YouVersion Logo
Search Icon

លូកា 9

9
1លុះ​ទ្រង់​បាន​ហៅ​ពួក​សិស្ស​ទាំង​១២​នាក់​មក នោះ​ក៏​ប្រទាន​ឲ្យ​គេ​មាន​ព្រះ‌ចេស្តា នឹង​អំណាច​លើ​អស់​ទាំង​អារក្ស ហើយ​ឲ្យ​អាច​មើល​ជំងឺ​ឲ្យ​ជា 2ទ្រង់​ចាត់​គេ​ឲ្យ​ទៅ​ប្រកាស​ប្រាប់​ពី​នគរ​ព្រះ ហើយ​ឲ្យ​មើល​មនុស្ស​មាន​ជំងឺ​ឲ្យ​បាន​ជា​ផង 3ទ្រង់​មាន​បន្ទូល​ប្រាប់​ថា កុំ​ឲ្យ​យក​អ្វី​សំរាប់​តាម​ផ្លូវ​ឡើយ ទោះ​ជា​ដំបង យាម នំបុ័ង ឬ​ប្រាក់​ក្តី ក៏​កុំ​ឲ្យ​មាន​អាវ​២​ដែរ 4បើ​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ​ណា ចូរ​ស្នាក់​នៅ​ផ្ទះ​នោះ ហើយ​ចេញ​ចូល​ធ្វើ​ការ​ចុះ 5ឯ​អស់​អ្នក​ណា​ដែល​មិន​ព្រម​រាក់‌ទាក់​ទទួល​អ្នក​រាល់​គ្នា​ទេ នោះ​ចូរ​ចេញ​ពី​ភូមិ​នោះ​ទៅ ហើយ​រលាស់​ទាំង​ធូលី​ដី​ពី​ជើង​អ្នក​ចេញ ទុក​ជា​ទី​បន្ទាល់​ទាស់​នឹង​គេ​វិញ 6កាល​គេ​ចេញ​ទៅ នោះ​ក៏​ដើរ​ទៅ​សព្វ​ពេញ​អស់​ទាំង​ភូមិ ព្រម​ទាំង​ផ្សាយ​ដំណឹង​ល្អ ហើយ​បាន​មើល​គេ​ឲ្យ​ជា​នៅ​គ្រប់​កន្លែង​ដែរ។
7ឯ​ហេរ៉ូឌ ជា​ស្តេច​អនុរាជ បាន​ឮ​និយាយ​ពី​ការ​ដែល​ទ្រង់​ធ្វើ​ទាំង​ប៉ុន្មាន ក៏​មាន​ព្រះ‌ទ័យ​អល់‌អែក ពី​ព្រោះ​ខ្លះ​និយាយ​ថា លោក​យ៉ូហាន​បាន​រស់​ពី​ស្លាប់​ឡើង​វិញ 8ខ្លះ​ថា លោក​អេលីយ៉ា​បាន​លេច​មក​ហើយ ខ្លះ​ទៀត​ថា មាន​ហោរា​ណា​មួយ​ពី​ចាស់​បុរាណ បាន​រស់​ឡើង​វិញ​ដូច្នេះ 9តែ​ហេរ៉ូឌ​មាន​បន្ទូល​ថា យើង​បាន​កាត់​ក្បាល​យ៉ូហាន​ហើយ ដូច្នេះ តើ​អ្នក​ណា​ហ្ន៎ ដែល​អញ​ឮ​ថា ធ្វើ​ការ​ប្លែក​ទាំង​ម៉្លេះ​នេះ ហើយ​ក៏​រក​ចង់​ឃើញ​ទ្រង់។
10កាល​ពួក​សាវក​បាន​ត្រឡប់​មក​វិញ ក៏​រ៉ាយ​រឿង​ទូល​ព្រះ‌យេស៊ូវ ពី​ការ​ដែល​គេ​បាន​ធ្វើ​ទាំង​ប៉ុន្មាន នោះ​ទ្រង់​នាំ​គេ​ទៅ​ដោយ‌ឡែក​នៅ​ទី​ស្ងាត់ ជិត​ភូមិ​១​ឈ្មោះ​បេត‌សៃដា 11កាល​បណ្តា​មនុស្ស​បាន​ដឹង ក៏​តាម​ទ្រង់​ទៅ ទ្រង់​រាក់‌ទាក់​ទទួល​គេ ហើយ​មាន​បន្ទូល​ប្រាប់​ពី​នគរ​ព្រះ ទាំង​ប្រោស​ដល់​អស់​អ្នក​ដែល​ត្រូវ​ការ ឲ្យ​គេ​បាន​ជា​ផង 12វេលា​នោះ ថ្ងៃ​កាន់​តែ​ទាប​ហើយ នោះ​ពួក​១២​នាក់​មក​ទូល​ទ្រង់​ថា សូម​ឲ្យ​មនុស្ស​ទាំង‌ឡាយ​ទៅ ដើម្បី​ឲ្យ​ទៅ​រក​ទី​ស្នាក់ នឹង​ស្បៀង​អាហារ នៅ​ក្នុង​ភូមិ​នឹង​ស្រុក​ស្រែ​ជុំ‌វិញ ដ្បិត​ទី​នេះ​ស្ងាត់​ណាស់ 13តែ​ទ្រង់​មាន​បន្ទូល​ថា ចូរ​អ្នក​រាល់​គ្នា​ឲ្យ​គេ​បរិភោគ​ទៅ ពួក​សិស្ស​ទូល​ថា យើង​ខ្ញុំ​មាន​តែ​នំបុ័ង​៥​ដុំ នឹង​ត្រី​២​ទេ លើក​តែ​យើង​ខ្ញុំ​ទៅ​ទិញ​ស្បៀង​អាហារ​ទៀត សំរាប់​មនុស្ស​ទាំង​នេះ​វិញ 14(រីឯ​ពួក​មនុស្ស​ទាំង​នោះ មាន​ប្រុសៗ​ចំនួន​៥​ពាន់​នាក់) តែ​ទ្រង់​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ថា ចូរ​ឲ្យ​គេ​អង្គុយ​ដោយ​ជួរៗ​ទៅ ក្នុង​១​ជួរ​៥០​នាក់ 15ពួក​សិស្ស​ក៏​ឲ្យ​មនុស្ស​ទាំង​អស់​អង្គុយ​ដូច្នោះ 16នោះ​ទ្រង់​យក​នំបុ័ង​៥ នឹង​ត្រី​២ ងើប​ទត​ទៅ​លើ​មេឃ ហើយ​ប្រទាន​ពរ រួច​កាច់​ប្រទាន​ដល់​ពួក​សិស្ស ឲ្យ​លើក​ទៅ​ឲ្យ​បណ្តា​មនុស្ស 17គេ​ក៏​បរិភោគ​ឆ្អែត​ទាំង​អស់​គ្នា រួច​ប្រមូល​ចំណិត​ដែល​នៅ​សល់​បាន​១២​កន្ត្រក។
18គ្រា​មួយ កាល​ទ្រង់​កំពុង​តែ​អធិស្ឋាន​ដោយ‌ឡែក ហើយ​ពួក​សិស្ស​ក៏​នៅ​ជា​មួយ នោះ​ទ្រង់​មាន​បន្ទូល​សួរ​ថា តើ​ហ្វូង​មនុស្ស​ទាំង‌ឡាយ​ថា​ខ្ញុំ​ជា​អ្នក​ណា 19គេ​ទូល​ឆ្លើយ​ថា ជា​យ៉ូហាន-បាទីស្ទ ខ្លះ​ថា​ជា​អេលីយ៉ា ខ្លះ​ទៀត​ថា​ជា​ហោរា​ណា​មួយ​ពី​ចាស់​បុរាណ បាន​រស់​ឡើង​វិញ 20ទ្រង់​មាន​បន្ទូល​សួរ​គេ​ថា ចុះ​ឯ​អ្នក​រាល់​គ្នា​វិញ តើ​ថា​ខ្ញុំ​ជា​អ្នក​ណា នោះ​ពេត្រុស​ទូល​ឆ្លើយ​ថា ទ្រង់​ជា​ព្រះ‌គ្រីស្ទ​នៃ​ព្រះ 21ទ្រង់​ហាម​ផ្តាច់ មិន​ឲ្យ​គេ​ប្រាប់​ដល់​អ្នក​ណា ពី​សេចក្ដី​នេះ​ឡើយ 22ដោយ​មាន​បន្ទូល​ថា ត្រូវ​ឲ្យ​កូន​មនុស្ស​រង​ទុក្ខ​ជា​ច្រើន ត្រូវ​ពួក​ចាស់‌ទុំ ពួក​សង្គ្រាជ នឹង​ពួក​អាចារ្យ​បោះ​បង់​ចោល ត្រូវ​គេ​សំឡាប់ ហើយ​៣​ថ្ងៃ​ក្រោយ​មក​នឹង​រស់​ឡើង​វិញ 23រួច​ទ្រង់​មាន​បន្ទូល​ទៅ​មនុស្ស​ទាំង​អស់​ថា បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​នោះ​លះ​កាត់​ចិត្ត​ខ្លួន​ឯង ទាំង​ផ្ទុក​ឈើ​ឆ្កាង​ខ្លួន​រាល់​តែ​ថ្ងៃ ហើយ​មក​តាម​ខ្ញុំ​ចុះ 24ដ្បិត​អ្នក​ណា​ដែល​ចង់​ឲ្យ​រួច​ជីវិត នោះ​នឹង​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​បាត់​ជីវិត ដោយ​ព្រោះ​ខ្ញុំ នោះ​នឹង​បាន​ជីវិត​វិញ 25ដ្បិត​បើ​សិន​ជា​មនុស្ស​ណា​នឹង​បាន​លោកីយ​ទាំង​មូល ប៉ុន្តែ​ធ្វើ​ឲ្យ​ខ្លួន​ឯង​វិនាស ឬ​ឲ្យ​បាត់‌បង់ នោះ​តើ​មាន​ប្រយោជន៍​អ្វី​ដល់​អ្នក​នោះ 26ដ្បិត​អ្នក​ណា​ដែល​មាន​សេចក្ដី​ខ្មាស ដោយ​ព្រោះ​ខ្ញុំ នឹង​ពាក្យ​ខ្ញុំ នោះ​កូន​មនុស្ស​នឹង​មាន​សេចក្ដី​ខ្មាស ដោយ​ព្រោះ​អ្នក​នោះ​ដែរ ក្នុង​កាល​ដែល​លោក​មក​ក្នុង​សិរី‌ល្អ​របស់​លោក របស់​ព្រះវរ‌បិតា ហើយ​នឹង​ពួក​ទេវតា​បរិសុទ្ធ 27ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ក្នុង​ពួក​អ្នក​ដែល​ឈរ​នៅ​ទី​នេះ មាន​អ្នក​ខ្លះ​ដែល​មិន​ត្រូវ​ភ្លក់​សេចក្ដី​ស្លាប់ ទាល់​តែ​បាន​ឃើញ​នគរ​ព្រះ។
28ប្រហែល​ជា​៨​ថ្ងៃ ក្រោយ​ដែល​មាន​បន្ទូល​សេចក្ដី​ទាំង​នោះ​មក នោះ​ទ្រង់​យក​ពេត្រុស យ៉ូហាន នឹង​យ៉ាកុប​ឡើង​ទៅ​លើ​ភ្នំ ដើម្បី​អធិស្ឋាន 29កាល​ទ្រង់​កំពុង​តែ​អធិស្ឋាន នោះ​បែប​ភាព​ព្រះ‌ភក្ត្រ​ទ្រង់​ក៏​ផ្លាស់​ប្រែ ហើយ​ព្រះ‌ពស្ត្រ​ត្រឡប់​ជា​ស​ព្រាត 30នោះ​ឃើញ​មាន​មនុស្ស​២​នាក់​កំពុង​តែ​ទូល​នឹង​ទ្រង់ គឺ​លោក​ម៉ូសេ នឹង​លោក​អេលីយ៉ា 31ដែល​លេច​មក​ក្នុង​សិរី‌ល្អ ទូល​ពី​ដំណើរ​ទ្រង់​សុគត ដែល​ត្រូវ​សំរេច​នៅ​ក្រុង​យេរូ‌សាឡិម 32ឯ​ពេត្រុស នឹង​អ្នក​ទាំង​២​ដែល​នៅ​ជា​មួយ​នឹង​គាត់ គេ​ងងុយ​ជា​ខ្លាំង លុះ​កាល​ភ្ញាក់​ដឹង​ខ្លួន​ឡើង នោះ​ស្រាប់​តែ​ឃើញ​សិរី‌ល្អ​ទ្រង់ នឹង​មនុស្ស​២​នាក់ ដែល​ឈរ​នៅ​ជា​មួយ​នឹង​ទ្រង់​ដែរ 33កាល​មនុស្ស​ទាំង​២​នោះ​កំពុង​តែ​ថយ​ចេញ​ពី​ទ្រង់​ទៅ នោះ​ពេត្រុស​ទូល​ថា លោក​គ្រូ​អើយ ដែល​យើង​ខ្ញុំ​នៅ​ទី​នេះ​បាន​ល្អ​ណាស់​ហើយ សូម​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ត្រសាល​៣ គឺ​១​សំរាប់​លោក ១​សំរាប់​លោក​ម៉ូសេ ហើយ​១​សំរាប់​លោក​អេលីយ៉ា ដោយ​មិន​ដឹង​ខ្លួន​ជា​ថា​ដូច​ម្តេច​ទេ 34កំពុង​ដែល​ទូល​សេចក្ដី​ទាំង​នេះ​នៅ​ឡើយ នោះ​មាន​ពពក​មក​គ្រប​បាំង​គេ គេ​ក៏​ភ័យ​ខ្លាច​ទាំង​អស់​គ្នា ដោយ​ចូល​ខ្លួន​ក្នុង​ពពក​នោះ 35ហើយ​មាន​សំឡេង​ចេញ​ពី​ពពក​មក​ថា នេះ​ជា​កូន​ស្ងួន‌ភ្ងា​អញ ចូរ​ឲ្យ​ស្តាប់​តាម​ចុះ 36ក្រោយ​សំឡេង​នោះ​មក ក៏​ឃើញ​មាន​តែ​ព្រះ‌យេស៊ូវ​១​អង្គ​ទ្រង់​ប៉ុណ្ណោះ ក្នុង​គ្រា​នោះ​គេ​នៅ​តែ​ស្ងៀម ឥត​មាន​ប្រាប់​ដល់​អ្នក​ណា ពី​ការ​អ្វី​ដែល​គេ​ឃើញ​នោះ​ឡើយ។
37ដល់​ថ្ងៃ​ក្រោយ កាល​ចុះ​ពី​ភ្នំ​មក នោះ​មាន​មនុស្ស​សន្ធឹក​មក​ជួប​នឹង​ទ្រង់ 38ហើយ​មើល មាន​ម្នាក់​ស្រែក​ឡើង​ពី​ក្នុង​ពួក​មនុស្ស​ទាំង​នោះ​ថា លោក​គ្រូ​អើយ សូម​អាណិត​កូន​ខ្ញុំ​ផង ដ្បិត​ជា​កូន​តែ​១​របស់​ខ្ញុំ 39ហើយ​មើល មាន​វិញ្ញាណ​អារក្ស​ចេះ​តែ​ជាន់​វា ហើយ​លោ​តែ​វា​ស្រែក​ឡើង ធ្វើ​ឲ្យ​ប្រកាច់​បែក​ពពុះ​មាត់ នឹង​ហើម​ជាំ​អស់​ទាំង​ខ្លួន រួច​ចេញ​ពី​វា​ទៅ​ដោយ​ពិបាក 40ខ្ញុំ​បាន​សូម​អង្វរ​ឲ្យ​ពួក​សិស្ស​លោក​ដេញ​ចេញ​ដែរ តែ​គេ​ដេញ​មិន​បាន​សោះ 41ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា ឱ​ដំណ​មនុស្ស​ដែល​មិន​ជឿ ហើយ​មាន​ចិត្ត​វៀច​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​នៅ​ជា​មួយ ហើយ​ទ្រាំ​នឹង​អ្នក​រាល់​គ្នា​ដល់​កាល​ណា​ទៀត ចូរ​នាំ​កូន​អ្នក​មក​ឯ​ណេះ 42កាល​វា​កំពុង​តែ​ដើរ​ចូល​មក នោះ​អារក្ស​បាន​ផ្តួល​វា ហើយ​ធ្វើ​ឲ្យ​ប្រកាច់‌ប្រកិន​ជា​ខ្លាំង តែ​ព្រះ‌យេស៊ូវ​ទ្រង់​កំហែង​ទៅ​វិញ្ញាណ​អសោចិ៍ ហើយ​ប្រោស​ក្មេង​នោះ​ឲ្យ​ជា រួច​ប្រគល់​ដល់​ឪពុក​វិញ ឯ​មនុស្ស​ទាំង‌ឡាយ ក៏​អស្ចារ្យ​ចំពោះ​ឥទ្ធិ‌ឫទ្ធិ​របស់​ព្រះ​ទាំង​អស់​គ្នា។
