YouVersion Logo
Search Icon

២ កូរិន‌ថូស 7

7
1ដូច្នេះ ពួក​ស្ងួន‌ភ្ងា​អើយ ដែល​មាន​សេចក្ដី​សន្យា​ទាំង​នេះ នោះ​ត្រូវ​ឲ្យ​យើង​រាល់​គ្នា​សំអាត​ខ្លួន​យើង ពី​គ្រប់​ទាំង​សេចក្ដី​ដែល​ប្រឡាក់​ខាង​សាច់​ឈាម​ចេញ ហើយ​ខាង​ព្រលឹង​វិញ្ញាណ​ផង ព្រម​ទាំង​បង្ហើយ​សេចក្ដី​បរិសុទ្ធ ដោយ​នូវ​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ។
2ចូរ​ទទួល​យើង​ខ្ញុំ យើង​ខ្ញុំ​មិន​បាន​ធ្វើ​ខុស​នឹង​អ្នក​ណា ក៏​មិន​បាន​បង្ខូច​អ្នក​ណា ឬ​បំបាត់​អ្នក​ណា​សោះ​ឡើយ 3ខ្ញុំ​និយាយ​ដូច្នេះ មិន​មែន​ចង់​ប្រកាន់​ទោស​ដល់​អ្នក​ណា​ទេ ដ្បិត​ខ្ញុំ​បាន​និយាយ​អំពី​មុន​រួច​ហើយ​ថា អ្នក​រាល់​គ្នា​នៅ​ក្នុង​ចិត្ត​យើង​ខ្ញុំ ឲ្យ​បាន​ស្លាប់​ឬ​រស់​ជា​មួយ​គ្នា 4ខ្ញុំ​ទុក​ចិត្ត​នឹង​អ្នក​រាល់​គ្នា​ជា​ខ្លាំង ខ្ញុំ​អួត​ពី​អ្នក​រាល់​គ្នា​ជា​ខ្លាំង​ដែរ ខ្ញុំ​មាន​ចិត្ត​ពេញ​ដោយ​សេចក្ដី​ក្សេម‌ក្សាន្ត ខ្ញុំ​មាន​សេចក្ដី​អំណរ​លើស‌លប់ ពី​គ្រប់​ទាំង​សេចក្ដី​វេទនា​របស់​យើង​ខ្ញុំ 5ដ្បិត​កាល​យើង​ខ្ញុំ​បាន​ចូល​ទៅ​ក្នុង​ស្រុក​ម៉ាសេដូន នោះ​យើង​ខ្ញុំ​ឥត​មាន​សេចក្ដី​ស្រាក‌ស្រាន្ត ខាង​សាច់​ឈាម​សោះ មាន​សុទ្ធ​តែ​សេចក្ដី​លំបាក​វិញ គឺ​នៅ​ខាង​ក្រៅ​មាន​សេចក្ដី​តតាំង ហើយ​ខាង​ក្នុង​មាន​សេចក្ដី​ភ័យ​ខ្លាច 6តែ​ព្រះ‌អង្គ​ដែល​កំសាន្ត​ចិត្ត​ពួក​អ្នក​ដែល​ត្រូវ​បន្ទាប ទ្រង់​ក៏​បាន​កំសាន្ត​ចិត្ត​យើង​ខ្ញុំ ដោយ​អ្នក​ទីតុស​មក​ដល់ 7មិន​មែន​ដោយ​គាត់​មក​ដល់​តែ​ប៉ុណ្ណោះ គឺ​ដោយ​ព្រោះ​សេចក្ដី​ក្សេម‌ក្សាន្ត ដែល​បាន​កំសាន្ត​ចិត្ត​គាត់ ពី​ដំណើរ​អ្នក​រាល់​គ្នា​ដែរ គាត់​បាន​ប្រាប់​ពី​សេចក្ដី​សង្វាត សេចក្ដី​ទុក្ខ​ព្រួយ នឹង​សេចក្ដី​ឧស្សាហ៍​របស់​អ្នក​រាល់​គ្នា​ដល់​ខ្ញុំ បាន​ជា​ខ្ញុំ​មាន​ចិត្ត​អរ​រឹត‌តែ​ខ្លាំង​ឡើង 8ដ្បិត​បើ​សិន​ជា​ខ្ញុំ​បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ​ចិត្ត ដោយ​សំបុត្រ​នោះ ខ្ញុំ​ក៏​មិន​ស្តាយ​ដែរ ទោះ​បើ​បាន​ស្តាយ​ពី​មុន​ក៏​មែន ព្រោះ​ខ្ញុំ​ឃើញ​ថា សំបុត្រ​នោះ​បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ សូម្បី​តែ​១​ភ្លែត​ក៏​មែន 9គង់​តែ​ខ្ញុំ​អរ​ក្នុង​ពេល​ឥឡូវ​នេះ​វិញ មិន​មែន​ដោយ​ព្រោះ​អ្នក​រាល់​គ្នា​កើត​ទុក្ខ​ព្រួយ​ទេ គឺ​ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ព្រួយ រហូត​ដល់​បាន​ប្រែ​ចិត្ត​វិញ​ទេ​តើ ដ្បិត​អ្នក​រាល់​គ្នា​បាន​កើត​ទុក្ខ​ព្រួយ បែប​ដែល​គាប់​ព្រះ‌ហឫទ័យ​ដល់​ព្រះ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ខូច​ខាត​អ្វី ដោយ​ព្រោះ​យើង​ខ្ញុំ​ឡើយ 10ព្រោះ​សេចក្ដី​ព្រួយ​ដែល​គាប់​ព្រះ‌ហឫទ័យ​ដល់​ព្រះ នោះ​រមែង​នាំ​ឲ្យ​ប្រែ​ចិត្ត​ឡើង ប្រយោជន៍​ឲ្យ​បាន​សង្គ្រោះ ជា​សេចក្ដី​ដែល​មិន​ត្រូវ​ស្តាយ​ឡើយ តែ​សេចក្ដី​ព្រួយ​របស់​លោកីយ នោះ​បង្កើត​សេចក្ដី​ស្លាប់​វិញ 11ដ្បិត​មើល សេចក្ដី​នេះ​ឯង គឺ​ដែល​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ព្រួយ​ដ៏​គាប់​ដល់​ព្រះ‌ហឫទ័យ​នៃ​ព្រះ នោះ​បាន​បង្កើត​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​សង្វាត សេចក្ដី​ដោះ‌សា សេចក្ដី​គ្នាន់‌ក្នាញ់ សេចក្ដី​ភ័យ​ខ្លាច សេចក្ដី​នឹក​រឭក សេចក្ដី​ឧស្សាហ៍ នឹង​សេចក្ដី​សង‌សឹក​ជា​ខ្លាំង​ទាំង​ម៉្លេះ អ្នក​រាល់​គ្នា​បាន​សំដែង​យ៉ាង​ច្បាស់​ថា ខ្លួន​បរិសុទ្ធ​ក្នុង​ដំណើរ​នេះ​គ្រប់​ជំពូក។
12ដូច្នេះ ដែល​ខ្ញុំ​បាន​ធ្វើ​សំបុត្រ​នេះ ផ្ញើ​មក​អ្នក​រាល់​គ្នា នោះ​មិន​មែន​ដោយ​ព្រោះ​តែ​អ្នក​ដែល​ធ្វើ​ខុស ឬ​ដោយ​ព្រោះ​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​ខុស​នោះ​ទេ គឺ​ដើម្បី​នឹង​សំដែង​ឲ្យ​ឃើញ​សេចក្ដី​សង្វាត​របស់​អ្នក​រាល់​គ្នា​ដល់​យើង​ខ្ញុំ នៅ​ចំពោះ​ព្រះ​ទេ​តើ 13ហេតុ​នោះ​បាន​ជា​យើង​ខ្ញុំ​បាន​សេចក្ដី​ក្សាន្ត​ចិត្ត ដោយ‌សារ​សេចក្ដី​កំសាន្ត​របស់​អ្នក​រាល់​គ្នា ក៏​មាន​សេចក្ដី​អំណរ​លើស​ទៅ​ទៀត ដោយ​ឃើញ​សេចក្ដី​អំណរ​របស់​ទីតុស ដ្បិត​អ្នក​រាល់​គ្នា​បាន​លំហើយ​ចិត្ត​គាត់ 14ពី​ព្រោះ​បើ​សិន​ជា​ខ្ញុំ​បាន​អួត​នឹង​គាត់ ពី​ដំណើរ​អ្នក​រាល់​គ្នា​យ៉ាង​ណា​ខ្លះ នោះ​ខ្ញុំ​មិន​ខ្មាស​ទេ ព្រោះ​សេចក្ដី​ដែល​យើង​ខ្ញុំ​បាន​អួត​នឹង​ទីតុស ពី​អ្នក​រាល់​គ្នា នោះ​ឃើញ​ថា​ពិត​មែន ដូច​ជា​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​យើង​ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ក៏​ពិត​ដែរ 15ហើយ​គាត់​មាន​ចិត្ត​ស្រឡាញ់ ដល់​អ្នក​រាល់​គ្នា​លើស​ទៅ​ទៀត ដោយ​នឹក​ឃើញ​ពី​អ្នក​រាល់​គ្នា​ចុះ​ចូល​តាម ហើយ​ដែល​ទទួល​គាត់​ដោយ​ភ័យ​ខ្លាច ហើយ​ញាប់‌ញ័រ 16ខ្ញុំ​ត្រេក‌អរ​ណាស់ ពី​ព្រោះ​ខ្ញុំ​ទុក​ចិត្ត​នឹង​អ្នក​រាល់​គ្នា ក្នុង​គ្រប់​ការ​ទាំង​អស់។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in