YouVersion Logo
Search Icon

យេរេ‌មា 9

9
1ឱ​បើ​សិន​ជា​ក្បាល​ខ្ញុំ​ពេញ​ដោយ​ទឹក ហើយ​ភ្នែក​ខ្ញុំ​ជា​រន្ធ​ចេញ​ទឹក​ជានិច្ច​ទៅ​អេះ ដើម្បី​ឲ្យ​ខ្ញុំ​បាន​យំ​ទាំង​យប់​ទាំង​ថ្ងៃ ពី​ដំណើរ​ពួក​អ្នក​ដែល​ត្រូវ​គេ​សំឡាប់ ក្នុង​កូន​ស្រី​នៃ​សាសន៍​ខ្ញុំ 2ឱ​បើ​ខ្ញុំ​មាន​ទី​ស្នាក់​អាស្រ័យ​នៅ​ទី​រហោ‌ស្ថាន ជា​ទី​សំណាក់​របស់​អ្នក​ដំណើរ​ទៅ​អេះ ដើម្បី​ឲ្យ​ខ្ញុំ​បាន​លះ‌បង់​សាសន៍​របស់​ខ្ញុំ ហើយ​ឃ្លាត​ចេញ​ពី​គេ​ទៅ ដ្បិត​គេ​សុទ្ធ​តែ​ជា​ពួក​កំផិត គឺ​ជា​ជំនុំ​មនុស្ស​ក្បត់ 3ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា គេ​ដំឡើង​អណ្តាត​ដូច​ជា​ធ្នូ សំរាប់​ពាក្យ​ភូត‌ភរ ហើយ​គេ​បាន​ចំរើន​កំឡាំង​នៅ​ក្នុង​ស្រុក​ផង តែ​មិន​មែន​សំរាប់​សេចក្ដី​ពិត​ត្រង់​ទេ ដ្បិត​គេ​ចេះ​តែ​ជឿន​ពី​អំពើ​អាក្រក់​១ ទៅ​ដល់​អំពើ​អាក្រក់​១​ទៀត ហើយ​គេ​មិន​ស្គាល់​អញ​ទេ 4ចូរ​ឲ្យ​គ្រប់​គ្នា​ប្រុង​ប្រយ័ត​ចំពោះ​អ្នក​ជិត​ខាង​ខ្លួន កុំ​ឲ្យ​ទុក​ចិត្ត​នឹង​បង​ប្អូន​ណា​មួយ​ឡើយ ដ្បិត​គ្រប់​ទាំង​បង​ប្អូន​នឹង​ដណ្តើម​យក​ប្រយោជន៍​អស់​រលីង ហើយ​គ្រប់​ទាំង​អ្នក​ជិត​ខាង​នឹង​ដើរ​ទៅ​មក​និយាយ​បង្កាច់‌បង្កិន​គេ 5គ្រប់​គ្នា​នឹង​បញ្ឆោត​អ្នក​ជិត​ខាង​ខ្លួន ហើយ​មិន​ព្រម​ពោល​សេចក្ដី​ពិត​ទេ គេ​បាន​បង្វឹក​អណ្តាត​ឲ្យ​កុហក គេ​ខំ​អស់​ពី​ចិត្ត​នឹង​ប្រព្រឹត្ត​អាក្រក់ 6ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ទី​លំនៅ​របស់​ឯង នោះ​នៅ​កណ្តាល​សេចក្ដី​ប្រវ័ញ្ច​បញ្ឆោត ដោយ​ព្រោះ​សេចក្ដី​ប្រវ័ញ្ច​បញ្ឆោត​នោះ បាន​ជា​គេ​មិន​ព្រម​ស្គាល់​អញ​ឡើយ។
7ហេតុ​នោះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​រំលាយ ហើយ​សាកល​គេ ដ្បិត​តើ​នឹង​ឲ្យ​អញ​ធ្វើ​យ៉ាង​ណា​ទៀត ដល់​កូន​ស្រី​របស់​រាស្ត្រ​អញ​នេះ 8អណ្តាត​គេ​ជា​ព្រួញ​ដែល​សំឡាប់ ក៏​ពោល​សុទ្ធ​តែ​សេចក្ដី​ប្រវ័ញ្ច​បញ្ឆោត គេ​និយាយ​សេចក្ដី​មេត្រី​នឹង​អ្នក​ជិត​ខាង​ដោយ​បបូរ​មាត់ តែ​ឯ​ក្នុង​ចិត្ត នោះ​គេ​លប​ចាំ​ចាប់​វិញ 9ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា តើ​មិន​ត្រូវ​ឲ្យ​អញ​ធ្វើ​ទោស​គេ ដោយ​ព្រោះ​អំពើ​យ៉ាង​នោះ​ទេ​ឬ តើ​ព្រលឹង​អញ​មិន​ត្រូវ​សង‌សឹក ចំពោះ​សាសន៍​ណា​យ៉ាង​នេះ​ទេ​ឬ​អី។
