លេវីវិន័យ 18
18
1ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ 2ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា អញនេះគឺជាយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា 3មិនត្រូវឲ្យឯងរាល់គ្នាប្រព្រឹត្តតាមអំពើដែលគេធ្វើនៅស្រុកអេស៊ីព្ទ ជាស្រុកដែលឯងរាល់គ្នាបានអាស្រ័យនោះនៅឡើយ ក៏មិនត្រូវឲ្យប្រព្រឹត្តតាមអំពើដែលគេធ្វើនៅស្រុកកាណាន ជាស្រុកដែលអញនាំឯងរាល់គ្នាទៅនៅនោះដែរ កុំឲ្យដើរតាមរបៀបរបស់គេឲ្យសោះ 4ត្រូវឲ្យឯងរាល់គ្នារក្សាបញ្ញត្តរបស់អញ ហើយកាន់តាមអស់ទាំងច្បាប់របស់អញវិញ ដើម្បីនឹងប្រព្រឹត្តតាម អញនេះ គឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា 5ដូច្នេះ ត្រូវឲ្យឯងរាល់គ្នាកាន់តាមអស់ទាំងច្បាប់ នឹងបញ្ញត្តទាំងប៉ុន្មានរបស់អញ បើអ្នកណាកាន់តាម នោះនឹងរស់នៅដោយសារសេចក្ដីទាំងនោះឯង អញនេះគឺជាព្រះយេហូវ៉ា។
6កុំឲ្យអ្នកណាក្នុងពួកឯងរាល់គ្នាចូលទៅជិតបើកកេរខ្មាសរបស់សាច់ញាតិដែលជិតដិតឡើយ អញនេះជាព្រះយេហូវ៉ា 7ឯកេរខ្មាសរបស់ឪពុកឯង គឺជាកេរខ្មាសម្តាយឯង នោះកុំឲ្យបើកឲ្យសោះ ដ្បិតគាត់ជាម្តាយឯង មិនត្រូវបើកកេរខ្មាសគាត់ឡើយ 8ឯកេរខ្មាសនៃប្រពន្ធរបស់ឪពុកឯង នោះមិនត្រូវបើកឡើយ ដ្បិតគឺជាកេរខ្មាសរបស់ឪពុកឯងហើយ 9ឯកេរខ្មាសរបស់បងឬប្អូនស្រីឯង ទោះបើជាកូនខាងឪពុក ឬខាងម្តាយឯង ដែលកើតនៅផ្ទះ ឬនៅឯណាទៀតក្តី នោះក៏មិនត្រូវបើកឡើយ 10ឯកេរខ្មាសរបស់ចៅស្រីខាងកូនប្រុស ឬខាងកូនស្រីឯង នោះមិនត្រូវបើកឡើយ ដ្បិតគឺជាកេរខ្មាសរបស់ខ្លួនឯងហើយ 11ឯកេរខ្មាសរបស់កូនស្រីនៃប្រពន្ធឪពុកឯង ដែលឪពុកឯងបង្កើតមក នោះមិនត្រូវបើកឡើយ ដ្បិតនាងនោះជាបងឬប្អូនស្រីបង្កើតនឹងឯងហើយ 12កុំឲ្យបើកកេរខ្មាសរបស់ម្តាយធំ ឬម្តាយមីងខាងឪពុកឯងឡើយ ដ្បិតនាងនោះជាសាច់បង្កើតនឹងឪពុកឯង 13ក៏កុំឲ្យបើកកេរខ្មាសរបស់ម្តាយធំ ឬម្តាយមីងខាងម្តាយឯងដែរ ដ្បិតនាងជាសាច់បង្កើតនឹងម្តាយឯងហើយ 14កុំឲ្យបើកកេរខ្មាសរបស់ឪពុកធំ ឬឪពុកមាខាងឪពុកឯង គឺមិនត្រូវចូលទៅជិតប្រពន្ធគាត់ឡើយ ដ្បិតនាងជាម្តាយធំ ឬម្តាយមីងឯងហើយ 15កុំឲ្យបើកកេរខ្មាសរបស់កូនប្រសាស្រីឯងដែរ ដ្បិតនាងជាប្រពន្ធរបស់កូនឯងហើយ ដូច្នេះ មិនត្រូវបើកកេរខ្មាសរបស់នាងឡើយ 16កុំឲ្យបើកកេរខ្មាសប្រពន្ធរបស់បង ឬប្អូនប្រុសឯងឡើយ នោះគឺជាកេរខ្មាសរបស់បង ឬប្អូនប្រុសឯងហើយ 17កុំឲ្យបើកកេរខ្មាសរបស់ស្ត្រីណា ហើយនឹងកូនស្រីនាងផងនោះឡើយ ក៏មិនត្រូវយកចៅស្រីខាងកូនប្រុស ឬខាងកូនស្រីនាង ដើម្បីនឹងបើកកេរខ្មាសដែរ ដ្បិតនោះជាសាច់ជិតនឹងនាងពេក គឺជាការអាក្រក់ជួជាតិហើយ 18ហើយកុំឲ្យយកប្រពន្ធថែមទាំងបង ឬប្អូនស្រីរបស់នាង ឲ្យបានប្រណាំងប្រជែងនឹងប្រពន្ធឯង ដើម្បីនឹងបើកកេរខ្មាសនាងផង កំពុងដែលប្រពន្ធនៅរស់នោះឡើយ។
