ណាពីអេម៉ុស 2
2
បន្ទូលរបស់អុលឡោះប្រឆាំងនឹងស្រុកម៉ូអាប់
1 អុលឡោះតាអាឡាមានបន្ទូលថា៖
«ដោយអ្នកស្រុកម៉ូអាប់បាន
ប្រព្រឹត្តអំពើបាបផ្ទួនៗគ្នាជាច្រើនដង
យើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយ
ព្រោះពួកគេបានដុតឆ្អឹងរបស់ស្ដេច
ស្រុកអេដុមឲ្យទៅជាផេះ។
2ហេតុនេះ យើងនឹងឲ្យភ្លើងឆាបឆេះ
ស្រុកម៉ូអាប់ ព្រមទាំងឆេះកំទេចប្រាសាទ
របស់ក្រុងកេរីយ៉ុតផង។
ស្រុកម៉ូអាប់នឹងវិនាសក្រោមសំរែកជ្រួលច្របល់
សំរែកសឹកសង្គ្រាម និងសំឡេងត្រែ។
3យើងនឹងដកស្ដេចចេញពីពួកគេ
ព្រមទាំងប្រហារជីវិតមេដឹកនាំទាំងអស់ដែរ»
នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
បន្ទូលរបស់អុលឡោះប្រឆាំងនឹងស្រុកយូដា
4 អុលឡោះតាអាឡាមានបន្ទូលថា៖
«ដោយអ្នកស្រុកយូដាបាន
ប្រព្រឹត្តអំពើបាបបីបួនលើកផ្ទួនៗគ្នា
យើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយ
ព្រោះពួកគេបានបោះបង់ចោល
ហ៊ូកុំរបស់យើងជាអុលឡោះតាអាឡា
ហើយមិនកាន់តាមហ៊ូកុំរបស់យើងទេ។
ពួកគេវង្វេងទៅតាមព្រះក្លែងក្លាយ
ដូចដូនតារបស់ពួកគេដែរ។
5ហេតុនេះ យើងនឹងឲ្យភ្លើងឆាបឆេះ
ស្រុកយូដា ព្រមទាំងឆេះកំទេចប្រាសាទ
របស់ក្រុងយេរូសាឡឹមផង»។
បន្ទូលរបស់អុលឡោះប្រឆាំងនឹងស្រុកអ៊ីស្រអែល
6 អុលឡោះតាអាឡាមានបន្ទូលថា៖
«ដោយអ្នកស្រុកអ៊ីស្រអែលបាន
ប្រព្រឹត្តអំពើបាបផ្ទួនៗគ្នាជាច្រើនដង
យើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយ
ព្រោះពួកគេលក់មនុស្សសុចរិតដើម្បីប្រាក់
និងលក់ជនក្រីក្រដើម្បីស្បែកជើងមួយគូ។
7ពួកគេជិះជាន់សង្កត់សង្កិនជនទុគ៌ត
ហើយរំលោភសិទ្ធិប្រជាជនតូចតាច។
កូន និងឪពុករួមដំណេកជាមួយស្រីតែម្នាក់
ពួកគេធ្វើដូច្នេះ
ប្រមាថនាមដ៏វិសុទ្ធរបស់យើង។
8នៅក្បែរអាសនៈរបស់ពួកគេ
ពួកគេដេកលើសម្លៀកបំពាក់ដែលអ្នកក្រ
យកមកបញ្ចាំ។
ពួកគេយកស្រាពីអ្នកដែលត្រូវពិន័យ
ទៅផឹកក្នុងវិហារនៃព្រះរបស់ពួកគេដែរ។
9រីឯយើងវិញ យើងបានបំផ្លាញអ្នកស្រុកអាម៉ូរី
ដែលមានកំពស់ដូចដើមគគីរ
និងមានកម្លាំងដូចដើមម៉ៃសាក់
ឲ្យវិនាសសាបសូន្យនៅមុខពួកគេ
គឺយើងបានបំផ្លាញទាំងដើម ទាំងឫស។
10យើងបានយកអ្នករាល់គ្នាចេញពីស្រុកអេស៊ីប
និងដឹកនាំអ្នករាល់គ្នានៅវាលរហោស្ថាន
អស់រយៈពេលសែសិបឆ្នាំ
ដើម្បីឲ្យអ្នករាល់គ្នាចាប់យកទឹកដីអាម៉ូរី។
11យើងបានធ្វើឲ្យពួកណាពីងើបឡើង
ពីចំណោមកូនចៅរបស់អ្នករាល់គ្នា
និងឲ្យពួកណាសារីតងើបឡើង
ពីចំណោមពួកយុវជនរបស់អ្នករាល់គ្នា
តើពិតជាដូច្នេះមែនឬកូនចៅអ៊ីស្រអែល?
- នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
12ប៉ុន្តែ អ្នករាល់គ្នាបង្អកស្រាដល់ពួកណាសារីត
អ្នករាល់គ្នាហាមពួកណាពីមិនឲ្យ
ថ្លែងពាក្យក្នុងនាមយើង
13ហេតុនេះ យើងនឹងកិនកំទេចអ្នករាល់គ្នា
ឲ្យខ្ទេចខ្ទី ដូចរទេះដឹកស្រូវកិនអ្វីៗទាំងអស់
ដែលនៅក្រោមកង់។
14អ្នករហ័សរហួនពុំអាចគេចខ្លួនបានឡើយ
អ្នកមានកម្លាំងខ្លាំងក្លាមិនអាចបញ្ចេញកម្លាំង
អ្នកចំបាំងដ៏អង់អាចក៏ពុំអាចសង្គ្រោះជីវិត
របស់ខ្លួនបានដែរ។
15អ្នកពូកែបាញ់ធ្នូមិនអាចតទល់បាន
អ្នកពូកែរត់ក៏រត់មិនរួច
អ្នកជិះសេះពុំអាចសង្គ្រោះជីវិត
របស់ខ្លួនបានដែរ។
16នៅថ្ងៃនោះ អ្នកចំបាំងដ៏ក្លាហានជាងគេ
នឹងរត់ទៅទាំងខ្លួនទទេ»
- នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
Currently Selected:
ណាពីអេម៉ុស 2: អគត
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2014 United Bible Societies, UK.