YouVersion Logo
Search Icon

លូកា 16

16
1ទ្រង់​ក៏​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ថា មាន​សេដ្ឋី​ម្នាក់ ដែល​គេ​មក​ប្តឹង​លោក ពី​អ្នក​ត្រួត‌ត្រា​លើ​របស់​ទ្រព្យ​លោក​ថា គាត់​ចាយ​បង្ហិន​បង្ហោច​ទ្រព្យ​សម្បត្តិ​លោក​ជា​ច្រើន 2លោក​ក៏​ហៅ​អ្នក​នោះ​មក​សួរ​ថា តើ​រឿង​អ្វី​ដែល​អញ​ឮ​និយាយ​ពី​ឯង ចូរ​រៀប​រាប់​ប្រាប់​ពី​ការ​ឯង​ត្រួត‌ត្រា​នោះ​មក​មើល ពី​ព្រោះ​ឯង​នៅ​ត្រួត‌ត្រា​ការ​ទៀត​ពុំ​បាន​ទេ 3អ្នក​ដំរួត​នោះ​គិត​ក្នុង​ចិត្ត​ថា តើ​អញ​នឹង​ធ្វើ​អ្វី ដ្បិត​ចៅហ្វាយ​អញ​គិត​ដក​ការ​ត្រួត‌ត្រា​នេះ​ពី​អញ​ចេញ​ហើយ អញ​ទៅ​កាប់​ដី​មិន​កើត​ទេ នឹង​ទៅ​សូម​ទាន ក៏​ខ្មាស​គេ​ដែរ 4អញ​ដឹង​ការ​ដែល​អញ​នឹង​ធ្វើ​ហើយ ដើម្បី​បើ​កាល​ណា​លោក​បណ្តេញ​អញ ពី​ការ​ត្រួត‌ត្រា​ចេញ នោះ​នឹង​មាន​គេ​ទទួល​អញ ឲ្យ​ទៅ​នៅ​ផ្ទះ​គេ​មិន​ខាន 5គាត់​ក៏​ហៅ​ពួក​កូន​បំណុល​របស់​ចៅហ្វាយ​គាត់​មក គាត់​សួរ​អ្នក​ដែល​មក​មុន​ថា តើ​អ្នក​ជំពាក់​ចៅហ្វាយ​ខ្ញុំ​ប៉ុន្មាន 6អ្នក​នោះ​ឆ្លើយ​ថា ជំពាក់​ប្រេង​១​រយ​ប៉ោត រួច​គាត់​ប្រាប់​អ្នក​នោះ​ថា ចូរ​យក​សំបុត្រ​អ្នក ទៅ​អង្គុយ​សរសេរ​ដាក់​៥០​វិញ ជា​ប្រញាប់​ទៅ 7រួច​គាត់​សួរ​ទៅ​ម្នាក់​ទៀត​ថា ឯ​អ្នក តើ​ជំពាក់​ប៉ុន្មាន អ្នក​នោះ​ឆ្លើយ​ថា ជំពាក់​ស្រូវ​១​រយ​ហាប គាត់​ប្រាប់​អ្នក​នោះ​ថា ចូរ​យក​សំបុត្រ​អ្នក ទៅ​សរសេរ​ដាក់​៨០​វិញ​ទៅ 8ចៅហ្វាយ​ក៏​សរសើរ​អ្នក​ត្រួត‌ត្រា​ទុច្ចរិត​នោះ ពី​ព្រោះ​គាត់​បាន​ប្រព្រឹត្ត​ដោយ​ឆ្លៀវ‌ឆ្លាត ដ្បិត​មនុស្ស​របស់​ផង​លោកីយ​នេះ គេ​មាន​ប្រាជ្ញា​ចំពោះ​ជំនាន់​គេ ជា​ជាង​មនុស្ស​របស់​ផង​ពន្លឺ​ទៅ​ទៀត 9ខ្ញុំ​ក៏​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​ប្រើ​ទ្រព្យ​សម្បត្តិ​លោកីយ​នេះ ឲ្យ​បាន​មិត្រ​សំឡាញ់​ដល់​ខ្លួន ដើម្បី​កាល​ណា​អ្នក​រាល់​គ្នា​ខាន​នៅ នោះ​នឹង​មាន​គេ​ទទួល​អ្នក​រាល់​គ្នា ឲ្យ​នៅ​ក្នុង​ទី​លំនៅ​ដ៏​ស្ថិត‌ស្ថេរ​អស់​‌កល្ប​ជានិច្ច​វិញ 10អ្នក​ណា​ដែល​ស្មោះ‌ត្រង់​ក្នុង​ការ​តូច​បំផុត នោះ​ក៏​ឈ្មោះ​ថា ស្មោះ‌ត្រង់​ក្នុង​ការ​ធំ ហើយ​អ្នក​ណា​ដែល​ទុច្ចរិត​ក្នុង​ការ​តូច​បំផុត នោះ​ក៏​ឈ្មោះ​ថា​ទុច្ចរិត​ក្នុង​ការ​ដ៏​ធំ​ដែរ 11ដូច្នេះ បើ​អ្នក​រាល់​គ្នា​មិន​ស្មោះ‌ត្រង់ ចំពោះ​ទ្រព្យ​សម្បត្តិ​របស់​លោកីយ​ទេ តើ​អ្នក​ណា​ហ៊ាន​ផ្ញើ​សម្បត្តិ​ដ៏​ពិត ទុក​នឹង​អ្នក​រាល់​គ្នា​បាន 12ហើយ​បើ​អ្នក​រាល់​គ្នា​មិន​ស្មោះ‌ត្រង់​នឹង​របស់​គេ​ទេ តើ​អ្នក​ណា​នឹង​ហ៊ាន​ឲ្យ​របស់​អ្វី​ដាច់​ជា​របស់​ផង​អ្នក​បាន 13គ្មាន​បាវ​ណា​ដែល​បំរើ​ចៅហ្វាយ​២​បាន​ទេ ពី​ព្រោះ​បាវ​នោះ​នឹង​ស្អប់​១ ស្រឡាញ់​១ ឬ​នឹង​កាន់​ខាង​១ ហើយ​មើល‌ងាយ​១ ដូច្នេះ អ្នក​រាល់​គ្នា​ក៏​បំរើ​ព្រះ​ផង ទ្រព្យ​សម្បត្តិ​ផង​ពុំ​បាន​ដែរ។
14ឯ​ពួក​ផារិស៊ី ដែល​ជា​ពួក​អ្នក​មាន​ចិត្ត​លោភ គេ​ក៏​បាន​ស្តាប់​គ្រប់​សេចក្ដី​ទាំង​នោះ​ដែរ ហើយ​គេ​ចំអក​ឲ្យ​ទ្រង់ 15នោះ​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា អ្នក​រាល់​គ្នា​ជា​ពួក​ដែល​សំដែង​ខ្លួន​ជា​សុចរិត នៅ​ចំពោះ​មុខ​មនុស្ស តែ​ព្រះ‌ទ្រង់​ជ្រាប​ចិត្ត​អ្នក​រាល់​គ្នា​ហើយ ដ្បិត​របស់​ណា​ដែល​មនុស្ស​គាប់​ចិត្ត​រាប់​អាន​ជា​ច្រើន នោះ​ជា​ទី​ស្អប់​ខ្ពើម​នៅ​ចំពោះ​ព្រះ​វិញ 16មាន​ក្រិត្យ‌វិន័យ នឹង​ទំនាយ​នៃ​ពួក​ហោរា ដរាប​មក​ដល់​យ៉ូហាន តាំង​ពី​នោះ​មក គេ​បាន​ផ្សាយ​ដំណឹង​ពី​នគរ​ព្រះ​ទួទៅ ហើយ​មនុស្ស​ទាំង​អស់​កំពុង​តែ​ខំ​ប្រឹង​ចូល 17ប៉ុន្តែ​ដែល​ផ្ទៃ​មេឃ នឹង​ផែនដី​បាត់​ទៅ នោះ​ងាយ​ជា​ជាង​បាត់​ក្បៀស​១ ក្នុង​ក្រិត្យ‌វិន័យ​ទៅ​ទៀត។
18អស់​អ្នក​ណា​ដែល​លែង​ប្រពន្ធ ទៅ​យក​១​ទៀត នោះ​ឈ្មោះ​ថា​ប្រព្រឹត្ត​អំពើ​កំផិត ហើយ​អស់​អ្នក​ណា​ដែល​យក​ស្ត្រី​ប្ដី​លែង នោះ​ក៏​ឈ្មោះ​ថា​ប្រព្រឹត្ត​សេចក្ដី​កំផិត​ដែរ។
19មាន​បុរស​ម្នាក់​មាន​ទ្រព្យ​សម្បត្តិ​ច្រើន គាត់​ស្លៀក‌ពាក់​សំពត់​ពណ៌​ស្វាយ នឹង​សំពត់​ទេស‌ឯក​យ៉ាង​ម៉ដ្ត តែង‌តែ​ស៊ី​លៀង​ដ៏​ឧត្តម​ប្រសើរ​រាល់​តែ​ថ្ងៃ 20ក៏​មាន​បុរស​ក្រ​ម្នាក់ ឈ្មោះ​ឡាសារ កើត​ដំបៅ​ពេញ​ទាំង​ខ្លួន គេ​នាំ​យក​មក​ផ្តេក​នៅ​មាត់​ទ្វារ​របស់​អ្នក​មាន​នោះ 21គាត់​មាន​ប្រាថ្នា​ចង់​ចំអែត​ពោះ ដោយ​ចំណិត​ដែល​ធ្លាក់​ចុះ​ពី​តុ​អ្នក​មាន​មក​ណាស់ ក៏​មាន​ឆ្កែ​មក​លិទ្ធ​ដំបៅ​គាត់​ដែរ 22ចំណេរ​ក្រោយ​មក អ្នក​ក្រ​នោះ​ក៏​ស្លាប់​ទៅ ហើយ​ពួក​ទេវតា​នាំ​យក​គាត់ ទៅ​ដាក់​នៅ​ស្ថាន‌បរម‌សុខ នា​ដើម​ទ្រូង​លោក​អ័ប្រាហាំ ឯ​អ្នក​មាន​នោះ ក៏​ស្លាប់​ទៅ​ដែរ ហើយ​គេ​នាំ​យក​ទៅ​កប់ 23គាត់​រង​ទុក្ខ​វេទនា នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក៏​ងើប​ភ្នែក​ឡើង ឃើញ​លោក​អ័ប្រាហាំ​ពី​ចំងាយ នឹង​ឡាសារ​នៅ​ដើម​ទ្រូង​លោក 24នោះ​គាត់​ស្រែក​ឡើង​ថា ឱ​លោក​អ័ប្រាហាំ ជា​ឪពុក​អើយ សូម​អាណិត​មេត្តា​ខ្ញុំ​ផង សូម​ឲ្យ​ឡាសារ​មក​ជ្រលក់​ចុង​ម្រាម​ដៃ​ទៅ​ក្នុង​ទឹក ដាក់​លើ​អណ្តាត​ខ្ញុំ​ឲ្យ​ត្រជាក់​បាន​បន្តិច​ផង ដ្បិត​ខ្ញុំ​វេទនា​នៅ​ក្នុង​ភ្លើង​នេះ 25តែ​លោក​អ័ប្រាហាំ​ឆ្លើយ​ថា កូន​អើយ ចូរ​នឹក​ចាំ​ថា កាល​ឯង​នៅ​រស់​នៅ​ឡើយ ឯង​បាន​ទទួល​សុទ្ធ​តែ​សេចក្ដី​ល្អ ឯ​ឡាសារ​គាត់​បាន​តែ​សេចក្ដី​អាក្រក់​ទេ ឥឡូវ​នេះ គាត់​បាន​សេចក្ដី​កំសាន្ត​ចិត្ត​វិញ ហើយ​ឯង​ត្រូវ​វេទនា 26មួយ​វិញ​សោត មាន​ជង្ហុក​មួយ​យ៉ាង​ធំ តាំង​នៅ​ជា​កណ្តាល​យើង ហើយ​នឹង​ឯង​រាល់​គ្នា បាន​ជា​អស់​អ្នក​ណា​ដែល​ចង់​ឆ្លង​ពី​ទី​នេះ​ទៅ​ឯ​ឯង ឬ​ពី​នោះ​មក​ឯ​យើង នោះ​មិន​បាន​ឡើយ 27គាត់​ក៏​និយាយ​ថា លោក​ឪពុក​អើយ បើ​ដូច្នេះ សូម​លោក​ចាត់​ឲ្យ​គាត់​ទៅ​ឯ​ផ្ទះ​ឪពុក​ខ្ញុំ​បន្តិច 28ដ្បិត​ខ្ញុំ​មាន​បង​ប្អូន​៥​នាក់ សូម​ឲ្យ​គាត់​ទៅ​ធ្វើ​បន្ទាល់​ប្រាប់​គេ​ផង ក្រែង​លោ​គេ​ភ្លាត់​មក​ក្នុង​ស្ថាន​វេទនា​នេះ​ដែរ 29លោក​អ័ប្រាហាំ​ឆ្លើយ​ថា គេ​មាន​លោក​ម៉ូសេ នឹង​ពួក​ហោរា​ហើយ ចូរ​ឲ្យ​គេ​ស្តាប់​តាម​លោក​ទាំង​នោះ​ចុះ 30តែ​គាត់​ប្រកែក​ថា ទេ លោក​អ័ប្រាហាំ ឪពុក​អើយ បើ​មាន​អ្នក​ណា​ពី​ពួក​មនុស្ស​ស្លាប់​ទៅ​ឯ​គេ​វិញ នោះ​គេ​នឹង​ប្រែ​ចិត្ត​ជា​មិន​ខាន 31លោក​ឆ្លើយ​ទៅ​ថា បើ​គេ​មិន​ព្រម​ស្តាប់​លោក​ម៉ូសេ នឹង​ពួក​ហោរា​ទេ នោះ​ទោះ​បើ​មាន​អ្នក​ណា​រស់​ពី​ស្លាប់​ឡើង​វិញ​ក៏​ដោយ គង់​តែ​គេ​មិន​ព្រម​ជឿ​ដែរ។

Currently Selected:

លូកា 16: ពគប

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in