ទំនុកដំកើង 116
116
1ខ្ញុំស្រឡាញ់ព្រះយេហូវ៉ា
ដ្បិតទ្រង់តែងស្តាប់សំឡេងខ្ញុំ
នឹងពាក្យដែលខ្ញុំទូលអង្វរ
2ហេតុព្រោះទ្រង់បានផ្អៀងព្រះកាណ៌មកស្តាប់ខ្ញុំ
បានជាខ្ញុំនឹងអំពាវនាវដល់ទ្រង់អស់១ជីវិត
3ចំណងនៃសេចក្ដីស្លាប់បានរុំព័ទ្ធខ្ញុំ
ហើយសេចក្ដីឈឺចាប់នៃស្ថានឃុំព្រលឹងមនុស្សស្លាប់
បានចាប់ខ្ញុំ
ខ្ញុំក៏កើតមានទុក្ខវេទនា នឹងព្រួយបារម្ភ
4នោះខ្ញុំបានអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ាថា
ឱព្រះយេហូវ៉ាអើយ ទូលបង្គំសូមអង្វរដល់ទ្រង់
សូមប្រោសព្រលឹងទូលបង្គំឲ្យរួចផង
5ព្រះយេហូវ៉ាទ្រង់ប្រកបដោយសេចក្ដីមេត្តាករុណា
នឹងសេចក្ដីសុចរិត
អើ ព្រះនៃយើងខ្ញុំ ទ្រង់មានសេចក្ដីអាណិតអាសូរ
6ព្រះយេហូវ៉ាទ្រង់ជួយទំនុកបំរុងមនុស្សឆោតល្ងង់
ឯខ្ញុំក៏បានត្រូវគេបន្ទាបបន្ថោកម្តង
ហើយទ្រង់បានជួយសង្គ្រោះខ្ញុំ
7ឱព្រលឹងខ្ញុំអើយ ចូរត្រឡប់ទៅឯទីសំរាករបស់ខ្លួនវិញ
ដ្បិតព្រះយេហូវ៉ា ទ្រង់បានប្រព្រឹត្ត ដោយគុណដ៏ប្រសើរ
8គឺទ្រង់បានប្រោសជីវិតខ្ញុំឲ្យរួចពីស្លាប់
នឹងឲ្យខ្ញុំរួចពីការស្រក់ទឹកភ្នែក
ហើយឲ្យជើងខ្ញុំរួចពីការចំពប់ដួលផង
9ខ្ញុំនឹងដើរនៅចំពោះព្រះយេហូវ៉ា
នៅក្នុងស្ថាននៃមនុស្សរស់
10ខ្ញុំបានជឿហើយ បានជាខ្ញុំថា ខ្ញុំមានទុក្ខខ្លាំងណាស់
11ក្នុងការរួសរាន់របស់ខ្ញុំ នោះខ្ញុំបានថា
មនុស្សទាំងអស់សុទ្ធតែភូតកុហក
12តើត្រូវឲ្យខ្ញុំយកអ្វីតបស្នងព្រះយេហូវ៉ា
ចំពោះព្រះគុណដែលទ្រង់បានផ្តល់មកខ្ញុំទាំងប៉ុន្មាន
13គឺខ្ញុំនឹងទទួលយកពែងនៃសេចក្ដីសង្គ្រោះ
ហើយនឹងអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា
14ខ្ញុំនឹងលាបំណន់របស់ខ្ញុំចំពោះព្រះយេហូវ៉ា
អើ នៅមុខបណ្តាជនទាំងប៉ុន្មានរបស់ទ្រង់ផង
15ការស្លាប់របស់ពួកអ្នកបរិសុទ្ធនៃព្រះយេហូវ៉ា
ជាការវិសេសដល់ព្រះនេត្រទ្រង់
16ឱព្រះយេហូវ៉ាអើយ ទូលបង្គំជាទាសារបស់ទ្រង់ពិត
គឺជាទាសារបស់ទ្រង់ ហើយជាកូននៃទាសីរបស់ទ្រង់
តែទ្រង់បានស្រាយចំណងរបស់ទូលបង្គំចេញហើយ
17ទូលបង្គំនឹងថ្វាយដង្វាយជាសេចក្ដីអរព្រះគុណដល់ព្រះយេហូវ៉ា
ហើយនឹងអំពាវនាវដល់ព្រះនាមទ្រង់
18ខ្ញុំនឹងលាបំណន់របស់ខ្ញុំចំពោះព្រះយេហូវ៉ា
អើ នៅមុខបណ្តាជនទាំងប៉ុន្មានរបស់ទ្រង់ផង
19គឺនៅក្នុងព្រះលាននៃដំណាក់ព្រះយេហូវ៉ា
គឺនៅកណ្តាលឯង ឱក្រុងយេរូសាឡិមអើយ
ចូរសរសើរដល់ព្រះយេហូវ៉ាចុះ។
Currently Selected:
ទំនុកដំកើង 116: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.