YouVersion Logo
Search Icon

យ៉ូប 37

37
1អើ ដំណើរ​នេះ​ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​ញ័រ ក៏​ឲ្យ​កំរើក​ឃ្លាត​ពី​កន្លែង​ទៅ 2ចូរ​ស្តាប់ ឱ​សូម​ស្តាប់​សូរ​គឹក‌កង​នៃ​សំឡេង​ទ្រង់​ផង គឺ​ជា​សូរ​រំពង​ពី​ព្រះ‌ឱស្ឋ​ទ្រង់ 3ទ្រង់​តែង​កំចាយ​ឲ្យ​ឮ​ពេញ​ក្រោម​ផ្ទៃ​មេឃ ទ្រង់​ឲ្យ​ឃើញ​ផ្លេក‌បន្ទោរ​របស់​ទ្រង់​ទៅ​ដល់​ចុង​ផែនដី​បំផុត 4រួច​មក​មាន​ឮ​សូរ​គំរាម​គ្រាំ‌គ្រេង ទ្រង់​បញ្ចេញ​ផ្គរ​ដោយ​សំឡេង​នៃ​ឫទ្ធា‌នុភាព​ទ្រង់ រួច​ទ្រង់​មិន​ឃាត់​ផ្លេក‌បន្ទោរ ក្នុង​កាល​ដែល​សំឡេង​ទ្រង់​បាន​ឮ​នោះ​ទេ 5ព្រះ‌ទ្រង់​បញ្ចេញ​សំឡេង​ជា​ផ្គរ‌លាន់​យ៉ាង​អស្ចារ្យ ក៏​ធ្វើ​ការ​យ៉ាង​ធំ​ដែល​យើង​រាល់​គ្នា​រក​យល់​មិន​បាន 6ដ្បិត​ទ្រង់​បង្គាប់​ដល់​ហិមៈ​ថា ចូរ​ធ្លាក់​ទៅ​លើ​ផែនដី ក៏​បង្គាប់​ដល់​ភ្លៀង​១​មេ នឹង​ភ្លៀង​ធំ​របស់​ទ្រង់​យ៉ាង​ដូច្នោះ​ដែរ 7នោះ​ទ្រង់​បំបិទ​ដៃ​នៃ​មនុស្ស​ទាំង‌ឡាយ ដើម្បី​ឲ្យ​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​បង្កើត​បាន​ដឹង 8គ្រា​នោះសត្វ​ព្រៃ​រក​ទី​ជ្រក ហើយ​ក៏​នៅ​តែ​ក្នុង​រូង​របស់​វា 9ខ្យល់​ព្យុះ​ផាត់​មក​ពី​ទិស​ខាង​ត្បូង ហើយ​រងា​ក៏​មក​ពី​ខាង​ជើង 10ព្រះ‌ទ្រង់​ប្រទាន​ឲ្យ​មាន​ទឹក​កក ដោយ‌សារ​ខ្យល់​ដង្ហើម​ទ្រង់ ឯ​ទី​ទឹក​ទាំង​ប៉ុន្មាន​ក៏​កក​រួញ​ទៅ​ដែរ 11ទ្រង់​ផ្ទុក​ពពក​យ៉ាង​ក្រាស់ ដោយ​ចំហាយ​ទឹក ហើយ​ទ្រង់​ផ្សាយ​ពពក​នៃ​ផ្លេក‌បន្ទោរ​ទ្រង់​ឲ្យ​សុស‌សាយ 12ពពក​នោះ​ក៏​អណ្តែត​ត្រសែត​ទៅ​តាម​ព្រះ‌ហឫទ័យ​ទ្រង់ ដើម្បី​ឲ្យ​បាន​ធ្វើ​គ្រប់​ទាំង​អស់​ដែល​ទ្រង់​បង្គាប់ នៅ​លើ​ទី​ផ្សេងៗ​នៅ​ផែនដី ដែល​មាន​មនុស្ស​នៅ 13ទ្រង់​ធ្វើ​ឲ្យ​កើត​យ៉ាង​ដូច្នេះ ដើម្បី​ជា​ការ​ផ្ចាញ់‌ផ្ចាល ឬ​សំរាប់​ស្រោច​ដី​គេ ដោយ​សេចក្ដី​សប្បុរស​របស់​ទ្រង់។
