យ៉ូប 36
36
1អេលីហ៊ូវក៏ពោលតទៅថា 2សូមទ្រាំចាំខ្ញុំបន្តិចសិន ខ្ញុំនឹងបង្ហាញលោក ដ្បិតខ្ញុំនៅមានសេចក្ដីខ្លះនឹងពោលដំកើងពីព្រះ 3ខ្ញុំនឹងនាំយកសេចក្ដីចេះដឹងរបស់ខ្ញុំមកពីចំងាយ ហើយនឹងសំដែងច្បាស់ថា ព្រះដែលបង្កើតខ្ញុំទ្រង់សុចរិត 4ដ្បិតពិតជាពាក្យខ្ញុំ មិនមែនជាពាក្យកំភូតទេ គឺមានព្រះដ៏មានដំរិះសព្វគ្រប់ ទ្រង់គង់នៅជាមួយនឹងខ្ញុំវិញ 5មើល ព្រះទ្រង់មានព្រះចេស្តា តែទ្រង់មិនមើលងាយដល់អ្នកណាឡើយ ទ្រង់មានឥទ្ធិឫទ្ធិដោយកំឡាំងនៃព្រះដំរិះ 6ទ្រង់មិនគាំពារជីវិតរបស់មនុស្សអាក្រក់ នោះទេ តែទ្រង់ប្រោសមនុស្ស ដែលត្រូវវេទនាតាមត្រឹមត្រូវ 7ទ្រង់មិនដកព្រះនេត្រចេញពីមនុស្សសុចរិតឡើយ គឺទ្រង់តាំងឲ្យគេអង្គុយលើបល្ល័ង្ក ជាមួយនឹងពួកស្តេច ឲ្យនៅអស់កល្បជានិច្ចវិញ ហើយគេបានថ្កើងឡើង 8បើកាលណាគេត្រូវជាប់ច្រវាក់ ឬជាប់ចំណងនៃសេចក្ដីវេទនា 9នោះទ្រង់ក៏បង្ហាញឲ្យគេឃើញអំពើរបស់គេ ព្រមទាំងសេចក្ដីរំលងរបស់គេ ដែលគេប្រព្រឹត្តដោយហួសល្បត់ 10ទ្រង់ក៏បើកត្រចៀកគេឲ្យស្តាប់សេចក្ដីដំបូន្មាន ហើយបង្គាប់ឲ្យគេវេះចេញពីសេចក្ដីទុច្ចរិតវិលមកវិញ 11បើគេស្តាប់តាម ហើយគោរពប្រតិបត្តិដល់ទ្រង់ នោះគេនឹងរស់នៅអស់ទាំងថ្ងៃនៃអាយុគេ ដោយសេចក្ដីរុងរឿង ហើយអស់ទាំងឆ្នាំគេ ដោយសេចក្ដីអំណរ 12ប៉ុន្តែបើគេមិនស្តាប់វិញ នោះគេនឹងត្រូវវិនាសទៅដោយដាវ ហើយនឹងស្លាប់ទៅដោយខ្វះប្រាជ្ញា 13ឯពួកអ្នកដែលមានចិត្តទមិលល្មើស គេប្រមូលទុកសេចក្ដីខ្ញាល់ ហើយកាលណាទ្រង់ចងគេ នោះគេមិនអំពាវនាវទេ 14ព្រលឹងគេស្លាប់ទៅក្នុងវ័យនៅក្មេងនៅឡើយ ហើយជីវិតគេក៏នៅរួមនឹងពួកស្មោកគ្រោក 15ទ្រង់ជួយអ្នកដែលមានសេចក្ដីទុក្ខ ឲ្យរួចដោយការរងទុក្ខរបស់គេនោះ ក៏បើកត្រចៀកគេក្នុងគ្រាដែលកើតមានសេចក្ដីសង្កត់សង្កិន 16អើ ទ្រង់សព្វព្រះហឫទ័យចង់នាំលោកចេញពីទីចង្អៀត ទៅឯទីធំទូលាយវិញ ជាទីគ្មានសេចក្ដីត្បៀតត្បុលឡើយ យ៉ាងនោះ អាហារដែលបានដាក់លើតុលោក នឹងបានជារបស់មានរសដ៏ប្រសើរ។
