ណាពីដានីយ៉ែល 2
2
សុបិននិមិត្តរបស់ស្តេចនេប៊ូក្នេសា
1នៅឆ្នាំទីពីរនៃរជ្ជកាលស្តេចនេប៊ូក្នេសា គាត់បានយល់សុបិននិមិត្ត ដែលធ្វើឲ្យគាត់ខ្វល់ចិត្ត មិនអាចសម្រាន្តលក់ទៀតបានឡើយ។ 2ស្តេចបានកោះហៅពួកគ្រូមន្តអាគម ហោរា គ្រូធ្មប់ និងគ្រូទាយមក ដើម្បីកាត់ស្រាយសុបិនជូនស្តេច គេក៏នាំគ្នាចូលមកជួបស្ដេច។ 3ស្តេចមានប្រសាសន៍ថា៖ «យើងបានសុបិននិមិត្ត ហើយខ្វល់ខ្វាយក្នុងចិត្តណាស់ ព្រោះយើងចង់ដឹងថាបានសុបិនឃើញអ្វី»។ 4ពួកគ្រូទាយជម្រាបស្ដេចវិញជាភាសាអារ៉ាមថា៖ «សូមស្តេចរស់នៅអស់កល្បជាយូរអង្វែងតរៀងទៅអើយ! សូមស្តេចមានប្រសាសន៍ឲ្យយើងខ្ញុំដឹងផងថាស្តេចសុបិនយ៉ាងណា យើងខ្ញុំនឹងកាត់ស្រាយអត្ថន័យជូន»។ 5ស្តេចមានប្រសាសន៍ទៅកាន់គ្រូទាយទាំងនោះវិញថា៖ «យើងបានសម្រេចចិត្តដូចតទៅ: ប្រសិនបើអ្នករាល់គ្នាមិនប្រាប់ឲ្យយើងដឹងអំពីសុបិន ព្រមទាំងកាត់ស្រាយអត្ថន័យទេនោះ យើងនឹងកាប់ចិញ្ច្រាំអ្នករាល់គ្នា ហើយដុតផ្ទះអ្នករាល់គ្នាឲ្យទៅជាផេះទៀតផង។ 6ផ្ទុយទៅវិញ ប្រសិនបើអ្នករាល់គ្នាប្រាប់ឲ្យយើងដឹងអំពីសុបិន ព្រមទាំងកាត់ស្រាយន័យ យើងនឹងឲ្យរង្វាន់ដ៏មានតម្លៃ និងយសស័ក្ដិដ៏ខ្ពង់ខ្ពស់ដល់អ្នករាល់គ្នាទៀតផង។ ដូច្នេះ អ្នករាល់គ្នាត្រូវតែប្រាប់ឲ្យយើងដឹងអំពីសុបិន និងអត្ថន័យរបស់វា»។ 7ពួកគេជម្រាបស្តេចសាជាថ្មីថា៖ «សូមស្តេចប្រាប់យើងខ្ញុំឲ្យដឹងពីសុបិននោះមក យើងខ្ញុំនឹងកាត់ស្រាយអត្ថន័យជូន»។ 8ស្តេចមានប្រសាសន៍ទៅពួកគេវិញថា៖ «យើងដឹងច្បាស់ណាស់ថា អ្នករាល់គ្នាចង់ពន្យារពេល ព្រោះតែយើងបានសម្រេចដូច្នេះ 9គឺប្រសិនបើអ្នករាល់គ្នាមិនប្រាប់ឲ្យយើងដឹងអំពីសុបិននេះទេ យើងនឹងធ្វើទោសអ្នករាល់គ្នាមិនខាន។ អ្នករាល់គ្នាបានឃុបឃិតគ្នា ប្រឌិតរឿងក្លែងក្លាយបញ្ឆោតយើង ដើម្បីឲ្យបានចំណេញពេល។ ឥឡូវនេះ ត្រូវប្រាប់ឲ្យយើងដឹងអំពីសុបិនមក នោះយើងនឹងឃើញថា អ្នករាល់គ្នាពិតជាអាចបកស្រាយអត្ថន័យប្រាប់យើងមែន!»។ 10គ្រូទាយទាំងនោះជម្រាបស្តេចថា៖ «ស្តេច នៅលើផែនដី ពុំមាននរណាម្នាក់អាចធ្វើតាមបញ្ជារបស់ស្តេចបានឡើយ។ គ្មានស្ដេចណាមួយ ទោះបីជាស្ដេចដ៏ធំឧត្ដុង្គឧត្ដម និងមានឫទ្ធិអំណាចយ៉ាងណាក្ដី ធ្លាប់បង្ខំគ្រូមន្តអាគម ហោរា និងគ្រូទាយឲ្យធ្វើការអ្វីដូចស្តេចបានបង្គាប់នេះទេ។ 11ស្តេចបញ្ជាដូច្នេះហួសពីសមត្ថភាពដែលមនុស្សអាចធ្វើបាន ក្រៅពីព្រះដែលមិនស្ថិតនៅក្នុងចំណោមសត្វលោកនេះ គ្មាននរណាម្នាក់អាចធ្វើតាមបញ្ជារបស់ស្តេចបានទេ»។
12ពេលឮដូច្នេះ ស្តេចខឹងយ៉ាងខ្លាំងឥតឧបមា ស្តេចក៏ចេញបញ្ជាឲ្យគេប្រហារជីវិតអ្នកប្រាជ្ញទាំងប៉ុន្មាននៅស្រុកបាប៊ីឡូន។ 13គេបានប្រកាសផ្សាយរាជបញ្ជា ហើយពួកអ្នកប្រាជ្ញត្រូវគេនាំយកទៅ បម្រុងនឹងប្រហារជីវិត។ គេក៏រកចាប់ដានីយ៉ែល និងមិត្តភក្ដិរបស់គាត់យកទៅសម្លាប់ដែរ។
អុលឡោះបំភ្លឺណាពីដានីយ៉ែលឲ្យដឹងអំពីសុបិននិមិត្ត និងអត្ថន័យ
14លោកអើយ៉ុក ជាមេបញ្ជាការកងរក្សាស្តេចទទួលបន្ទុកចាប់អ្នកប្រាជ្ញស្រុកបាប៊ីឡូនយកទៅប្រហារជីវិត។ ពេលនោះដានីយ៉ែលបានសាកសួរដោយប្រុងប្រយ័ត្ន និងវាងវៃថា៖ 15«ហេតុដូចម្ដេចបានជាស្តេចចេញបញ្ជាតឹងរ៉ឹងបែបនេះ?»។ លោកអើយ៉ុកក៏រៀបរាប់រឿងហេតុប្រាប់ដានីយ៉ែល។
16ដានីយ៉ែលទៅជួបស្តេច សូមពន្យារពេល ដើម្បីទុកឲ្យគាត់ពន្យល់អត្ថន័យនៃសុបិនជូន។ 17បន្ទាប់មក គាត់ទៅផ្ទះវិញ ជម្រាបលោកហាណានា លោកមីសាអែល និងលោកអសារាជាមិត្តភក្ដិឲ្យបានជ្រាបពីហេតុការណ៍នេះ 18ហើយបបួលគ្នាទូរអាអង្វរអុលឡោះជាម្ចាស់នៃសូរ៉កា សូមទ្រង់អាណិតមេត្តាបំភ្លឺគាត់ឲ្យយល់អាថ៌កំបាំងនេះ កុំឲ្យគេប្រហារជីវិតគាត់ និងមិត្តភក្ដិ ព្រមទាំងអ្នកប្រាជ្ញឯទៀតៗនៅស្រុកបាប៊ីឡូនឡើយ។
19ពេលនោះ អុលឡោះបានបំភ្លឺដានីយ៉ែលឲ្យដឹងការអាថ៌កំបាំងនេះ តាមរយៈនិមិត្តហេតុដ៏អស្ចារ្យនៅពេលយប់។ ដានីយ៉ែលក៏លើកតម្កើងអុលឡោះជាម្ចាស់នៃសូរ៉កា។ 20គាត់ពោលថា៖
«សូមលើកតម្កើងនាមអុលឡោះ
អស់កល្បជាអង្វែងតរៀងទៅ!
21ទ្រង់ប្រកបដោយប្រាជ្ញាញាណ
និងអំណាច
ទ្រង់ធ្វើឲ្យពេលវេលា និងរដូវកាល
ផ្លាស់ប្ដូរជាបន្តបន្ទាប់គ្នា
ទ្រង់ទម្លាក់ស្ដេចនានាពីរាជបល្ល័ង្ក
ទ្រង់លើកស្ដេចនានាឲ្យឡើងគ្រងរាជ្យ
ទ្រង់ប្រទានប្រាជ្ញាដល់ពួកអ្នកប្រាជ្ញ
និងប្រទានចំណេះដល់អ្នកដែលចេះពិចារណា
22ទ្រង់សំដែងឲ្យស្គាល់អ្វីៗ
ដែលមានអត្ថន័យជ្រៅជ្រះ និងលាក់កំបាំង
ទ្រង់ឈ្វេងយល់អ្វីៗដែលស្ថិតនៅក្នុងភាពងងឹត
ដ្បិតមានពន្លឺស្ថិតនៅជាមួយទ្រង់។
23អុលឡោះជាម្ចាស់នៃបុព្វបុរសរបស់ខ្ញុំអើយ!
ខ្ញុំសូមសរសើរ និងលើកតម្កើងទ្រង់
ព្រោះទ្រង់ប្រទានប្រាជ្ញា និងកម្លាំងមកខ្ញុំ។
ទ្រង់បានសំដែងឲ្យខ្ញុំស្គាល់នូវអ្វីៗ
ដែលយើងខ្ញុំសូមពីទ្រង់
ហើយទ្រង់ក៏បានសំដែងឲ្យយើងដឹង
អំពីហេតុការណ៍ដែលនឹងកើតមានដល់
ស្តេចដែរ»។
24បន្ទាប់មក ដានីយ៉ែលទៅជួបលោកអើយ៉ុក ដែលទទួលបញ្ជាពីស្ដេចក្នុងការប្រហារជីវិតពួកអ្នកប្រាជ្ញនៅស្រុកបាប៊ីឡូន។ គាត់ប្រាប់លោកអើយ៉ុកថា៖ «សូមកុំប្រហារជីវិតអ្នកប្រាជ្ញរបស់ស្រុកបាប៊ីឡូនឡើយ តែសូមនាំខ្ញុំចូលទៅជួបស្តេចវិញ ខ្ញុំនឹងកាត់ស្រាយអត្ថន័យសុបិនជូន»។ 25លោកអើយ៉ុកក៏ប្រញាប់ប្រញាល់នាំដានីយ៉ែលទៅជួបស្តេច ហើយជម្រាបថា៖ «ខ្ញុំរកបានបុរសម្នាក់ ក្នុងចំណោមជនជាតិយូដាដែលស្តេចជន្លៀសយកមក គាត់អាចកាត់ស្រាយអត្ថន័យនៃសុបិនជូនស្តេចបាន»។
សុបិនរបស់ស្តេចអំពីរូបចម្លាក់ដែលមានក្បាលជាមាស
26ស្តេចបានសួរដានីយ៉ែល ហៅបេលថិស្សាសារថា៖ «តើអ្នកពិតជាអាចធ្វើឲ្យយើងនឹកឃើញសុបិនដែលយើងបាននិមិត្ត ព្រមទាំងកាត់ស្រាយអត្ថន័យបានមែនឬ?»។ 27ដានីយ៉ែលជម្រាបស្តេចវិញថា៖ «អាថ៌កំបាំងដែលស្តេចចង់ដឹងនោះ គ្មានអ្នកប្រាជ្ញ ហោរា គ្រូមន្តអាគម ឬគ្រូទាយណាអាចជម្រាបជូនស្តេចបានទេ។ 28ប៉ុន្តែ នៅសូរ៉កាមានអុលឡោះជាម្ចាស់តែមួយប៉ុណ្ណោះ ដែលសំដែងគម្រោងការដ៏លាក់កំបាំងផ្សេងៗ ហើយទ្រង់ប្រោសប្រទានឲ្យស្តេច នេប៊ូក្នេសា ជ្រាបអំពីហេតុការណ៍ដែលនឹងកើតមាននៅអនាគតកាល។ សូមស្តាប់អំពីសុបិន និងនិមិត្តហេតុដ៏អស្ចារ្យ ដែលស្តេចបានឃើញនៅពេលសម្រាន្ត ដូចតទៅ:
29ពេលស្តេចសម្រាន្ត ព្រលឹងរបស់ស្តេចបានឃើញហេតុការណ៍ដែលនឹងកើតមាននៅពេលខាងមុខ។ អុលឡោះជាម្ចាស់ដែលសំដែងគម្រោងការដ៏លាក់កំបាំង ពេញចិត្តឲ្យស្តេចជ្រាបអំពីការដែលនឹងកើតមាននៅអនាគត។ 30អុលឡោះបានសំដែងឲ្យខ្ញុំស្គាល់គម្រោងការដ៏លាក់កំបាំងដូច្នេះ មិនមែនមកពីខ្ញុំមានប្រាជ្ញាលើសមនុស្សទាំងអស់ទេ គឺទ្រង់ពេញចិត្តឲ្យខ្ញុំពន្យល់អត្ថន័យជូនស្តេច ហើយឲ្យស្តេចជ្រាបពីគំនិត ដែលស្ថិតនៅក្នុងចិត្តរបស់ស្តេចផ្ទាល់។
31សូមស្តេចជ្រាប ក្នុងសុបិននិមិត្ត ស្តេចឃើញរូបបដិមាមួយ ដែលមានទំហំយ៉ាងធំពន់ពេកក្រៃ ហើយថ្កុំថ្កើងរុងរឿងអស្ចារ្យណាស់។ រូបនោះឈរនៅមុខស្តេច និងមានសភាពគួរឲ្យខ្លាចណាស់។ 32ក្បាលរបស់រូបនោះធ្វើពីមាសសុទ្ធ ទ្រូង និងដៃធ្វើពីប្រាក់ ពោះ និងភ្លៅធ្វើពីលង្ហិន 33ជើងទាំងពីរធ្វើពីដែក ហើយប្រអប់ជើងទាំងពីរមានមួយផ្នែកធ្វើពីដែក និងមួយផ្នែកទៀតធ្វើពីដីឥដ្ឋ។ 34ពេលស្តេចកំពុងតែមើលនោះ ស្រាប់តែមានថ្មមួយដុំធ្លាក់ចុះមកដោយឯកឯង ហើយទង្គិចនឹងប្រអប់ជើងដែលធ្វើពីដែក និងដីឥដ្ឋ ធ្វើឲ្យប្រអប់ជើងរបស់រូបបដិមាបាក់បែកខ្ទេចខ្ទីអស់។ 35ពេលនោះ ដែក ដីឥដ្ឋ លង្ហិន ប្រាក់ និងមាស ក៏បាក់បែកខ្ទេចខ្ទីក្លាយទៅជាធូលីដែលត្រូវខ្យល់ផាត់បាត់ទៅ ដូចសំដីនៅក្នុងលានបោកបែនស្រូវដែរ គឺឥតទុកស្នាមអ្វីសោះឡើយ។ រីឯដុំថ្មដែលទង្គិចនឹងរូបបដិមានោះ បានក្លាយទៅជាភ្នំមួយយ៉ាងធំ ពេញផែនដីទាំងមូល។
36នេះហើយសុបិនរបស់ស្តេច ដែលយើងខ្ញុំសូមកាត់ស្រាយជូនដូចតទៅ:
37សូមស្តេចជ្រាប ស្តេចពិតជាស្តេចលើស្តេចនានា ដ្បិតអុលឡោះជាម្ចាស់នៃសូរ៉កាបានប្រទានរាជសម្បត្តិ អំណាច ចេស្ដា និងសិរីរុងរឿង មកស្តេច។ 38ទ្រង់បានប្រទានមនុស្សលោក សត្វព្រៃ និងបក្សាបក្សីនៅលើមេឃ មកក្នុងដៃស្តេច ឲ្យស្តេចគ្រប់គ្រងទាំងអស់ ទោះបីនៅទីណាក៏ដោយ។ ស្តេចនេះហើយជាក្បាលរូបបដិមាធ្វើពីមាស។ 39បន្ទាប់ពីស្តេចនឹងមានរាជាណាចក្រមួយទៀតកើតឡើង ប៉ុន្តែ ខ្សោយជាងរាជាណាចក្ររបស់ស្តេច។ ក្រោយមក មានរាជាណាចក្រទីបី គឺលង្ហិនគ្រប់គ្រងលើពិភពលោកទាំងមូល។ 40លុះក្រោយមកទៀត មានរាជាណាចក្រទីបួនរឹងមាំដូចដែក។ ដែកកំទេច ហើយបំបាក់អ្វីៗទាំងអស់យ៉ាងណា រាជាណាចក្រនោះនឹងកំទេច ហើយបំបែកអ្វីៗទាំងអស់យ៉ាងនោះដែរ។ 41ស្តេចបានមើលឃើញប្រអប់ជើង និងម្រាមជើង ដែលមួយផ្នែកធ្វើអំពីដីឥដ្ឋរបស់ជាងស្មូន និងមួយផ្នែកទៀតធ្វើអំពីដែក គឺសំដៅទៅលើរាជាណាចក្រនោះដែលនឹងត្រូវបែងចែកជាពីរ ប៉ុន្តែ រាជាណាចក្រនោះមានមួយផ្នែករឹងមាំដូចដែក ដ្បិតស្តេចបានឃើញដែកជាប់ជាមួយដីឥដ្ឋ។ 42ម្រាមជើងរបស់រូបបដិមាមានមួយផ្នែកធ្វើពីដែក