YouVersion Logo
Search Icon

វិវរណៈ 17

17
1ទេវតា​១​ក្នុង​ពួក​ទាំង​៧​នោះ ដែល​កាន់​ចាន​កន្ទោង​៧ ក៏​មក​និយាយ​មក​ខ្ញុំ​ថា ចូរ​មក​ឯ​ណេះ ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ទោស​នៃ​ស្រី​សំផឹង​ដ៏​ធំ ដែល​ស្ថិត​នៅ​លើ​ទឹក​ច្រើន 2ដែល​ពួក​ស្តេច​នៅ​ផែនដី​បាន​សហាយ‌ស្មន់​នឹង​វា ហើយ​អស់​អ្នក​នៅ​ផែនដី​បាន​ស្រវឹង ដោយ​ស្រា​របស់​សេចក្ដី​កំផិត​នៃ​វា 3ទេវតា​នោះ​ក៏​នាំ​វិញ្ញាណ​ខ្ញុំ​ទៅ​ឯ​ទី​រហោ‌ស្ថាន នោះ​ខ្ញុំ​ឃើញ​មាន​ស្ត្រី​ម្នាក់ ជិះ​នៅ​លើ​សត្វ​សម្បុរ​ក្រហម ដែល​ពេញ​ជា​ឈ្មោះ​ប្រមាថ មាន​ក្បាល​៧ ហើយ​ស្នែង​១០ 4សំលៀក‌បំពាក់​របស់​ស្ត្រី​នោះ​មាន​ពណ៌​ស្វាយ ហើយ​ក្រហម ក៏​តែង​ដោយ​មាស ត្បូង​មាន​ដំឡៃ ហើយ​នឹង​កែវ‌មុក្តា ព្រម​ទាំង​កាន់​ពែង​មាស ដែល​ពេញ​ដោយ​សេចក្ដី​ស្មោក‌គ្រោក របស់​ការ​កំផិត​ដ៏​គួរ​ខ្ពើម​របស់​វា​ផង 5ហើយ​នៅ​ថ្ងាស​វា​មាន​កត់​ឈ្មោះ​ថា «សេចក្ដី​អាថ៌‌កំបាំង ក្រុង​បាប៊ីឡូន​ដ៏​ធំ ជា​ម្តាយ​នៃ​ពួក​ស្រី​សំផឹង នឹង​អស់​ទាំង​សេចក្ដី​គួរ​ខ្ពើម​នៅ​ផែនដី» 6ខ្ញុំ​ក៏​ឃើញ​ស្ត្រី​នោះ​ស្រវឹង​នឹង​ឈាម​នៃ​ពួក​បរិសុទ្ធ ហើយ​នឹង​ឈាម​ពួក​អ្នក​ដែល​ធ្វើ​បន្ទាល់​ពី​ព្រះ‌យេស៊ូវ លុះ​ខ្ញុំ​ឃើញ​វា​ហើយ ក៏​មាន​សេចក្ដី​អស្ចារ្យ​ជា​ខ្លាំង។
7នោះ​ទេវតា​សួរ​ខ្ញុំ​ថា ហេតុ​អ្វី​បាន​ជា​អ្នក​មាន​សេចក្ដី​អស្ចារ្យ​ដូច្នេះ ខ្ញុំ​នឹង​ប្រាប់​ឲ្យ​អ្នក​ដឹង ពី​សេចក្ដី​អាថ៌‌កំបាំង​របស់​ស្ត្រី​នោះ ហើយ​នឹង​សត្វ​ដែល​វា​ជិះ​នោះ ដែល​មាន​ក្បាល​៧ នឹង​ស្នែង​១០​ដែរ 8ឯ​សត្វ​ដែល​អ្នក​បាន​ឃើញ​នោះ ពី​ដើម​វា​នៅ ឥឡូវ​នេះ​បាត់​ទៅ​ហើយ ក៏​រៀប​នឹង​ឡើង​ចេញ​ពី​ជង្ហុក​ធំ​មក​វិញ រួច​វា​នឹង​ត្រូវ​វិនាស​បាត់​ទៅ ឯ​អស់​អ្នក​នៅ​ផែនដី ដែល​គ្មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​ជីវិត តាំង​ពី​កំណើត​លោកីយ​មក គេ​នឹង​មាន​សេចក្ដី​អស្ចារ្យ ដោយ​ឃើញ​សត្វ​ដែល​ពី​ដើម​នៅ ឥឡូវ​នេះ​បាត់ តែ​នឹង​ត្រឡប់​មាន​ឡើង​វិញ​នោះ 9នេះ​ហើយ​ជា​គំនិត​ដ៏​មាន​ប្រាជ្ញា ឯ​ក្បាល​ទាំង​៧ នោះ​ជា​ភ្នំ​៧ គឺ​ជា​កន្លែង​ដែល​ស្ត្រី​នោះ​អង្គុយ​នៅ 10ក៏​មាន​ស្តេច​៧​អង្គ ឯ​៥​អង្គ​បាន​ដួល​ហើយ មាន​១​អង្គ​នៅ​សព្វ​ថ្ងៃ ហើយ​១​អង្គ​ទៀត​មិន​ទាន់​មក​ដល់​ទេ កាល​ណា​ស្តេច​នោះ​បាន​មក​ហើយ នោះ​នឹង​នៅ​មិន​យូរ​ប៉ុន្មាន​ទេ 11រីឯ​សត្វ​ដែល​ពី​ដើម​មាន តែ​ឥឡូវ​នេះ​បាត់ នោះ​ជា​ស្តេច​ទី​៨ ដែល​កើត​មក​ពី​ស្តេច​៧​អង្គ​នោះ ហើយ​ត្រូវ​វិនាស​បាត់​ទៅ​វិញ 12ឯ​ស្នែង​១០​ដែល​អ្នក​ឃើញ នោះ​ជា​ស្តេច​១០​អង្គ ដែល​មិន​ទាន់​ទទួល​រាជ្យ​នៅ​ឡើយ តែ​នឹង​ទទួល​អំណាច​ជា​ស្តេច នៅ​តែ​១​ម៉ោង​ប៉ុណ្ណោះ ជា​មួយ​នឹង​សត្វ​នោះ 13ស្តេច​ទាំង​នោះ​នឹង​មាន​គំនិត​តែ​១ ដើម្បី​នឹង​ប្រគល់​កំឡាំង នឹង​អំណាច​ខ្លួន​ដល់​សត្វ​នោះ 14គេ​នឹង​ច្បាំង​ទាស់​នឹង​កូន​ចៀម តែ​កូន​ចៀម​នឹង​ឈ្នះ​គេ ពី​ព្រោះ​ទ្រង់​ជា​ព្រះ‌អម្ចាស់​លើ​អស់​ទាំង​ព្រះ‌អម្ចាស់ ហើយ​ជា​ស្តេច​លើ​អស់​ទាំង​ស្តេច ឯ​ពួក​អ្នក​ដែល​នៅ​ជា​មួយ​នឹង​ទ្រង់ នោះ​ជា​អ្នក​ដែល​ទ្រង់​បាន​ហៅ បាន​រើស ហើយ​ជា​អ្នក​ស្មោះ‌ត្រង់​ទាំង​អស់​គ្នា។
15ទេវតា​ក៏​ប្រាប់​ខ្ញុំ​ថា ឯ​ទឹក​ដែល​អ្នក​បាន​ឃើញ ជា​កន្លែង​ដែល​ស្រី​សំផឹង​អង្គុយ​នោះ គឺ​ជា​ប្រជា‌ជន នឹង​មនុស្ស​ផង​ទាំង‌ឡាយ គ្រប់​សាសន៍ គ្រប់​ភាសា 16ស្នែង​ទាំង​១០​ដែល​អ្នក​ឃើញ ព្រម​ទាំង​សត្វ​នោះ​ផង នោះ​នឹង​ស្អប់​ដល់​ស្រី​សំផឹង ហើយ​នឹង​បំផ្លាញ​វា​ទៅ ទាំង​ធ្វើ​ឲ្យ​វា​នៅ​អាក្រាត រួច​នឹង​ស៊ី​សាច់​វា ហើយ​ដុត​វា​នៅ​ក្នុង​ភ្លើង 17ដ្បិត​ព្រះ‌ទ្រង់​បាន​បណ្តាល​ចិត្ត​គេ ឲ្យ​ធ្វើ​តាម​គំនិត​ទ្រង់ ហើយ​ឲ្យ​គេ​មូល​គំនិត នឹង​ប្រគល់​រាជ្យ​គេ ដល់​សត្វ​នោះ ទាល់​តែ​ព្រះ‌បន្ទូល​នៃ​ព្រះ​បាន​សំរេច 18ឯ​ស្ត្រី​ដែល​អ្នក​បាន​ឃើញ នោះ​គឺ​ជា​ទី​ក្រុង​ដ៏​ធំ ដែល​មាន​អំណាច​លើ​ស្តេច​ទាំង​ប៉ុន្មាន​នៅ​ផែនដី។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in