YouVersion Logo
Search Icon

ទំនុកដំកើង 98

98
ទំនុក។
1ចូរ​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះ‌យេហូវ៉ា
ពី​ព្រោះ​ទ្រង់​បាន​ធ្វើ​ការ​យ៉ាង​អស្ចារ្យ
ព្រះ‌ហស្ត​ស្តាំ នឹង​ព្រះ‌ពាហុ​ដ៏​បរិសុទ្ធ​របស់​ទ្រង់
បាន​នាំ​ឲ្យ​ទ្រង់​មាន​ជ័យ‌ជំនះ
2ព្រះ‌យេហូវ៉ា​ទ្រង់​បាន​សំដែង​ឲ្យ​ស្គាល់​សេចក្ដី​សង្គ្រោះ
របស់​ទ្រង់
ទ្រង់​ធ្វើ​ឲ្យ​សេចក្ដី​សុចរិត​របស់​ទ្រង់​បាន​ប្រាកដ​ច្បាស់
នៅ​ចំពោះ​ភ្នែក​នៃ​អស់​ទាំង​សាសន៍
3ទ្រង់​បាន​នឹក​ចាំ​ពី​សេចក្ដី​សប្បុរស នឹង​សេចក្ដី​ស្មោះ‌ត្រង់
របស់​ទ្រង់ ចំពោះ​វង្ស​អ៊ីស្រាអែល​ហើយ
អស់​ទាំង​ចុង​ផែនដី​បាន​ឃើញ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ
នៃ​យើង​ខ្ញុំ
4ចូរ​ឡើង​សំឡេង​ដោយ​អំណរ​ថ្វាយ​ព្រះ‌យេហូវ៉ា
ឱ​ផែនដី​ទាំង​មូល​អើយ
ចូរ​ទំលាយ​ច្រៀង​ដោយ​អំណរ អើ ចូរ​ច្រៀង​សរសើរ​ចុះ
5ចូរ​ច្រៀង​បទ​សរសើរ​ថ្វាយ​ព្រះ‌យេហូវ៉ា​តាម​ស៊ុង
គឺ​ដោយ​ចាប់​ស៊ុង ហើយ​ដោយ​សំឡេង​ដ៏​ពីរោះ
6ដោយ​ត្រែនឹង​សូរ​ស្នែង​ផង
ចូរ​ឡើង​សំឡេង​ដោយ​អំណរ
នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ដ៏​ជា​មហា‌ក្សត្រ
7ចូរ​ឲ្យ​សមុទ្រ​លាន់​ឮ​រំពង
ព្រម​ទាំង​របស់​សព្វ​សារពើ​ដែល​នៅ​ក្នុង​នោះ
ហើយ​លោកីយ នឹង​អស់​អ្នក​ដែល​នៅ​លោកីយ​ផង
8ចូរ​ឲ្យ​អស់​ទាំង​ទន្លេ​ទះ​ដៃ
ហើយ​ឲ្យ​ភ្នំ​ទាំង​ប៉ុន្មាន​ច្រៀង​ជា​មួយ​គ្នា​ដោយ​អំណរ
9គឺ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដ្បិត​ទ្រង់​យាង​មក
ដើម្បី​ជំនុំ‌ជំរះ​ផែនដី
ទ្រង់​នឹង​ជំនុំ‌ជំរះ​លោកីយ ដោយ​សេចក្ដី​សុចរិត
ហើយ​អស់​ទាំង​សាសន៍ ដោយ​សេចក្ដី​ទៀង​ត្រង់។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in