YouVersion Logo
Search Icon

ណាពី​ដានី‌យ៉ែល 3

3
ស្ដេច​ចេញ​បញ្ជា​ឲ្យ​ថ្វាយ‌បង្គំ​រូប​បដិមា
1ស្តេច​នេប៊ូ‌ក្នេសា​បាន​កសាង​រូប​បដិមា​មួយ​ពី​មាស មាន​កំពស់​ហុក‌សិប​ហត្ថ និង​ទទឹង​ប្រាំ​មួយ​ហត្ថ។ ស្តេច​ដំឡើង​រូប​នោះ​នៅ​វាល​ទំនាប​ឌូរ៉ា ក្នុង​អាណា‌ខេត្ត​បាប៊ី‌ឡូន។ 2ស្តេច​នេប៊ូ‌ក្នេសា​ចាត់​គេ​ឲ្យ​ទៅ​ប្រមូល​មេ‌ទ័ព មន្ត្រី​រដ្ឋ‌បាល ចៅហ្វាយ​ខេត្ត មន្ត្រី​តុលា‌ការ មន្ត្រី​រក្សា​រាជ្យ​ទ្រព្យ រាជ​អាជ្ញា ចៅ‌ក្រម និង​នាម៉ឺន​សព្វ​មុខ​មន្ត្រី​នៅ​តាម​អាណា‌ខេត្ត​នានា​មក​ចូល​រួម​ក្នុង​ពិធី​សម្ពោធ​រូប​បដិមា​ដែល​ស្តេច​បាន​កសាង។ 3ពេល​នោះ ពួក​មេ‌ទ័ព មន្ត្រី​រដ្ឋ‌បាល ចៅហ្វាយ​ខេត្ត មន្ត្រី​តុលា‌ការ មន្ត្រី​រក្សា​រាជ្យ​ទ្រព្យ រាជ​អាជ្ញា ចៅ‌ក្រម និង​នាម៉ឺន​សព្វ​មុខ​មន្ត្រី​នៅ​តាម​អាណា‌ខេត្ត​នានា​ក៏​មក​ជួប‌ជុំ​គ្នា ដើម្បី​ប្រារព្ធ​ពិធី​សម្ពោធ​រូប​បដិមា​ដោយ​នាំ​គ្នា​ឈរ​នៅ​មុខ​រូប​ដែល​ស្ដេច​នេប៊ូ‌ក្នេសា​បាន​កសាង​នោះ។ 4មាន​អាមាត្យ​ម្នាក់​ស្រែក​ឡើង​យ៉ាង​ខ្លាំងៗ​ថា៖ «ប្រជា‌ជន​ទាំង‌ឡាយ ជាតិ​សាសន៍​ទាំង‌ឡាយ និង​មនុស្ស​គ្រប់​ភាសា​អើយ! ចូរ​ស្ដាប់​រាជ​បញ្ជា! 5ពេល​ណា​អ្នក​រាល់​គ្នា​ឮ​សំឡេង​ស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី គែន និង​តន្ត្រី​គ្រប់​យ៉ាង ត្រូវ​នាំ​គ្នា​អោន​កាយ​ក្រាប​ថ្វាយ‌បង្គំ​រូប​ចម្លាក់​មាស ដែល​ស្តេច​នេប៊ូ‌ក្នេសា​បាន​កសាង។ 6អ្នក​ណា​មិន​ក្រាប​ថ្វាយ‌បង្គំ អ្នក​នោះ​នឹង​ត្រូវ​បោះ​ភ្លាមៗ​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោ‌សន្ធៅ»។ 7ហេតុ​នេះ ពេល​បាន​ឮ​សំឡេង​ស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី និង​តន្ដ្រី​គ្រប់​យ៉ាង ប្រជា‌ជន​ទាំង‌ឡាយ ជាតិ​សាសន៍​ទាំង‌ឡាយ និង​មនុស្ស​គ្រប់​ភាសា អោន​កាយ​ក្រាប​ថ្វាយ‌បង្គំ​រូប​បដិមា​មាស​ដែល​ស្តេច​នេប៊ូ‌ក្នេសា​បាន​កសាង។
មិត្ត‌ភក្ដិ​ណាពី​ដានី‌យ៉ែល​បដិសេធ​មិន​ថ្វាយ‌បង្គំ​រូប​បដិមា
