YouVersion Logo
Search Icon

លេវី‌វិន័យ 19

19
1ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា 2ចូរ​ប្រាប់​ដល់​ពួក​ជំនុំ​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ថា ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បាន​បរិសុទ្ធ ដ្បិត​អញ​នេះ​ដែល​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​រាល់​គ្នា អញ​បរិសុទ្ធ 3ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​កោត‌ខ្លាច​ដល់​ឪពុក​ម្តាយ​ឯង​រៀង​ខ្លួន ហើយ​រក្សា​ថ្ងៃ​ឈប់​សំរាក​របស់​អញ​ដែរ អញ​នេះ​ហើយ​ជា​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា 4កុំ​ឲ្យ​ឯង​រាល់​គ្នា​បែរ​ទៅ​តាម​រូប​ព្រះ​ឡើយ ក៏​កុំ​ឲ្យ​ធ្វើ​ព្រះ​សិត​សំរាប់​ឯង​រាល់​គ្នា​ផង អញ​នេះ​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា។
5កាល​ណា​ឯង​រាល់​គ្នា​ថ្វាយ​យញ្ញ‌បូជា​នៃ​ដង្វាយ​មេត្រី​ដល់​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​ថ្វាយ​ដើម្បី​ឲ្យ​ទ្រង់​បាន​ទទួល​ឯង 6ត្រូវ​តែ​បរិភោគ​ដង្វាយ​នោះ​នៅ​ថ្ងៃ​ដែល​ថ្វាយ ហើយ​នៅ​ថ្ងៃ​ស្អែក​ក៏​បាន តែ​បើ​មាន​អ្វី​នៅ​សល់​ដល់​ថ្ងៃ​ទី​៣ នោះ​ត្រូវ​ដុត​នឹង​ភ្លើង​វិញ 7បើ​សិន​ជា​បរិភោគ​ដង្វាយ​នោះ​នៅ​ថ្ងៃ​ទី​៣ នោះ​ជា​សេចក្ដី​ខ្ពើម​ឆ្អើម​ហើយ ទ្រង់​មិន​ទទួល​ដង្វាយ​នោះ​ទេ 8ហើយ​អស់​អ្នក​ណា​ដែល​បរិភោគ នោះ​នឹង​ត្រូវ​ទ្រាំ‌ទ្រ​នឹង​សេចក្ដី​ទុច្ចរិត​របស់​ខ្លួន ដ្បិត​អ្នក​នោះ​បាន​បង្អាប់​ដង្វាយ​បរិសុទ្ធ​របស់​ផង​ព្រះ‌យេហូវ៉ា ហើយ​អ្នក​នោះ​ឯង​នឹង​ត្រូវ​កាត់‌កាល់​ពី​សាសន៍​ខ្លួន​ចេញ។
9កាល​ណា​ឯង​រាល់​គ្នា​ច្រូត​ចំរូត​នៅ​ស្រែ នោះ​មិន​ត្រូវ​ច្រូត​ឲ្យ​ដល់​កៀន​ដី​របស់​ឯង​ទាំង​អស់​ទេ ក៏​មិន​ត្រូវ​សន្សំ​រើស​គួរ​ស្រូវ​ដែល​បាន​ជ្រុះ​នោះ​ផង 10ហើយ​ក៏​មិន​ត្រូវ​សន្សំ​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ ឬ​រើស​ផ្លែ​ដែល​ជ្រុះ​នៅ​ចំការ​របស់​ឯង​ដែរ ត្រូវ​ទុក​សំរាប់​ឲ្យ​ពួក​អ្នក​ក្រ នឹង​ពួក​អ្នក​ស្នាក់​វិញ អញ​នេះ​គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា។
11មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​លួច ឬ​ប្រព្រឹត្ត​ឆ‌បោក ឬ​កុហក​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ 12ហើយ​មិន​ត្រូវ​ស្បថ​បំពាន​ដោយ​នូវ​ឈ្មោះ​អញ ទាំង​បង្អាប់​ដល់​ព្រះ‌នាម​ព្រះ​នៃ​ឯង​ឡើយ អញ​នេះ​ជា​ព្រះ‌យេហូវ៉ា 13មិន​ត្រូវ​ឲ្យ​ឯង​សង្កត់‌សង្កិន​អ្នក​ជិត​ខាង ឬ​រឹប​ជាន់​គេ​ឡើយ ក៏​មិន​ត្រូវ​ទុក​ឈ្នួល​របស់​ជើង​ឈ្នួល​ឯង​ឲ្យ​នៅ​ដល់​ព្រឹក​ដែរ 14មិន​ត្រូវ​ជេរ​ប្រមាថ​ចំពោះ​មនុស្ស​ថ្លង់ ឬ​ធ្វើ​អ្វី​ឲ្យ​មនុស្ស​ខ្វាក់​ដួល​នោះ​ឡើយ គឺ​ត្រូវ​ឲ្យ​កោត‌ខ្លាច​ដល់​ព្រះ​នៃ​ឯង​វិញ អញ​នេះ​ជា​ព្រះ‌យេហូវ៉ា។
15មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ប្រព្រឹត្ត​ទុច្ចរិត ក្នុង​រឿង​ក្តី​ឡើយ ក៏​មិន​ត្រូវ​យល់​មុខ​ខាង​ឯ​អ្នក​តូច ឬ​ខ្លាច​អ្នក​ធំ​ដែរ គឺ​ត្រូវ​ឲ្យ​ជំនុំ​ជំរះ​អ្នក​ជិត​ខាង​ឯង​ដោយ​សុចរិត​វិញ 16មិន​ត្រូវ​ដើរ​ចុះ​ឡើង​និយាយ​ដើម​ពី​គេ​ក្នុង​ពួក​សាសន៍​ឯង​ឡើយ មិន​ត្រូវ​ឈរ​ទាស់​នឹង​ឈាម​អ្នក​ជិត​ខាង​ឯង​ដែរ អញ​នេះ​ជា​ព្រះ‌យេហូវ៉ា 17មិន​ត្រូវ​មាន​ចិត្ត​ស្អប់​ដល់​បង​ប្អូន​ឯង​ឡើយ ក៏​កុំ​ឲ្យ​ខាន​នឹង​បន្ទោស​ដល់​អ្នក​ជិត​ខាង​ឯង​ដែរ ដើម្បី​កុំ​ឲ្យ​ជាប់​មាន​បាប​ដោយ​ព្រោះ​គេ 18មិន​ត្រូវ​សង‌សឹក ឬ​ចង​គំនុំ​គុំ‌គួន​នឹង​ពួក​កូន​ចៅ​របស់​សាសន៍​ឯង​ឡើយ គឺ​ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង​វិញ អញ​នេះ​ជា​ព្រះ‌យេហូវ៉ា។
19ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​កាន់​តាម​អស់​ទាំង​ច្បាប់​របស់​អញ មិន​ត្រូវ​ឲ្យ​សត្វ​ឯង​ជាន់​សត្វ​ញី​ណា​ខុស​ពូជ​គ្នា​ឡើយ ក៏​មិន​ត្រូវ​ព្រោះ​ពូជ​២​យ៉ាង​នៅ​ស្រែ​ចំការ​ឯង​ដែរ ហើយ​មិន​ត្រូវ​ស្លៀក‌ពាក់​អ្វី ដែល​លាយ​ដោយ​អំបោះ​២​យ៉ាង​ឡើយ 20បើ​អ្នក​ណា​សេព‌សម្ភព​នឹង​ស្រី​ជា​បាវ‌បំរើ​ដែល​មាន​គេ​ដណ្តឹង​ហើយ តែ​មិន​ទាន់​បាន​លោះ​ចេញ ឬ​ដែល​ចៅហ្វាយ​មិន​ទាន់​លែង​ឲ្យ​ទៅ នោះ​គេ​ត្រូវ​មាន​ទោស តែ​មិន​ត្រូវ​ដាក់​ទោស​ដល់​ស្លាប់​ទេ ពី​ព្រោះ​មិន​សំរេច​នឹង​ចិត្ត​នាង​ទេ 21ហើយ​ប្រុស​នោះ​ត្រូវ​យក​ដង្វាយ​ដោយ​ព្រោះ​ការ​រំលង​មក​ថ្វាយ​ព្រះ‌យេហូវ៉ា ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ គឺ​ជា​ចៀម​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​ដោយ​ព្រោះ​ការ​រំលង 22នោះ​ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​ចៀម​ឈ្មោល​នៃ​ដង្វាយ ដោយ​ព្រោះ​ការ​រំលង​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​បាន​ធួន​នឹង​បាប​របស់​អ្នក​នោះ រួច​ទ្រង់​នឹង​អត់​ទោស​ចំពោះ​បាប​ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត។
23កាល​ណា​ឯង​រាល់​គ្នា​បាន​ចូល​ទៅ​នៅ​ក្នុង​ស្រុក ហើយ​បាន​ដាំ​ដើម​ឈើ​គ្រប់​មុខ​ឲ្យ​មាន​ផ្លែ​បរិភោគ នោះ​ត្រូវ​ឲ្យ​រាប់​ផ្លែ​ឈើ​នោះ ទុក​ដូច​ជា​មនុស្ស​ដែល​មិន​កាត់​ស្បែក គឺ​ត្រូវ​រាប់​ទុក​ដូច​ជា​មិន​បាន​កាត់​ស្បែក​អស់​រវាង​៣​ឆ្នាំ មិន​ត្រូវ​បរិភោគ​ផ្លែ​នោះ​ឡើយ 24តែ​ដល់​ឆ្នាំ​ទី​៤ ផ្លែ​ឈើ​ទាំង​នោះ​នឹង​បាន​បរិសុទ្ធ​វិញ សំរាប់​នឹង​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ដោយ​អរ​សប្បាយ 25លុះ​ដល់​ឆ្នាំ​ទី​៥ នោះ​នឹង​បរិភោគ​បាន នេះ​ដើម្បី​ដើម​ឈើ​ទាំង​នោះ​បាន​ចំរើន​ផល​ផ្លែ​ឲ្យ​ឯង​រាល់​គ្នា អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា។
26មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បរិភោគ​សាច់​ណា​ដែល​ជាប់​មាន​ទាំង​ឈាម​ផង​នោះ​ឡើយ មិន​ត្រូវ​ប្រើ​របៀន​របស់​គ្រូ​អង្គុយ​ធម៌ ឬ​មើល​នក្ខត្ត‌ឫក្ស​ផង 27មិន​ត្រូវ​កោរ​ក្រឡឹង​សក់​ក្បាល​ជុំវិញ ឬ​កាត់​ដំរឹម​ពុក‌ចង្កា​របស់​ឯង​ឡើយ 28ក៏​មិន​ត្រូវ​ឆូត​ស្បែក​ដោយ​កាន់​ទុក្ខ​មនុស្ស​ស្លាប់ ឬ​សាក់​ខ្លួន​ផង​ដែរ អញ​នេះ​ជា​ព្រះ‌យេហូវ៉ា។
29កុំ​ឲ្យ​បង្ខូច​កូន​ស្រី​ឯង​ដោយ​ធ្វើ​ឲ្យ​ទៅ​ជា​ស្រី​សំផឹង​ឡើយ ក្រែង​ស្រុក​ឯង​ទៅ​ជា​សហាយ‌ស្មន់​គ្រប់​គ្នា ហើយ​បាន​ពេញ​ជា​សេចក្ដី​អាក្រក់​ជួ‌ជាតិ 30ត្រូវ​ឲ្យ​រក្សា​ថ្ងៃ​ឈប់​សំរាក​របស់​អញ ហើយ​ត្រូវ​កោត‌ខ្លាច​ដល់​ទី​បរិសុទ្ធ​របស់​អញ​ផង អញ​នេះ​ជា​ព្រះ‌យេហូវ៉ា។
31កុំ​ឲ្យ​ឯង​រាល់​គ្នា​បែរ​ទៅ​តាម​ពួក​គ្រូ​ខាប ឬ​គ្រូ​មន្ត‌គាថា​ឡើយ កុំ​ឲ្យ​ពឹង​រក​គេ​ឲ្យ​សោះ ក្រែង​ឯង​ទៅ​ជា​ស្មោក‌គ្រោក​ដោយ‌សារ​គេ​ដែរ អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា។
32ត្រូវ​ឲ្យ​ឯង​ក្រោក​ឡើង​ឈរ​នៅ​មុខ​មនុស្ស​ចាស់​សក់​ស ត្រូវ​គោរព​ដល់​មនុស្ស​មាន​វ័យ​ចំរើន ហើយ​ត្រូវ​កោត‌ខ្លាច​ដល់​ព្រះ​នៃ​ឯង​ដែរ អញ​នេះ​ជា​ព្រះ‌យេហូវ៉ា 33បើ​មាន​មនុស្ស​ប្រទេស​ក្រៅ​ណា​មក​ស្នាក់​នៅ​ក្នុង​ស្រុក​ជា​មួយ​នឹង​ឯង នោះ​កុំ​ឲ្យ​ធ្វើ​បាប​គេ​ឡើយ 34ឯ​អ្នក​ប្រទេស​ក្រៅ​ដែល​មក​ស្នាក់​នៅ​ក្នុង​ពួក​ឯង​រាល់​គ្នា នោះ​ត្រូវ​ទុក​ដូច​ជា​កើត​នៅ​ស្រុក​ឯង​វិញ ហើយ​ត្រូវ​ស្រឡាញ់​គេ​ដូច​ជា​ខ្លួន​ឯង​ដែរ ដ្បិត​ឯង​រាល់​គ្នា​ពី​ដើម​ក៏​ជា​អ្នក​ស្នាក់​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ​ដែរ អញ​នេះ​គឺ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា។
35មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ប្រព្រឹត្ត​ទុច្ចរិត​ក្នុង​រឿង​ក្តី ឬ​ក្នុង​ការ​វាស់ ឬ​ថ្លឹង ឬ​វាល់​ឡើយ 36ត្រូវ​ឲ្យ​មាន​ជញ្ជីង នឹង​កូន​ជញ្ជីង​យ៉ាង​ត្រឹម‌ត្រូវ ហើយ​នឹង​រង្វាល់​ត្រឹម‌ត្រូវ​ផង អញ​នេះ គឺ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ដែល​បាន​នាំ​ឯង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក 37ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​កាន់​អស់​ទាំង​ច្បាប់ នឹង​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​អញ ព្រម​ទាំង​ប្រព្រឹត្ត​តាម​ផង អញ​នេះ​ជា​ព្រះ‌យេហូវ៉ា។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for លេវី‌វិន័យ 19