YouVersion Logo
Search Icon

២ កូរិន‌ថូស 8

8
1បង​ប្អូន​អើយ យើង​ខ្ញុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង ពី​ព្រះ‌គុណ​នៃ​ព្រះ ដែល​បាន​ផ្តល់​មក​ពួក​ជំនុំ​ទាំង​ប៉ុន្មាន នៅ​ស្រុក​ម៉ាសេដូន​ថា 2កាល​មាន​សេចក្ដី​ទុក្ខ​លំបាក​កំពុង​តែ​ល្បង​គេ​ជា​ខ្លាំង នោះ​សេចក្ដី​អំណរ​ជា​បរិបូរ នឹង​សេចក្ដី​កំសត់​ទុគ៌ត​របស់​គេ បាន​បណ្តាល​ឲ្យ​គេ​មាន​ចិត្ត​សទ្ធា​ដ៏​លើស‌លប់​វិញ 3ដ្បិត​ខ្ញុំ​ធ្វើ​បន្ទាល់​ថា គេ​ស្ម័គ្រ​ចិត្ត​តាម​កំឡាំង​គេ ហើយ​ហួស​កំឡាំង​គេ​ផង 4ក៏​សូម​យើង​ខ្ញុំ​ដោយ​ពាក្យ​ទទូច​អង្វរ ឲ្យ​យើង​ខ្ញុំ​ទទួល​យក​ទាន​របស់​គេ​នេះ ដែល​ជា​សេចក្ដី​ប្រកប​ក្នុង​ការ‌ងារ​សំរាប់​ពួក​បរិសុទ្ធ 5មិន​មែន​ដូច​ជា​យើង​ខ្ញុំ​បាន​សង្ឃឹម​តែ​ប៉ុណ្ណោះ​ទេ គឺ​គេ​បាន​ប្រគល់​ខ្លួន​គេ​ទៅ​ព្រះ‌អម្ចាស់​ជា​មុន​ដំបូង ហើយ​ដល់​យើង​ខ្ញុំ​ថែម​ទៀត តាម​បំណង​ព្រះ‌ហឫទ័យ​ព្រះ 6បាន​ជា​យើង​ខ្ញុំ​ទូន្មាន​ទីតុស តាម​ការ​ដែល​គាត់​បាន​ចាប់​ផ្តើម​ធ្វើ​ហើយ ឲ្យ​គុណ​នេះ​បាន​ពេញ​ខ្នាត នៅ​ក្នុង​ពួក​អ្នក​រាល់​គ្នា​ដែរ 7ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ធ្វើ​គុណ​នេះ​រឹត‌តែ​ច្រើន​ឡើង ដូច​ជា​បាន​ចំរើន​ក្នុង​គ្រប់​សេចក្ដី​ឯ​ទៀត គឺ​ក្នុង​សេចក្ដី​ជំនឿ ពាក្យ​សំដី ចំណេះ សេចក្ដី​ឧស្សាហ៍​គ្រប់​ជំពូក ហើយ​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​អ្នក​រាល់​គ្នា ដល់​យើង​ខ្ញុំ​ដែរ 8ខ្ញុំ​និយាយ​ដូច្នេះ មិន​មែន​ជា​ពាក្យ​បង្គាប់​ទេ គឺ​ចង់​តែ​យក​សេចក្ដី​ឧស្សាហ៍​របស់​គេ មក​ល្បង​ល​មើល​ចំពោះ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​រាល់​គ្នា តើ​ពិត​ត្រង់​ឬ​ទេ​ប៉ុណ្ណោះ 9ដ្បិត​អ្នក​រាល់​គ្នា​បាន​ស្គាល់​ព្រះ‌គុណ​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា​ហើយ ថា​ទោះ​បើ​ទ្រង់​ជា​សេដ្ឋី​ក៏​ដោយ គង់​តែ​ទ្រង់​បាន​ត្រឡប់​ជា​ក្រ ដោយ​ព្រោះ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​មាន​ឡើង ដោយ‌សារ​សេចក្ដី​កម្រ​របស់​ទ្រង់ 10ខ្ញុំ​សំដែង​គំនិត​ខ្ញុំ​ក្នុង​ការ​នេះ​ដែរ ដ្បិត​នោះ​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា ដែល​អ្នក​រាល់​គ្នា​មិន​គ្រាន់​តែ​ចាប់​ផ្តើម​ធ្វើ​តែ​ប៉ុណ្ណោះ គឺ​មាន​ទាំង​ចិត្ត​ប្រាថ្នា​ចង់​ធ្វើ តាំង​តែ​ពី​ឆ្នាំ​មុន​មក​ហើយ​ផង 11ឥឡូវ​នេះ ចូរ​បំពេញ​ការ​នោះ​ចុះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​បំពេញ​តាម​ដែល​មាន ដូច​ជា​បំណង ដែល​អ្នក​រាល់​គ្នា​ប្រុង​ប្រៀប​នឹង​ធ្វើ​មក​ហើយ​នោះ​ដែរ 12ដ្បិត​បើ​សិន​ជា​ប្រុង​ប្រៀប​នឹង​ធ្វើ​ហើយ នោះ​ព្រះ‌ទ្រង់​ទទួល​អ្នក​តាម​ដែល​មាន មិន​មែន​តាម​ដែល​គ្មាន​នោះ​ទេ 13ការ​នោះ​មិន​មែន​ដើម្បី​ឲ្យ​អ្នក​ឯ​ទៀត​បាន​ទំនេរ ហើយ​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​លំបាក​នោះ​ទេ គឺ​ឲ្យ​បាន​ស្មើ​គ្នា​វិញ ឲ្យ​សេចក្ដី​បរិបូរ​របស់​អ្នក​រាល់​គ្នា​ក្នុង​ជាន់​នេះ បាន​បំពេញ​ការ​ដែល​គេ​ខ្វះ​ខាត 14ដើម្បី​កាល​ណា​គេ​មាន​បរិបូរ នោះ​នឹង​បាន​បំពេញ​ការ ដែល​អ្នក​រាល់​គ្នា​ខ្វះ​ខាត​វិញ ប្រយោជន៍​ឲ្យ​បាន​ស្មើ​គ្នា​ឡើង 15ដូច​ជា​សេចក្ដី​ដែល​ចែង​ទុក​មក​ថា «អ្នក​ណា​ដែល​រើស​បាន​ច្រើន នោះ​គ្មាន​សល់​ឡើយ ឯ​អ្នក​ដែល​រើស​បាន​តិច នោះ​មិន​បាន​ខ្វះ​ទេ»។
16អរ​ព្រះ‌គុណ​ដល់​ព្រះ ដែល​ទ្រង់​បាន​បណ្តាល​ចិត្ត​ទីតុស ឲ្យ​មាន​សេចក្ដី​ឧស្សាហ៍​នោះ ដល់​អ្នក​រាល់​គ្នា​ដែរ 17គាត់​បាន​ទទួល​សេចក្ដី​ទូន្មាន​នោះ តែ​ដោយ​ព្រោះ​គាត់​មាន​សេចក្ដី​ឧស្សាហ៍​លើស​ទៅ​ទៀត បាន​ជា​គាត់​មក​ឯ​អ្នក​រាល់​គ្នា តាម​បំណង​ចិត្ត​គាត់​វិញ 18ហើយ​យើង​ខ្ញុំ​បាន​ចាត់​បង​ប្អូន​ម្នាក់ ឲ្យ​មក​ជា​មួយ​ដែរ អ្នក​នោះ​ក៏​មាន​ល្បី​ឈ្មោះ​ក្នុង​ដំណឹង​ល្អ នៅ​គ្រប់​ទាំង​ពួក​ជំនុំ 19មិន​តែ​ប៉ុណ្ណោះ ពួក​ជំនុំ​ទាំង​ប៉ុន្មាន​ក៏​រើស​អ្នក​នោះ ឲ្យ​បាន​ដើរ​ដំណើរ​ជា​មួយ​នឹង​យើង​ខ្ញុំ ក្នុង​ការ​ធ្វើ​ទាន​នេះ​ដែរ ជា​ការ​ដែល​យើង​ខ្ញុំ​ទទួល​រ៉ាប់រង សំរាប់​ជា​សិរី‌ល្អ​ដល់​ព្រះ‌អម្ចាស់ ហើយ​ដើម្បី​នឹង​សំដែង​សេចក្ដី​ប្រុង​ប្រៀប​របស់​អ្នក​រាល់​គ្នា 20ព្រម​ទាំង​ខំ​ចៀស​វាង មិន​ឲ្យ​គេ​បន្ទោស​យើង​ខ្ញុំ ពី​ដំណើរ​ទាន​ដ៏​បរិបូរ​នេះ ដែល​យើង​ខ្ញុំ​ទទួល​រ៉ាប់រង​ឡើយ 21ដ្បិត​យើង​ខ្ញុំ​ខំ​ធ្វើ​ការ​ល្អ មិន​មែន​នៅ​ចំពោះ​ព្រះ‌អម្ចាស់​តែ​ប៉ុណ្ណោះ គឺ​នៅ​ចំពោះ​មនុស្ស​លោក​ដែរ 22យើង​ខ្ញុំ​ក៏​ចាត់​បង​ប្អូន​ម្នាក់ ឲ្យ​ទៅ​ជា​មួយ​នឹង​គេ ជា​អ្នក​ដែល​យើង​ខ្ញុំ​បាន​ល​មើល​ជា​ញឹក‌ញយ ហើយ​ក៏​ឃើញ​ថា មាន​សេចក្ដី​ឧស្សាហ៍​ក្នុង​ការ​ជា​ច្រើន ហើយ​ឥឡូវ​នេះ គាត់​មាន​ចិត្ត​ឧស្សាហ៍​លើស​ទៅ​ទៀត ដោយ​ទុក​ចិត្ត​នឹង​អ្នក​រាល់​គ្នា​ជា​ខ្លាំង 23រីឯ​ទីតុស គាត់​ជា​គូ‌កន​ធ្វើ​ការ​ជា​មួយ​នឹង​ខ្ញុំ នៅ​ចំពោះ​អ្នក​រាល់​គ្នា ឯ​ពួក​បង​ប្អូន​យើង​ខ្ញុំ​ឯ​ទៀត​នោះ គេ​ជា​ពួក​អ្នក​ដែល​ពួក​ជំនុំ​ទាំង​ប៉ុន្មាន ចាត់​ឲ្យ​ធ្វើ​ការ ហើយ​ជា​សិរី‌ល្អ​នៃ​ព្រះ‌គ្រីស្ទ 24ដូច្នេះ ចូរ​សំដែង​ភស្តុ‌តាង​ពី​សេចក្ដី​ស្រឡាញ់​របស់​អ្នក​រាល់​គ្នា ហើយ​ពី​សេចក្ដី​ដែល​យើង​ខ្ញុំ​បាន​អួត​ពី​អ្នក​រាល់​គ្នា​ចុះ ឲ្យ​អ្នក​ទាំង​នោះ​បាន​ឃើញ ព្រម​ទាំង​នៅ​មុខ​ពួក​ជំនុំ​ទាំង​អស់​ផង។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Video for ២ កូរិន‌ថូស 8