YouVersion Logo
Search Icon

យេរេ‌មា 8

8
1ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា នៅ​គ្រា​នោះ គេ​នឹង​យក​ឆ្អឹង​នៃ​ស្តេច​សាសន៍​យូដា ឆ្អឹង​ពួក​ចៅហ្វាយ ឆ្អឹង​ពួក​សង្ឃ ឆ្អឹង​ពួក​ហោរា នឹង​ឆ្អឹង​របស់​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ចេញ​ពី​ផ្នូរ​មក 2គេ​នឹង​រាយ​ឆ្អឹង​ទាំង​នោះ នៅ​ចំពោះ​ព្រះ‌អាទិត្យ ព្រះ‌ចន្ទ នឹង​អស់​ពួក​បរិវារ​នៅ​លើ​មេឃ ជា​របស់​ដែល​គេ​បាន​ស្រឡាញ់ គោរព​ប្រតិ‌បត្តិ ប្រព្រឹត្ត​តាម ស្វែង​រក ហើយ​ថ្វាយ‌បង្គំ​ផង នឹង​គ្មាន​អ្នក​ណា​ប្រមូល ឬ​កប់​ឆ្អឹង​ទាំង​នោះ​ឡើយ គឺ​នឹង​បាន​សំរាប់​ជា​ជី​នៅ​ដី​វិញ 3ហើយ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ថា អស់​អ្នក​ណា​ដែល​សល់​អំពី​គ្រួសារ​អាក្រក់​នេះ គឺ​ដែល​នៅ​គ្រប់​ទី​កន្លែង​ដែល​អញ​បណ្តេញ​គេ នោះ​នឹង​ស៊ូ​ស្លាប់​ជា​ជាង​រស់​នៅ។
4មួយ​ទៀត ត្រូវ​ឲ្យ​ឯង​ប្រាប់​គេ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​បើ​មនុស្ស​ដួល តើ​មិន​ក្រោក​ឡើង​វិញ​ទេ​ឬ បើ​អ្នក​ណា​បែរ​ចេញ តើ​មិន​វិល​មក​វិញ​ឬ 5ចុះ​ហេតុ​អ្វី​បាន​ជា​ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​នេះ បាន​រា‌ថយ​ចេញ ហើយ​ជាប់​នៅ​ក្នុង​ការ​នោះ​ជានិច្ច​ដូច្នេះ គេ​កាន់​ខ្ជាប់​តាម​សេចក្ដី​កំភូត ហើយ​មិន​ព្រម​វិល​មក​វិញ​ទេ 6អញ​បាន​ផ្ទៀង​ត្រចៀក ហើយ​ប្រុង​ស្តាប់ តែ​គេ​មិន​បាន​និយាយ​ដោយ​ទៀង​ត្រង់​សោះ គ្មាន​អ្នក​ណា​មួយ​បាន​ប្រែ​ចិត្ត​ចេញ​ពី​អំពើ​អាក្រក់​របស់​ខ្លួន ដោយ​ថា តើ​អញ​បាន​ធ្វើ​អ្វី​នេះ​គ្រប់​គ្នា​បាន​បែរ​ទៅ​តាម​ផ្លូវ​របស់​ខ្លួន​វិញ ដូច​ជា​សេះ​ស្ទុះ​ចូល​ទៅ​ក្នុង​សង្គ្រាម 7ឯ​សត្វ​កុក​ដែល​ហើរ​លើ​អាកាស​វា​ក៏​ស្គាល់​រដូវ​វា​ដែរ ឯ​លលក នឹង​ត្រចៀក‌កាំ ហើយ​ក្រៀល ក៏​កាន់​ពេល​វេលា​ដែល​ត្រូវ​មក​ដែរ តែ​រាស្ត្រ​របស់​អញ គេ​មិន​ស្គាល់​ច្បាប់​របស់​ព្រះ‌យេហូវ៉ា​ទេ។
