យេរេមា 51
51
1ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា មើលអញនឹងបង្កើតឲ្យមានខ្យល់ ដែលបំផ្លាញទាស់នឹងក្រុងបាប៊ីឡូន ហើយទាស់នឹងពួកអ្នកនៅកណ្តាលសាសន៍ដែលលើកខ្លួនឡើងទាស់នឹងអញដែរ 2អញនឹងចាត់មនុស្សដទៃឲ្យទៅឯក្រុងបាប៊ីឡូន អ្នកទាំងនោះនឹងអុំគេ ហើយនឹងរំលីងទាំងអស់ ចេញពីស្រុកទៅ ដ្បិតនៅថ្ងៃអន្តរាយ អ្នកទាំងនោះនឹងឡោមព័ទ្ធជុំវិញគេ 3ចូរយឹតធ្នូបាញ់ពួកអ្នកដែលយឹតធ្នូចុះ ព្រមទាំងអ្នកដែលក្រោកឡើង ទាំងពាក់អាវក្រោះផង កុំឲ្យប្រណីពួកកំឡោះៗរបស់គេឡើយ ត្រូវឲ្យបំផ្លាញពលទ័ពគេឲ្យអស់រលីងទៅ 4គេនឹងត្រូវដួលស្លាប់ នៅក្នុងស្រុករបស់ពួកខាល់ដេ គេនឹងត្រូវចាក់ទំលុះនៅផ្លូវទីក្រុង។
5ដ្បិតព្រះនៃពួកអ៊ីស្រាអែល នឹងពួកយូដា គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មិនបានព្រាត់ប្រាសពីគេឡើយ ទោះបើស្រុកគេមានពេញ ដោយទោស ចំពោះព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលក៏ដោយ 6ចូរឲ្យគ្រប់ទាំងមនុស្សរត់ចេញពីកណ្តាលក្រុងបាប៊ីឡូន ដើម្បីឲ្យរួចជីវិតចុះ កុំឲ្យខ្លួនត្រូវកាត់ចេញ ដោយសេចក្ដីទុច្ចរិតរបស់គេឡើយ ដ្បិតនេះគឺវេលាកំណត់នៃសេចក្ដីសងសឹករបស់ព្រះយេហូវ៉ា ទ្រង់នឹងតបស្នងដល់គេ 7ពីដើមបាប៊ីឡូនជាពែងមាសនៅព្រះហស្តនៃព្រះយេហូវ៉ា ជាពែងដែលឲ្យផែនដីទាំងមូលស្រវឹង សាសន៍ទាំងប៉ុន្មានបានផឹកស្រាទំពាំងបាយជូររបស់គេ ហេតុនោះបានជាសាសន៍ទាំងអស់បានត្រឡប់ជារវើរវាយទៅ 8ក្រុងបាប៊ីឡូនស្រាប់តែរំលំ ហើយត្រូវបំផ្លាញទៅភ្លាម ចូរទ្រហោយំនឹងវាចុះ ត្រូវឲ្យយកប្រទាលមុខសះទៅបិទឲ្យវាបាត់ឈឺ បើសិនជានឹងមើលឲ្យជាបាន 9យើងរាល់គ្នាចង់តែមើលបាប៊ីឡូនឲ្យជាដែរ តែវាមិនបានជាសោះ ចូរយើងលះចោលវាទៅ ហើយត្រឡប់ទៅឯស្រុកយើងរៀងខ្លួនវិញ ដ្បិតទោសវាលូតរហូតដល់លើ គឺបានឡើងទៅដល់ផ្ទៃមេឃតែម្តង 10ព្រះយេហូវ៉ាទ្រង់បាននាំសេចក្ដីសុចរិតរបស់យើងចេញមកហើយ ចូរមក យើងនឹងថ្លែងប្រាប់នៅក្រុងស៊ីយ៉ូន ពីការនៃព្រះយេហូវ៉ា ជាព្រះនៃយើង។
11ចូរសំរួចព្រួញឲ្យមុត ចូរចាប់ខែលកាន់ឲ្យមាំចុះ ព្រះយេហូវ៉ា ទ្រង់បានដាស់វិញ្ញាណរបស់ពួកស្តេចសាសន៍មេឌីឡើង ពីព្រោះទ្រង់មានគំនិតទាស់នឹងបាប៊ីឡូន ដើម្បីនឹងបំផ្លាញចេញ ដ្បិតនេះជាសេចក្ដីសងសឹករបស់ព្រះយេហូវ៉ា គឺជាការសងសឹកស្នងព្រះវិហារនៃទ្រង់ 12ចូរដំឡើងទង់ជ័យទាស់នឹងកំផែងក្រុងបាប៊ីឡូនចុះ ត្រូវឲ្យពួកយាមបានកំឡាំងឡើង ចូរដាក់ពួកចាំយាម ហើយរៀបទ័ពបង្កប់ទៅ ដ្បិតព្រះយេហូវ៉ាទ្រង់បានសំរេច ហើយបានបង្ហើយការ ដែលទ្រង់មានបន្ទូលពីដំណើរពួកអ្នកនៅក្រុងបាប៊ីឡូន 13ឱក្រុងដែលតាំងនៅលើទីទឹកជាច្រើន ហើយមានទ្រព្យសម្បត្តិដ៏បរិបូរអើយ ចុងបំផុតរបស់ឯងបានមកដល់ហើយ សេចក្ដីលោភរបស់ឯងក៏ដល់កំណត់ផង 14ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានស្បថដោយព្រះអង្គទ្រង់ថា ពិតប្រាកដជាអញនឹងធ្វើឲ្យឯងបានពេញដោយមនុស្ស ដូចជាពេញដោយដង្កូវ ហើយគេនឹងស្រែកឡើងទាស់នឹងឯង។
15ឯព្រះទ្រង់បានបង្កើតផែនដី ដោយសារព្រះចេស្តា ទ្រង់ក៏បានតាំងលោកីយឡើង ដោយប្រាជ្ញារបស់ទ្រង់ ក៏បានលាតផ្ទៃមេឃ ដោយយោបល់ទ្រង់ 16កាលណាទ្រង់បព្ចោញព្រះសូរសៀង នោះមានឮសូរសន្ធឹកនៃទឹកនៅលើមេឃ ហើយទ្រង់បណ្តាលឲ្យចំហាយទឹកឡើងពីចុងផែនដី ទ្រង់បង្កើតផ្លេកបន្ទោរសំរាប់ភ្លៀង ក៏បព្ចោញខ្យល់ពីឃ្លាំងនៃទ្រង់ផង 17គ្រប់គ្នាបានត្រឡប់ជាមនុស្សកំរោល ហើយក៏ឥតមានដំរិះផង គ្រប់ទាំងជាងទងបានត្រូវខ្មាស ដោយសាររូបឆ្លាក់របស់គេ ដ្បិតរូបសិតរបស់គេជាសេចក្ដីភូតភរ គ្មានខ្យល់ដង្ហើមនៅក្នុងវាឡើយ 18វាសុទ្ធតែឥតប្រយោជន៍ ជារបស់ក្លែងបញ្ឆោតទទេ នៅគ្រាដែលធ្វើទោសវា នោះវានឹងសូន្យបាត់ទៅ 19ឯចំណែករបស់ពួកយ៉ាកុប មិនមែនដូច្នោះទេ ដ្បិតគឺទ្រង់ដែលជបសូនរបស់សព្វសារពើ ហើយសាសន៍អ៊ីស្រាអែលជាពូជអំបូរដែលជាមរដករបស់ទ្រង់ ព្រះនាមទ្រង់ គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ។
20ឯងជាពូថៅចំបាំង ហើយជាគ្រឿងសស្ត្រាវុធរបស់អញ អញនឹងបំបាក់បំបែកអស់ទាំងសាសន៍ ឲ្យខ្ទេចខ្ទីដោយសារឯង ហើយនឹងបំផ្លាញនគរផ្សេងៗ ដោយសារឯងដែរ 21អញនឹងបំបាក់បំបែកទាំងសេះ នឹងអ្នកជិះផង ដោយសារឯង អញនឹងបំបាក់បំបែកទាំងរទេះចំបាំង នឹងអ្នកបរ ដោយសារឯង 22អញនឹងបំបាក់បំបែកទាំងប្រុសទាំងស្រី ដោយសារឯង អញនឹងបំបាក់បំបែកទាំងចាស់ទាំងក្មេង ដោយសារឯង អញនឹងបំបាក់បំបែកទាំងពួកកំឡោះ នឹងក្រមុំ ដោយសារឯង 23អញនឹងបំបាក់បំបែកទាំងអ្នកគង្វាល នឹងហ្វូងសត្វ ដោយសារឯង អញនឹងបំបាក់បំបែកទាំងអ្នកភ្ជួរ នឹងគោ ដោយសារឯង អញនឹងបំបាក់បំបែកទាំងចៅហ្វាយ នឹងនាយផង ដោយសារឯង 24ហើយអញនឹងសងដល់ក្រុងបាប៊ីឡូន នឹងពួកអ្នកស្រុកខាល់ដេទាំងប៉ុន្មាននៅភ្នែកឯង តាមគ្រប់ទាំងការអាក្រក់ដែលគេបានធ្វើដល់ក្រុងស៊ីយ៉ូន នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
25ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ឱភ្នំដែលបំផ្លាញ គឺដែលបំផ្លាញផែនដីទាំងមូលអើយ មើល អញទាស់នឹងឯង អញនឹងលូកដៃទៅលើឯង ហើយប្រមៀលឯងទំលាក់ពីលើថ្មដា ព្រមទាំងឲ្យឯងឆេះអស់ទៅ 26គេនឹងមិនយកថ្មពីឯង សំរាប់ធ្វើជាថ្មជ្រុងផ្ទះ ឬជាឫសជញ្ជាំងឡើយ គឺឯងនឹងត្រូវចោលស្ងាត់ជាដរាបតទៅ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
27ចូរដំឡើងទង់ជ័យនៅក្នុងស្រុក ចូរផ្លុំត្រែនៅនាកណ្តាលសាសន៍ទាំងប៉ុន្មាន ត្រូវឲ្យប្រមូលផ្តុំអស់ទាំងសាសន៍ មកទាស់នឹងក្រុងបាប៊ីឡូនចុះ ចូរហៅនគរទាំងប៉ុន្មាននៅស្រុកអារ៉ារ៉ាត មីនី នឹងអ័សក្នាស ឲ្យគេមូលគ្នាមកទាស់នឹងទីក្រុង ចូរតាំងមេទ័ពធំម្នាក់ ឲ្យទាស់នឹងវាចុះ ហើយឲ្យមានសេះឡើងមក បែបដូចជាដង្កូវមានរោមច្រាង 28ចូរប្រមូលផ្តុំសាសន៍ទាំងប៉ុន្មានមកទាស់នឹងវា គឺអស់ទាំងស្តេចនៃសាសន៍មេឌី នឹងពួកចៅហ្វាយ ពួកនាយរបស់គេ ព្រមទាំងស្រុកទាំងមូល ដែលនៅក្រោមអំណាចគេផង 29ផែនដីកំពុងញាប់ញ័រ ក៏ឈឺចាប់ ពីព្រោះការដែលព្រះយេហូវ៉ាទ្រង់សំរេចនឹងធ្វើដល់ក្រុងបាប៊ីឡូន នោះស្ថិតស្ថេរនៅ ដើម្បីនឹងធ្វើឲ្យស្រុកបាប៊ីឡូនត្រូវខូចបង់ ឥតមានអ្នកណានៅ 30ពួកខ្លាំងពូកែរបស់ក្រុងបាប៊ីឡូន គេបានអាក់ខានតស៊ូ គេនៅតែក្នុងទីមាំមួនរបស់គេ កំឡាំងគេស្បើយហើយ ក៏បានត្រឡប់ដូចជាស្រីវិញ ផ្ទះនៅក្នុងទីក្រុងបានឆេះអស់ហើយ រនុកទ្វារក្រុងទាំងអស់ត្រូវបាក់ផង 31អ្នកយាមនឹងរត់ច្រវាត់ទៅមក ហើយអ្នកនាំដំណឹងនឹងរត់ប្រទាក់គ្នា ដើម្បីនឹងបន្តដំណឹងដល់ស្តេចបាប៊ីឡូនឲ្យជ្រាបថា ទីក្រុងត្រូវគេចាប់យកនៅគ្រប់ទិសហើយ 32ឯផ្លូវទឹក គេចាប់យកបាន ហើយវាលបឹងគេដុតអស់ទៅ ដូច្នេះ ពួកទាហានមានចិត្តភ័យខ្លាច។
33ដ្បិតព្រះយេហូវ៉ា នៃពួកពលបរិវារ គឺជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះថា កូនស្រីនៃក្រុងបាប៊ីឡូនធៀបដូចជាលានស្រូវ នៅរដូវបញ្ជាន់ នៅតែបន្តិចទៀតរដូវចំរូតនឹងមកដល់នាង 34នេប៊ូក្នេសា ជាស្តេចបាប៊ីឡូនបានស៊ីបង្ហិនខ្ញុំ បានទាំងជាន់ឈ្លី បានធ្វើឲ្យខ្ញុំដូចជាភាជនៈទទេបានលេបខ្ញុំទៅ ដូចជាសត្វសំបើម ក៏បានបំពេញផ្ទៃ ដោយរបស់ទាំងប៉ុន្មានដែលគាប់ចិត្តខ្ញុំ ហើយបានបោះខ្ញុំចេញទៅក្រៅ 35សូមឲ្យការយុកយាក់ដែលគេបានធ្វើដល់ខ្ញុំ ហើយដល់សាច់ខ្ញុំបានធ្លាក់ទៅលើបាប៊ីឡូនវិញ នេះជាពាក្យដែលពួកអ្នកនៅក្រុងស៊ីយ៉ូននឹងថា គឺពួកអ្នកនៅក្រុងយេរូសាឡិម នឹងពោលថា សូមឲ្យឈាមរបស់ខ្ញុំធ្លាក់ទៅលើពួកអ្នកនៅស្រុកខាល់ដេដែរ 36ហេតុនោះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា មើលអញនឹងកាន់ក្តីឯង ហើយនឹងសងសឹកជំនួសឯង អញនឹងពង្រីងសមុទ្រគេទៅ ហើយធ្វើឲ្យរន្ធទឹករបស់គេស្ងួតដែរ 37ឯក្រុងបាប៊ីឡូននឹងត្រឡប់ជាកងគំនរ ជាទីលំនៅរបស់សត្វស្វាន ជាទីស្រឡាំងកាំង ហើយជាទីដែលគេធ្វើស៊ីសស៊ូសឲ្យ ឥតមានអ្នកណានៅឡើយ 38គេនឹងស្រែកជាមួយគ្នា ដូចជាសិង្ហស្ទាវ គេនឹងគ្រហឹមដូចជាកូនសិង្ហ 39កាលណាគេក្តៅខ្លួន នោះអញនឹងរៀបជប់លៀងឲ្យគេ អញនឹងធ្វើឲ្យគេស្រវឹង ដើម្បីឲ្យគេបានរីករាយចិត្ត ហើយឲ្យដេកលក់ទៅជានិច្ច ឥតភ្ញាក់ឡើងវិញឡើយ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា 40អញនឹងនាំគេចុះទៅដល់ទីសំឡាប់ ដូចជាកូនចៀមទាំងប៉ុន្មាន គឺដូចជាចៀមឈ្មោល នឹងពពែឈ្មោលផង។
41សេសាកបានត្រូវចាប់យកយ៉ាងណាហ្ន៎ ទីគួរលើកសរសើររបស់ផែនដីទាំងមូល ត្រូវចាប់បានយ៉ាងណាហ្ន៎ អើ បាប៊ីឡូនបានទៅជាទីស្ងាត់ច្រៀប នៅកណ្តាលអស់ទាំងសាសន៍យ៉ាងណាហ្ន៎ 42សមុទ្របានឡើងមកលើស្រុកបាប៊ីឡូន វាត្រូវគ្របដោយរលកដ៏ក្រាស់ក្រៃ 43ទីក្រុងទាំងប៉ុន្មានបានត្រឡប់ជាទីស្ងាត់ច្រៀប ជាដីហួតហែង ជាវាលស្ងាត់ ជាទីដែលឥតមានអ្នកណានៅ ហើយគ្មានមនុស្សជាតិណាមួយដើរតាមនោះឡើយ 44អញនឹងធ្វើទោសដល់ព្រះបាល នៅស្រុកបាប៊ីឡូន ហើយនឹងធ្វើឲ្យរបស់ទាំងប៉ុន្មាន ដែលវាបានលេបទៅ បានចេញពីមាត់មកវិញ នោះអស់ទាំងសាសន៍នឹងលែងទៅជាហូរហែរកវាទៀត ហើយកំផែងនៃក្រុងបាប៊ីឡូននឹងរលំចុះ។
