YouVersion Logo
Search Icon

យេរេ‌មា 50

50
1នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល ពី​ដំណើរ​ក្រុង​បាប៊ីឡូន គឺ​ពី​ស្រុក​របស់​ពួក​ខាល់ដេ​ដោយ‌សារ​ហោរា​យេរេមា។
2ចូរ​ថ្លែង​ប្រាប់​នៅ​កណ្តាល​អស់​ទាំង​សាសន៍ ហើយ​ប្រកាស​ទៅ ចូរ​លើក​ទង់‌ជ័យ​ឡើង ត្រូវ​ឲ្យ​ប្រកាស​ប្រាប់​ឥត​លាក់​ទុក​អ្វី​សោះ​ឡើយ ចូរ​ប្រាប់​ថា គេ​ចាប់​យក​ក្រុង​បាប៊ីឡូន​ហើយ ព្រះ‌បាល​បាន​ត្រូវ​ខ្មាស​ទៅ ព្រះ‌ម្រដាក់​បាន​ត្រូវ​បាក់​រលំ​ចុះ រូប​ឆ្លាក់​របស់​គេ​បាន​ត្រូវ​ខ្មាស រូប​ព្រះ​របស់​គេ​បាន​បាក់​រំលំ​ចុះ​ហើយ 3ដ្បិត​នៅ​ស្រុក​ខាង​ជើង​មាន​សាសន៍​១​លើក​គ្នា​ឡើង​មក​ទាស់​នឹង​គេ ជា​ពួក​ដែល​នឹង​ធ្វើ​ឲ្យ​ស្រុក​គេ​វិនាស​ទៅ ឥត​មាន​អ្នក​ណា​អាស្រ័យ​នៅ​ឡើយ ទោះ​ទាំង​មនុស្ស​នឹង​សត្វ​ផង​បាន​រត់​ទៅ គេ​បាត់​អស់​ហើយ 4ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា នៅ​គ្រា​នោះ គឺ​នៅ​វេលា​នោះ​ឯង ពួក​កូន​ចៅ​អ៊ីស្រាអែល​នឹង​មក ទាំង​ខ្លួន​គេ នឹង​ពួក​កូន​ចៅ​យូដា​ទាំង​អស់​គ្នា​ផង គេ​នឹង​ដើរ​តាម​ផ្លូវ ទាំង​យំ​បណ្តើរ ហើយ​នឹង​ស្វែង​រក​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​គេ 5គេ​នឹង​ស៊ើប​សួរ​ពី​ដំណើរ​ក្រុង​ស៊ីយ៉ូន ទាំង​មាន​មុខ​ដំរង់​ទៅ​ចំពោះ​ក្រុង​នោះ ដោយ​ពាក្យ​ថា ចូរ​មក​យើង​នឹង​ភ្ជាប់​ខ្លួន​នឹង​ព្រះ‌យេហូវ៉ា ដោយ​សេចក្ដី​សញ្ញា​ដ៏​នៅ​អស់‌កល្ប‌ជានិច្ច ជា​សេចក្ដី​សញ្ញា​ដែល​នឹង​ភ្លេច​មិន​បាន​ឡើយ។
6រាស្ត្រ​របស់​អញ​ជា​ហ្វូង​ចៀម​ដែល​វង្វេង​បាត់ ពួក​អ្នក​គង្វាល​របស់​គេ​បាន​បណ្តាល​ឲ្យ​គេ​វង្វេង​ទៅ ក៏​បាន​បំបែរ​គេ​ចេញ​នៅ​លើ​ភ្នំ គេ​បាន​ដើរ​ពី​ភ្នំ​ធំ ចុះ​ទៅ​ដល់​ភ្នំ​តូច ហើយ​បាន​ភ្លេច​ក្រោល​របស់​គេ​ទៅ 7អស់​អ្នក​ណា​ដែល​ប្រទះ​នឹង​គេ បាន​ត្របាក់​ស៊ី​គេ ហើយ​ពួក​ខ្មាំង​សត្រូវ​គេ​បាន​ពោល​ថា យើង​គ្មាន​ទោស​ទេ ពី​ព្រោះ​គេ​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា ដែល​ជា​ទី​លំនៅ​នៃ​សេចក្ដី​សុចរិត គឺ​ព្រះ‌យេហូវ៉ា​ជា​ទី​សង្ឃឹម​របស់​ពួក​ព្ធយុ‌កោ​គេ 