លូកា 10
10
1លុះក្រោយការទាំងនោះមក ព្រះអម្ចាស់ទ្រង់ដំរូវ៧០នាក់ទៀត ហើយចាត់គេឲ្យទៅមុនទ្រង់ មួយគូៗក្នុងគ្រប់ក្រុង គ្រប់កន្លែងដែលទ្រង់គិតយាងទៅ 2ទ្រង់ក៏មានបន្ទូលទៅគេថា ចំរូតធំណាស់ តែមានអ្នកច្រូតតិចទេ ដូច្នេះ ឲ្យសូមអង្វរដល់ព្រះអម្ចាស់ចំរូត ឲ្យទ្រង់ចាត់អ្នកច្រូតមកក្នុងចំរូតទ្រង់ 3ទៅចុះ មើល ខ្ញុំប្រើអ្នករាល់គ្នាទៅ ដូចជាកូនចៀម នៅកណ្តាលហ្វូងស្វាន 4កុំឲ្យយកកាបូប ឬយាម ឬស្បែកជើងឡើយ ក៏កុំឲ្យគំនាប់អ្នកណាតាមផ្លូវផង 5ឯផ្ទះណា ដែលអ្នករាល់គ្នាចូលទៅ នោះមុនដំបូងត្រូវថា សូមឲ្យផ្ទះនេះបានសេចក្ដីសុខសាន្ត 6បើនៅផ្ទះនោះ មានមនុស្សណាចូលចិត្តនឹងសេចក្ដីសុខសាន្ត នោះសេចក្ដីសុខរបស់អ្នករាល់គ្នា នឹងនៅជាប់នឹងផ្ទះនោះ បើគ្មានទេ នោះសេចក្ដីសុខនឹងត្រឡប់មកអ្នករាល់គ្នាវិញ 7ហើយត្រូវស្នាក់នៅផ្ទះនោះឯង ទាំងទទួលបរិភោគរបស់អ្វីៗដែលគេឲ្យចុះ ពីព្រោះអ្នកដែលធ្វើការ នោះគួរនឹងបានឈ្នួលវិញ កុំឲ្យផ្លាស់ពីផ្ទះ១ទៅផ្ទះ១ឡើយ 8ឯភូមិណាដែលអ្នករាល់គ្នាចូលទៅ ហើយគេរាក់ទាក់ទទួល នោះឲ្យទទួលបរិភោគរបស់អ្វីៗ ដែលគេលើកមកឲ្យចុះ 9ទាំងមើលពួកឈឺក្នុងភូមិនោះឲ្យជាផង ហើយប្រាប់គេថា នគរព្រះជិតមកដល់អ្នករាល់គ្នាហើយ 10តែភូមិណាដែលអ្នករាល់គ្នាចូលទៅ ហើយគេមិនទទួលទេ នោះចូរចេញទៅឯផ្លូវ ហើយនិយាយថា 11នែ ទោះទាំងធូលីដីក្នុងភូមិអ្នករាល់គ្នា ដែលជាប់នៅជើងយើង នោះយើងក៏ជូតចេញទាស់នឹងអ្នករាល់គ្នាដែរ ប៉ុន្តែ ត្រូវដឹងសេចក្ដីនេះថា នគរព្រះជិតដល់ហើយ 12ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃនោះ ក្រុងសូដុំមនឹងទ្រាំបានងាយ ជាជាងភូមិនោះ 13វេទនាដល់ឯង ក្រុងខូរ៉ាស៊ីនអើយ វេទនាដល់ឯង ក្រុងបេតសៃដាអើយ ពីព្រោះការឫទ្ធិបារមីដែលបានធ្វើនៅកណ្តាលឯង បើបានធ្វើនៅកណ្តាលក្រុងទីរ៉ុស នឹងស៊ីដូនវិញ នោះគេនឹងបានប្រែចិត្ត ជាយូរមកហើយ ទាំងស្លៀកសំពត់ធ្មៃ អង្គុយក្នុងផេះផង 14ដូច្នេះ នៅថ្ងៃជំនុំជំរះ ក្រុងទីរ៉ុស នឹងស៊ីដូន នឹងទ្រាំបានងាយ ជាជាងឯងរាល់គ្នា 15ហើយក្រុងកាពើណិមអើយ គឺឯងដែលបានដំកើងឡើងស្មើស្ថានសួគ៌ហើយ ឯងនឹងត្រូវទំលាក់ទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់វិញ 16ឯអ្នកណាដែលស្តាប់អ្នករាល់គ្នា នោះឈ្មោះថាស្តាប់ខ្ញុំ តែអ្នកណាដែលមើលងាយអ្នករាល់គ្នា នោះឈ្មោះថាមើលងាយដល់ខ្ញុំ ហើយអ្នកណាដែលមើលងាយខ្ញុំ នោះក៏ឈ្មោះថាមើលងាយ ដល់ព្រះដែលចាត់ឲ្យខ្ញុំមកដែរ។
