YouVersion Logo
Search Icon

លូកា 8

8
1ក្រោយ​នោះ​មក​ទៀត ទ្រង់​យាង​ទៅ​ប្រដៅ​ក្នុង​គ្រប់​ក្រុង​គ្រប់​ភូមិ​ជា​មួយ​នឹង​ពួក​១២​នាក់ ព្រម​ទាំង​ប្រាប់​ដំណឹង​ល្អ​ពី​នគរ​ព្រះ 2ក៏​មាន​ស្ត្រី​ខ្លះ​ដែល​បាន​ជា​ពី​អារក្ស‌អសោចិ៍ ហើយ​ពី​ជំងឺ​ផ្សេងៗ​បាន​ទៅ​ជា​មួយ​ដែរ គឺ​មាន​ម៉ារា ហៅ​ថា​អ្នក​ស្រុក​ម៉ាក់‌ដាឡា ដែល​មាន​អារក្ស​៧​ចេញ​ពី​នាង​១ 3នឹង​យ៉ូអាន់ ជា​ប្រពន្ធ​ឃូសា មហា‌តលិក​ស្តេច​ហេរ៉ូឌ​១ ស៊ូសាន​១ ហើយ​ស្ត្រី​ឯ​ទៀតៗ​ជា​ច្រើន​ដែរ ដែល​យក​ទ្រព្យ​ខ្លួន​មក​ជួយ​ទ្រង់។
4កាល​មាន​មនុស្ស​មក​ពី​គ្រប់​ស្រុក ប្រជុំ​គ្នា​ឯ​ទ្រង់​ជា​ណែន‌ណាន់‌តាន់‌តាប់​ហើយ នោះ​ទ្រង់​មាន​បន្ទូល​ដោយ​ពាក្យ​ប្រៀប​ប្រដូច​ថា 5មាន​អ្នក​ព្រោះ​ពូជ​ម្នាក់​ចេញ​ទៅ​ព្រោះ កំពុង​ដែល​គាត់​ព្រោះ នោះ​មាន​ខ្លះ​ធ្លាក់​ចុះ​តាម​ផ្លូវ ត្រូវ​គេ​ដើរ​ជាន់ ហើយ​សត្វ​ហើរ​លើ​អាកាស​ក៏​មក​ចឹក​ស៊ី 6ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​ថ្ម កាល​ពន្លក​ឡើង នោះ​ក៏​ក្រៀម​ស្វិត​ទៅ ពី​ព្រោះ​គ្មាន​ធាតុ​សើម​សោះ 7មាន​ខ្លះ​ទៀត​ធ្លាក់​ទៅ​កណ្តាល​បន្លា បន្លា​ក៏​ដុះ​ឡើង​ជា​មួយ ហើយ​រួប​ខ្ទប់​វា 8មាន​ខ្លះ​ទៀត​ធ្លាក់​ទៅ​ក្នុង​ដី​ល្អ ក៏​ពន្លក​ដុះ​ឡើង បង្កើត​ផល​ផ្លែ​បាន​១​ជា​១​រយ​ភាគ កាល​ទ្រង់​មាន​បន្ទូល​សេចក្ដី​ទាំង​នោះ​ស្រេច​ហើយ នោះ​ក៏​បន្លឺ​វាចា​ថា អ្នក​ណា​ដែល​មាន​ត្រចៀក​សំរាប់​ស្តាប់ ឲ្យ​ស្តាប់​ចុះ។
9ពួក​សិស្ស​ទូល​សួរ​ទ្រង់​ថា ពាក្យ​ប្រៀប​នេះ​មាន​ន័យ​ដូច​ម្តេច 10ទ្រង់​ឆ្លើយ​ថា ឯ​អ្នក​រាល់​គ្នា ព្រះ​បាន​ប្រទាន​ឲ្យ​ស្គាល់​អស់​ទាំង​ការ​អាថ៌‌កំបាំង​របស់​នគរ​ទ្រង់​ហើយ តែ​បាន​សំដែង​ដល់​អ្នក​ឯ​ទៀត ដោយ​ពាក្យ​ប្រៀប​ប្រដូច​វិញ ដើម្បី​កាល​ណា​គេ​ឃើញ នោះ​មិន​ឃើញ​វិញ ហើយ​កាល​ណា​គេ​ឮ នោះ​មិន​យល់​ឡើយ 11រីឯ​ពាក្យ​ប្រៀប​ប្រដូច​នេះ គឺ​ស្រាយ​យ៉ាង​នេះ​ថា ពូជ​នោះ គឺ​ព្រះ‌បន្ទូល 12ឯ​ពួក​អ្នក​ដែល​ទទួល​តាម​ផ្លូវ គឺ​ជា​អស់​អ្នក​ដែល​បាន​ឮ រួច​អារក្ស​មក​ឆក់​យក​ព្រះ‌បន្ទូល​ពី​ចិត្ត​គេ​ចេញ​ទៅ ក្រែង​គេ​ជឿ ហើយ​បាន​សង្គ្រោះ 13ឯ​ពួក​អ្នក​ដែល​ទទួល​នៅ​លើ​ថ្ម គឺ​អស់​អ្នក​ដែល​កាល​ណា​ឮ​ព្រះ‌បន្ទូល​ហើយ នោះ​ក៏​ទទួល​ដោយ​អំណរ តែ​គ្មាន​ចាក់​ឫស​សោះ គេ​ជឿ​នៅ​តែ​១​ស្របក់​ប៉ុណ្ណោះ លុះ​កើត​មាន​សេចក្ដី​ល្បួង នោះ​គេ​រសាយ​ចិត្ត​ទៅ​វិញ 14ឯ​ពូជ​ដែល​ធ្លាក់​ទៅ​ក្នុង​បន្លា គឺ​អស់​អ្នក​ដែល​បាន​ឮ រួច​ចេញ​ទៅ នោះ​សេចក្ដី​ខ្វល់‌ខ្វាយ នឹង​ទ្រព្យ​សម្បត្តិ ហើយ​នឹង​សេចក្ដី​ស្រើប‌ស្រាល​នៅ​ជីវិត​នេះ ក៏​ចូល​មក​ខ្ទប់​ជិត មិន​ឲ្យ​បង្កើត​ផល​ផ្លែ​ដ៏​ពេញ‌លេញ​បាន​ឡើយ 15តែ​ពូជ​ដែល​នៅ​ដី​ល្អ គឺ​ពួក​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់​ល្អ ក៏​ឮ​ព្រះ‌បន្ទូល ហើយ​យក​ចិត្ត​ទុក​ដាក់ រួច​បង្កើត​ផល​ដោយ​សេចក្ដី​អត់‌ធន់​វិញ។
16គ្មាន​អ្នក​ណា​អុជ​ចង្កៀង រួច​យក​ផើង​មក​គ្រប ឬ​យក​ទៅ​ដាក់​នៅ​ក្រោម​គ្រែ​ឡើយ គេ​តែង​ដាក់​លើ​ជើង​ចង្កៀង​វិញ ដើម្បី​ឲ្យ​អស់​អ្នក​ណា​ដែល​ចូល​មក​បាន​ឃើញ​ពន្លឺ​ភ្លឺ 17ដ្បិត​គ្មាន​អ្វី​លាក់​កំបាំង​ដែល​មិន​ត្រូវ​បើក​សំដែង​ចេញ ឬ​អ្វី​ជា​សំងាត់​ដែល​មិន​ត្រូវ​ឲ្យ​ដឹង ហើយ​យក​ទៅ​ដាក់​នៅ​ពន្លឺ​នោះ​ឡើយ 18ដូច្នេះ ត្រូវ​ឲ្យ​ប្រយ័ត ដែល​អ្នក​រាល់​គ្នា​ឮ​ជា​យ៉ាង​ណា ដ្បិត​អ្នក​ណា​ដែល​មាន គេ​នឹង​ឲ្យ​ដល់​អ្នក​នោះ ប៉ុន្តែ​អ្នក​ណា​ដែល​គ្មាន នោះ​នឹង​ដក​យក​ទាំង​របស់​ដែល​មើល​ទៅ​ដូច​ជា​អ្នក​នោះ​មាន​ចេញ​ផង។