17ប៉ុន្តែលោកបានសំរេចពេញទី តាមសេចក្ដីជំនុំជំរះរបស់មនុស្សអាក្រក់ ដូច្នេះ សេចក្ដីយុត្តិធម៌ នឹងសេចក្ដីសុចរិតបានចាប់លោកហើយ 18កុំបីលោកទុកឲ្យសេចក្ដីក្រោធបណ្តាលឲ្យទាស់ទទឹងនឹងការរាងចាលឡើយ ក៏កុំឲ្យថ្លៃលោះយ៉ាងធំក្រៃលែងនេះ នាំឲ្យលោកវង្វេងចេញដែរ 19តើសំរែករបស់លោក ឬឫទ្ធិនៃកំឡាំងលោកនឹងបានល្មម អាចនឹងជួយឲ្យលោករួចពីសេចក្ដីទុក្ខនេះបានឬទេ 20កុំឲ្យសង្វាតចង់បានពេលយប់ ជាពេលដែលពួកជនត្រូវដកចេញពីកន្លែងគេនោះឡើយ 21ត្រូវឲ្យប្រយ័តនឹងចៀសចេញពីសេចក្ដីទុច្ចរិត ដ្បិតលោកបានរើសសេចក្ដីនោះជំនួសការរងទុក្ខវិញ។
22មើល ព្រះទ្រង់ធ្វើការយ៉ាងខ្ពស់វិសេស ដោយឫទ្ធិរបស់ទ្រង់ តើមានគ្រូឯណាដែលប្រៀបផ្ទឹមនឹងទ្រង់បាន 23តើអ្នកណាបានបង្គាប់បង្ហាញផ្លូវ ដែលទ្រង់ត្រូវដើរ ឬអ្នកណាហ៊ានថា ទ្រង់បានប្រព្រឹត្តការទុច្ចរិត 24ត្រូវឲ្យលោកនឹកចាំ នឹងលើកដំកើងការទ្រង់វិញ គឺជាការដែលមនុស្សលោកបានច្រៀងសរសើរដែរ 25មនុស្សផងទាំងឡាយរំពឹងមើលការនោះ តែគេមើលពីចំងាយទេ 26មើល ព្រះទ្រង់ធំណាស់ យើងរាល់គ្នាមិនស្គាល់ទ្រង់ទេ ចំនួនឆ្នាំនៃព្រះជន្មទ្រង់ នោះរកកំណត់មិនបាន 27គឺទ្រង់ដែលជក់ទឹកទៅលើ ឲ្យប្រែជាចំហាយ រួចទំលាក់ជាភ្លៀងវិញ 28ជាទឹកដែលពពកចាក់ចុះមក ឲ្យធ្លាក់ជាបរិបូរ ស្រោចស្រពលើមនុស្សលោក 29អើ តើមានអ្នកណាយល់ពីការរាចពពក ឬពីសៀងផ្គរនៅឯពន្លារបស់ទ្រង់បាន 30មើល ទ្រង់បំព្រាចពន្លឺរស្មីព័ទ្ធជុំវិញទ្រង់ ហើយក៏គ្របបាំងទាំងបាតសមុទ្រផង 31ដ្បិតគឺដោយសារការទាំងនោះ ដែលទ្រង់ពិចារណាមើលអស់ទាំងសាសន៍ ទ្រង់ប្រោសប្រទានអាហារឲ្យជាបរិបូរ 32ទ្រង់យករន្ទះកាន់នៅព្រះហស្ត ហើយក៏បាញ់ទៅចំពួកខ្មាំងសត្រូវ 33សូរគ្រាំគ្រេងនោះសំដែងពីទ្រង់ ដូចជាក៏ឲ្យពពួកសត្វដឹងពេលដែលត្រូវភ្លៀងផ្គរនោះដែរ។
Currently Selected:
យ៉ូប 36: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.