8ធ្វើ​ដូច​ម្តេច​ឲ្យ​ឯង​រាល់​គ្នា​ថា យើង​មាន​ប្រាជ្ញា ក៏​មាន​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា នៅ​ជា​មួយ​នឹង​យើង​ដែរ​ដូច្នេះ តែ​មើល ស្លាប​ប៉ាកកា​ក្លែង‌ក្លាយ​របស់​ពួក​អាចារ្យ នោះ​បាន​បំផ្លាស់​ទៅ​ជា​សេចក្ដី​ភូត‌ភរ​វិញ 9ពួក​អ្នក​ប្រាជ្ញ​គេ​ត្រូវ​ខ្មាស ត្រូវ​ស្រយុត​ចិត្ត ហើយ​ចាប់​បាន មើល គេ​បាន​បោះ‌បង់​ចោល​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដូច្នេះ តើ​គេ​មាន​ប្រាជ្ញា​នៅ​ក្នុង​ខ្លួន​ជា​យ៉ាង​ណា​វិញ 10ហេតុ​នោះ អញ​នឹង​លើក​ប្រពន្ធ​គេ​ឲ្យ​ដល់​អ្នក​ដទៃ ហើយ​ស្រែ​ចំការ​របស់​គេ​ដល់​ពួក​អ្នក​ដែល​នឹង​គ្រប់‌គ្រង​ត​ទៅ ដ្បិត​តាំង​ពី​អ្នក​តូច​បំផុត រហូត​ដល់​អ្នក​ធំ​ជាង​គេ នោះ​សុទ្ធ​តែ​មាន​សេចក្ដី​លោភ ចាប់​តាំង​ពី​ហោរា រហូត​ដល់​សង្ឃ គ្រប់​គ្នា​ប្រព្រឹត្ត​សេចក្ដី​ភូត‌ភរ 11គេ​បាន​មើល​របួស​នៃ​កូន​ស្រី​របស់​រាស្ត្រ​អញ ឲ្យ​សះ​តែ​បន្តិច‌បន្តួច​ទេ ដោយ​ពោល​តែ​ពាក្យ​ថា សុខៗ​ប៉ុណ្ណោះ ក្នុង​កាល​ដែល​ឥត​មាន​សេចក្ដី​សុខ​ឡើយ 12កាល​គេ​បាន​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម នោះ​តើ​គេ​មាន​សេចក្ដី​ខ្មាស​ឬ​ទេ ទេ គេ​ឥត​មាន​សេចក្ដី​ខ្មាស​សោះ ក៏​មិន​ទាំង​ឡើង​មុខ​ក្រហម​ផង ហេតុ​នោះ​បាន​ជា​គេ​នឹង​ដួល​ជា​មួយ​នឹង​ពួក​អ្នក​ដែល​ត្រូវ​ដួល ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា នៅ​វេលា​ដែល​អញ​ធ្វើ​ទោស​ដល់​គេ នោះ​គេ​នឹង​ត្រូវ​ចំពប់​ដួល​ជា​ពិត 13ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អញ​នឹង​បំផ្លាញ​គេ​អស់​រលីង នៅ​គ្រា​នោះ​នឹង​គ្មាន​ចង្កោម​ផ្លែ​នៅ​ដើម​ទំពាំង‌បាយ‌ជូរ ឬ​ផ្លែ​ល្វា​នៅ​ដើម​ល្វា​សោះ ស្លឹក​ទាំង​ប៉ុន្មាន​នឹង​ស្វិត​ក្រៀម ហើយ​របស់​ទាំង​អស់​ដែល​អញ​បាន​ឲ្យ​ដល់​គេ​នឹង​សូន្យ​បាត់​ទៅ។