8នៅ​ក្នុង​ពេល​ជា​មួយ​គ្នា​នោះ មាន​ជន‌ជាតិ​ខាល់ដេ​ខ្លះ​នាំ​គ្នា​ចូល​ទៅ​ប្ដឹង ដើម្បី​ចោទ​ប្រកាន់​ជន‌ជាតិ​យូដា។ 9ពួក​គេ​ជម្រាប​ស្តេច​នេប៊ូ‌ក្នេសា​ថា៖ «ស្តេច​អើយ! សូម​ស្តេច​មាន​អាយុ​ជា​អង្វែង​ត​រៀង​ទៅ! 10ស្តេច​អើយ! ស្តេច​បាន​ចេញ​បញ្ជា​ឲ្យ​មនុស្ស​ទាំង​អស់​អោន​កាយ​ក្រាប​ថ្វាយ‌បង្គំ​រូប​បដិមា​មាស នៅ​ពេល​គេ​ឮ​សំឡេង​ស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី​គែន និង​តន្ត្រី​គ្រប់​យ៉ាង។ 11តាម​បញ្ជា​នេះ អ្នក​ណា​មិន​អោន​កាយ​ក្រាប​ថ្វាយ‌បង្គំ​ទេ អ្នក​នោះ​នឹង​ត្រូវ​បោះ​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោ‌សន្ធៅ។ 12សូម​ជម្រាប​ស្តេច មាន​ជន‌ជាតិ​យូដា​ខ្លះ​ដែល​ស្តេច​តែង‌តាំង​ឲ្យ​គ្រប់‌គ្រង​លើ​អាណា‌ខេត្ត​បាប៊ី‌ឡូន គឺ​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ ពុំ​បាន​គោរព​តាម​រាជ​បញ្ជា​ទេ។ អ្នក​ទាំង​នោះ​មិន​គោរព​បម្រើ​ព្រះ​របស់​ស្តេច ហើយ​ក៏​មិន​ក្រាប​ថ្វាយ‌បង្គំ​រូប​បដិមា​ដែល​ស្តេច​បាន​កសាង​នោះ​ដែរ»។ 13ពេល​នោះ ស្តេច​នេប៊ូ‌ក្នេសា​ខឹង ហើយ​ក្ដៅ​ក្រហាយ​ជា​ខ្លាំង ស្តេច​ក៏​ចេញ​បញ្ជា​ឲ្យ​គេ​នាំ​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ​មក។ គេ​ក៏​នាំ​អ្នក​ទាំង​បី​មក​ជួប​ស្តេច។ 14ស្តេច​នេប៊ូ‌ក្នេសា​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​ទាំង​បី​ថា៖ «សាដ្រាក់ មែសាក់ និង​អបេឌ-នេកោ ពួក​អ្នក​ពិត​ជា​មិន​គោរព​បម្រើ​ព្រះ​របស់​យើង ហើយ​មិន​ព្រម​ក្រាប​ថ្វាយ‌បង្គំ​រូប​បដិមា​មាស ដែល​យើង​បាន​កសាង​មែន​ឬ? 15ឥឡូវ​នេះ ចូរ​ប្រុង​ប្រៀប​ខ្លួន​ទៅ! ពេល​ពួក​អ្នក​ឮ​សំឡេង​ស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី គែន និង​តន្ត្រី​គ្រប់​យ៉ាង ពួក​អ្នក​ត្រូវ​តែ​អោន​កាយ​ក្រាប​ថ្វាយ‌បង្គំ​រូប​បដិមា​ដែល​យើង​បាន​កសាង​នេះ ប្រសិន​បើ​ពួក​អ្នក​មិន​ក្រាប​ថ្វាយ‌បង្គំ​ទេ យើង​នឹង​ឲ្យ​គេ​បោះ​ពួក​អ្នក​ភ្លាម ទៅ​ក្នុង​ភ្លើង ដែល​ឆេះ​យ៉ាង​សន្ធោ‌សន្ធៅ គ្មាន​ព្រះ​ណា​អាច​ជួយ​ពួក​អ្នក​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​បាន​ឡើយ!»។
16លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ ជម្រាប​ស្តេច​នេប៊ូ‌ក្នេសា​វិញ​ថា៖ «យើង​ខ្ញុំ​មិន​បាច់​ឆ្លើយ​នឹង​ស្តេច​អំពី​រឿង​នេះ​ទេ។ 17សូម​ជម្រាប​ស្តេច​ថា អុលឡោះ​ជា​ម្ចាស់​ដែល​យើង​ខ្ញុំ​គោរព​បម្រើ ពិត​ជា​អាច​រំដោះ​យើង​ខ្ញុំ គឺ​ទ្រង់​នឹង​រំដោះ​យើង​ខ្ញុំ​ឲ្យ​រួច​ពី​ភ្លើង​ដ៏​សន្ធោ‌សន្ធៅ និង​ឲ្យ​យើង​ខ្ញុំ រួច​ពី​ដៃ​របស់​ស្តេច​ជា​មិន​ខាន។ 18ទោះ​បី​អុលឡោះ​មិន​រំដោះ​យើង​ខ្ញុំ​ក្តី សូម​ស្តេច​ជ្រាប​ឲ្យ​បាន​ច្បាស់​ថា យើង​ខ្ញុំ​មិន​ព្រម​គោរព​បម្រើ​ព្រះ​ទាំង​ប៉ុន្មាន​របស់​ស្តេច​ឡើយ ហើយ​យើង​ខ្ញុំ​ក៏​មិន​ព្រម​ក្រាប​ថ្វាយ‌បង្គំ​រូប​បដិមា​មាស​ដែល​ស្តេច​បាន​កសាង​នេះ​ដែរ»។ 19ពេល​នោះ ស្តេច​នេប៊ូ‌ក្នេសា​ខឹង​នឹង​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ​យ៉ាង​ខ្លាំង មុខ​របស់​ស្តេច​បាន​ផ្លាស់​ប្រែ។ ស្តេច​ក៏​បញ្ជា​ឲ្យ​គេ​ដុត​ឡ​ភ្លើង​ឲ្យ​ក្ដៅ​ជាង​ធម្មតា​ប្រាំ‌ពីរ​ដង 20រួច​បញ្ជា​ទាហាន​ខ្លះ​ដែល​មាន​កម្លាំង​ខ្លាំង‌ក្លា​ឲ្យ​ចាប់​ចង​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ ទម្លាក់​ទៅ​ក្នុង​ឡ​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោ‌សន្ធៅ។ 21គេ​ចង​អ្នក​ទាំង​បី ដោយ​ទុក​សម្លៀក‌បំពាក់ ទាំង​ក្នុង​ទាំង​ក្រៅ​ជាប់​នឹង​ខ្លួន និង​ឆ្នួត​ផង រួច​បោះ​ទៅ​ក្នុង​ឡ​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោ‌សន្ធៅ 22ដោយ‌សារ​រាជ​បញ្ជា​ដ៏​តឹង‌តែង គេ​បាន​ដុត​ភ្លើង​យ៉ាង​ក្ដៅ​បំផុត រហូត​ដល់​ធ្វើ​ឲ្យ​ទាហាន​ដែល​ចាប់​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ បោះ​ទៅ​ក្នុង​ភ្លើង​នោះ​ត្រូវ​ស្លាប់។ 23ពេល​នោះ អ្នក​ទាំង​បី គឺ​សាដ្រាក់ មែសាក់ និង​អេបេឌ-‌នេកោ ធ្លាក់​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោ‌សន្ធៅ។
អុលឡោះ​សង្គ្រោះ​មិត្ត‌ភក្ដិ​ណាពី​ដានី‌យ៉ែល​ពី​ភ្លើង
24ពេល​នោះ ស្តេច​នេប៊ូ‌ក្នេសា​រន្ធត់​ចិត្ត​ជា​ខ្លាំង គាត់​ប្រញាប់‌ប្រញាល់​ក្រោក​ឈរ​ឡើង សួរ​ក្រុម​ប្រឹក្សា​ថា៖ «តើ​យើង​បាន​បោះ​មនុស្ស​បី​នាក់​ដែល​ជាប់​ចំណង​ទៅ​ក្នុង​ភ្លើង​មែន​ឬ​មិន​មែន?»។ ពួក​គេ​ជម្រាប​ស្តេច​ថា៖ «ពិត​មែន​ហើយ ស្តេច!»