១ របាក្សត្រ 22
22
1ដាវីឌក៏មានបន្ទូលថា នេះគឺជាព្រះវិហារនៃព្រះយេហូវ៉ាដ៏ជាព្រះ ហើយនេះជាអាសនានៃដង្វាយដុតសំរាប់ពួកអ៊ីស្រាអែលហើយ។
2គ្រានោះ ទ្រង់បង្គាប់ ឲ្យប្រមូលពួកសាសន៍ដទៃទាំងអំបាលម៉ាន ដែលអាស្រ័យនៅក្នុងស្រុកអ៊ីស្រាអែល ហើយចាត់ជាងឲ្យទៅដាប់ថ្ម សំរាប់ស្អាងព្រះវិហារនៃព្រះ 3ទ្រង់ក៏រៀបចំដែកយ៉ាងសន្ធឹក ដើម្បីធ្វើដែកគោលសំរាប់សន្លឹក នឹងក្របទ្វារ ហើយសំរាប់ត្រចៀកទ្វារផង នឹងលង្ហិនយ៉ាងសន្ធឹក ដែលថ្លឹងមិនបានដែរ 4ព្រមទាំងឈើតាត្រៅឥតគណនា ដ្បិតពួកសាសន៍ស៊ីដូន នឹងពួកអ្នកក្រុងទីរ៉ុស គេនាំឈើតាត្រៅយ៉ាងសន្ធឹក មកថ្វាយដាវីឌ 5ហើយទ្រង់មានបន្ទូលថា សាឡូម៉ូន បុត្រយើង នៅក្មេងខ្ចីពេកណាស់ ហើយព្រះវិហារដែលត្រូវស្អាងថ្វាយព្រះយេហូវ៉ា នោះត្រូវតែបានរុងរឿងយ៉ាងក្រៃលែង ព្រមទាំងមានសិរីលំអ នឹងល្បីឮទួទៅ នៅគ្រប់ទាំងនគរផង ដូច្នេះ យើងនឹងរៀបចំឲ្យ យ៉ាងនោះដាវីឌក៏ត្រៀមប្រដាប់ទុកជាបរិបូរ មុនដែលទ្រង់អស់ព្រះជន្មទៅ។
6រួចមកទ្រង់ហៅសាឡូម៉ូន ជាព្រះរាជបុត្រា មកផ្តាំឲ្យស្អាងព្រះវិហារ ថ្វាយព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល 7ដាវីឌក៏មានបន្ទូលនឹងសាឡូម៉ូនថា កូនអើយ ក្នុងចិត្តអញមានគំនិតចង់ស្អាងព្រះវិហារ ថ្វាយដល់ព្រះនាមព្រះយេហូវ៉ា ជាព្រះនៃអញហើយ 8តែព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់អញថា ឯងបានកំចាយឈាមជាច្រើន ហើយបានច្បាំងចំបាំងយ៉ាងធំ មិនត្រូវឲ្យឯងស្អាងព្រះវិហារ សំរាប់ឈ្មោះអញទេ ពីព្រោះបានកំចាយឈាមជាច្រើន នៅលើផែនដី នៅចំពោះអញ 9មើល នឹងមានកូនប្រុស១កើតដល់ឯង កូននោះនឹងបានជាមនុស្សទំនេរនៅ ហើយអញនឹងឲ្យវាមានសេចក្ដីសំរាក ពីពួកខ្មាំងសត្រូវនៅជុំវិញ ដ្បិតវានឹងមានឈ្មោះថា សាឡូម៉ូន ហើយនៅជំនាន់វា អញនឹងឲ្យពួកអ៊ីស្រាអែលបានសេចក្ដីសុខសាន្ត នឹងសេចក្ដីស្រាកស្រាន្ត 10កូននោះនឹងស្អាងព្រះវិហារ សំរាប់ឈ្មោះអញវិញ វានឹងធ្វើជាកូនរបស់អញ អញក៏នឹងធ្វើជាឪពុកដល់វា ហើយនឹងតាំងរាជ្យវា លើនគរអ៊ីស្រាអែលជាដរាបទៅ 11ដូច្នេះ កូនអើយ សូមឲ្យព្រះយេហូវ៉ាគង់ជាមួយនឹងឯង ហើយសូមឲ្យឯងបានចំរើនឡើង ដើម្បីស្អាងព្រះវិហារនៃព្រះយេហូវ៉ា ជាព្រះនៃឯង