14ហេតុ​អ្វី​បាន​ជា​យើង​រាល់​គ្នា​អង្គុយ​តែ​ស្ងៀម​ដូច្នេះ ចូរ​មូល​មក យើង​នាំ​គ្នា​ចូល​ទៅ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន​ដែល​មាន​កំផែង ហើយ​នៅ​ភាំង នៅ​ទី​នោះ​វិញ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង ទ្រង់​បាន​ធ្វើ​ឲ្យ​យើង​ភាំង​ហើយ ក៏​បាន​ឲ្យ​យើង​ផឹក​ទឹក​ពុល​ដែរ ពី​ព្រោះ​យើង​បាន​ធ្វើ​បាប​នឹង​ទ្រង់ 15យើង​បាន​ទន្ទឹង​ចាំ​សេចក្ដី​សុខ ប៉ុន្តែឥត​មាន​អ្វី​ល្អ​មក​សោះ ក៏​សង្ឃឹម​នឹង​មាន​ពេល​ប្រោស​ឲ្យ​ជា តែ​មើល បាន​តែ​សេចក្ដី​វេទនា​ទទេ 16មាន​ឮ​សូរ​ឃីស​នៃ​សេះ​របស់​គេ​ចេញ​ពី​ដាន់​មក កាល​ណា​ឮ​សូរ​សេះ​ខ្លាំង​ពូកែ​របស់​គេ​ស្រែក​កញ្ជ្រៀវ នោះ​ផែនដី​ទាំង​អស់​ក៏​ញ័រ ដ្បិត​គេ​បាន​មក​ហើយ គេ​បាន​ស៊ី​លេប​ស្រុក នឹង​របស់​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ស្រុក​ផង ព្រម​ទាំង​ទី​ក្រុង នឹង​ពួក​អ្នក​នៅ​ក្នុង​នោះ​ដែរ 17ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា មើល អញ​នឹង​ចាត់​ពស់ គឺ​ជា​ពស់‌វែក ឲ្យ​មក​កណ្តាល​ឯង​រាល់​គ្នា ដែល​មិន​ព្រម​តាម​សែក​មន្ត​ទេ ពស់​ទាំង​នោះ​នឹង​ចឹក​ឯង​រាល់​គ្នា។
18ឱ​បើ​ខ្ញុំ​នឹង​អាច​កំសាន្ត​ទុក្ខ​របស់​ខ្ញុំ​បាន​ទៅ​អេះ ចិត្ត​របស់​ខ្ញុំ​ល្វើយ​នៅ​ក្នុង​ខ្លួន 19ន៏ ឮ​សំឡេង​កូន​ស្រី​របស់​សាសន៍​ខ្ញុំ ដែល​ស្រែក​នៅ​ឯ​ស្រុក​ឆ្ងាយ​ណាស់​ថា តើ​ព្រះ‌យេហូវ៉ា​មិន​គង់​នៅ​ក្រុង​ស៊ីយ៉ូន​ទេ​ឬ​អី តើ​មហា‌ក្សត្រ​នៃ​ក្រុង​នោះ​មិន​នៅ​ទេ​ឬ ហេតុ​អ្វី​បាន​ជា​គេ​បណ្តាល​ឲ្យ​អញ​ខឹង ដោយ‌សារ​រូប​ឆ្លាក់​របស់​គេ ហើយ​ដោយ​របស់​ឥត​ប្រយោជន៍​ពី​ប្រទេស​ដទៃ​ដូច្នេះ 20រដូវ​ច្រូត​កាត់​បាន​កន្លង​ហើយ រដូវ​ក្តៅ​ក៏​ផុត​ទៅ តែ​យើង​រាល់​គ្នា​មិន​ទាន់​បាន​សង្គ្រោះ​នៅ​ឡើយ 21ខ្ញុំ​ត្រូវ​របួស​ដោយ​ឈឺ‌ឆ្អាល​ចំពោះ​របួស​របស់​កូន​ស្រី​នៃ​សាសន៍​ខ្ញុំ ខ្ញុំ​កាន់​ទុក្ខ ហើយ​សេចក្ដី​ស្រឡាំង‌កាំង​បាន​ចាប់​ខ្ញុំ​ផង 22តើ​គ្មាន​ប្រទាល​មុខ‌សះ​នៅ​ស្រុក​កាឡាត​ទេ​ឬ​អី តើ​គ្មាន​គ្រូ‌ពេទ្យ​នៅ​ទី​នោះ​ទេ​ឬ ចុះ​តើ​ហេតុ​អ្វី​បាន​ជា​កូន​ស្រី​នៃ​សាសន៍​ខ្ញុំ​មិន​ជា​ដូច្នេះ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in