារ្យដែរ!
រាជ្យរបស់ទ្រង់ជារាជ្យស្ថិតស្ថេរ
អស់កល្បជានិច្ច
ហើយទ្រង់គ្រងរាជ្យអស់កល្បជាអង្វែង
តរៀងទៅ។
4យើង នេប៊ូក្នេសា កំពុងតែរស់នៅយ៉ាងសុខស្រួល ក្នុងបរមរាជវាំងជាមួយក្រុមគ្រួសាររបស់យើង។ 5យើងបានសុបិនធ្វើឲ្យយើងភ័យតក់ស្លុតជាខ្លាំង។ សូម្បីតែនៅលើបន្ទប់សម្រាន្ត យើងនៅតែនឹកគិតអំពីសុបិននេះជានិច្ច ហើយចិត្តយើងខ្វាយខ្វល់ណាស់។ 6យើងឲ្យគេកោះហៅអ្នកប្រាជ្ញទាំងប៉ុន្មាននៅស្រុកបាប៊ីឡូនមកជួបយើង ដើម្បីកាត់ស្រាយសុបិននេះឲ្យយើង។ 7ពេលនោះ ពួកគ្រូមន្តអាគម ពួកហោរា គ្រូទាយ ព្រមទាំងគ្រូធ្មប់ផ្សេងៗបាននាំគ្នាមក។ យើងរៀបរាប់ប្រាប់ពួកគេអំពីសុបិនរបស់យើង ប៉ុន្តែ ពួកគេពុំអាចកាត់ស្រាយអត្ថន័យប្រាប់យើងបានឡើយ។ 8នៅទីបំផុត ដានីយ៉ែលចូលមក (គាត់ក៏មាននាមថា “បេលថិស្សាសារ” តាមនាមព្រះរបស់យើងដែរ) ហើយមានវិញ្ញាណរបស់ព្រះដ៏វិសុទ្ធនៅក្នុងខ្លួន។ យើងបានរៀបរាប់ឲ្យគាត់ដឹងពីសុបិនរបស់យើង ដូចតទៅ: 9“លោកបេលថិស្សាសារ ជាប្រមុខលើពួកគ្រូទាំងអស់អើយ យើងដឹងថា អ្នកមានវិញ្ញាណរបស់ព្រះដ៏វិសុទ្ធនៅក្នុងខ្លួន ហើយអ្នកដឹងការលាក់កំបាំងទាំងអស់។ ហេតុនេះ សុំអ្នកកាត់ស្រាយន័យរបស់និមិត្តហេតុដ៏អស្ចារ្យ ដែលយើងបានឃើញក្នុងសុបិនឲ្យយើងដឹងផង។ 10នៅពេលសម្រាន្ត យើងសុបិនឃើញនិមិត្តហេតុដ៏អស្ចារ្យដូចតទៅ៖
នៅកណ្ដាលផែនដី មានដើមឈើមួយដើម
យ៉ាងខ្ពស់អស្ចារ្យ
11ដើមឈើនេះដុះកាន់តែធំឡើងៗ
ហើយមាំទៀតផង
ចុងរបស់វាខ្ពស់រហូតដល់មេឃ
សូម្បីតែអស់អ្នកដែលរស់នៅទីដាច់ស្រយាល
នៃផែនដីក៏មើលឃើញដើមឈើនេះដែរ។
12ដើមឈើនេះមានស្លឹកខៀវខ្ចី
មានផ្លែយ៉ាងច្រើនបរិបូណ៌
សម្រាប់ចិញ្ចឹមជីវិតមនុស្សទាំងអស់
សត្វនានានាំគ្នាមកជ្រកកោនក្រោមម្លប់របស់វា
បក្សាបក្សីនាំគ្នាមកទំ នៅតាមមែករបស់វា
ហើយសត្វលោកទាំងអស់ទទួលអាហារ
ពីដើមឈើនេះ។
13ក្នុងនិមិត្តហេតុដ៏អស្ចារ្យដែលព្រលឹងយើងបានឃើញនៅពេលសម្រាន្តនោះ គឺមាន:
ម៉ាឡាអ៊ីកាត់ដ៏វិសុទ្ធមួយនាក់ចុះពីលើមេឃមក
14គាត់ស្រែកយ៉ាងខ្លាំងៗថា:
ចូររំលំដើមឈើនេះ និងកាប់មែកវាចោលទៅ
ចូរលះស្លឹក ជំរុះផ្លែរបស់វាឲ្យខ្ចាត់ខ្ចាយ
ឲ្យសត្វទាំងឡាយរត់ចេញពីម្លប់របស់វា
ហើយឲ្យបក្សាបក្សីទាំងឡាយ
ហើរចេញពីមែករបស់វាដែរ!
15ប៉ុន្តែ ត្រូវទុកគល់ និងឫសនៅក្នុងដី
ហើយយកច្រវាក់ដែក និងលង្ហិនមកចងវា
ទុកចោលក្នុងវាលស្មៅ
ឲ្យជោកទឹកសន្សើមដែលធ្លាក់ពីលើមេឃ
ហើយឲ្យវាស៊ីស្មៅដូចសត្វធាតុ។
16ដើមឈើនោះនឹងលែងមានចិត្តជាមនុស្ស
ទៀតហើយ តែមានចិត្តជាសត្វ
រហូតដល់គំរប់ប្រាំពីរខួប។
17នេះជាការប្រកាសរបស់ម៉ាឡាអ៊ីកាត់
ជាការថ្លែងរបស់ពួកអ្នកដ៏វិសុទ្ធ
ដើម្បីមនុស្សទាំងអស់ដឹងថា
ម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតគ្រប់គ្រងលើរាជ្យ
របស់មនុស្សលោក
ទ្រង់ប្រគល់រាជសម្បត្តិទៅនរណាក៏បាន
ស្រេចតែចិត្តរបស់ទ្រង់
ហើយទ្រង់លើកអ្នកដែលទន់ទាបជាងគេ
ឲ្យឡើងគ្រងរាជ្យក៏បាន។
18នេះជាសុបិនដែលយើង ស្ដេចនេប៊ូក្នេសា បាននិមិត្តឃើញ។ ឥឡូវនេះ សុំលោកបេលថិស្សាសារកាត់ស្រាយអត្ថន័យឲ្យយើងបានដឹងផង ដ្បិតក្នុងចំណោមអ្នកប្រាជ្ញទាំងអស់នៅនគររបស់យើង គ្មាននរណាអាចកាត់ស្រាយបានទេ គឺមានតែលោកម្នាក់ប៉ុណ្ណោះទើបកាត់ស្រាយបាន ព្រោះអ្នកមានវិញ្ញាណរបស់ព្រះដ៏វិសុទ្ធនៅក្នុងខ្លួន”»។
ណាពីដានីយ៉ែលកាត់ស្រាយសុបិនរបស់ស្ដេច
19ពេលនោះ ដានីយ៉ែល ហៅបេលថិស្សាសារក៏តក់ស្លុតអស់មួយសន្ទុះ ដ្បិតការលាក់កំបាំងដែលគាត់ដឹងនៅក្នុងចិត្តគំនិត នាំឲ្យគាត់ភ័យរន្ធត់ជាខ្លាំង។ ស្តេចមានប្រសាសន៍មកកាន់គាត់សាជាថ្មីថា៖ «លោកបេលថិស្សាសារអើយ សូមកុំភ័យរន្ធត់ ព្រោះតែសុបិននេះ និងអត្ថន័យរបស់វាអី!»។ លោកបេលថិស្សាសារជម្រាបស្ដេចថា៖ «សូមជម្រាបស្តេច សូមឲ្យសុបិននេះធ្លាក់ទៅលើខ្មាំងសត្រូវរបស់ស្តេច ហើយឲ្យន័យរបស់វាធ្លាក់ទៅលើបច្ចាមិត្តរបស់ស្តេចវិញ! 20ស្តេចបានឃើញដើមឈើដែលដុះកាន់តែធំឡើង មាំមួន និងមានចុងខ្ពស់ដល់មេឃ ហើយអស់អ្នកនៅតាមទីដាច់ស្រយាលនៃផែនដីក៏មើលឃើញដែរ។ 21ដើមឈើនេះមានស្លឹកខៀវខ្ចី មានផ្លែដ៏បរិបូណ៌ ធ្វើជាអាហារសម្រាប់សត្វលោកទាំងអស់ និងជំរកដល់សត្វទាំងឡាយ ហើយមានបក្សាបក្សីមកទំនៅតាមមែកទៀតផង។ 22ដើមឈើនោះគឺស្តេចផ្ទាល់! ស្តេចបានចំរើនឡើង និងមានឫទ្ធិអំណាចក្រៃលែង ឋានៈរបស់ស្តេចខ្ពង់ខ្ពស់រហូតដល់មេឃ។ ស្តេចគ្រប់គ្រងរហូតដល់ទីដាច់ស្រយាលនៃផែនដី។