និងមួយផ្នែកទៀតធ្វើពីដីឥដ្ឋ បានសេចក្ដីថា រាជាណាចក្រនោះនឹងមានឫទ្ធិអំណាចមួយផ្នែក ហើយក៏ខ្សោយមួយផ្នែកដែរ។ 43ស្តេចមើលឃើញដែកជាប់ជាមួយដីឥដ្ឋ ព្រោះរាជាណាចក្រនោះតភ្ជាប់គ្នា ដោយសារចំណងស្ពានមេត្រីរបស់មនុស្ស តែគេមិនរលាយចូលគ្នាទេ គឺដូចដែក និងដីឥដ្ឋ ពុំអាចរលាយចូលគ្នាបានឡើយ។
44ក្នុងរជ្ជកាលរបស់ស្តេចទាំងនោះ អុលឡោះជាម្ចាស់នៃសូរ៉កានឹងធ្វើឲ្យរាជាណាចក្រមួយទៀតកើតឡើង ដែលមិនរលាយ ហើយក៏មិនធ្លាក់ទៅក្រោមអំណាចគ្រប់គ្រងរបស់ប្រជាជាតិណាមួយឡើយ។ រាជាណាចក្រមួយនេះនឹងកំទេចរាជាណាចក្រឯទៀតៗទាំងប៉ុន្មាន ដែលមានពីមុនឲ្យវិនាសសូន្យ ហើយរាជាណាចក្រនេះនឹងនៅស្ថិតស្ថេរអស់កល្បជានិច្ច 45ដូចស្តេចបានឃើញថ្មធ្លាក់ចុះពីលើភ្នំ ដោយឯកឯង កំទេចដែកលង្ហិនដីឥដ្ឋ និងមាសដែរ។ អុលឡោះជាម្ចាស់ដ៏ឧត្ដមបានបង្ហាញឲ្យស្តេចជ្រាបអំពីហេតុការណ៍ ដែលនឹងកើតមាននៅពេលខាងមុខ។ សុបិនរបស់ស្តេចជាការពិត និងមានអត្ថន័យគួរឲ្យជឿទុកចិត្ត»។
46ពេលនោះ ស្តេចនេប៊ូក្នេសាក្រាបចុះ អោនមុខដល់ដី ថ្វាយបង្គំដានីយ៉ែល ហើយបញ្ជាឲ្យគេធ្វើយញ្ញបូជា និងដុតគ្រឿងក្រអូប ដើម្បីគោរពដានីយ៉ែល។ 47ស្តេចមានប្រសាសន៍មកដានីយ៉ែលថា៖ «អុលឡោះជាម្ចាស់របស់អស់លោកពិតជាម្ចាស់លើព្រះនានា និងជាម្ចាស់លើស្តេចនានាមែន! មានតែទ្រង់ទេដែលសំដែងគម្រោងការដ៏លាក់កំបាំងទាំងឡាយ ហេតុនេះហើយបានជាអ្នករកឃើញគម្រោងការដ៏លាក់កំបាំងនេះ»។ 48បន្ទាប់មក ស្តេចបានលើកតម្កើងដានីយ៉ែល ព្រមទាំងប្រទានរង្វាន់ដ៏មានតម្លៃយ៉ាងច្រើនដល់គាត់។ ស្ដេចក៏ប្រទានឲ្យដានីយ៉ែលត្រួតត្រាលើអាណាខេត្តបាប៊ីឡូនទាំងមូល និងឲ្យគាត់ធ្វើជាប្រមុខលើពួកអ្នកប្រាជ្ញទាំងអស់នៅស្រុកបាប៊ីឡូន។ 49ដានីយ៉ែលសូមស្តេចប្រទានឲ្យលោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោ គ្រប់គ្រងលើអាណាខេត្តបាប៊ីឡូន ហើយខ្លួនគាត់ផ្ទាល់នៅបម្រើស្តេចក្នុងបរមរាជវាំង។
Currently Selected:
ណាពីដានីយ៉ែល 2: អគត
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2014 United Bible Societies, UK.