ដូចជាទ្រង់បានមានបន្ទូលពីដំណើរឯងហើយ 12សូមតែឲ្យព្រះយេហូវ៉ា ទ្រង់ប្រទានប្រាជ្ញា នឹងយោបល់ ដល់ឯង ហើយបង្គាប់បញ្ជាឯងពីដំណើរសាសន៍អ៊ីស្រាអែល ដើម្បីឲ្យឯងបានកាន់តាមក្រិត្យវិន័យរបស់ព្រះយេហូវ៉ា ជាព្រះនៃឯង 13យ៉ាងនោះ ឯងនឹងបានចំរើនឡើង គឺបើឯងរក្សា ហើយប្រព្រឹត្តតាមច្បាប់ នឹងបញ្ញត្តទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាទ្រង់បានបង្គាប់ដល់លោកម៉ូសេ ពីដំណើរពួកអ៊ីស្រាអែលជាពិត ចូរឲ្យឯងមានកំឡាំងចុះ ហើយឲ្យចិត្តក្លាហានដែរ កុំឲ្យខ្លាច ឬរសាយចិត្តឡើយ 14ឥឡូវនេះ មើល ក្នុងអស់ទាំងសេចក្ដីទុក្ខលំបាករបស់អញ នោះអញបានចាត់ចែងទុក ជាមាស១សែនហាប នឹងប្រាក់១លានហាប ព្រមទាំងលង្ហិន នឹងដែកដែលថ្លឹងមិនបានផង ដ្បិតច្រើនហួសកំណត់ណាស់ ក៏បានចាត់ចែងឈើ នឹងថ្មដែរ ហើយឯងនឹងចង់បន្ថែមទៀតក៏បាន 15មួយទៀត មានពួកជាងនៅជាមួយនឹងឯងជាបរិបូរដែរ គឺមានជាងដាប់ថ្ម ជាងអារឈើ ហើយគ្រប់ទាំងមនុស្ស ដែលជំនាញក្នុងការគ្រប់មុខ 16ខាងឯមាស ប្រាក់ លង្ហិន នឹងដែក នោះមានជាច្រើនឥតគណនា ដូច្នេះ ចូរឯងរៀបចំឡើង ចាប់ធ្វើចុះ សូមឲ្យព្រះយេហូវ៉ាគង់នៅជាមួយនឹងឯងផង។
17ដាវីឌក៏បង្គាប់ដល់ពួកអ្នក ដែលជាកំពូលរបស់សាសន៍អ៊ីស្រាអែលដែរ ឲ្យគេត្រូវជួយសាឡូម៉ូន ជាព្រះរាជបុត្រាទ្រង់ 18ដោយបន្ទូលថា តើព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា មិនគង់នៅជាមួយទេឬអី តើទ្រង់មិនបានឲ្យអ្នករាល់គ្នាឈប់សំរាក នៅគ្រប់ទិសដែរទេឬ ដ្បិតទ្រង់បានប្រគល់ពួកអ្នកស្រុកនេះមកក្នុងកណ្តាប់ដៃយើងហើយ ស្រុកនេះបានចុះចូលនៅចំពោះព្រះយេហូវ៉ា នឹងពួករាស្ត្ររបស់ទ្រង់ 19ដូច្នេះ ចូរអ្នករាល់គ្នាតាំងចិត្ត តាំងព្រលឹង ដើម្បីរកតាមព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នាចុះ ចូរខំប្រឹងឡើង ស្អាងទីបរិសុទ្ធផងព្រះយេហូវ៉ាដ៏ជាព្រះ ដើម្បីនឹងនាំហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា ព្រមទាំងគ្រឿងប្រដាប់បរិសុទ្ធរបស់ទ្រង់ មកក្នុងព្រះវិហារ ដែលនឹងត្រូវស្អាង សំរាប់ព្រះនាមទ្រង់។
Currently Selected:
១ របាក្សត្រ 22: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.