23បន្ទាប់មក ស្តេចឃើញម៉ាឡាអ៊ីកាត់ដ៏វិសុទ្ធ ដែលចុះពីលើមេឃមកពោលថា “ចូរកាប់រំលំដើមឈើនេះចោលទៅ ប៉ុន្តែ ត្រូវទុកគល់ និងឫសនៅក្នុងដី ហើយយកច្រវាក់ដែក និងលង្ហិនមកចងវាទុក ចោលនៅក្នុងវាលស្មៅ ឲ្យជោកដោយទឹកសន្សើមធ្លាក់ពីលើមេឃ ហើយឲ្យវាស៊ីស្មៅដូចសត្វធាតុ រហូតដល់គំរប់ប្រាំពីរខួប”។ 24សូមជម្រាប សុបិនរបស់ស្តេចមានន័យបែបនេះ គឺម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតបានសម្រេចចំពោះស្តេចដូចតទៅ: 25គេនឹងដេញស្តេចចេញពីចំណោមមនុស្ស ស្តេចនឹងទៅនៅជាមួយសត្វព្រៃ ហើយគេនឹងយកស្មៅមកជូនស្តេចពិសាដូចគោដែរ។ រូបកាយរបស់ស្តេចនឹងជោកដោយទឹកសន្សើម ដែលធ្លាក់ចុះពីលើមេឃរហូតដល់គំរប់ប្រាំពីររយៈកាល គឺទាល់តែស្តេចទទួលស្គាល់ថា អុលឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតគ្រប់គ្រងលើរាជសម្បត្តិរបស់មនុស្សលោក ហើយទ្រង់ប្រគល់រាជសម្បត្តិទៅនរណាក៏បាន ស្រេចតែចិត្តរបស់ទ្រង់។ 26រីឯបញ្ជាឲ្យទុកគល់ឈើ និងឫសនោះមានន័យថា គេនឹងជូនរាជសម្បត្តិមកស្តេចវិញ នៅពេលស្តេចទទួលស្គាល់អុលឡោះ។ 27ហេតុនេះ សូមជម្រាបស្តេច សូមស្តេចប្រោសមេត្តាឲ្យខ្ញុំជូនយោបល់ចំពោះស្តេចដូចតទៅ គឺសូមស្តេចលះបង់អំពើបាប និងកំហុសផ្សេងៗ ហើយប្រព្រឹត្តអំពើសុចរិត និងសំដែងចិត្តអាណិតអាសូរចំពោះមនុស្សទុគ៌តវិញ ធ្វើដូច្នេះស្តេចនឹងបានសុខក្សេមក្សាន្តតទៅមុខទៀត»។
28ក្រោយមក ហេតុការណ៍ទាំងនោះកើតមានដល់ស្តេចនេប៊ូក្នេសាមែន 29គឺដប់ពីរខែកន្លងមក ពេលស្ដេចកំពុងតែដើរក្នុងបរមរាជវាំងនៅក្រុងបាប៊ីឡូន 30ស្តេចមានប្រសាសន៍ថា៖ «ដោយសារឫទ្ធិអំណាចរបស់យើង យើងសង់ក្រុងបាប៊ីឡូនមហានគរនេះឡើង ជាដំណាក់របស់យើង ដើម្បីបង្ហាញកិត្តិយស និងសិរីរុងរឿងរបស់យើង»។ 31ពេលស្ដេចមានប្រសាសន៍មិនទាន់ចប់ផង ស្រាប់តែមានឮសំឡេងពីលើមេឃមកថា៖ «នេប៊ូក្នេសាអើយ អ្នកបាត់បង់រាជសម្បត្តិហើយ ដូចមានសេចក្ដីថ្លែងទុកពីអ្នកស្រាប់។ 32គេនឹងដេញអ្នកចេញពីចំណោមមនុស្សលោក ឲ្យទៅរស់នៅជាមួយសត្វព្រៃ ហើយគេនឹងឲ្យអ្នកស៊ីស្មៅដូចគោ រហូតដល់គំរប់ប្រាំពីររយៈកាល គឺទាល់តែអ្នកទទួលស្គាល់ថា អុលឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតគ្រប់គ្រងលើរាជសម្បត្តិមនុស្សលោក ហើយទ្រង់ប្រគល់រាជសម្បត្តិទៅនរណាក៏បាន ស្រេចតែចិត្តរបស់ទ្រង់»។
33រំពេចនោះ ហេតុការណ៍ក៏កើតឡើងចំពោះស្តេចនេប៊ូក្នេសាមែន។ គេដេញស្ដេចចេញពីចំណោមមនុស្ស ស្តេចពិសាស្មៅដូចគោ រូបកាយទទឹកជោកទៅដោយទឹកសន្សើមដែលធ្លាក់ចុះពីលើមេឃ សក់របស់ស្ដេចដុះឡើងដូចស្លាបឥន្ទ្រី ហើយក្រចករបស់ស្តេចប្រៀបបាននឹងក្រចកសត្វស្លាប។
34«លុះពេលកំណត់កន្លងផុតទៅ យើងនេប៊ូក្នេសាងើបមុខឡើងទៅលើមេឃ ហើយយើងក៏ដឹងស្មារតីឡើងវិញ។ យើងក៏អរគុណអុលឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត យើងសរសើរ និងលើកតម្កើងទ្រង់ដែលនៅអស់កល្បជានិច្ច។ អំណាចគ្រប់គ្រងរបស់ទ្រង់នៅស្ថិតស្ថេរអស់កល្បជានិច្ច ទ្រង់គ្រងរាជ្យអស់កល្បជាអង្វែងតរៀងទៅ។ 35មនុស្សទាំងអស់នៅផែនដីដូចជាគ្មានតម្លៃអ្វីសោះ។ ទ្រង់ប្រព្រឹត្តចំពោះពួកម៉ាឡាអ៊ីកាត់ និងចំពោះមនុស្សលោក តាមបំណងរបស់ទ្រង់ គ្មាននរណាម្នាក់អាចប្រឆាំងនឹងកិច្ចការរបស់ទ្រង់ ដោយពោលថា “ម្ដេចក៏ទ្រង់ធ្វើដូច្នេះ?” បានឡើយ។
36នៅគ្រានោះ យើងបានដឹងស្មារតីឡើងវិញ គេក៏បានប្រគល់កិត្តិយសរាជសម្បត្តិសិរីរុងរឿង និងភាពថ្កុំថ្កើងមកយើងវិញ ហើយក្រុមប្រឹក្សា និងនាម៉ឺនមន្ត្រីរបស់យើងក៏បានសុំឲ្យយើងវិលមកកាន់កាប់អំណាច គេលើកយើងឲ្យគ្រងរាជ្យឡើងវិញ ហើយយើងក៏បានថ្កុំថ្កើងកាន់តែខ្លាំងឡើង។
37ឥឡូវនេះ យើងនេប៊ូក្នេសា សូមសរសើរ កោតស្ញប់ស្ញែង និងលើកតម្កើងសិរីរុងរឿងម្ចាស់នៃសូរ៉កា ដ្បិតស្នាដៃរបស់ទ្រង់សុទ្ធតែត្រឹមត្រូវ មាគ៌ារបស់ទ្រង់សុទ្ធតែសុចរិត ហើយទ្រង់អាចបន្ទាបអស់អ្នកដែលវាយឫកខ្ពស់»។
Currently Selected:
ណាពីដានីយ៉ែល 4: អគត
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2014 United Bible Societies, UK.