១ របាក្សត្រ 23
23
1រីឯដាវីឌ កាលទ្រង់មានវ័យកន្លង បានស្កប់ស្កល់នឹងព្រះជន្មទ្រង់ហើយ នោះទ្រង់តាំងសាឡូម៉ូន ជាព្រះរាជបុត្រាឡើង ជាស្តេចលើពួកអ៊ីស្រាអែល 2ទ្រង់បានប្រមូលពួកអ្នក ដែលជាកំពូលលើសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ព្រមទាំងពួកសង្ឃ នឹងពួកលេវីមក 3ឯពួកលេវី នោះបានរាប់ ចាប់តាំងពីអាយុ៣០ឆ្នាំ ឡើងទៅលើ ហើយដែលរាប់ម្នាក់ៗគ្រប់គ្នា នោះមានចំនួន៣ម៉ឺន៨ពាន់នាក់ 4ក្នុងពួកនោះ មាន២ម៉ឺន៤ពាន់នាក់ ដែលត្រូវត្រួតត្រាការ ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ហើយមាន៦ពាន់នាក់ ដែលជាចៅក្រម នឹងសុភា 5មាន៤ពាន់នាក់ ជាអ្នកឆ្មាំទ្វារ ៤ពាន់នាក់ទៀត ជាអ្នកច្រៀងសរសើរដល់ព្រះយេហូវ៉ា ដោយប្រដាប់ភ្លេង ដែលដាវីឌបានធ្វើសំរាប់ការច្រៀងសរសើរ 6រួចដាវីឌទ្រង់ញែកគេចេញជាវេនតាមពួកវង្សរបស់លេវី គឺគើសុន កេហាត់ ហើយនឹងម្រ៉ារី។
7ក្នុងពួកកូនរបស់គើសុន មានឡាអាដាន នឹងស៊ីម៉ាយ 8ឯកូនរបស់ឡាអាដាន គឺយេហ៊ីអែល ជាមេ រួចសេថាម នឹងយ៉ូអែល ទាំងអស់៣នាក់ 9ឯកូនរបស់ស៊ីម៉ាយ គឺសឡូមិត ហាស៊ាល នឹងហារ៉ាន ទាំងអស់៣នាក់ នេះហើយជាមេ ក្នុងពួកវង្សខាងឡាអាដាន 10ឯកូនស៊ីម៉ាយ គឺយ៉ាហាត ស៊ីណា យេអ៊ូស នឹងបេរា អ្នកទាំង៤នេះ ជាកូនស៊ីម៉ាយ 11ហើយយ៉ាហាត ជាមេស៊ីណា ជាអ្នកបន្ទាប់ តែយេអ៊ូស នឹងបេរា គេមិនសូវមានកូនច្រើនទេ បានជាគេរាប់ទុកជាវង្សាតែ១វិញ។
12ឯកូនរបស់កេហាត់ គឺអាំរ៉ាម យីតសារ ហេប្រុន នឹងអ៊ូស៊ាល ទាំងអស់៤នាក់នេះ 13ឯកូនរបស់អាំរ៉ាម គឺអើរ៉ុន នឹងម៉ូសេ ហើយអើរ៉ុន នឹងកូនលោកទាំងប៉ុន្មានបានត្រូវញែកចេញ ទុកជាបរិសុទ្ធបំផុតជាដរាបទៅ ដើម្បីនឹងដុតគ្រឿងក្រអូប នៅចំពោះព្រះយេហូវ៉ា ព្រមទាំងធ្វើការងារថ្វាយទ្រង់ ហើយសរសើរដំកើងដល់ព្រះនាមទ្រង់ជាដរាបទៅ 14តែឯកូនរបស់ម៉ូសេ ជាអ្នកសំណប់របស់ព្រះ នោះបានរាប់បញ្ចូល ក្នុងពូជអំបូរលេវី 15ឯកូនរបស់ម៉ូសេ គឺគើសុន នឹងអេលាស៊ើរ 16ឯកូនរបស់គើសុន គឺសេបួល ជាមេ 17កូនរបស់អេលាស៊ើរ គឺរេហាបយ៉ា ជាមេ ហើយអេលាស៊ើរគ្មានកូនប្រុសណាទៀតទេ តែរេហាបយ៉ាមានកូនច្រើនណាស់ 18ឯកូនរបស់យីតសារ គឺសឡូមិត ជាមេ 19កូនរបស់ហេប្រុន គឺយេរីយ៉ា ជាមេ អ័ម៉ារា ជាអ្នកទី២ យ៉ាហាសៀលទី៣ នឹងយេកាមាមទី៤ 20ឯកូនរបស់អ៊ូស៊ាល គឺមីកា ជាមេ នឹងយីសយ៉ា ជាទី២។