45ឱរាស្ត្រអញអើយ ចូរចេញពីកណ្តាលពួកគេទៅ ត្រូវឲ្យគ្រប់គ្នាដោះខ្លួន ឲ្យរួចពីសេចក្ដីខ្ញាល់ដ៏សហ័សរបស់ព្រះយេហូវ៉ា 46កុំឲ្យឯងរាល់គ្នាស្រយុតចិត្តឡើយ ក៏កុំឲ្យភ័យខ្លាចចំពោះដំណឹងដែលឮនៅក្នុងស្រុកដែរ ដ្បិតនៅឆ្នាំ១ នឹងមានឮដំណឹងមកដល់ រួចដល់ឆ្នាំក្រោយ ក៏នឹងឮដំណឹង១ទៀត ព្រមទាំងមានការយុកយាក់នៅក្នុងស្រុកផង គឺជាស្តេច១ទាស់នឹងស្តេច១ទៀត 47ហេតុនោះមើល នឹងមានគ្រាមកដល់ ដែលអញនឹងសំរេចទោសដល់អស់ទាំងរូបឆ្លាក់របស់ស្រុកបាប៊ីឡូន ហើយស្រុកទាំងមូលនឹងត្រូវជ្រប់មុខ ឯពួកអ្នកទាំងប៉ុន្មាន ដែលត្រូវគេសំឡាប់នោះ នឹងដួលនៅកណ្តាលវា 48គ្រានោះ ទាំងផ្ទៃមេឃ ហើយផែនដី នឹងរបស់សព្វសារពើដែលនៅស្ថានទាំងនោះ នឹងច្រៀងអរសប្បាយ ពីដំណើរក្រុងបាប៊ីឡូន ពីព្រោះពួកបំផ្លាញនឹងមកដល់វា ពីទិសខាងជើង នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា 49រីឯក្រុងបាប៊ីឡូនបានធ្វើឲ្យសាសន៍អ៊ីស្រាអែលដួលស្លាប់ទៅយ៉ាងណា នោះពួកអ្នកស្រុកទាំងមូលនឹងត្រូវដួលស្លាប់ នៅត្រង់ក្រុងបាប៊ីឡូនយ៉ាងនោះដែរ។
50នែ ឯងរាល់គ្នាដែលបានរួចពីដាវអើយ ចូរទៅចុះកុំបង្អង់ឡើយ ចូរនឹកដល់ព្រះយេហូវ៉ាពីទីចំងាយ ហើយឲ្យក្រុងយេរូសាឡិមចូលក្នុងគំនិតឯងដែរ 51យើងរាល់គ្នាត្រូវខ្មាស ដោយបានឮពាក្យត្មះតិះដៀល យើងរាល់គ្នាបានឡើងមុខក្រហមហើយ ដ្បិតមានសាសន៍ដទៃចូលទៅក្នុងទីបរិសុទ្ធរបស់ព្រះវិហារនៃព្រះយេហូវ៉ា 52ហេតុនោះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើល នឹងមានគ្រាមកដល់ ដែលអញនឹងសំរេចទោស ដល់អស់ទាំងរូបឆ្លាក់របស់គេ ហើយពួកគេដែលត្រូវរបួសក៏នឹងថ្ងូរ នៅពេញក្នុងស្រុក 53ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ទោះបើក្រុងបាប៊ីឡូននឹងលើកខ្លួនឡើងដល់ផ្ទៃមេឃ ហើយចំរើនកំឡាំងនៃទីខ្ពស់របស់គេ ឲ្យរឹងរឹតតែមាំមួនឡើងក៏ដោយ គង់តែអញនឹងឲ្យពួកបំផ្លាញឡើងទៅដល់គេដែរ។
