លូកា 15
15
1អស់ទាំងអ្នកយកពន្ធ នឹងអ្នកមានបាប គេក៏ចូលមកជិត ដើម្បីស្តាប់ទ្រង់ 2នោះពួកផារិស៊ី នឹងពួកអាចារ្យគេឌុកដាន់ថា អ្នកនេះទទួលមនុស្សបាប ហើយក៏ស៊ីជាមួយនឹងគេផង 3តែទ្រង់មានបន្ទូល ជាពាក្យប្រៀបប្រដូចនេះ ដល់គេថា 4ក្នុងពួកអ្នករាល់គ្នា បើអ្នកណាមានចៀម១រយ តែបាត់១ តើមិនទុកចៀម៩៩ឲ្យនៅទីរហោស្ថាន ដើម្បីនឹងទៅតាមរកចៀម១ដែលបាត់ ទាល់តែឃើញទេឬអី 5កាលណារកឃើញហើយ នោះក៏លើកព្រនរមក ដោយអំណរ 6លុះមកដល់ផ្ទះវិញ អ្នកនោះនឹងហៅពួកសំឡាញ់ នឹងពួកអ្នកជិតខាងមក ប្រាប់ថា សូមអរសប្បាយជាមួយនឹងខ្ញុំ ដ្បិតចៀមខ្ញុំដែលបាត់ នោះឃើញវិញហើយ 7ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅស្ថានសួគ៌ នឹងមានសេចក្ដីអំណរយ៉ាងនោះដែរ ដោយសារមនុស្សបាបតែ១នាក់ ដែលប្រែចិត្តវិញ ជាជាងមនុស្សសុចរិត៩៩នាក់ ដែលមិនត្រូវការប្រែចិត្តទេ។
8ឬមានស្ត្រីឯណា ដែលមានប្រាក់១០ដួង បើបាត់១ តើមិនអុជចង្កៀង ហើយបោសផ្ទះរកអស់ពីចិត្ត ទាល់តែបានឃើញទេឬអី 9កាលរកឃើញ នោះក៏ហៅពួកសំឡាញ់ នឹងអ្នកជិតខាងមកប្រាប់ថា សូមអរសប្បាយជាមួយនឹងខ្ញុំចុះ ដ្បិតប្រាក់ខ្ញុំដែលបាត់ នោះរកឃើញវិញហើយ 10ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាថា ក៏មានសេចក្ដីអំណរ នៅមុខពួកទេវតានៃព្រះយ៉ាងនោះដែរ ដោយសារមនុស្សបាបតែ១នាក់ ដែលប្រែចិត្តវិញ។
11រួចទ្រង់ក៏មានបន្ទូលថា មានបុរសម្នាក់មានកូនប្រុស២ 12កូនពៅនិយាយទៅឪពុកថា សូមលោកឪពុកប្រគល់ចំណែកមរដក ដែលត្រូវចែកដល់ខ្ញុំនោះមក គាត់ក៏ចែកទ្រព្យនោះដល់កូន 13ក្រោយបន្តិចមក កូនពៅប្រមូលទាំងអស់ ចេញទៅឯស្រុកឆ្ងាយ ហើយក៏បង្ហិនទ្រព្យទៅ ដោយល្បែងដ៏ហួសខ្នាត 14កាលបានចាយអស់រលីងហើយ នោះកើតមានអំណត់ជាខ្លាំងនៅស្រុកនោះ វាក៏មានសេចក្ដីទ័លក្រ 15រួចទៅបំរើអ្នកស្រុកនោះម្នាក់ ហើយគេប្រើឲ្យទៅឯវាលឃ្វាលហ្វូងជ្រូក 16វាមានចិត្តចង់ចំអែតពោះ ដោយសំបកដែលជ្រូកស៊ីណាស់ តែគ្មានអ្នកណាឲ្យសោះ 17កាលវាភ្ញាក់ដឹងខ្លួន នោះក៏គិតថា