17ពួក៧០នាក់នោះក៏មកវិញដោយអំណរ ហើយទូលថា ព្រះអម្ចាស់អើយ ទោះទាំងពួកអារក្សក៏ចុះចូលចំពោះយើងរាល់គ្នា ដោយព្រះនាមទ្រង់ដែរ 18នោះទ្រង់មានបន្ទូលទៅគេថា ខ្ញុំបានឃើញអារក្សសាតាំងធ្លាក់ពីលើមេឃ មកដូចជាផ្លេកបន្ទោរ 19មើល ខ្ញុំឲ្យអ្នករាល់គ្នាមានអំណាច នឹងដើរជាន់ទាំងពស់នឹងខ្យាដំរី ហើយលើគ្រប់ទាំងឥទ្ធិឫទ្ធិរបស់ខ្មាំងសត្រូវផង គ្មានអ្វីនឹងធ្វើទុក្ខអ្នករាល់គ្នាឡើយ 20ប៉ុន្តែកុំឲ្យអរសប្បាយ ដោយព្រោះអារក្សចុះចូលអ្នករាល់គ្នានោះឡើយ ត្រូវឲ្យរីករាយ ដោយព្រោះឈ្មោះអ្នករាល់គ្នាបានកត់ទុកនៅស្ថានសួគ៌វិញ។
21នៅវេលានោះឯង ព្រះយេស៊ូវទ្រង់កំពុងតែរីករាយដោយព្រះវិញ្ញាណ ក៏មានបន្ទូលថា ឱព្រះវរបិតា ជាព្រះអម្ចាស់នៃស្ថានសួគ៌ នឹងផែនដីអើយ ទូលបង្គំសរសើរដល់ទ្រង់ ពីព្រោះទ្រង់បានលាក់សេចក្ដីទាំងនេះនឹងពួកអ្នកប្រាជ្ញ ហើយនឹងពួកឈ្លាសវៃ តែបានសំដែងឲ្យពួកកូនក្មេងយល់វិញ អើ ព្រះវរបិតាអើយ ដ្បិតទ្រង់បានសព្វព្រះហឫទ័យយ៉ាងដូច្នោះ 22រួចទ្រង់បែរទៅមានបន្ទូលនឹងពួកសិស្សថា គ្រប់សេចក្ដីទាំងអស់សុទ្ធតែបានប្រទានមកខ្ញុំ ពីព្រះវរបិតានៃខ្ញុំ គ្មានអ្នកណាស្គាល់ព្រះរាជបុត្រាទេ មានតែព្រះវរបិតាតែ១ ក៏គ្មានអ្នកណាស្គាល់ព្រះវរបិតាដែរ មានតែព្រះរាជបុត្រា ហើយនឹងអ្នកណា ដែលព្រះរាជបុត្រាសព្វព្រះហឫទ័យ បើកឲ្យស្គាល់ទ្រង់ផងប៉ុណ្ណោះ 23ទ្រង់ក៏បែរទៅមានបន្ទូលនឹងពួកសិស្សដោយឡែកថា មានពរហើយ ភ្នែកណាដែលឃើញអស់ទាំងការដែលអ្នករាល់គ្នាឃើញ 24ពីព្រោះខ្ញុំប្រាប់អ្នករាល់គ្នាថា មានហោរា នឹងស្តេចជាច្រើន បានប្រាថ្នាចង់ឃើញការដែលអ្នករាល់គ្នាឃើញដែរ តែមិនបានឃើញទេ ក៏ចង់ឮសេចក្ដីដែលអ្នករាល់គ្នាឮដែរ តែមិនបានឮសោះ។
25នៅគ្រានោះ មានអ្នកប្រាជ្ញច្បាប់ម្នាក់ឈរឡើង ទូលល្បងទ្រង់ថា លោកគ្រូ តើត្រូវឲ្យខ្ញុំធ្វើដូចម្តេច ដើម្បីឲ្យបានជីវិតអស់កល្បជានិច្ច 26ទ្រង់មានបន្ទូលឆ្លើយថា ក្នុងក្រិត្យវិន័យ តើមានកត់ទុកយ៉ាងដូចម្តេចខ្លះ តើអ្នកមើលយល់ដូចម្តេច 27អ្នកនោះទូលថា «ឯងត្រូវស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯង ឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង អស់អំពីកំឡាំង ហើយអស់អំពីគំនិតឯង