14ឱ​យ៉ូប​អើយ សូម​ស្តាប់​សេចក្ដី​នេះ​ចុះ សូម​ឈរ​ឲ្យ​នឹង ហើយ​ពិចារណា​អស់​ទាំង​ការ​អស្ចារ្យ​របស់​ព្រះ​សិន 15តើ​លោក​ជ្រាប ពី​ព្រះ‌ទ្រង់​ដាក់​កំរិត​របស់​ទាំង​នោះ ជា​យ៉ាង​ណា ពី​ទ្រង់​ធ្វើ​ឲ្យ​ផ្លេក‌បន្ទោរ​នៃ​ពពក​ទ្រង់​ភ្លឺ‌ផ្លេកៗ​ដូច​ម្តេច​ឬ​ទេ 16តើ​លោក​យល់​ពី​ទំងន់​នៃ​ពពក​ជា​យ៉ាង​ណា គឺ​ជា​កិច្ច‌ការ​អស្ចារ្យ​របស់​ព្រះ​ដ៏​មាន​ដំរិះ​សព្វ​គ្រប់​ឬ​ទេ 17តើ​លោក​ជ្រាប​ឬ ពី​ហេតុ​អ្វី​ដែល​សំលៀក‌បំពាក់​លោក​ក្តៅ​ពេក ក្នុង​កាល​ដែល​ផែនដី​ស្ងប់​ដោយ​ខ្យល់​បក់​មក​ពី​ខាង​ត្បូង 18តើ​លោក​អាច​នឹង​ជួយ​ទ្រង់​ក្នុង​ការ​ផែ​ផ្ទៃ​មេឃ​ដែល​រឹង​ជាង​ផែន​កញ្ចក់​សិត​បាន​ឬ​ទេ 19សូម​បង្ហាញ​សេចក្ដី​ដែល​យើង​រាល់​គ្នា​ត្រូវ​ទូល​ដល់​ទ្រង់ ដ្បិត​នៅ​ក្នុង​សេចក្ដី​ងងឹត​ដែល​គ្រប​លើ​យើង នោះ​យើង​មិន​ចេះ​រៀបចំ​ពាក្យ​សំដី​ទេ 20តើ​ត្រូវ​ឲ្យ​មាន​អ្នក​ណា​ទូល​ទ្រង់​ពី​ខ្ញុំ​កំពុង​តែ​ទូល​ឬ​អី បើ​អ្នក​ណា​ទូល នោះ​នឹង​ត្រូវ​លេប​បាត់​ជា​ពិត​ប្រាកដ។
21រីឯ​មនុស្ស គេ​មើល​ថ្ងៃ​ដែល​ភ្លឺ​នៅ​លើ​មេឃ​មិន​ឃើញ​ទេ ទាល់​តែ​មាន​ខ្យល់​បក់​មក​ផាត់​ពពក​ឲ្យ​ស្រឡះ​ទៅ 22ពី​ទិស​ខាង​ជើង​មាន​ចេញ​ជា​រស្មី​ដ៏​រុងរឿង តែ​ព្រះ‌ទ្រង់​មាន​ឫទ្ធា‌នុភាព​គួរ​ស្ញែង​ខ្លាច 23ឯ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា យើង​រាល់​គ្នា​ពុំ​អាច​នឹង​រក​ទ្រង់​ឃើញ​ទេ ទ្រង់​មាន​តេជា‌នុភាព​ដ៏​ខ្ពស់​បំផុត តែ​ដោយ​ទ្រង់​មាន​សេចក្ដី​យុត្តិ‌ធម៌ នឹង​សេចក្ដី​សុចរិត​ពោរ‌ពេញ បាន​ជា​ទ្រង់​នឹង​មិន​ធ្វើ​ទុក្ខ​ទេ 24ហេតុ​នោះ​បាន​ជា​មនុស្ស​តែង‌តែ​កោត‌ខ្លាច នៅ​ចំពោះ​ទ្រង់ តែ​ទ្រង់​មិន​យោគ‌យល់​អ្នក​ណា ដោយ​គេ​មាន​ចិត្ត​ប្រាជ្ញ‌ព្រោក​ទេ។

Currently Selected:

យ៉ូប 37: ពគប

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in