8ចូរ​រត់​ពី​កណ្តាល​ក្រុង​បាប៊ីឡូន​ទៅ ហើយ​ចេញ​ពី​ស្រុក​របស់​ពួក​ខាល់ដេ​ឲ្យ​ផុត ឲ្យ​បាន​ដូច​ជា​ពពែ​ឈ្មោល​ដែល​នាំ​មុខ​ហ្វូង​ចុះ 9ដ្បិត​មើល អញ​នឹង​ដាស់​នគរ​ធំៗ​១​ពួក នៅ​ស្រុក នៅ​ខាង​ជើង​ឡើង ហើយ​បណ្តាល​ឲ្យ​គេ​មក​ទាស់​នឹង​ក្រុង​បាប៊ីឡូន ពួក​ទាំង​នោះ​នឹង​ដំរៀប​គ្នា​ច្បាំង​នឹង​ទី​ក្រុង ហើយ​នឹង​ចាប់​យក​បាន ព្រួញ​របស់​គេ​នឹង​បាន​ដូច​ជា​ព្រួញ​របស់​មនុស្ស​ស្ទាត់​ជំនាញ ហើយ​ខ្លាំង​ពូកែ ឥត​មាន​ណា​មួយ​បាញ់​ទៅ ជា​ឥត​ប្រយោជន៍​នោះ​ទេ 10នោះ​ស្រុក​ខាល់ដេ​នឹង​ត្រូវ​ជា​រំពា ហើយ​អស់​អ្នក​ដែល​ចាប់​យក នោះ​នឹង​បាន​ឆ្អែត នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។
11នែ ឯង​រាល់​គ្នា​ដែល​ប្លន់​មរដក​របស់​អញ​អើយ ដោយ​ព្រោះ​ឯង​រាល់​គ្នា​មាន​ចិត្ត​អំណរ ដោយ​ព្រោះ​ចិត្ត​ឯង​រាល់​គ្នា​បាន​រីក‌រាយ​ឡើង ដោយ​ព្រោះ​ឯង​រាល់​គ្នា​មាន​ចិត្ត​លោភ ដូច​ជា​គោ​ក្រមុំ​ដែល​ឈ្លី​ស្មៅ ហើយ​កញ្ជ្រៀវ​ដូច​ជា​សេះ​យ៉ាង​ខ្លាំង 12នោះ​ម្តាយ​ឯង​រាល់​គ្នា​នឹង​មាន​សេចក្ដី​ខ្មាស​គ្រប់​យ៉ាង អ្នក​ដែល​បាន​បង្កើត​ឯង​មក​នឹង​ត្រូវ​ជ្រប់​មុខ​ចុះ មើល គាត់​នឹង​ត្រូវ​ជា​ប្រទេស​ក្រោយ​បំផុត គឺ​ជា​ទី​រហោ‌ស្ថាន ជា​ដី​ហួត‌ហែង ជា​ទី​សមុទ្រ​ខ្សាច់ 13ឥត​មាន​អ្នក​ណា​នៅ ដោយ​ព្រោះ​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា គឺ​នឹង​ត្រូវ​ចោល​ស្ងាត់​នៅ​ទទេ អស់​អ្នក​ណា​ដែល​ដើរ​កាត់​មុខ​ក្រុង​បាប៊ីឡូន​នឹង​អស្ចារ្យ​ក្នុង​ចិត្ត ហើយ​នឹង​ធ្វើ​ស៊ីស‌ស៊ូស​ឲ្យ ដោយ​ព្រោះ​គ្រប់​ទាំង​សេចក្ដី​វេទនា​របស់​ទី​ក្រុង 14នែ ពួក​អ្នក​ដែល​ដំឡើង​ធ្នូ​អើយ ចូរ​ដំរៀប​គ្នា​នៅ​ព័ទ្ធ​ជុំវិញ ច្បាំង​នឹង​ក្រុង​បាប៊ីឡូន​ចុះ ចូរ​បាញ់​ទៅ កុំ​ឲ្យ​សំចៃ​ព្រួញ​ឡើយ ដ្បិត​ទី​ក្រុង​នេះ​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា​ហើយ 15ចូរ​ហ៊ោ​ឡើង​ជុំវិញ​ទាស់​នឹង​វា​ចុះ គេ​បាន​ទទួល​ចាញ់​ហើយ របង​សំរាប់​ការ‌ពារ​បាន​ដួល កំផែង​ទី​ក្រុង​បាន​រំលំ​ហើយ ដ្បិត​នេះ​ជា​សេចក្ដី​សង‌សឹក​របស់​ព្រះ‌យេហូវ៉ា ចូរ​សង‌សឹក​នឹង​គេ​ចុះ ចូរ​សង​គេ​ឲ្យ​ស្នង​នឹង​ការ​ដែល​គេ​បាន​ធ្វើ​ដល់​ឯង 16ត្រូវ​ឲ្យ​កាត់​អ្នក​ដែល​សាប‌ព្រោះ នឹង​អ្នក​ដែល​កាន់​កណ្តៀវ​ក្នុង​រដូវ​ចំរូត ចេញ​ពី​ក្រុង​បាប៊ីឡូន​ទៅ គេ​នឹង​វិល​ទៅ​ឯ​សាសន៍​របស់​គេ​រៀង​ខ្លួន ហើយ​រត់​ទៅ​ឯ​ស្រុក​គេ​គ្រប់​គ្នា ដោយ​ខ្លាច​ដាវ​ដែល​កំពុង​តែ​ធ្វើ​ទុក្ខ។
17ពួក​អ៊ីស្រាអែល គេ​ប្រៀប​ដូច​ជា​ចៀម ដែល​ត្រូវ​ប្រដេញ​កំចាយ​ទៅ ពួក​សិង្ហ​បាន​ដេញ​កំចាយ​គេ​ហើយ មុន​ដំបូង គឺ​ស្តេច​អាសស៊ើរ​បាន​ត្របាក់​ស៊ី​គេ ឥឡូវ​នេះ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន បាន​បំបាក់​ឆ្អឹង​គេ ជា​ខាង​ក្រោយ 18ហេតុ​នោះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា មើល​អញ​នឹង​ធ្វើ​ទោស​ដល់​ស្តេច​បាប៊ីឡូន ហើយ​នឹង​ស្រុក​របស់​គេ ដូច​ជា​បាន​ធ្វើ​ទោស​ដល់​ស្តេច​អាសស៊ើរ​ដែរ 19អញ​នឹង​នាំ​អ៊ីស្រាអែល​វិល​មក​ឯ​ក្រោល​របស់​ខ្លួន​វិញ នោះ​គេ​នឹង​រក​ស៊ី​នៅ​លើ​ភ្នំ​កើមែល ហើយ​នៅ​ស្រុក​បាសាន ឯ​ព្រលឹង​គេ​នឹង​បាន​ស្កប់‌ស្កល់ នៅ​លើ​ភ្នំ​អេប្រា‌អិម ហើយ​នៅ​ស្រុក​កាឡាត 20ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា នៅ​គ្រា​នោះ គឺ​នៅ​វេលា​នោះ​ឯង គេ​នឹង​រក​សេចក្ដី​ទុច្ចរិត​របស់​ពួក​អ៊ីស្រាអែល តែ​នឹង​មិន​ប្រទះ​ទេ ហើយ​រក​អំពើ​បាប​របស់​ពួក​យូដា តែ​នឹង​មិន​ឃើញ​ឡើយ ពី​ព្រោះ​អញ​នឹង​អត់​ទោស​ដល់​ពួក​អ្នក​ដែល​អញ​ទុក​ឲ្យ​សល់​នៅ។
21ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ចូរ​ឡើង​ទៅ​ច្បាំង​នឹង​ស្រុក​មេរ៉ាថែម​ចុះ គឺ​ទាស់​នឹង​គេ ហើយ​ទាស់​នឹង​ពួក​អ្នក​នៅ​ស្រុក​ពេកូឌ​ដែរ ចូរ​សំឡាប់ ហើយ​បំផ្លាញ​អស់​រលីង​តាម​ក្រោយ​គេ ត្រូវ​ឲ្យ​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី ដែល​អញ​បាន​បង្គាប់​ដល់​ឯង 22មាន​ឮ​សូរ​ចំបាំង​នៅ​ក្នុង​ស្រុក​ជា​សូរ​នៃ​ការ​បំផ្លាញ​យ៉ាង​សំបើម 23ញញួរ​ដែល​វាយ​ផែនដី​ទាំង​មូល​បាន​កាច់​បាក់​យ៉ាង​ណា​ហ្ន៎ ក្រុង​បាប៊ីឡូន​បាន​ត្រឡប់​ជា​ទី​ខូច​បង់ នៅ​កណ្តាល​អស់​ទាំង​សាសន៍​យ៉ាង​ណា​ហ្ន៎ 24នែ បាប៊ីឡូន​អើយ អញ​បាន​ដាក់​អន្ទាក់​សំរាប់​ចាប់​ឯង ហើយ​ឯង​ត្រូវ​ជាប់​ដែរ ឯង​មិន​បាន​ដឹង​ខ្លួន​សោះ គឺ​បាន​រក​ឯង​ឃើញ ហើយ​ចាប់​បាន​ផង ពី​ព្រោះ​ឯង​បាន​ត‌យុទ្ធ​នឹង​ព្រះ‌យេហូវ៉ា 25ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បើក​ឃ្លាំង​អាវុធ​របស់​ទ្រង់ ហើយ​យក​គ្រឿង​សស្ត្រា‌វុធ​នៃ​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​ទ្រង់​ចេញ​មក ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ការ​ដែល​ត្រូវ​ធ្វើ​នៅ​ស្រុក​របស់​ពួក​ខាល់ដេ 26ចូរ​មក​ច្បាំង​នឹង​ក្រុង​បាប៊ីឡូន​ពី​គ្រប់​ទី​ឆ្ងាយ​បំផុត ត្រូវ​ឲ្យ​បើក​ជង្រុក​គេ ត្រូវ​ឲ្យ​ជាន់​ឈ្លី​គំនរ​បំណែក​ទី​ក្រុង ហើយ​បំផ្លាញ​ឲ្យ​អស់​រលីង កុំ​ឲ្យ​មាន​សល់​អ្វី​ឡើយ 27ចូរ​សំឡាប់​អស់​ទាំង​គោ​របស់​គេ ឲ្យ​វា​ចុះ​ទៅ​ឯ​ទី​សំឡាប់​ចុះ វរ​ដល់​គេ ដ្បិត​ថ្ងៃ​កំណត់​របស់​គេ​បាន​មក​ដល់​ហើយ គឺ​ជា​វេលា​ធ្វើ​ទោស​ដល់​គេ 28មាន​ឮ​សំឡេង​នៃ​ពួក​អ្នក ដែល​រត់​រួច​ពី​ក្រុង​បាប៊ីឡូន ដើម្បី​នឹង​ថ្លែង​ប្រាប់​នៅ​ក្រុង​ស៊ីយ៉ូន ពី​ការ​សង‌សឹក​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង គឺ​ជា​ការ​សង‌សឹក​ស្នង​នឹង​ព្រះ‌វិហារ​នៃ​ទ្រង់។
29ចូរ​ហៅ​ពួក​ពល​ធ្នូ ឲ្យ​មក​ច្បាំង​នឹង​ក្រុង​បាប៊ីឡូន​ចុះ គឺ​អស់​អ្នក​ណា​ដែល​ធ្លាប់​យឹត​ធ្នូ ត្រូវ​ឲ្យ​បោះ​ទ័ព​នៅ​ព័ទ្ធ​ជុំវិញ កុំ​ឲ្យ​ពួក​គេ​ណា​មួយ​រួច​ឡើយ ចូរ​សង​តាម​ការ​ដែល​គេ​បាន​ធ្វើ​ចុះ ត្រូវ​ឲ្យ​ប្រព្រឹត្ត​នឹង​គេ​តាម​គ្រប់​ទាំង​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត ដ្បិត​គេ​បាន​មាន​ចិត្ត​ឆ្មើង‌ឆ្មៃ​ចំពោះ​ព្រះ‌យេហូវ៉ា គឺ​នៅ​ចំពោះ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល 30ហេតុ​នោះ ពួក​កំឡោះៗ​របស់​គេ​នឹង​ដួល​ចុះ នៅ​ក្នុង​ផ្លូវ ហើយ​អស់​ទាំង​មនុស្ស​ថ្នឹក​ច្បាំង​របស់​គេ នឹង​ត្រូវ​ស្ងៀម‌ស្ងាត់​នៅ​ថ្ងៃ​នោះ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា 31ព្រះ‌អម្ចាស់ ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ថា នែ អ្នក​ឆ្មើង‌ឆ្មៃ​យ៉ាង​ខ្លាំង​អើយ អញ​ទាស់​នឹង​ឯង ដ្បិត​ថ្ងៃ​កំណត់​របស់​ឯង​បាន​មក​ដល់​ហើយ គឺ​ជា​វេលា​ដែល​អញ​នឹង​ធ្វើ​ទោស​ដល់​ឯង 32នោះ​អ្នក​ឆ្មើង‌ឆ្មៃ​នឹង​ចំពប់​ដួល ឥត​មាន​អ្នក​ណា​លើក​ឡើង​វិញ​ឡើយ អញ​នឹង​បង្កាត់​ភ្លើង នៅ​អស់​ទាំង​ទី​ក្រុង​របស់​គេ ហើយ​ភ្លើង​នោះ​នឹង​ឆេះ​គ្រប់​ទាំង​អស់​ដែល​នៅ​ជុំវិញ​គេ​ផង។
33ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ពួក​កូន​ចៅ​អ៊ីស្រាអែល នឹង​ពួក​កូន​ចៅ​យូដា ត្រូវ​គេ​សង្កត់‌សង្កិន​ជា​មួយ​គ្នា ពួក​អ្នក​ទាំង​ប៉ុន្មាន​ដែល​ចាប់​គេ​នាំ​ទៅ​ជា​ឈ្លើយ នោះ​ក៏​ឃុំ‌ឃាំង​គេ​ជាប់​នៅ មិន​ព្រម​លែង​ចេញ​ទេ 34ឯ​ព្រះ​ដ៏​ប្រោស​លោះ​គេ ទ្រង់​មាន​ឥទ្ធិ‌ឫទ្ធិ ព្រះ‌នាម​ទ្រង់ គឺ​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​នឹង​កាន់​ក្តី​គេ ដើម្បី​នឹង​ប្រោស​ឲ្យ​ផែនដី​បាន​សេចក្ដី​ស្រាក‌ស្រាន្ត ហើយ​ឲ្យ​ពួក​អ្នក​នៅ​ក្រុង​បាប៊ីឡូន កើត​មាន​ភ័យ​អាសន្ន​វិញ 35ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា មាន​ដាវ​មក​លើ​ពួក​ខាល់ដេ នឹង​លើ​ពួក​អ្នក​នៅ​ក្រុង​បាប៊ីឡូន លើ​ពួក​ចៅហ្វាយ នឹង​ពួក​អ្នក​ប្រាជ្ញ​របស់​គេ​ផង 36មាន​ដាវ​មក​លើ​ពួក​ភូត‌ភរ គេ​នឹង​ត្រឡប់​ជា​វិង‌ស៊ុង​ស្មារតី មាន​ដាវ​មក​លើ​ពួក​ខ្លាំង​ពូកែ​របស់​គេ ហើយ​ពួក​នោះ​នឹង​ភ័យ​ស្លុត​ទៅ 37មាន​ដាវ​មក​លើ​សេះ​ទាំង​ប៉ុន្មាន នឹង​រទេះ​ចំបាំង​របស់​គេ ហើយ​លើ​ជន‌ជាតិ​លាយ‌ឡំ​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ក្រុង​បាប៊ីឡូន​ដែរ គេ​នឹង​ត្រឡប់​ទៅ​ដូច​ជា​ស្រី​វិញ មាន​ដាវ​មក​លើ​អស់​ទាំង​ទ្រព្យ​សម្បត្តិ​របស់​គេ ហើយ​ទាំង​អស់​នឹង​ត្រូវ​ប្លន់​យក​ទៅ 38មាន​រដូវ​រាំង‌រឹះ​មក​លើ​ទី​ទឹក​របស់​គេ ហើយ​ទឹក​ទាំង​នោះ​នឹង​រីង​ស្ងួត​ទៅ ពី​ព្រោះ​ស្រុក​នោះ​មាន​សុទ្ធ​តែ​រូប​ឆ្លាក់ ក៏​វក់​នឹង​រូប​ព្រះ​ផង 39ហេតុ​នោះ សត្វ​ព្រៃ​នៅ​ទី​ស្ងាត់ ហើយ​ចចក​នឹង​អាស្រ័យ​នៅ​ទី​នោះ ព្រម​ទាំង​សត្វ​អូសទ្រីច​ផង ឥត​មាន​មនុស្ស​ណា​នៅ​ស្រុក​នោះ​ជា​ដរាប​ត​ទៅ ក៏​នឹង​គ្មាន​អ្នក​ណា​នៅ​គ្រប់​ទាំង​ដំណ​មនុស្ស​ត​រៀង​ទៅ​ដែរ 40ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា នឹង​គ្មាន​មនុស្ស​ណា​អាស្រ័យ​នៅ​ទី​នោះ ឬ​មនុស្ស​ជាតិ​ណា​ស្នាក់​នៅ​ឡើយ ដូច​កាល​ព្រះ‌ទ្រង់​បំផ្លាញ​ក្រុង​សូដុំម នឹង​ក្រុង​កូម៉ូរ៉ា ហើយ​ទី​ក្រុង​នៅ​ជិត​ខាង​ទាំង​ប៉ុន្មាន​ដែរ។
41មើល មាន​សាសន៍​១​មក​ពី​ទិស​ខាង​ជើង ជា​សាសន៍​យ៉ាង​ធំ នឹង​ស្តេច​ជា​ច្រើន បាន​ត្រូវ​ដាស​ឡើង​ពី​ចុង​ផែនដី 42គេ​ចាប់​យក​ធ្នូនឹង​លំពែង ជា​ពួក​សាហាវ​ណាស់ ឥត​មាន​ត្រា‌ប្រណី​ឡើយ សំឡេង​គេ​ឮ​សន្ធឹក​ដូច​សមុទ្រ គេ​សុទ្ធ​តែ​ជិះ​សេះ គេ​ដំរៀប​គ្នា ដូច​ជា​មនុស្ស​ដែល​រៀប​ទៅ​ច្បាំង ឱ​កូន​ស្រី​ក្រុង​បាប៊ីឡូន​អើយ គេ​មក​ទាស់​នឹង​ឯង​ហើយ 43ស្តេច​ក្រុង​បាប៊ីឡូន​បាន​ឮ​ដំណឹង​ពី​គេ ព្រះ‌ហស្ត​ទ្រង់​ក៏​ខ្សោយ​ទៅ មាន​សេចក្ដី​ថប់​ព្រួយ​ចាប់​ទ្រង់ ទ្រង់​ក៏​ឈឺ‌ចាប់ ដូច​ជា​ស្រី​ដែល​ឈឺ​នឹង​សំរាល​កូន 44មើល ខ្មាំង​សត្រូវ​នឹង​ឡើង​មក​ទាស់​នឹង​ទី​លំនៅ​មាំ‌មួន ដូច​ជា​សិង្ហ​ដែល​ឡើង​មក​ពី​ទី​ជំនន់​នៃ​ទន្លេ​យ័រដាន់ ដ្បិត​អញ​នឹង​ធ្វើ​ឲ្យ​ពួក​ក្រុង​បាប៊ីឡូន​រត់​ចេញ​ភ្លាម រួច​អ្នក​ណា​ដែល​បាន​រើស​តាំង នោះ​អញ​នឹង​តាំង​ឲ្យ​គ្រប់‌គ្រង​វិញ តើ​អ្នក​ណា​ដូច​អញ តើ​អ្នក​ណា​នឹង​ដាក់​កំណត់​ឲ្យ​អញ​បាន តើ​មាន​អ្នក​គង្វាល​ណា ដែល​អាច​នឹង​ឈរ​នៅ​ចំពោះ​អញ​បាន 45ដូច្នេះ ចូរ​ស្តាប់​សេចក្ដី​ប្រឹក្សា​របស់​ព្រះ‌យេហូវ៉ា ជា​សេចក្ដី​ដែល​ទ្រង់​បាន​គិត​សំរេច ទាស់​នឹង​ក្រុង​បាប៊ីឡូន ហើយ​នឹង​ការ​ដែល​ទ្រង់​បាន​សំរេច ទាស់​នឹង​ពួក​អ្នក​ស្រុក​ខាល់ដេ​ចុះ គឺ​ថា​ពួក​តូច​បំផុត​ក្នុង​ហ្វូង​នឹង​អូស​គេ​ចេញ​ជា​ពិត ហើយ​ឲ្យ​ទី​លំនៅ​របស់​គេ​ទៅ​ជា​ស្ងាត់​ច្រៀប​ពី​លើ​គេ 46ផែនដី​ក៏​ញ័រ ដោយ​សូរ​នៃ​ការ​ចាប់​យក​ក្រុង​បាប៊ីឡូន សំរែក​របស់​គេ​ក៏​បាន​ឮ នៅ​កណ្តាល​អស់​ទាំង​សាសន៍។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in