ឪពុកអញមានជើងឈ្នួលប៉ុន្មានៗ សុទ្ធតែមានអាហារបរិបូរគ្រប់គ្នា តែនៅទីនេះ អញជិតដាច់ពោះស្លាប់ហើយ 18អញនឹងក្រោកឡើង ទៅនិយាយនឹងគាត់ថា លោកឪពុក ខ្ញុំបានធ្វើបាបនឹងព្រះ ហើយនឹងលោកឪពុកមែន 19ខ្ញុំនេះមិនគួរឲ្យគេហៅជាកូនលោកឪពុកទៀតទេ សូមទទួលខ្ញុំ ទុកដូចជាជើងឈ្នួលលោកឪពុកវិញចុះ 20នោះវាក៏ក្រោកឡើងដើរទៅ លុះឪពុកឃើញពីចំងាយហើយ ក៏មានចិត្តអាណិតមេត្តា ហើយរត់ទៅឱបថើបវា 21ទើបវានិយាយថា លោកឪពុក ខ្ញុំបានធ្វើបាបនឹងព្រះ ហើយនឹងលោកឪពុក ខ្ញុំមិនគួរឲ្យគេហៅជាកូនរបស់លោកឪពុកទៀតទេ 22តែឪពុកប្រាប់ទៅពួកបាវគាត់ថា ចូរយកអាវល្អបំផុតចេញមកបំពាក់ឲ្យវា ហើយយកចិញ្ចៀន នឹងស្បែកជើងមកឲ្យផង 23រួចយកកូនគោដែលបំប៉នមកសំឡាប់ចុះ យើងនឹងបរិភោគឲ្យសប្បាយចិត្ត 24ដ្បិតកូនអញនេះបានស្លាប់ ឥឡូវរស់ឡើងវិញ ក៏បាត់ទៅ ហើយបានឃើញមកវិញ នោះគេក៏បរិភោគសប្បាយទាំងអស់គ្នាទៅ 25ឯកូនច្បងនៅឯចំការ កាលត្រឡប់មកជិតដល់ផ្ទះ នោះក៏ឮសូរភ្លេងនឹងរបាំ 26គាត់ហៅពួកបាវម្នាក់មកសួរថា គេធ្វើអ្វីហ្នឹង 27បាវនោះជំរាបថា ប្អូនលោកត្រឡប់មកវិញ ហើយលោកឪពុកបានសំឡាប់កូនគោដែលបំប៉ន ដោយព្រោះបានកូនមកវិញដោយសុខសាន្ត 28ដូច្នេះ គាត់ក៏ខឹង មិនព្រមចូលទៅសោះ បានជាឪពុកចេញមកអង្វរដល់គាត់ 29តែគាត់ឆ្លើយថា មើល ខ្ញុំបានបំរើលោកឪពុកប៉ុន្មានឆ្នាំនេះមកហើយ មិនដែលធ្វើខុសអ្វីនឹងបង្គាប់សោះ តែលោកឪពុកមិនដែលឲ្យកូនពពែ សូម្បីតែ១ ឲ្យខ្ញុំបានអរសប្បាយ ជាមួយនឹងពួកមិត្រសំឡាញ់ខ្ញុំឡើយ 30ឯកូនលោកឪពុក ដែលវាបង្ហិនបំផ្លាញសម្បត្តិលោកឪពុកអស់ ដោយនូវស្រីអ្នកលេងនេះ កាលបានមកដល់ នោះលោកឪពុកសំឡាប់កូនគោដែលបំប៉នឲ្យវាភ្លាម 31ឪពុកក៏តបថា កូនអើយ ឯងបាននៅជាមួយនឹងអញជាដរាប ឯរបស់អញទាំងប៉ុន្មាន ក៏ជារបស់ឯងដែរ 32គួរឲ្យយើងស៊ីលៀង ដោយអរសប្បាយទៅ ពីព្រោះប្អូនឯងនេះបានស្លាប់ ឥឡូវរស់ឡើងវិញ ក៏បាត់បង់ តែបានឃើញមកវិញហើយ។
Currently Selected:
លូកា 15: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.