វិវរណៈ 16
16
1ខ្ញុំក៏ឮសំឡេង១យ៉ាងខ្លាំង ចេញពីព្រះវិហារ ប្រាប់ទៅទេវតាទាំង៧ថា ចូរចាក់សេចក្ដីឃោរឃៅរបស់ព្រះ ដែលនៅក្នុងចានទាំង៧ ទៅលើផែនដីទៅ។
2ទេវតាទី១ក៏ចេញទៅ ចាក់ពីចានខ្លួន ទៅលើផែនដី នោះមនុស្សដែលមានទីសំគាល់របស់សត្វ នឹងអស់ពួកអ្នកដែលក្រាបថ្វាយបង្គំដល់រូបវា គេក៏កើតដំបៅកាចអាក្រក់ណាស់។
3ទេវតាទី២ ក៏ចាក់ពីចានខ្លួន ទៅក្នុងសមុទ្រ រួចសមុទ្រត្រឡប់ទៅជាឈាម ដូចជាឈាមខ្មោច ហើយគ្រប់ទាំងសត្វនៅក្នុងសមុទ្រក៏ស្លាប់អស់។
4ទេវតាទី៣ ក៏ចាក់ពីចានខ្លួន ទៅក្នុងទន្លេ នឹងរន្ធទឹកទាំងប៉ុន្មាន នោះក៏ប្រែទៅជាឈាមទាំងអស់ដែរ 5រួចខ្ញុំឮទេវតានៃទឹកនិយាយថា ឱព្រះដ៏គង់នៅ ហើយបានគង់នៅតាំងតែពីដើមរៀងមកអើយ ដែលទ្រង់បានជំនុំជំរះកាត់ទោសដូច្នេះ នោះសុចរិតហើយ 6ដ្បិតគេបានកំចាយឈាមនៃពួកបរិសុទ្ធ នឹងពួកហោរា ហើយទ្រង់បានប្រទានឈាមឲ្យគេផឹក គេគួរមានទោសដូច្នេះហើយ 7រួចខ្ញុំឮអាសនាទទួលថា មែនហើយ ឱព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាបំផុតអើយ សេចក្ដីជំនុំជំរះរបស់ទ្រង់សុទ្ធតែសុចរិត ហើយពិតត្រង់ទាំងអស់។
8ទេវតាទី៤ក៏ចាក់ពីចានខ្លួន ទៅលើព្រះអាទិត្យ រួចព្រះអាទិត្យបានអំណាចនឹងធ្វើឲ្យមនុស្សត្រូវខ្លោច ដោយសារភ្លើង 9មនុស្សលោកក៏ត្រូវខ្លោចទៅ ដោយអំណាចក្តៅជាខ្លាំង តែគេមិនបានប្រែចិត្ត ដើម្បីនឹងលើកសរសើរដល់សិរីល្អនៃព្រះទេ គឺគេប្រមាថដល់ព្រះនាមព្រះ ដែលមានអំណាចលើសេចក្ដីវេទនាទាំងនោះវិញ។
10ឯទេវតាទី៥ ក៏ចាក់ពីចានខ្លួន ទៅលើបល្ល័ង្ករបស់សត្វនោះ រួចនគរវាត្រឡប់ទៅជាងងឹតសូន្យសុង ហើយគេខាំអណ្តាត ដោយមានសេចក្ដីទុក្ខលំបាក 11ក៏ប្រមាថដល់ព្រះនៃស្ថានសួគ៌ដោយព្រោះទុក្ខលំបាក នឹងដំបៅរបស់គេ តែមិនបានប្រែចិត្តលះចោលពីការដែលគេប្រព្រឹត្តឡើយ។
12ទេវតាទី៦ ក៏ចាក់ចានខ្លួនទៅលើទន្លេធំ គឺជាទន្លេអ៊ើប្រាត រួចទឹកទន្លេនោះក៏រីងទៅ ដើម្បីឲ្យបានរៀបចំផ្លូវរបស់ពួកស្តេចពីទិសខាងថ្ងៃរះ 13រួចខ្ញុំឃើញវិញ្ញាណអសោចិ៍៣ ដូចជាកង្កែប ចេញពីមាត់នាគ មាត់សត្វ នឹងពីមាត់ហោរាក្លែងក្លាយមក 14ដ្បិតវិញ្ញាណទាំងនោះ ជាវិញ្ញាណនៃពួកអារក្ស ដែលចេញទៅឯអស់ទាំងស្តេចនៅផែនដីទាំងមូល ទាំងធ្វើទីសំគាល់ ដើម្បីនឹងប្រមូលស្តេចទាំងនោះមកក្នុងចំបាំង នៅថ្ងៃដ៏ធំរបស់ព្រះដ៏មានព្រះចេស្តាបំផុត 15(មើល អញមកដូចជាចោរប្លន់ មានពរហើយ អ្នកណាដែលនៅចាំ ហើយរក្សាសំលៀកបំពាក់ខ្លួន ដើម្បីមិនឲ្យដើរអាក្រាត ឲ្យអ្នកណាឃើញកេរ្តិ៍ខ្មាសខ្លួនឡើយ) 16រួចវិញ្ញាណទាំងនោះ ក៏ប្រមូលគេទៅឯកន្លែង ដែលភាសាហេព្រើរហៅថា អើម៉ាគេដូន។
17ទេវតាទី៧ក៏ចាក់ពីចានខ្លួន ទៅក្នុងអាកាស រួចមានឮសំឡេងខ្លាំង ចេញពីបល្ល័ង្ក ក្នុងព្រះវិហារនៅស្ថានសួគ៌ មកថា ស្រេចហើយ 18រួចមានផ្លេកបន្ទោរ សូរសំឡេង នឹងផ្គរលាន់ ហើយមានកក្រើកដីជាខ្លាំងដែរ ដល់ម៉្លេះបានជាតាំងពីមានមនុស្សនៅផែនដីរៀងមក នោះមិនដែលមានកក្រើកដីយ៉ាងខ្លាំង ហើយសំបើមដូច្នេះឡើយ 19ទីក្រុងដ៏ធំក៏ញែកចេញជា៣ភាគ អស់ទាំងទីក្រុងរបស់សាសន៍ដទៃទាំងប៉ុន្មានក៏រលំ ហើយព្រះទ្រង់នឹកចាំពីក្រុងបាប៊ីឡូនដ៏ជាធំ ដើម្បីនឹងឲ្យពែងស្រារបស់សេចក្ដីឃោរឃៅផងសេចក្ដីខ្ញាល់ទ្រង់ដល់គេ 20នោះគ្រប់ទាំងកោះក៏បាត់ទៅ ហើយមិនឃើញមានភ្នំណាទៀតសោះឡើយ 21ក៏មានព្រឹលយ៉ាងធំៗ គ្រាប់១ទំងន់១ហាប ធ្លាក់ចុះពីផ្ទៃមេឃមកលើមនុស្សលោក ហើយមនុស្សលោកក៏ប្រមាថដល់ព្រះ ដោយព្រោះសេចក្ដីវេទនា នឹងព្រឹលនោះ ពីព្រោះសេចក្ដីវេទនានោះជាខ្លាំងក្រៃលែង។
Currently Selected:
វិវរណៈ 16: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.