ណាពីអេម៉ុស 3
3
ពេលអុលឡោះមានបន្ទូល ណាពីត្រូវតែថ្លែងប្រាប់ប្រជាជន
1ជនជាតិអ៊ីស្រអែលអើយ!
ចូរនាំគ្នាស្ដាប់សេចក្ដីដែលអុលឡោះតាអាឡា
មានបន្ទូលប្រឆាំងនឹងអ្នករាល់គ្នា។
«យើងប្រឆាំងនឹងអ្នករាល់គ្នា ជាពូជអំបូរ
ដែលយើងបាននាំចេញពីស្រុកអេស៊ីប។
2ក្នុងចំណោមពូជអំបូរទាំងអស់នៅលើផែនដី
យើងចាប់ចិត្តតែលើពូជអំបូររបស់អ្នករាល់គ្នា
ប៉ុណ្ណោះទេ
ហេតុនេះ យើងកាត់ទោសអ្នករាល់គ្នា
ព្រោះតែអំពើអាក្រក់ទាំងប៉ុន្មាន
ដែលអ្នករាល់គ្នាបានប្រព្រឹត្ត»។
3បើមនុស្សពីរនាក់មិនបានព្រមព្រៀងគ្នា
ជាមុនសិនទេ
តើគេអាចធ្វើដំណើរជាមួយគ្នាដូចម្ដេចកើត?
4បើសត្វសិង្ហចាប់រំពាមិនទាន់បានទេ
តើឲ្យវាគ្រហឹមក្នុងព្រៃកើតឬ?
បើសិង្ហស្ទាវចាប់សត្វមិនទាន់បានទេ
តើឲ្យវាគ្រហឹមក្នុងរូងដូចម្ដេចបាន?
5បើគ្មាននុយទាក់ទាញទេ
តើសត្វស្លាបហើរមកជាប់អន្ទាក់នៅដីបានឬ?
បើគ្មានសត្វជាប់ទេ
តើឲ្យអន្ទាក់វាត់ឡើងដូចម្ដេចបាន?
6បើគេផ្លុំត្រែប្រកាសភាពអាសន្នក្នុងក្រុងមួយ
តើប្រជាជនមិនជ្រួលច្របល់ឬ?
បើអុលឡោះតាអាឡាមិនដាក់ទោសទេ
តើមហន្តរាយអាចកើតមានដល់
ក្រុងណាមួយបានឬ?
7យ៉ាងណាមិញ ពេលអុលឡោះតាអាឡាជាម្ចាស់ធ្វើការអ្វីមួយ
ទ្រង់តែងសំដែងការលាក់កំបាំងប្រាប់
ពួកណាពីជាអ្នកបម្រើរបស់ទ្រង់ជានិច្ច។
8ពេលសត្វសិង្ហគ្រហឹម តើនរណាមិនខ្លាច?
ពេលអុលឡោះតាអាឡាជាម្ចាស់មានបន្ទូល
តើនរណាមិនថ្លែងបន្ទូលនេះ?
ការដាក់ទោសក្រុងសាម៉ារី
9ចូរស្រែកប្រកាសនៅតាមប្រាសាទក្រុងអាសដូឌ
និងនៅតាមប្រាសាទនៃស្រុកអេស៊ីបថា:
ចូរទៅជួបជុំគ្នានៅលើភ្នំនៃក្រុងសាម៉ារី
ដើម្បីសង្កេតមើលអនាធិបតេយ្យ
និងអយុត្តិធម៌ នៅទីនោះ។
10ពួកគេមិនចេះប្រព្រឹត្តអំពើទៀងត្រង់ទេ
ពួកគេយករបស់របរដែលលួចប្លន់ និងរឹបអូស
ទៅដាក់ពេញប្រាសាទរបស់ខ្លួន
- នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
11ហេតុនេះហើយបានជាអុលឡោះតាអាឡាជាម្ចាស់
មានបន្ទូលថា៖
«ខ្មាំងសត្រូវមកដល់ហើយ!
គេឡោមព័ទ្ធស្រុកគេនឹងរំលំកំពែងដ៏រឹងមាំ
ហើយកំទេចប្រាសាទរបស់អ្នកទៀតផង»។
12 អុលឡោះតាអាឡាមានបន្ទូលថា៖
«ជនជាតិអ៊ីស្រអែលនៅក្រុងសាម៉ារី
ដែលដេកនៅលើគ្រែ និងលើកំរាលព្រំ
ដ៏មានតម្លៃពីស្រុកស៊ីរី
ប្រៀបបាននឹងចៀមដែលគង្វាលដណ្ដើម
យកពីសត្វសិង្ហវិញ ឃើញនៅសល់តែជើងពីរ
និងត្រចៀកមួយដុំតែប៉ុណ្ណោះ។
13ចូរនាំគ្នាស្ដាប់ ហើយយកពាក្យព្រមាននេះ
ទៅប្រាប់កូនចៅយ៉ាកកូបផង
- នេះជាបន្ទូលរបស់អុលឡោះតាអាឡា
ជាម្ចាស់នៃពិភពទាំងមូល។
14នៅថ្ងៃដែលយើងនឹងដាក់ទោសអ៊ីស្រអែល
ព្រោះតែបទល្មើស
យើងក៏នឹងដាក់ទោសពួកគេ
ព្រោះតែអាសនៈនៅបេតអែលដែរ។
ស្នែងដែលនៅជ្រុងទាំងបួននៃអាសនៈនោះ
នឹងត្រូវបាក់បែកធ្លាក់ដល់ដី។
15យើងនឹងធ្វើឲ្យផ្ទះរដូវរងា
និងផ្ទះរដូវក្ដៅរលំលើគ្នា
វិមានដែលធ្វើពីភ្លុកក៏ត្រូវបាក់បែក
រីឯផ្ទះដ៏ស្កឹមស្កៃនឹងត្រូវរលំអស់ដែរ»
- នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
Currently Selected:
ណាពីអេម៉ុស 3: អគត
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2014 United Bible Societies, UK.