។ 25ស្តេច​សួរ​ទៀត​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​យើង​ឃើញ​មនុស្ស​បួន​នាក់ គ្មាន​ជាប់​ចំណង​កំពុង​តែ​ដើរ​នៅ​ក្នុង​ភ្លើង ដោយ​ឥត​រលាក​សោះ​ដូច្នេះ? រីឯ​អ្នក​ទី​បួន មាន​ទ្រង់‌ទ្រាយ​ដូច​បុត្រា​របស់​ព្រះ»។ 26ស្តេច​នេប៊ូ‌ក្នេសា​ចូល​ទៅ​ជិត​ឡ​ភ្លើង មាន​ប្រសាសន៍​ថា៖ «លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ ជា​អ្នក​បម្រើ​របស់​អុលឡោះ​ជា​ម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​អើយ ចូរ​នាំ​គ្នា​ចេញ​មក!»។ លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ​ក៏​នាំ​គ្នា​ចេញ​ពី​ក្នុង​ភ្លើង។
27ពេល​នោះ ពួក​មេ‌ទ័ព មន្ត្រី​រដ្ឋ‌បាល ចៅហ្វាយ​ខេត្ត និង​ក្រុម​ប្រឹក្សា​ស្តេច ក៏​រួម​ប្រជុំ​គ្នា ពួក​គេ​ឃើញ​ថា ភ្លើង​ពុំ​មាន​អំណាច​អ្វី​លើ​រូប​កាយ​របស់​បុរស​ទាំង​បី​សោះ សក់​ក្បាល​របស់​អ្នក​ទាំង​បី​ក៏​មិន​ឆេះ ហើយ​សូម្បី​តែ​សម្លៀក‌បំពាក់​របស់​គេ​ពុំ​ខូច​ខាត ឬ​ធុំ​ក្លិន​ឈ្ងៀម​ដែរ។ 28ស្តេច​នេប៊ូ‌ក្នេសា​មាន​ប្រសាសន៍​ទៀត​ថា៖ «សូម​សរសើរ​តម្កើង​អុលឡោះ​ជា​ម្ចាស់​របស់​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ ដែល​បាន​ចាត់​ម៉ាឡា‌អ៊ីកាត់​ឲ្យ​មក​រំដោះ​អ្នក​បម្រើ​របស់​ទ្រង់។ អ្នក​ទាំង​បី​បាន​ទុក​ចិត្ត​លើ​អុលឡោះ ហើយ​មិន​ព្រម​ធ្វើ​តាម​បញ្ជា​របស់​ស្តេច​ទេ តែ​សុខ​ចិត្ត​លះបង់​ជីវិត​ជា​ជាង​គោរព​បម្រើ និង​ថ្វាយ‌បង្គំ​ព្រះ​ផ្សេង​ក្រៅ​ពី​អុលឡោះ​ជា​ម្ចាស់​របស់​ខ្លួន! 29ឥឡូវ​នេះ យើង​សុំ​ចេញ​បញ្ជា​ដូច​ត​ទៅ: មនុស្ស​ទាំង​អស់ ទោះ​បី​មក​ពី​ស្រុក​ណា ជាតិ​សាសន៍​អ្វី ហើយ​និយាយ​ភាសា​អ្វី​ក៏​ដោយ ឲ្យ​តែ​ហ៊ាន​និយាយ​ប្រមាថ​អុលឡោះ​ជា​ម្ចាស់​របស់​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ ត្រូវ​តែ​ទទួល​ទោស​ដល់​ជីវិត ហើយ​ផ្ទះ​របស់​គេ​នឹង​ត្រូវ​ដុត​ឲ្យ​ទៅ​ជា​ផេះ ដ្បិត​គ្មាន​ព្រះ​ណា​អាច​រំដោះ​មនុស្ស​ដូច​អុលឡោះ​ទេ»។ 30បន្ទាប់​មក ស្តេច​ប្រោស​ប្រទាន​ឲ្យ​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ មាន​បុណ្យ​ស័ក្ដិ​កាន់​តែ​ខ្ពង់‌ខ្ពស់​ឡើង នៅ​ក្នុង​អាណា‌ខេត្ត​បាប៊ី‌ឡូន។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in