ទំនុកដំកើង 115
115
1មិនមែនយើងខ្ញុំ ឱព្រះយេហូវ៉ាអើយ
មិនមែនយើងខ្ញុំដែលគួរលើកដំកើងទេ
សូមទ្រង់លើកដំកើងព្រះនាមនៃទ្រង់វិញ
ដោយយល់ដល់សេចក្ដីសប្បុរស
នឹងសេចក្ដីពិតត្រង់របស់ទ្រង់
2តើមានទំនងអ្វីឲ្យពួកសាសន៍ដទៃសួរថា
តើព្រះគេនៅឯណា
3ចំណែកព្រះនៃយើងខ្ញុំ ទ្រង់គង់នៅស្ថានសួគ៌
ទ្រង់បានធ្វើការដែលគាប់ដល់ព្រះហឫទ័យទ្រង់ហើយ
4ឯព្រះរបស់គេ នោះសុទ្ធតែជារូប ធ្វើពីប្រាក់នឹងមាស
ជាស្នាដៃដែលមនុស្សធ្វើ
5រូបទាំងនោះមានមាត់ តែមិនចេះនិយាយ
មានភ្នែក តែមើលមិនឃើញ
6មានត្រចៀក តែស្តាប់មិនឮ
មានច្រមុះ តែធុំក្លិនមិនបាន
7មានដៃ តែចាប់កាន់មិនបាន
មានជើង តែមិនចេះដើរឡើយ
ក៏មិនចេះបញ្ចេញសំឡេងតាមបំពង់កផង
8ជាងដែលធ្វើ អើ អស់អ្នកដែលទុកចិត្តនឹងរូបទាំងនោះ
គេនឹងបានដូចជារូបនោះដែរ
9ឱអ៊ីស្រាអែលអើយ ចូរទុកចិត្តនឹងព្រះយេហូវ៉ាចុះ
ទ្រង់ជាអ្នកជួយ នឹងជាខែលរបស់ឯង
10ឱពួកវង្សអើរ៉ុនអើយ ចូរទុកចិត្តនឹងព្រះយេហូវ៉ាចុះ
ទ្រង់ជាអ្នកជួយ នឹងជាខែលរបស់ឯង
11ឱពួកអ្នកដែលកោតខ្លាចដល់ព្រះយេហូវ៉ាអើយ
ចូរទុកចិត្តនឹងព្រះយេហូវ៉ាចុះ
ទ្រង់ជាអ្នកជួយ នឹងជាខែលរបស់ឯង
12ព្រះយេហូវ៉ាទ្រង់បាននឹកចាំពីយើងខ្ញុំ
ទ្រង់នឹងប្រទានពរពិត ទ្រង់នឹងប្រទានពរដល់ពួក
វង្សអ៊ីស្រាអែល
ទ្រង់នឹងប្រទានពរដល់ពួកវង្សអើរ៉ុន
13ទ្រង់នឹងប្រទានពរដល់អស់អ្នក ទាំងតូចទាំងធំ
ដែលកោតខ្លាចព្រះយេហូវ៉ា
14សូមព្រះយេហូវ៉ាចំរើនឯងរាល់គ្នា ឲ្យកាន់តែច្រើនឡើង
គឺឯងរាល់គ្នា ហើយនឹងកូនចៅរបស់ឯងរាល់គ្នាផង
15ឯងរាល់គ្នាបានពរពីព្រះយេហូវ៉ា ជាព្រះដែលបាន
បង្កើតផ្ទៃមេឃ នឹងផែនដី
16ឯស្ថានសួគ៌ គឺជាស្ថានរបស់ព្រះយេហូវ៉ា
ចំណែកផែនដីវិញ នោះទ្រង់បានប្រគល់ដល់មនុស្សជាតិ
17មនុស្សស្លាប់រមែងមិនសរសើរដល់ព្រះយេហូវ៉ាទេ
ព្រមទាំងមនុស្សដែលចុះទៅនៅឯស្ថានស្ងាត់ឈឹងផង
18តែចំណែកយើងខ្ញុំ នឹងសូមឲ្យព្រះយេហូវ៉ាបានប្រកប
ដោយព្រះពរ
ចាប់តាំងពីឥឡូវនេះ ដរាបដល់អស់កល្បតទៅ
ចូរសរសើរដល់ព្រះយេហូវ៉ាចុះ។
Currently Selected:
ទំនុកដំកើង 115: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.