វិវរណៈ 18
18
1ក្រោយនោះមក ខ្ញុំឃើញទេវតា១ទៀតចុះពីស្ថានសួគ៌មក មានអំណាចយ៉ាងធំ ហើយសិរីល្អរបស់ទេវតានោះក៏បំភ្លឺផែនដី 2ទេវតានោះបន្លឺឡើង ដោយសំឡេងយ៉ាងខ្លាំងថា ក្រុងបាប៊ីឡូនដ៏ជាធំបានរលំហើយ បានរលំហើយ ក៏ត្រឡប់ជាលំនៅនៃពួកអារក្ស ជាកន្លែងរបស់អស់ទាំងវិញ្ញាណអសោចិ៍ នឹងអស់ទាំងសត្វស្លាបអសោចិ៍គួរខ្ពើម 3ពីព្រោះគ្រប់ទាំងសាសន៍បានផឹកស្រារបស់សេចក្ដីឃោរឃៅផងសេចក្ដីកំផិតវា ពួកស្តេចនៅផែនដីបានសហាយស្មន់នឹងវា ហើយពួកជំនួញនៅផែនដីបានត្រឡប់ជាមានឡើង ដោយអំណាចនៃការហ៊ឺហាររបស់វាដែរ។
4ខ្ញុំក៏ឮសំឡេង១ទៀតពីលើមេឃ ពោលថា រាស្ត្រអញអើយ ចូរចេញពីទីក្រុងនោះមក ដើម្បីកុំឲ្យត្រូវមានចំណែកក្នុងអំពើបាបវាឡើយ ក្រែងត្រូវវេទនាដូចជាវាដែរ 5ដ្បិតអំពើបាបវាបានគរជាគំនរឡើងដល់ផ្ទៃមេឃ ហើយព្រះទ្រង់បាននឹកចាំពីការទុច្ចរិតរបស់វា 6ចូរសងវាតាមការដែលវាបានធ្វើដល់ឯងចុះ ទាំងទ្វេ១ជា២ឲ្យវាផង ចូរចាក់១ជា២ទៅក្នុងពែង ដែលវាបានចាក់ឲ្យឯង 7ដែលវាបានដំកើងខ្លួន ហើយរស់ដោយហ៊ឺហាយ៉ាងណា នោះត្រូវឲ្យវាមានសេចក្ដីទុក្ខលំបាក នឹងសេចក្ដីសោកសង្រេងយ៉ាងនោះដែរ ដ្បិតវាគិតក្នុងចិត្តថា អញអង្គុយជាមហាក្សត្រី មិនមែនជាមេម៉ាយទេ ក៏មិនត្រូវមានសេចក្ដីសោកសង្រេងឡើយ 8ដោយហេតុនោះបានជាសេចក្ដីទេវនារបស់វា នឹងមកដល់ក្នុងថ្ងៃតែ១វិញ គឺជាសេចក្ដីស្លាប់ សោកសង្រេង នឹងអំណត់អត់ ហើយវានឹងត្រូវភ្លើងឆេះទៅ ដ្បិតព្រះអម្ចាស់ដ៏ជាព្រះ ដែលជំនុំជំរះវា ទ្រង់ខ្លាំងពូកែណាស់ 9នោះពួកស្តេចនៅផែនដី ដែលសហាយស្មន់ ហើយរស់ដោយហ៊ឺហាជាមួយនឹងវា គេនឹងយំទួញ ហើយសោកសង្រេង ក្នុងកាលដែលឃើញផ្សែងហុយឡើង ពីភ្លើងដែលកំពុងតែឆេះវានោះ 10គេនឹងឈរពីចំងាយ ដោយខ្លាចសេចក្ដីវេទនារបស់វា ទាំងនិយាយថា វេទនាៗហើយ ក្រុងបាប៊ីឡូនដ៏ជាធំ ហើយខ្លាំងពូកែអើយ ដ្បិតសេចក្ដីជំនុំជំរះឯងបានសំរេចក្នុងខណតែ១ម៉ោងទេ។
11ឯពួកជំនួញនៅផែនដី គេយំទួញ ហើយសោកសង្រេងនឹងវា ដោយព្រោះគ្មានអ្នកណាទិញទំនិញរបស់គេទៀតឡើយ 12ឯទំនិញនោះ គឺជាមាស ប្រាក់ ត្បូងមានដំឡៃ កែវមុក្តា សំពត់ទេស ព្រែ ល័ខពណ៌ស្វាយ ពណ៌ក្រហម ឈើក្រអូបគ្រប់យ៉ាង អស់ទាំងគ្រឿងធ្វើពីភ្លុក ហើយពីឈើមានដំឡៃ ពីលង្ហិន ពីដែក ហើយពីថ្មកែវ 13សម្បុរល្វែង ជ័រល្វីងទេស ទឹកអប់ កំញាន គ្រឿងក្រអូប ស្រាទំពាំងបាយជូរ ប្រេង ម្សៅម៉ដ្ត ស្រូវសាលី គោ ចៀម សេះ រទេះ ហើយទាំងខ្លួនប្រាណ នឹងព្រលឹងមនុស្សផង 14ឯអស់ទាំងផលផ្លែ ដែលចិត្តឯងប្រាថ្នាចង់បាន នោះបានថយចេញពីឯងហើយ ព្រមទាំងរបស់ថ្លៃវិសេស នឹងរបស់ភ្លឺរុងរឿងដែរ ឯងនឹងមិនឃើញទៀតឡើយ 15ពួកជំនួញដែលជួញរបស់ទាំងនោះ ហើយបានត្រឡប់ជាមាន ដោយសារក្រុងនោះ គេយំទួញ ទាំងសោកសង្រេង ហើយឈរពីចំងាយ ដោយខ្លាចសេចក្ដីវេទនារបស់វា 16ក៏និយាយថា វេទនាៗហើយ ទីក្រុងដ៏ធំដែលបានស្លៀកពាក់ ដោយសំពត់ទេស ពណ៌ស្វាយ នឹងពណ៌ក្រហម ទាំងតែងខ្លួនដោយមាស នឹងត្បូងមានដំឡៃ ហើយកែវមុក្តាផង 17ដ្បិតទ្រព្យសម្បត្តិដ៏ច្រើនម៉្លេះនេះ បានវិនាសបាត់ទៅក្នុងខណតែ១ម៉ោងប៉ុណ្ណោះ អស់ទាំងតៃកុង នឹងពួកសំពៅទាំងអស់ ពួកជើងឈ្នួល នឹងអស់អ្នកដែលរកស៊ីខាងជើងទឹក គេក៏ឈរពីចំងាយ 18ទាំងស្រែកឡើង ដោយឃើញផ្សែងហុយឡើងពីភ្លើងដែលឆេះវានោះថា តើមានទីក្រុងណាឲ្យដូចជាក្រុងធំនេះ 19ហើយគេបាចធូលីដីទៅលើក្បាលខ្លួនគេ ទាំងស្រែកឡើង ដោយយំទួញ ហើយសោកសង្រេងថា វេទនាៗហើយ ទីក្រុងដ៏ធំ ដែលអស់ពួកអ្នកមាននាវាដើរសមុទ្របានមានឡើង ដោយសារសេចក្ដីប្រសើររុងរឿងរបស់វា ពីព្រោះវាត្រូវចោលស្ងាត់ទៅ ក្នុងខណតែ១ម៉ោង។
20ឱស្ថានសួគ៌ ពួកសាវក នឹងពួកហោរាបរិសុទ្ធអើយ ចូរអរសប្បាយនឹងទីក្រុងនោះឡើង ដ្បិតព្រះទ្រង់បានកាត់ទោស តាមសេចក្ដីជំនុំជំរះរបស់ឯងរាល់គ្នាហើយ 21នោះមានទេវតាខ្លាំងពូកែ១រូបបានលើកថ្ម ដូចជាថ្មត្បាល់កិនយ៉ាងធំ ទំលាក់ចុះទៅក្នុងសមុទ្រ ដោយពោលថា ទីក្រុងបាប៊ីឡូនដ៏ជាធំ នឹងត្រូវបោះទំលាក់ទៅ ដោយគំហុកយ៉ាងដូច្នេះ គេនឹងរកទៀតមិនឃើញឡើយ 22ក៏នឹងគ្មានឮសំឡេងនៃពួកអ្នកចាប់ស៊ុង ច្រៀងចំរៀង ផ្លុំខ្លុយ នឹងត្រែ នៅក្នុងឯងទៀតឡើយ ហើយមិនឃើញមានជាងណា ដែលធ្វើការអ្វីក៏ដោយនៅក្នុងឯង ឬឮសូរត្បាល់កិន នៅក្នុងឯងទៀតឡើយ 23នឹងគ្មានពន្លឺចង្កៀងណាភ្លឺនៅក្នុងឯង ឬឮសំឡេងប្ដីប្រពន្ធថ្មោងថ្មី នៅក្នុងឯងទៀតឡើយ ដ្បិតពួកជំនួញរបស់ឯង នោះជាអ្នកធំនៅផែនដី ពីព្រោះអស់ទាំងសាសន៍បានវង្វេង ដោយសារការមន្តអាគមរបស់ឯង 24រីឯនៅក្នុងទីក្រុងនោះ ឃើញមានសុទ្ធតែឈាមនៃពួកហោរា នឹងពួកបរិសុទ្ធ ហើយនឹងឈាមនៃអស់អ្នក ដែលត្រូវគេសំឡាប់នៅផែនដីដែរ។
Currently Selected:
វិវរណៈ 18: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.