ណាពីអេម៉ុស 1
1
1នេះជាពាក្យរបស់ណាពីអេម៉ុស ជាអ្នកចិញ្ចឹមសត្វនៅភូមិត្កូអា រៀបរាប់អំពីនិមិត្តហេតុអស្ចារ្យដែលគាត់បានឃើញ ស្ដីអំពីស្រុកអ៊ីស្រអែល ពីរឆ្នាំមុនរញ្ជួយផែនដី គឺនៅរជ្ជកាលស្តេចអូសៀសស្ដេចស្រុកយូដា ត្រូវនឹងរជ្ជកាលស្តេចយេរ៉ូបោម បុត្ររបស់ស្តេចយ៉ូអាស ស្ដេចស្រុកអ៊ីស្រអែល។
2គាត់មានប្រសាសន៍ថា:
អុលឡោះតាអាឡាស្រែកគំរាមពីភ្នំស៊ីយ៉ូន
ទ្រង់បន្លឺសំឡេងពីក្រុងយេរូសាឡឹម
វាលស្មៅរបស់ពួកគង្វាលក៏ក្រៀមស្ងួត
ហើយកំពូលភ្នំកើមែលក៏ហួតហែងអស់ដែរ។
បន្ទូលរបស់អុលឡោះប្រឆាំងនឹងស្រុកស៊ីរី
3 អុលឡោះតាអាឡាមានបន្ទូលថា៖
«ដោយអ្នកក្រុងដាម៉ាស់បានប្រព្រឹត្តអំពើបាប
ផ្ទួនៗគ្នាជាច្រើនដង
យើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយ
ព្រោះពួកគេបានកិនកំទេចអ្នកស្រុកកាឡាដ
នឹងរនាស់ដែក។
4ហេតុនេះ យើងនឹងឲ្យភ្លើងឆាបឆេះវាំង
របស់ស្ដេចហាសែល
ព្រមទាំងឆេះកំទេចប្រាសាទរបស់
ស្ដេចបេនហាដាដទៀតផង។
5យើងនឹងបំបាក់រនុកទ្វារក្រុងដាម៉ាស់
យើងនឹងលុបបំបាត់ប្រជាជនឲ្យអស់ពី
ជ្រលងភ្នំ«ទុច្ចរិត»
ព្រមទាំងទម្លាក់អ្នកកាន់កាប់អំណាច
ឲ្យបាត់អស់ពីក្រុង«សប្បាយ»
ហើយអ្នកស្រុកស៊ីរីនឹងត្រូវគេកៀរយកទៅជាឈ្លើយនៅស្រុកគៀរ»។
នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
បន្ទូលរបស់អុលឡោះប្រឆាំងនឹងស្រុកភីលីស្ទីន
6 អុលឡោះតាអាឡាមានបន្ទូលថា៖
«ដោយអ្នកក្រុងកាសាបានប្រព្រឹត្តអំពើបាប
ផ្ទួនៗគ្នាជាច្រើនដង
យើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយ
ព្រោះពួកគេបានចាប់ប្រជាជនទាំងភូមិៗ
យកទៅលក់ឲ្យជនជាតិអេដុម។
7ហេតុនេះ យើងនឹងឲ្យភ្លើងឆាបឆេះ
កំពែងក្រុងកាសា
ព្រមទាំងឆេះកំទេចប្រាសាទ
របស់ក្រុងនោះផង។
8យើងនឹងដកប្រជាជនទាំងអស់
ចេញពីក្រុងអាសដូឌ
ព្រមទាំងដកអ្នកកាន់កាប់អំណាច
ចេញពីក្រុងអាស្កាឡូន។
យើងនឹងប្រហារក្រុងអេក្រុន
ហើយអ្នកស្រុកភីលីស្ទីនដែលនៅសេសសល់
នឹងត្រូវវិនាស»
នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
បន្ទូលរបស់អុលឡោះប្រឆាំងនឹងក្រុងទីរ៉ុស
9 អុលឡោះតាអាឡាមានបន្ទូលថា៖
«ដោយអ្នកក្រុងទីរ៉ុសបានប្រព្រឹត្តអំពើបាប
ផ្ទួនៗគ្នាជាច្រើនដង
យើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយ
ព្រោះពួកគេប្រគល់ប្រជាជនទាំងភូមិៗ
ឲ្យពួកអេដុមកៀរយកទៅ
ដោយឥតគោរពសន្ធិសញ្ញា
ដែលខ្លួនបានចុះជាមួយអ៊ីស្រអែលឡើយ។
10ហេតុនេះ យើងនឹងឲ្យភ្លើងឆាបឆេះ
កំពែងក្រុងទីរ៉ុស ព្រមទាំងឆេះកំទេច
ប្រាសាទរបស់ក្រុងនោះផង។
បន្ទូលរបស់អុលឡោះប្រឆាំងនឹងស្រុកអេដុម
11 អុលឡោះតាអាឡាមានបន្ទូលថា:
ដោយអ្នកស្រុកអេដុមបានប្រព្រឹត្តអំពើបាប
ផ្ទួនៗគ្នាជាច្រើនដង
យើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយ
ព្រោះពួកគេបានដេញប្រហារបងប្អូនរបស់ខ្លួន
ដោយមុខដាវ ឥតត្រាប្រណី។
ពួកគេគិតតែពីបំផ្លាញ តាមកំហឹងរបស់ខ្លួន
ហើយចងគំនុំឥតឈប់ឈរឡើយ។
12ហេតុនេះ យើងនឹងឲ្យភ្លើងឆាបឆេះ
ក្រុងថេម៉ាន ព្រមទាំងឆេះកំទេចប្រាសាទ
របស់ក្រុងបូសរ៉ាផង»។
បន្ទូលរបស់អុលឡោះប្រឆាំងនឹងស្រុកអាំម៉ូន
13 អុលឡោះតាអាឡាមានបន្ទូលថា៖
«ដោយអ្នកស្រុកអាំម៉ូនបានប្រព្រឹត្តអំពើបាប
ផ្ទួនៗគ្នាជាច្រើនដង
យើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយ
ព្រោះពួកគេបានវះពោះស្ត្រីមានផ្ទៃពោះ
នៅស្រុកកាឡាដ
ដើម្បីវាតទឹកដីរបស់ខ្លួន។
14ហេតុនេះ យើងនឹងបញ្ឆេះភ្លើង
ដុតកំពែងក្រុងរ៉ាបាត
ព្រមទាំងដុតកំទេចប្រាសាទរបស់ក្រុងនោះ
នៅថ្ងៃមានចំបាំង មានសំរែកសឹកសង្គ្រាម
និងមានខ្យល់ព្យុះបក់បោកមកយ៉ាងខ្លាំង។
15ស្ដេច និងមេដឹកនាំរបស់ពួកគេ
នឹងត្រូវខ្មាំងចាប់យកទៅជាឈ្លើយសឹក»
នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
Currently Selected:
ណាពីអេម៉ុស 1: អគត
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2014 United Bible Societies, UK.