43កាល​មនុស្ស​ទាំង​អស់ កំពុង​តែ​នឹក​ប្លែក​ក្នុង​ចិត្ត ពី​អស់​ទាំង​ការ​ដែល​ព្រះ‌យេស៊ូវ​ទ្រង់​ធ្វើ នោះ​ទ្រង់​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ថា 44ចូរ​អ្នក​រាល់​គ្នា​ចាំ​ពាក្យ​ទាំង​នេះ ទុក​នៅ​ក្នុង​ត្រចៀក​ចុះ ដ្បិត​បន្តិច​ទៀត កូន​មនុស្ស​ត្រូវ​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​មនុស្ស​លោក​ហើយ 45ប៉ុន្តែ​គេ​មិន​បាន​យល់​សេចក្ដី​នោះ​ទេ ព្រោះ​ជា​សេចក្ដី​លាក់​កំបាំង​ដល់​គេ ដើម្បី​មិន​ឲ្យ​គេ​គិត​ឃើញ ហើយ​គេ​ក៏​ខ្លាច​មិន​ហ៊ាន​ទូល​សួរ​ទ្រង់​ពី​សេចក្ដី​នោះ​ដែរ 46ខណ​នោះ គេ​កើត​មាន​សេចក្ដី​ជជែក​គ្នា ពី​អ្នក​ណា​ដែល​ធំ​ជាង​ក្នុង​ពួក​គេ​វិញ 47កាល​ព្រះ‌យេស៊ូវ​បាន​ជ្រាប​គំនិត​ក្នុង​ចិត្ត​គេ​ហើយ នោះ​ទ្រង់​យក​ក្មេង​តូច​១​មក​ដាក់​នៅ​ជិត​ទ្រង់ 48រួច​មាន​បន្ទូល​ថា អ្នក​ណា​ដែល​ទទួល​ក្មេង​តូច​នេះ ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ឈ្មោះ​ថា​ទទួល​ខ្ញុំ ហើយ​អ្នក​ណា​ដែល​ទទួល​ខ្ញុំ នោះ​ឈ្មោះ​ថា​ទទួល​ព្រះ​ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​ដែរ ព្រោះ​អ្នក​ណា​ដែល​តូច​ជាង​គេ ក្នុង​ពួក​អ្នក​រាល់​គ្នា គឺ​អ្នក​នោះ​ហើយ ជា​អ្នក​ធំ​វិញ 49យ៉ូហាន​ទូល​ឆ្លើយ​ថា លោក​គ្រូ យើង​ខ្ញុំ​បាន​ឃើញ​មនុស្ស​ម្នាក់​កំពុង​តែ​ដេញ​អារក្ស ដោយ​ឈ្មោះ​លោក តែ​យើង​ខ្ញុំ​បាន​ឃាត់​ដល់​អ្នក​នោះ ដោយ​ព្រោះ​គេ​មិន​តាម​យើង​រាល់​គ្នា 50នោះ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គាត់​ថា កុំ​ឃាត់​គេ​ឡើយ ដ្បិត​អ្នក​ណា​ដែល​មិន​ទាស់​នឹង​យើង នោះ​កាន់​ខាង​យើង​ហើយ។
51កាល​ជិត​ដល់​កំណត់ ដែល​ទ្រង់​ត្រូវ​ឡើង​ទៅ​ស្ថាន‌សួគ៌ នោះ​ទ្រង់​ដំរង់​ព្រះ‌ភក្ត្រ យាង​ឆ្ពោះ​ត្រង់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​តែ​ម្តង 52ទ្រង់​ចាត់​ប្រើ​អ្នក​ខ្លះ​ឲ្យ​ទៅ​ជា​មុន គេ​ក៏​ទៅ ហើយ​បាន​ចូល​ទៅ​ក្នុង​ភូមិ​១​របស់​សាសន៍​សាម៉ារី ដើម្បី​នឹង​រៀបចំ​ថ្វាយ​ទ្រង់ 53តែ​ពួក​ភូមិ​នោះ​មិន​ទទួល​ទ្រង់​ទេ ពី​ព្រោះ​ទ្រង់​ដូច​ជា​មាន​ព្រះ‌ភក្ត្រ​ឆ្ពោះ​ត្រង់​យាង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម 54កាល​យ៉ាកុប នឹង​យ៉ូហាន ជា​សិស្ស​ទ្រង់ បាន​ឃើញ​ដូច្នោះ នោះ​ក៏​ទូល​ថា ព្រះ‌អម្ចាស់​អើយ តើ​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ ឲ្យ​យើង​ខ្ញុំ​ហៅ​ភ្លើង​ឲ្យ​ធ្លាក់​ពី​លើ​មេឃ​មក​បញ្ឆេះ​គេ ដូច​ជា​លោក​អេលីយ៉ា​បាន​ធ្វើ​ដែរ​ឬ​អី 55តែ​ទ្រង់​បែរ​ទៅ​បន្ទោស​គេ​ថា អ្នក​រាល់​គ្នា​មិន​ដឹង​ជា​មាន​វិញ្ញាណ​បែប​យ៉ាង​ណា​ទេ 56ពី​ព្រោះ​កូន​មនុស្ស​មិន​មែន​មក ប៉ង​នឹង​បំផ្លាញ​ជីវិត​មនុស្ស​ទេ គឺ​មក ដើម្បី​នឹង​ជួយ​សង្គ្រោះ​វិញ រួច​ក៏​នាំ​គ្នា​ទៅ​ឯ​ភូមិ​មួយ​ទៀត​ទៅ។
57កាល​កំពុង​តែ​ទៅ​តាម​ផ្លូវ នោះ​មាន​ម្នាក់​ទូល​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​នឹង​តាម​ទ្រង់ ទោះ​បើ​ទ្រង់​យាង​ទៅ​ក្នុង​ទី​ណា​ក៏​ដោយ 58ព្រះ‌យេស៊ូវ​មាន​បន្ទូល​តប​ថា កញ្ជ្រោង​មាន​រូង​វា ហើយ​សត្វ​ហើរ​លើ​អាកាស​ក៏​មាន​សំបុក​ដែរ តែ​កូន​មនុស្ស​គ្មាន​កន្លែង​ណា​នឹង​កើយ​ក្បាល​ទេ 59ទ្រង់​មាន​បន្ទូល​ទៅ​ម្នាក់​ទៀត​ថា ចូរ​មក​តាម​ខ្ញុំ អ្នក​នោះ​ទូល​ឆ្លើយ​ថា ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​អនុញ្ញាត​ឲ្យ​ទូលបង្គំ​ទៅ​កប់​ខ្មោច​ឪពុក​ទូលបង្គំ​សិន 60តែ​ទ្រង់​មាន​បន្ទូល​ទៅ​អ្នក​នោះ​ថា ទុក​ឲ្យ​ពួក​មនុស្ស​ស្លាប់​កប់​ខ្មោច​ពួក​គេ​ចុះ ឯ​អ្នក ចូរ​ទៅ​ផ្សាយ​ដំណឹង​ពី​នគរ​ព្រះ​វិញ 61មាន​ម្នាក់​ទៀត​ទូល​ថា ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​នឹង​តាម​ទ្រង់​ទៅ​ដែរ តែ​សូម​អនុញ្ញាត​ឲ្យ​ទូលបង្គំ​ទៅ​លា​ពួក​ផ្ទះ​ទូលបង្គំ​សិន 62ទ្រង់​មាន​បន្ទូល​ទៅ​អ្នក​នោះ​ថា អ្នក​ណា​ដែល​ដាក់​ដៃ​កាន់​នង្គ័ល ហើយ​ងាក​បែរ​ទៅ​មើល​ក្រោយ អ្នក​នោះ​មិន​គួរ​នឹង​នគរ​ព្រះ​ទេ។

Currently Selected:

លូកា 9: ពគប

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in