19កុំឲ្យចូលទៅជិតស្ត្រីណា ដើម្បីនឹងបើកកេរខ្មាសនាងកំពុងដែលមានរដូវនោះឡើយ 20កុំឲ្យសហាយស្មន់នឹងប្រពន្ធរបស់អ្នកជិតខាងឯង ដែលនឹងនាំឲ្យខ្លួនស្មោកគ្រោកជាមួយនឹងនាងនោះឡើយ 21មិនត្រូវឲ្យកូនចៅរបស់ឯងណាមួយចូលកាត់ភ្លើងថ្វាយដល់ព្រះម៉ូឡុកឲ្យសោះ ក៏កុំឲ្យបង្អាប់ដល់ព្រះនាមព្រះនៃឯងឡើយ អញនេះជាព្រះយេហូវ៉ា 22កុំឲ្យរួមដំណេកនឹងប្រុស ដូចជារួមនឹងស្រីឡើយ ដ្បិតនោះជាអំពើគួរខ្ពើមឆ្អើម 23ក៏កុំឲ្យរួមសង្វាសនឹងសត្វណា ជាការដែលនាំឲ្យស្មោកគ្រោកជាមួយនោះឡើយ ហើយស្រីក៏មិនត្រូវឈរនៅមុខសត្វ ដើម្បីនឹងរួមសង្វាសជាមួយនោះដែរ ដ្បិតជាការច្របូកច្របល់ដ៏លាមក 24កុំឲ្យឯងរាល់គ្នានាំឲ្យខ្លួនស្មោកគ្រោក ដោយប្រព្រឹត្តអំពើទាំងនេះណាមួយឡើយ ដ្បិតសាសន៍ដទៃទាំងប៉ុន្មាន ដែលអញបណ្តេញចេញពីមុខឯងរាល់គ្នា នោះបានស្មោកគ្រោកចំពោះអំពើទាំងនេះហើយ 25ហើយស្រុកគេក៏ត្រូវស្មោកគ្រោកដែរ បានជាអញទំលាក់អំពើទុច្ចរិតរបស់គេទៅលើគេវិញ ឯស្រុកក៏ក្អួតគេចេញទៅផង 26ដូច្នេះ ឯងរាល់គ្នាវិញ ត្រូវឲ្យកាន់តាមអស់ទាំងច្បាប់ នឹងបញ្ញត្តទាំងប៉ុន្មានរបស់អញ ហើយកុំប្រព្រឹត្តអំពើគួរខ្ពើមឆ្អើមណាមួយនោះឡើយ ទោះទាំងអ្នកស្រុក ឬពួកប្រទេសក្រៅដែលនៅកណ្តាលឯងរាល់គ្នាផង 27ដ្បិតពួកអ្នកនៅស្រុកនោះដែលអាស្រ័យនៅមុនឯងរាល់គ្នា គេបានប្រព្រឹត្តអស់ទាំងអំពើគួរខ្ពើមឆ្អើមនោះ ហើយស្រុករបស់គេក៏បានត្រូវស្មោកគ្រោកទៅ 28ដូច្នេះ បើកាលណាឯងរាល់គ្នានាំឲ្យស្រុកនោះទៅជាស្មោកគ្រោកដែរ នោះក្រែងស្រុកនោះនឹងក្អួតឯងរាល់គ្នាចេញទៀត ដូចជាបានក្អួតពួកសាសន៍ដទៃដែលនៅមុនឯងរាល់គ្នាផង 29ដ្បិតអ្នកណាដែលប្រព្រឹត្តអំពើគួរខ្ពើមឆ្អើមណាមួយនោះ អ្នកនោះឯងនឹងត្រូវកាត់កាល់ពីសាសន៍របស់ខ្លួនចេញ 30ដូច្នេះ ត្រូវឲ្យឯងរាល់គ្នារក្សាបញ្ញើរបស់អញ ដើម្បីកុំឲ្យប្រព្រឹត្តតាមទំលាប់គួរខ្ពើមទាំងនោះ ដែលគេបានប្រព្រឹត្តមុនឯងរាល់គ្នាឡើយ ហើយដើម្បីកុំឲ្យឯងរាល់គ្នានាំឲ្យខ្លួនស្មោកគ្រោកដោយសារអំពើទាំងនោះផង អញនេះ គឺជាយេហូវ៉ា ជាព្រះនៃឯងរាល់គ្នាហើយ។
Currently Selected:
លេវីវិន័យ 18: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.