YouVersion Logo
Search Icon

ទំនុកដំកើង 115

115
1មិន​មែន​យើង​ខ្ញុំ ឱ​ព្រះ‌យេហូវ៉ា​អើយ
មិន​មែន​យើង​ខ្ញុំ​ដែល​គួរ​លើក​ដំកើង​ទេ
សូម​ទ្រង់​លើក​ដំកើង​ព្រះ‌នាម​នៃ​ទ្រង់​វិញ
ដោយ​យល់​ដល់​សេចក្ដី​សប្បុរស
នឹង​សេចក្ដី​ពិត​ត្រង់​របស់​ទ្រង់
2តើ​មាន​ទំនង​អ្វី​ឲ្យ​ពួក​សាសន៍​ដទៃ​សួរ​ថា
តើ​ព្រះ​គេ​នៅ​ឯ​ណា
3ចំណែក​ព្រះ​នៃ​យើង​ខ្ញុំ ទ្រង់​គង់​នៅ​ស្ថាន‌សួគ៌
ទ្រង់​បាន​ធ្វើ​ការ​ដែល​គាប់​ដល់​ព្រះ‌ហឫទ័យ​ទ្រង់​ហើយ
4ឯ​ព្រះ​របស់​គេ នោះ​សុទ្ធ​តែ​ជា​រូប ធ្វើ​ពី​ប្រាក់នឹង​មាស
ជា​ស្នាដៃ​ដែល​មនុស្ស​ធ្វើ
5រូប​ទាំង​នោះ​មាន​មាត់ តែ​មិន​ចេះ​និយាយ
មាន​ភ្នែក តែ​មើល​មិន​ឃើញ
6មាន​ត្រចៀក តែ​ស្តាប់​មិន​ឮ
មាន​ច្រមុះ តែ​ធុំ​ក្លិន​មិន​បាន
7មាន​ដៃ តែ​ចាប់​កាន់​មិន​បាន
មាន​ជើង តែ​មិន​ចេះ​ដើរ​ឡើយ
ក៏​មិន​ចេះ​បញ្ចេញ​សំឡេង​តាម​បំពង់​ក​ផង
8ជាង​ដែល​ធ្វើ អើ អស់​អ្នក​ដែល​ទុក​ចិត្ត​នឹង​រូប​ទាំង​នោះ
គេ​នឹង​បាន​ដូច​ជា​រូប​នោះ​ដែរ
9ឱ​អ៊ីស្រាអែល​អើយ ចូរ​ទុក​ចិត្ត​នឹង​ព្រះ‌យេហូវ៉ា​ចុះ
ទ្រង់​ជា​អ្នក​ជួយ នឹង​ជា​ខែល​របស់​ឯង
10ឱ​ពួក​វង្ស​អើរ៉ុន​អើយ ចូរ​ទុក​ចិត្ត​នឹង​ព្រះ‌យេហូវ៉ា​ចុះ
ទ្រង់​ជា​អ្នក​ជួយ នឹង​ជា​ខែល​របស់​ឯង
11ឱ​ពួក​អ្នក​ដែល​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​អើយ
ចូរ​ទុក​ចិត្ត​នឹង​ព្រះ‌យេហូវ៉ា​ចុះ
ទ្រង់​ជា​អ្នក​ជួយ នឹង​ជា​ខែល​របស់​ឯង
12ព្រះ‌យេហូវ៉ា​ទ្រង់​បាន​នឹក​ចាំ​ពី​យើង​ខ្ញុំ
ទ្រង់​នឹង​ប្រទាន​ពរ​ពិត ទ្រង់​នឹង​ប្រទាន​ពរ​ដល់​ពួក
វង្ស​អ៊ីស្រាអែល
ទ្រង់​នឹង​ប្រទាន​ពរ​ដល់​ពួក​វង្ស​អើរ៉ុន
13ទ្រង់​នឹង​ប្រទាន​ពរ​ដល់​អស់​អ្នក ទាំង​តូច​ទាំង​ធំ
ដែល​កោត‌ខ្លាច​ព្រះ‌យេហូវ៉ា
14សូម​ព្រះ‌យេហូវ៉ា​ចំរើន​ឯង​រាល់​គ្នា ឲ្យ​កាន់​តែ​ច្រើន​ឡើង
គឺ​ឯង​រាល់​គ្នា ហើយ​នឹង​កូន​ចៅ​របស់​ឯង​រាល់​គ្នា​ផង
15ឯង​រាល់​គ្នា​បាន​ពរ​ពី​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​បាន
បង្កើត​ផ្ទៃ​មេឃ នឹង​ផែនដី
16ឯ​ស្ថាន‌សួគ៌ គឺ​ជា​ស្ថាន​របស់​ព្រះ‌យេហូវ៉ា
ចំណែក​ផែនដី​វិញ នោះ​ទ្រង់​បាន​ប្រគល់​ដល់​មនុស្ស​ជាតិ
17មនុស្ស​ស្លាប់​រមែង​មិន​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ទេ
ព្រម​ទាំង​មនុស្ស​ដែល​ចុះ​ទៅ​នៅ​ឯ​ស្ថាន​ស្ងាត់​ឈឹង​ផង
18តែ​ចំណែក​យើង​ខ្ញុំ នឹង​សូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ប្រកប
ដោយ​ព្រះ‌ពរ
ចាប់​តាំង​ពី​ឥឡូវ​នេះ ដរាប​ដល់​អស់‌កល្ប​ត​ទៅ
ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in