19នោះ​មាតា នឹង​បង​ប្អូន​ទ្រង់ ក៏​មក​រក​ទ្រង់ តែ​ចូល​ទៅ​ឯ​ទ្រង់​មិន​បាន ដោយ​ព្រោះ​មាន​មនុស្ស​ច្រើន​ណាស់ 20មាន​គេ​ទូល​ទ្រង់​ថា ម្តាយ នឹង​បង​ប្អូន​លោក មក​ឈរ​នៅ​ខាង​ក្រៅ ចង់​ជួប​នឹង​លោក 21តែ​ទ្រង់​ឆ្លើយ​ទៅ​គេ​ថា ឯ​អ្នក​ដែល​ជា​ម្តាយ នឹង​បង​ប្អូន​ខ្ញុំ គឺ​អស់​អ្នក​ដែល​ស្តាប់​ព្រះ‌បន្ទូល ហើយ​ប្រព្រឹត្ត​តាម​វិញ។
22មាន​កាល​១​ថ្ងៃ​នោះ ទ្រង់​ចុះ​ទូក​ជា​មួយ​នឹង​ពួក​សិស្ស ហើយ​មាន​បន្ទូល​ទៅ​គេ​ថា ចូរ​យើង​ឆ្លង​ទៅ​ត្រើយ​ម្ខាង នោះ​ក៏​ចេញ​ទៅ 23កាល​កំពុង​តែ​បើក​ក្តោង​ទៅ នោះ​ទ្រង់​ផ្ទំ​លក់ រួច​មាន​ខ្យល់​ព្យុះ​ធ្លាក់​មក​លើ​សមុទ្រ ទឹក​ក៏​ចូល​ស្ទើរ​តែ​ពេញ​ទូក ហើយ​គេ​ភ័យ​ខ្លាច​លិច 24គេ​ចូល​ទៅ​តើន​ទ្រង់​ទូល​ថា លោក​គ្រូៗ​អើយ យើង​ខ្ញុំ​ស្លាប់​ហើយ តែ​ទ្រង់​ក្រោក​ឡើង កំហែង​ទៅ​ខ្យល់​នឹង​ទឹក ដែល​កំពុង​បោក​បក់​ជា​ខ្លាំង នោះ​ក៏​ស្ងប់​បាត់​ឈឹង​ទៅ 25រួច​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា តើ​សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា​នៅ​ឯ​ណា គេ​ក៏​ភ័យ​ខ្លាច ហើយ​មាន​សេចក្ដី​អស្ចារ្យ​ក្នុង​ចិត្ត ទាំង​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា ចុះ​លោក​នេះ​ជា​អ្វី បាន​ជា​លោក​បង្គាប់​ទៅ​ទាំង​ខ្យល់​ទាំង​ទឹក​បាន ហើយ​ទាំង​២​យ៉ាង​ក៏​ស្តាប់​បង្គាប់​លោក​ដែរ​ដូច្នេះ។
26ទ្រង់​នឹង​ពួក​សិស្ស​ក៏​មក​ដល់​ស្រុក​គេរ៉ា‌ស៊ីន ដែល​ប្រទល់​មុខ​នឹង​ស្រុក​កាលី‌ឡេ 27កាល​ឡើង​ដល់​លើ​គោក នោះ​មាន​មនុស្ស​ម្នាក់​ចេញ​ពី​ក្រុង​នោះ​មក​ជួប​នឹង​ទ្រង់ គាត់​មាន​អារក្ស​ចូល​ជា​យូរ​មក​ហើយ គ្មាន​ស្លៀក‌ពាក់​អ្វី​ឡើយ គាត់​មិន​នៅ​ក្នុង​ផ្ទះ​ទេ គឺ​អាស្រ័យ​នៅ​តែ​ក្នុង​ផ្នូរ​ខ្មោច​វិញ 28កាល​បាន​ឃើញ​ព្រះ‌យេស៊ូវ នោះ​គាត់​ស្រែក​ឡើង ក៏​ទំលាក់​ខ្លួន​ក្រាប​នៅ​ចំពោះ​ទ្រង់ ទូល​ជា​សំឡេង​ខ្លាំង​ថា ឱ​ព្រះ‌យេស៊ូវ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត​អើយ តើ​ទ្រង់ ហើយ​នឹង​ទូលបង្គំ មាន​ការ​អ្វី​នឹង​គ្នា ទូលបង្គំ​សូម​អង្វរ​ទ្រង់ កុំ​ឲ្យ​ធ្វើ​ទុក្ខ​ទូលបង្គំ​ឡើយ 29ដ្បិត​ទ្រង់​កំពុង​តែ​បង្គាប់​ដល់​វិញ្ញាណ​អសោចិ៍ ឲ្យ​ចេញ​ពី​មនុស្ស​នោះ​ទៅ ពី​ព្រោះ​វា​បាន​ជាន់​គាត់​ជា​យូរ​មក​ហើយ គេ​បាន​យក​ច្រវាក់ យក​ខ្នោះ​ដាក់ ទាំង​ថែ​រក្សា​គាត់​ដែរ តែ​គាត់​ចេះ​តែ​ផ្តាច់​ចំណង​ទាំង​នោះ​ចេញ ហើយ​អារក្ស​វា​នាំ​បណ្តាល​ឲ្យ​ទៅ​នៅ​ទី​ស្ងាត់ 30ព្រះ‌យេស៊ូវ​មាន​បន្ទូល​សួរ​គាត់​ថា អ្នក​ឈ្មោះ​អី គាត់​ទូល​ថា ទូលបង្គំ​ឈ្មោះ​«កង‌ទ័ព» ព្រោះ​មាន​អារក្ស​ជា​ច្រើន​ចូល​គាត់ 31អារក្ស​ទាំង​នោះ​ក៏​សូម​អង្វរ កុំ​ឲ្យ​ទ្រង់​បង្គាប់​វា ឲ្យ​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ​ឡើយ 32នៅ​ទី​នោះ មាន​ហ្វូង​ជ្រូក​យ៉ាង​ធំ កំពុង​តែ​រក​ស៊ី​នៅ​លើ​ភ្នំ ហើយ​អារក្ស​ទាំង​នោះ​ក៏​សូម​អង្វរ​ទ្រង់ ឲ្យ​បើក​ឲ្យ​វា​ចូល​ទៅ​ក្នុង​ជ្រូក​ទាំង​នោះ ទ្រង់​ក៏​បើក​ឲ្យ 33រួច​វា​ចេញ​ពី​មនុស្ស​នោះ ចូល​ទៅ​ក្នុង​ហ្វូង​ជ្រូកៗ​ក៏​បោល​ម្នីម្នា តាម​ភ្នំ​ចោត​ធ្លាក់​ទៅ​ក្នុង​សមុទ្រ លង់​ទឹក​ស្លាប់​ទាំង​អស់​ទៅ 34កាល​ពួក​អ្នក​គង្វាល​ជ្រូក​បាន​ឃើញ​ដូច្នោះ ក៏​នាំ​គ្នា​រត់​ទៅ​ប្រាប់​ដល់​ជន​ក្នុង​ក្រុង ហើយ​នឹង​ស្រុក​ស្រែ 35រួច​មនុស្ស​ទាំង‌ឡាយ​ក៏​ចេញ​មក​មើល​ការ​ដែល​កើត​មក​នោះ គេ​មក​ដល់​ព្រះ‌យេស៊ូវ ឃើញ​មនុស្ស​ដែល​អារក្ស​ទាំង​នោះ​បាន​ចេញ កំពុង​តែ​អង្គុយ​ទៀប​ព្រះ‌បាទ​ទ្រង់ ទាំង​ស្លៀក‌ពាក់ ហើយ​ដឹង​ខ្លួន នោះ​គេ​មាន​សេចក្ដី​ភ័យ​ខ្លាច​គ្រប់​គ្នា 36ពួក​អ្នក​ដែល​បាន​ឃើញ​ការ​នោះ ក៏​ប្រាប់​គេ​ពី​បែប​យ៉ាង​ណា​ដែល​មនុស្ស​អារក្ស​ចូល​នោះ​បាន​ជា 37រួច​មនុស្ស​ទាំង​ប៉ុន្មាន ដែល​នៅ​ជុំ‌វិញ​ស្រុក​គេរ៉ា‌ស៊ីន