54មានឮសូរសំរែកចេញពីក្រុងបាប៊ីឡូនមក នឹងសូរនៃការបំផ្លាញយ៉ាងសំបើម មកពីស្រុករបស់ពួកខាល់ដេ 55ដ្បិតព្រះយេហូវ៉ាទ្រង់រំលាងក្រុងបាប៊ីឡូន ហើយក៏បំផ្លាញសំឡេងយ៉ាងធំឲ្យបាត់ចេញពីវាទៅ រលកគេឮសន្ធឹកដូចជាទឹកធំ ក៏ឮសូររបស់គេចេញមក 56ដ្បិតមេបំផ្លាញបានមកលើវាហើយ គឺលើក្រុងបាប៊ីឡូន ពួកខ្លាំងពូកែរបស់វាត្រូវគេចាប់បាន ហើយធ្នូទាំងប៉ុន្មានរបស់គេត្រូវបាក់ខ្ទេចខ្ទី ពីព្រោះព្រះយេហូវ៉ាទ្រង់ជាព្រះដែលសងសំណង ទ្រង់នឹងតបស្នងជាមិនខាន 57ឯពួកមេទ័ព ពួកអ្នកប្រាជ្ញ ពួកចៅហ្វាយ ពួកនាយ នឹងពួកមនុស្សខ្លាំងពូកែទាំងប៉ុន្មានរបស់វា នោះអញនឹងធ្វើឲ្យស្រវឹង គេនឹងដេកលក់ទៅជារៀងរាបដរាប ឥតភ្ញាក់ឡើងវិញឡើយ នេះជាព្រះបន្ទូលនៃមហាក្សត្រ ដែលព្រះនាមទ្រង់ជាព្រះយេហូវ៉ានៃពួកពលបរិវារ 58ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលថា កំផែងយ៉ាងក្រាស់របស់ក្រុងបាប៊ីឡូន នឹងត្រូវរលំអស់រលីង ហើយទ្វារដ៏ខ្ពស់ទាំងប៉ុន្មាននឹងត្រូវភ្លើងឆេះ គឺយ៉ាងនោះដែលជនជាតិទាំងឡាយបានខំធ្វើការឲ្យតែបានទទេៗ ហើយសាសន៍ទាំងប៉ុន្មានឲ្យតែបានជាចំណីភ្លើងដែរ គេនឹងនឿយហត់ទៅ។
59នេះជាពាក្យ ដែលហោរាយេរេមាបានផ្តាំ ដល់សេរ៉ាយ៉ា ជាកូននេរីយ៉ា ដែលជាកូនម៉ាសេយ៉ា ក្នុងកាលដែលលោកបានទៅឯក្រុងបាប៊ីឡូន ជាមួយនឹងសេដេគាស្តេចយូដា នៅឆ្នាំទី៤ក្នុងរាជ្យទ្រង់ រីឯសេរ៉ាយ៉ានេះលោកជាចៅហ្វាយស្លូតល្អ 60យេរេមាក៏សរសេរចុះក្នុងសៀវភៅ ពីគ្រប់ទាំងការអាក្រក់ ដែលត្រូវកើតដល់ក្រុងបាប៊ីឡូន គឺគ្រប់ពាក្យទាំងនេះដែលបានកត់ទុក ពីដំណើរក្រុងបាប៊ីឡូនហើយ 61យេរេមាក៏ជំរាបសេរ៉ាយ៉ាថា កាលណាលោកទៅដល់ក្រុងបាប៊ីឡូនហើយ នោះត្រូវឲ្យលោកអានមើលអស់ទាំងព្រះបន្ទូលនេះ 62បន្ទាប់មកត្រូវថា ឱព្រះយេហូវ៉ាអើយ ទ្រង់បានមានបន្ទូលសេចក្ដីទាំងនេះពីដំណើរទីនេះ ដើម្បីនឹងកាត់ចេញ ឲ្យឥតមានអ្វីនៅទៀតឡើយ ទោះមនុស្សឬសត្វក្តី គឺឲ្យទីនេះបាននៅចោលស្ងាត់ជារៀងរាបដរាបទៅ 63រួចកាលណាលោកអានមើលសៀវភៅនេះសព្វគ្រប់ហើយ នោះត្រូវយកថ្មមកចងភ្ជាប់ ហើយបោះទំលាក់ទៅកណ្តាលទន្លេអ៊ើប្រាតទៅ 64រួចត្រូវថា ក្រុងបាប៊ីឡូននឹងលិចបាត់យ៉ាងដូច្នេះដែរ ឥតដែលងើបឡើងវិញឡើយ ដោយព្រោះការអាក្រក់ដែលអញនឹងនាំមកលើវា នោះគេនឹងនឿយហត់ទៅ។
ពាក្យរបស់យេរេមាចប់តែប៉ុណ្ណេះ។
Currently Selected:
យេរេមា 51: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.