10ខ្ញុំ​នឹង​ឡើង​សំឡេង​យំ ហើយ​ស្រែក​ទ្រហោ​នឹង​ភ្នំ​ទាំង​ប៉ុន្មាន ហើយ​នឹង​ទួញ​ទំនួញ​ចំពោះ​វាល​ឃ្វាល​សត្វ​នៅ​ទី​រហោ‌ស្ថាន ពី​ព្រោះ​បាន​ឆេះ​អស់​ហើយ ដល់‌ម៉្លេះ​បាន​ជា​គ្មាន​អ្នក​ណា​ដើរ​តាម​នោះ​ទៀត ក៏​គ្មាន​អ្នក​ណា​ឮ​សំឡេង​របស់​ហ្វូង​សត្វ​ដែរ ឯ​សត្វ​ហើរ​លើ​អាកាស នឹង​សត្វ​ជើង​៤​បាន​បាត់​អស់​ទៅ​ហើយ។
11អញ​នឹង​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡិម​ត្រឡប់​ជា​កង​គំនរ គឺ​ជា​ទី​លំនៅ​នៃ​ពួក​ចចក ហើយ​នឹង​ធ្វើ​ឲ្យ​ក្រុង​ទាំង​ប៉ុន្មាន​នៅ​ស្រុក​យូដា ត្រូវ​ចោល​ស្ងាត់ ឥត​មាន​អ្នក​ណា​នៅ​ឡើយ 12តើ​អ្នក​ណា​មាន​ប្រាជ្ញា ដែល​អាច​នឹង​យល់​សេចក្ដី​នេះ​បាន តើ​ព្រះ‌ឱស្ឋ​នៃ​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​ចំពោះ​អ្នក​ណា ដើម្បី​ឲ្យ​គេ​បាន​ថ្លែង​ប្រាប់​ត​ទៅ ហេតុ​អ្វី​បាន​ជា​ស្រុក​បាន​ត្រូវ​វិនាស ហើយ​ឆេះ​សុស​ដូច​ជា​ទី​រហោ‌ស្ថាន ដល់​ម៉្លេះ​បាន​ជា​គ្មាន​អ្នក​ណា​ដើរ​កាត់​ទៀត​ដូច្នេះ 13ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា គឺ​ដោយ​ព្រោះ​តែ​គេ​បាន​បោះ‌បង់​ចោល​ក្រឹត្យ‌វិន័យ​របស់​អញ ដែល​អញ​បាន​ដាក់​នៅ​មុខ​គេ ហើយ​មិន​បាន​ស្តាប់ ឬ​ដើរ​តាម​ពាក្យ​របស់​អញ​ប៉ុណ្ណោះ 14គឺ​គេ​បាន​ដើរ​តាម​តែ​ចិត្ត​រឹង​របស់​គេ​វិញ ព្រម​ទាំង​តាម​ព្រះ‌បាល​ទាំង​ប៉ុន្មាន ដែល​ពួក​ព្ធយុ‌កោ​គេ​បាន​បង្រៀន​ដល់​គេ​ផង 15ហេតុ​នោះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា មើល​អញ​នឹង​ចិញ្ចឹម​គេ គឺ​ជន‌ជាតិ​នេះ​ឯង ដោយ​ស្លែង ហើយ​នឹង​ឲ្យ​ទឹក​ពុល​ទៅ​គេ​ផឹក 16អញ​នឹង​កំចាត់‌កំចាយ​គេ​ទៅ​កណ្តាល​គ្រប់​ទាំង​សាសន៍ ជា​សាសន៍​ដែល​ខ្លួន​គេ ឬ​ពួក​ព្ធយុ‌កោ​គេ ក៏​មិន​បាន​ស្គាល់​ផង ហើយ​អញ​នឹង​ចាត់​ប្រើ​ដាវ​ឲ្យ​ទៅ​តាម​គេ ដរាប​ដល់​បាន​បំផ្លាញ​គេ​អស់​រលីង។
17ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ថា ចូរ​ឲ្យ​ឯង​រាល់​គ្នា​ពិចារណា​ចុះ រួច​ឲ្យ​ហៅ​ពួក​ស្រី​អ្នក​យំ ឲ្យ​គេ​មក ចូរ​ចាត់​ទៅ​ហៅ​ពួក​ស្រី​វាង‌វៃ​ឲ្យ​មក​ដែរ 18ត្រូវ​ឲ្យ​គេ​ប្រញាប់​ឡើង នឹង​លើក​បទ​ទំនួញ​ឲ្យ​យើង ដើម្បី​ឲ្យ​ភ្នែក​យើង​បាន​ស្រក់​ទឹក​ចុះ ហើយ​ឲ្យ​ត្របក​ភ្នែក​យើង​បាន​ចេញ​ទឹក​ល្ហល្ហាច 19ដ្បិត​មាន​ឮ​សំឡេង​ទ្រហោ​យំ ពី​ក្រុង​ស៊ីយ៉ូន​មក​ថា ឱ​ម៉្លេះ​សម​យើង​វេទនា​យ៉ាង​ណា​ហ្ន៎ យើង​មាន​សេចក្ដី​ខ្មាស​ជ្រប់​មុខ ដោយ​ព្រោះ​យើង​ត្រូវ​ចោល​ស្រុក ហើយ​ដោយ​ព្រោះ​គេ​បាន​រំលំ​ទី​លំនៅ​របស់​យើង​បង់ 20ប៉ុន្តែ ឱ​ពួក​ស្រីៗ​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ ហើយ​ឲ្យ​ត្រចៀក​ទទួល​ព្រះ‌បន្ទូល​ពី​ព្រះ‌ឱស្ឋ​ទ្រង់​ផង ត្រូវ​ឲ្យ​បង្រៀន​កូន​ស្រី​របស់​ឯង​រាល់​គ្នា ឲ្យ​ចេះ​ទ្រហោ​យំ ហើយ​ឲ្យ​អ្នក​ជិត​ខាង​ទាំង​ប៉ុន្មាន​ចេះ​ទួញ​ទំនួញ 21ពី​ព្រោះ​សេចក្ដី​ស្លាប់​បាន​ឡើង​ចូល​មក តាម​បង្អួច​យើង ក៏​បាន​ចូល​មក​ក្នុង​ដំណាក់​របស់​យើង​ដែរ ដើម្បី​នឹង​បំបាត់​កូន​ក្មេង​ពី​ខាង​ក្រៅ ហើយ​ពួក​កំឡោះៗ​ពី​ផ្លូវ​ចេញ 22ចូរ​ប្រាប់​ចុះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា សាក‌សព​នៃ​មនុស្ស​នឹង​ធ្លាក់​ចុះ ដូច​ជា​ជី​នៅ​វាល​ស្រែ ហើយ​ដូច​ជា​កណ្តាប់​ស្រូវ​តាម​ក្រោយ​អ្នក​ច្រូត ឥត​មាន​អ្នក​ណា​ប្រមូល​វិញ​ឡើយ។
23ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា កុំ​បី​ឲ្យ​អ្នក​ប្រាជ្ញ​អួត​ពី​ប្រាជ្ញា​របស់​ខ្លួន​ឡើយ ក៏​កុំ​ឲ្យ​មនុស្ស​ខ្លាំង​ពូកែ​អួត​ពី​កំឡាំង​ខ្លួន ឬ​អ្នក​មាន​អួត​ពី​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ដែរ 24ឯ​អ្នក​ដែល​អួត នោះ​ត្រូវ​ឲ្យ​អួត​តែ​ពី​សេចក្ដី​នេះ​វិញ គឺ​ថា​ខ្លួន​មាន​យោបល់ ហើយ​ក៏​ស្គាល់​ដល់​អញ​ថា អញ​ជា​ព្រះ‌យេហូវ៉ា​ដែល​ប្រោស​ផ្សាយ​សេចក្ដី​សប្បុរស សេចក្ដី​យុត្តិ‌ធម៌ នឹង​សេចក្ដី​សុចរិត​នៅ​ផែនដី ដ្បិត​អញ​រីក‌រាយ​ចិត្ត​ចំពោះ​សេចក្ដី​ទាំង​នោះ​ហើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។
25ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា មើល នឹង​មាន​គ្រា​មក​ដល់ ដែល​អញ​នឹង​វាយ‌ផ្ចាល​ពួក​កាត់​ស្បែក ដែល​កាត់​មិន​ស្មោះ‌ត្រង់ 26គឺ​សាសន៍​អេស៊ីព្ទ សាសន៍​យូដា សាសន៍​អេដំម ហើយ​ពួក​កូន​ចៅ​អាំម៉ូន នឹង​ម៉ូអាប់ ព្រម​ទាំង​អស់​អ្នក​នៅ​ទី​រហោ‌ស្ថាន ដែល​កាត់​ជ្រុង​ពុក‌ចង្កា​ផង ដ្បិត​បណ្តា​សាសន៍​ទាំង​ប៉ុន្មាន មិន​កាត់​ស្បែក​ទេ ពួក​វង្ស​អ៊ីស្រាអែល​ទាំង​អស់ ក៏​មិន​បាន​កាត់​ស្បែក​ចិត្ត​ដែរ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in