គេ​សូម​ឲ្យ​ទ្រង់​ថយ​ចេញ​ពី​គេ​ទៅ ដ្បិត​គេ​កើត​មាន​សេចក្ដី​ស្ញែង​ខ្លាច​ជា​ខ្លាំង នោះ​ទ្រង់​យាង​ចុះ​ទូក​ត្រឡប់​វិល​វិញ​ទៅ 38ឯ​មនុស្ស​ដែល​អារក្ស​បាន​ចេញ​នោះ គាត់​សូម​អង្វរ​ទ្រង់ ឲ្យ​បាន​ទៅ​ជា​មួយ​ដែរ ប៉ុន្តែ​ព្រះ‌យេស៊ូវ​ឲ្យ​គាត់​ទៅ​វិញ ដោយ​ប្រាប់​ថា 39ចូរ​វិល​ទៅ​ឯ​ផ្ទះ​អ្នក​ទៅ ហើយ​ប្រាប់​ពី​គ្រប់​ទាំង​ការ​ដែល​ព្រះ​បាន​ប្រោស​ដល់​អ្នក​វិញ គាត់​ក៏​ទៅ​ផ្សាយ​ប្រាប់​ពេញ​ក្នុង​ទី​ក្រុង ពី​គ្រប់​ទាំង​ការ​ដែល​ព្រះ‌យេស៊ូវ​បាន​ប្រោស​ដល់​ខ្លួន។
40កាល​ព្រះ‌យេស៊ូវ​បាន​ត្រឡប់​ទៅ​វិញ​ហើយ នោះ​បណ្តា​មនុស្ស​ក៏​ទទួល​ទ្រង់​ដោយ​អំណរ ដ្បិត​គេ​ទន្ទឹង​មើល​តែ​ផ្លូវ​ទ្រង់​ទាំង​អស់​គ្នា 41នោះ​ឃើញ​មាន​មនុស្ស​ម្នាក់​ឈ្មោះ​យ៉ៃរ៉ុស ជា​មេ​សាលា​ប្រជុំ គាត់​មក​ទំលាក់​ខ្លួន​ក្រាប​នៅ​ទៀប​ព្រះ‌បាទ​ព្រះ‌យេស៊ូវ សូម​អង្វរ​ទ្រង់ ឲ្យ​យាង​ទៅ​ផ្ទះ​គាត់ 42ព្រោះ​គាត់​មាន​កូន​ស្រី​តែ​១ អាយុ​ប្រហែល​១២​ឆ្នាំ មាន​ជំងឺ​ឈឺ​ជិត​ស្លាប់ កាល​ទ្រង់​កំពុង​តែ​យាង​ទៅ នោះ​បណ្តា​មនុស្ស​ប្រជ្រៀត​គ្នា​លើ​ទ្រង់។
43ហើយ​មាន​ស្ត្រី​ម្នាក់ មាន​ជំងឺ​ធ្លាក់​ឈាម​១២​ឆ្នាំ​មក​ហើយ នាង​បាន​ចំណាយ​ទ្រព្យ​ខ្លួន​ទាំង​អស់ ដោយ​រក​គ្រូ‌ពេទ្យ តែ​គ្មាន​គ្រូ​ណា​មួយ​មើល​ឲ្យ​ជា​បាន​ទេ 44នាង​មក​ពី​ក្រោយ ចាប់​ពាល់​ជាយ​ព្រះ‌ពស្ត្រ​ទ្រង់ នោះ​ឈាម​ក៏​បាត់​ធ្លាក់​មក​ក្នុង​ខណ​១​រំពេច​នោះ 45ព្រះ‌យេស៊ូវ​មាន​បន្ទូល​សួរ​ថា តើ​អ្នក​ណា​ពាល់​ខ្ញុំ កាល​មនុស្ស​ទាំង​អស់​កំពុង​តែ​ប្រកែក នោះ​ពេត្រុស នឹង​ពួក​អ្នក​ដែល​នៅ​ជា​មួយ​ទូល​ថា លោក​គ្រូ បណ្តា​មនុស្ស​កំពុង​ប្រជ្រៀត​គ្នា​ត្បៀត​ទ្រង់ ដូច្នេះ​ទ្រង់​មាន​បន្ទូល​ថា អ្នក​ណា​ពាល់​ទ្រង់​ធ្វើ​អី 46ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា ច្បាស់​ជា​មាន​អ្នក​ណា​ពាល់​ខ្ញុំ​ពិត ដ្បិត​ខ្ញុំ​ដឹង​ថា មាន​ឫទ្ធិ​ផ្សាយ​ចេញ​ពី​ខ្ញុំ​ទៅ​ហើយ 47កាល​ស្ត្រី​នោះ​បាន​ឃើញ​ថា លាក់​ខ្លួន​មិន​កំបាំង​ទេ នោះ​ក៏​ចូល​មក​ទាំង​ញ័រ​រន្ធត់ ផ្តួល​ខ្លួន​នៅ​ចំពោះ​ទ្រង់ ទូល​នៅ​មុខ​មនុស្ស​ទាំង​អស់ ពី​ហេតុ​ដែល​នាង​បាន​ពាល់​ទ្រង់ ហើយ​ពី​បែប​ដែល​នាង​បាន​ជា​ភ្លាម​១​រំពេច​ផង 48ទ្រង់​មាន​បន្ទូល​ទៅ​នាង​ថា ចូរ​សង្ឃឹម​ឡើង កូន​ស្រី​អើយ ដ្បិត​សេចក្ដី​ជំនឿ​នាង​បាន​សង្គ្រោះ​នាង​ហើយ ចូរ​ទៅ​ដោយ​សុខ‌សាន្ត​ចុះ។
49កាល​ទ្រង់​កំពុង​តែ​មាន​បន្ទូល​នៅ​ឡើយ នោះ​មាន​ម្នាក់​មក​ពី​ផ្ទះ​មេ​សាលា​ប្រជុំ ជំរាប​គាត់​ថា កូន​លោក​ស្លាប់​ហើយ កុំ​នៅ​រំខាន​ចិត្ត​លោក​គ្រូ​ទៀត 50ព្រះ‌យេស៊ូវ​ក៏​ឮ ហើយ​មាន​បន្ទូល​ទៅ​គាត់​ថា កុំ​ខ្លាច​ឡើយ ឲ្យ​គ្រាន់​តែ​ជឿ​ប៉ុណ្ណោះ នោះ​នាង​នឹង​បាន​រស់​វិញ 51រួច​ទ្រង់​យាង​ចូល​ទៅ​ក្នុង​ផ្ទះ មិន​ឲ្យ​អ្នក​ណា​ទៅ​ជា​មួយ​ឡើយ លើក​តែ​ពេត្រុស យ៉ាកុប នឹង​យ៉ូហាន ហើយ​ឪពុក​ម្តាយ​របស់​កូន​នោះ​ប៉ុណ្ណោះ 52ឯ​មនុស្ស​ទាំង​អស់ គេ​កំពុង​តែ​យំ​សោក​សង្រេង​នឹង​នាង តែ​ទ្រង់​មាន​បន្ទូល​ថា កុំ​យំ​អី នាង​មិន​មែន​ស្លាប់​ទេ គឺ​នាង​ដេក​លក់​ទេ​តើ 53គេ​ក៏​សើច​ចំអក​ឲ្យ​ទ្រង់ ដ្បិត​គេ​ដឹង​ថា នាង​ស្លាប់​ពិត​មែន 54នោះ​ទ្រង់​បណ្តេញ​គេ​ចេញ​អស់ ហើយ​ចាប់​ដៃ​នាង មាន​បន្ទូល​ជា​ខ្លាំង​ថា កូន​អើយ ចូរ​ក្រោក​ឡើង 55ខណ​នោះ ព្រលឹង​នាង​ក៏​មក​វិញ ហើយ​នាង​ក្រោក​ឡើង​ភ្លាម នោះ​ទ្រង់​បង្គាប់​ឲ្យ​គេ​យក​អ្វីៗ​មក​ឲ្យ​នាង​បរិភោគ 56ឪពុក​ម្តាយ​នាង​ក៏​កើត​មាន​សេចក្ដី​អស្ចារ្យ តែ​ទ្រង់​ហាម​មិន​ឲ្យ​គេ​ប្រាប់​ឲ្យ​អ្នក​ណា​ដឹង​ពី​ការ​នោះ​ឡើយ។

Currently Selected:

លូកា 8: ពគប

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in