ព្រមទាំងអ្នកជិតខាង ដូចខ្លួនឯងដែរ» 28ទ្រង់មានបន្ទូលតបថា អ្នកបានឆ្លើយត្រូវហើយ ចូរអ្នកធ្វើដូច្នោះចុះ នោះអ្នកនឹងរស់នៅពិត 29តែអ្នកនោះចង់សំដែងខ្លួនជាអ្នកសុចរិត ក៏ទូលសួរទៀតថា តើអ្នកណាជាអ្នកជិតខាងខ្ញុំ 30ព្រះយេស៊ូវមានបន្ទូលថា មានមនុស្សម្នាក់កំពុងតែធ្វើដំណើរ ពីក្រុងយេរូសាឡិម ចុះទៅឯក្រុងយេរីខូរ ក៏ធ្លាក់ខ្លួនទៅក្នុងកណ្តាប់ដៃនៃពួកចោរ វាប្លន់គាត់ ព្រមទាំងវាយឲ្យត្រូវរបួស រួចចេញបាត់ទៅ ចោលគាត់ឲ្យទ្រមនៅ 31ចួនជាមានសង្ឃ១អង្គ ចុះមកតាមផ្លូវនោះ កាលបានឃើញគាត់ នោះក៏វាងតាមម្ខាងហួសទៅ 32ហើយមានពួកលេវីម្នាក់ មកដល់កន្លែងនោះដែរ កាលបានឃើញ ក៏វាងតាមម្ខាងហួសទៅទៀត 33តែមានសាសន៍សាម៉ារីម្នាក់ ដើរដំណើរមកដល់ កាលបានឃើញហើយ នោះក៏មានចិត្តក្តួលអាណិតដល់គាត់ 34ទើបចូលទៅរុំរបួសឲ្យ ព្រមទាំងយកប្រេង នឹងស្រា ចាក់លាប រួចលើកដាក់លើសត្វជាជំនិះរបស់ខ្លួន ដឹកនាំទៅឯផ្ទះសំណាក់ ថែទាំរក្សាគាត់ 35ស្អែកឡើង កាលគាត់រៀបនឹងចេញទៅ នោះក៏យកប្រាក់៤កាក់ ហុចដល់ម្ចាស់ផ្ទះនោះ ដោយប្រាប់ថា ចូរថែរក្សាអ្នកនេះផង បើចួនជាអ្នកចាយលើសពីនេះទៅ នោះដល់ខ្ញុំមកវិញ ខ្ញុំនឹងសងអ្នក 36ដូច្នេះ ក្នុង៣នាក់នោះ តើអ្នកស្មានថា អ្នកណាជាអ្នកជិតខាងនឹងមនុស្ស ដែលធ្លាក់ទៅក្នុងកណ្តាប់ដៃពួកចោរនោះ 37អ្នកនោះឆ្លើយថា គឺអ្នក១ដែលមានចិត្តអាណិតដល់គាត់នោះឯង ដូច្នេះ ព្រះយេស៊ូវមានបន្ទូលថា ទៅចុះ ចូរអ្នកប្រព្រឹត្តបែបយ៉ាងដូច្នោះដែរ។
38កាលកំពុងតែនាំគ្នាទៅ នោះទ្រង់យាងចូលទៅក្នុងភូមិ១ ហើយមានស្ត្រីម្នាក់ឈ្មោះម៉ាថា បានទទួលអញ្ជើញទ្រង់ទៅក្នុងផ្ទះ 39នាងមានប្អូនស្រី១ឈ្មោះម៉ារា នាងនោះបានអង្គុយស្តាប់ព្រះបន្ទូល នៅទៀបព្រះបាទព្រះអម្ចាស់ 40ឯម៉ាថា នាងមានការរវល់ជាច្រើន ក៏ចូលមកទូលថា ព្រះអម្ចាស់អើយ តើទ្រង់មិនគិតឃើញថា ប្អូនខ្ញុំម្ចាស់ វាទុកខ្ញុំម្ចាស់ ឲ្យខ្វល់ខ្វាយបំរើតែម្នាក់ឯងទេឬអី សូមទ្រង់ប្រាប់ឲ្យវាមកជួយខ្ញុំម្ចាស់ផង 41ប៉ុន្តែព្រះយេស៊ូវមានបន្ទូលឆ្លើយថា ម៉ាថាៗអើយ នាងព្រួយចិត្តខំប្រឹងរៀបចំធ្វើអីច្រើនម៉្លេះ 42មានសេចក្ដីតែ១ទេ ដែលសំរាប់ត្រូវការ ឯម៉ារា នាងបានរើសចំណែកយ៉ាងល្អ ដែលមិនត្រូវយកចេញពីនាងឡើយ។
Currently Selected:
លូកា 10: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.