21ឯកូនរបស់ម្រ៉ារី គឺម៉ាស់លី នឹងមូស៊ី កូនរបស់ម៉ាស់លី គឺអេលាសារ នឹងគីស 22ឯអេលាសារគាត់ស្លាប់ទៅ ឥតមានកូនប្រុសទេ មានតែកូនស្រីៗ ហើយកូនចៅគីស ជាបងប្អូនគេក៏យកនាងទាំងនោះ ធ្វើជាប្រពន្ធ 23ឯកូនរបស់មូស៊ី គឺម៉ាស់លី អេឌើរ នឹងយេរេម៉ូត ទាំងអស់៣នាក់។
24ពួកនោះសុទ្ធតែជាកូនចៅរបស់លេវី តាមវង្សនៃឪពុកគេ គឺជាមេលើវង្សនៃឪពុកគេ ក្នុងពួកអ្នកដែលបានរាប់តាមឈ្មោះគេរៀងរាល់ខ្លួន ជាពួកអ្នកដែលធ្វើការងារក្នុងព្រះវិហារនៃព្រះយេហូវ៉ា ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ 25ដ្បិតដាវីឌទ្រង់បានមានបន្ទូលថា ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់បានប្រោសប្រទាន ឲ្យរាស្ត្រទ្រង់បានសេចក្ដីស្រាកស្រាន្ត ហើយទ្រង់នឹងគង់នៅក្រុងយេរូសាឡិម ជារៀងរាបដរាបទៅ 26ឯពួកលេវី គេមិនត្រូវការសែងរោងឧបោសថ នឹងគ្រឿងប្រដាប់ សំរាប់ការងារនៃរោងនោះទៀតឡើយ 27ដ្បិតតាមពាក្យបង្គាប់ក្រោយបង្អស់របស់ដាវីឌ នោះគេបានរាប់ចំនួនពួកកូនចៅលេវី ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ 28ពីព្រោះការងាររបស់គេ គឺឲ្យបំរើពួកកូនចៅអើរ៉ុន សំរាប់ការងារក្នុងព្រះវិហារនៃព្រះយេហូវ៉ា ព្រមទាំងនៅទីលាន ហើយក្នុងបន្ទប់ទាំងប៉ុន្មាន នឹងការសំអាតរបស់បរិសុទ្ធទាំងអស់ គឺជាការងាររបស់ព្រះវិហារនៃព្រះ 29ហើយគឺជាអ្នកធ្វើនំបុ័ងតាំងទុក ម្សៅយ៉ាងម៉ដ្ត សំរាប់ដង្វាយម្សៅ ទោះបើធ្វើនំក្រៀបឥតដំបែ ឬនំដែលចំអិនក្នុងពុម្ព ឬដែលចៀនក្តី ហើយនឹងការវាល់វាស់ទាំងប៉ុន្មានផង 30គេត្រូវឈររាល់តែព្រឹក ដើម្បីនឹងអរព្រះគុណ ហើយសរសើរដល់ព្រះយេហូវ៉ា ព្រមទាំងពេលល្ងាចផង 31ក៏ត្រូវថ្វាយគ្រប់ទាំងដង្វាយដុត ដល់ព្រះយេហូវ៉ា នៅរាល់តែថ្ងៃឈប់សំរាក ថ្ងៃចូលខែ នឹងថ្ងៃបុណ្យ នៅចំពោះព្រះយេហូវ៉ាជានិច្ច តាមចំនួន តាមរបៀបនៃពេលទាំងនោះ 32ព្រមទាំងរក្សាបញ្ញើ ជាត្រសាលជំនុំ នឹងទីបរិសុទ្ធ ហើយបញ្ញើរបស់ពួកកូនចៅអើរ៉ុន ជាបងប្អូនគេ ដែលសំរាប់ការងាររបស់ព្រះវិហារនៃព្រះយេហូវ៉ាផង។
Currently Selected:
១ របាក្សត្រ 23: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.