លូកា 11
11
គំរូនៃការអធិស្ឋាន
1កាលមួយមានកើតឡើងដូច្នេះ: ព្រះយេស៊ូវកំពុងអធិស្ឋាននៅកន្លែងមួយ លុះចប់ហើយ មានម្នាក់ក្នុងពួកសិស្សទូលព្រះអង្គថា៖ “ព្រះអម្ចាស់អើយ សូមបង្រៀនយើងខ្ញុំឲ្យចេះអធិស្ឋានផង ដូចដែលយ៉ូហានបានបង្រៀនពួកសិស្សរបស់គាត់ដែរ”។
2ព្រះយេស៊ូវក៏មានបន្ទូលនឹងពួកគេថា៖“នៅពេលអ្នករាល់គ្នាអធិស្ឋាន ចូរទូលថា:
‘ព្រះបិតាអើយ # 11:2 ព្រះបិតាអើយ―ឯកសារបុរាណខ្លះថា “ព្រះបិតានៃយើងខ្ញុំដែលគង់នៅស្ថានសួគ៌អើយ”។
សូមឲ្យព្រះនាមរបស់ព្រះអង្គត្រូវបានតម្កើងជាវិសុទ្ធ
សូមឲ្យអាណាចក្ររបស់ព្រះអង្គបានមកដល់។ # 11:2 ឯកសារបុរាណខ្លះបន្ថែម “សូមឲ្យបំណងព្រះហឫទ័យរបស់ព្រះអង្គបានសម្រេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ”។
3 សូមប្រទានអាហារ # 11:3 អាហារ―ន័យត្រង់គឺ “នំប៉័ង”។ ប្រចាំថ្ងៃដល់យើងខ្ញុំជារៀងរាល់ថ្ងៃ។
4 សូមលើកលែងទោសយើងខ្ញុំអំពីបាបរបស់យើងខ្ញុំ
ដ្បិតយើងខ្ញុំក៏លើកលែងទោសអស់អ្នកដែលជំពាក់បំណុលបាបនឹងយើងខ្ញុំដែរ។
សូមកុំនាំយើងខ្ញុំទៅក្នុងការល្បួងឡើយ # 11:4 ឯកសារបុរាណខ្លះបន្ថែម “ប៉ុន្តែសូមស្រោចស្រង់យើងខ្ញុំពីមេអាក្រក់វិញ”។ ’”។
ចូរបន្តសុំ
5ព្រះយេស៊ូវមានបន្ទូលនឹងពួកគេទៀតថា៖“សន្មតថា ក្នុងអ្នករាល់គ្នាមានអ្នកណាម្នាក់ដែលមានមិត្តភក្ដិ ហើយអ្នកនោះទៅរកមិត្តភក្ដិទាំងកណ្ដាលអធ្រាត្រ និយាយថា: ‘សម្លាញ់អើយ សូមឲ្យខ្ញុំខ្ចីនំប៉័ងបីសិនមក 6ពីព្រោះមានមិត្តភក្ដិរបស់ខ្ញុំម្នាក់ធ្វើដំណើរមកដល់ផ្ទះខ្ញុំ ហើយខ្ញុំគ្មានអ្វីដាក់ឲ្យគាត់ហូបសោះ’។ 7អ្នកនោះក៏តបពីក្នុងផ្ទះថា: ‘កុំរំខានខ្ញុំអី ទ្វារបានបិទហើយ កូនៗរបស់ខ្ញុំក៏ដេកលើគ្រែជាមួយខ្ញុំដែរ ខ្ញុំមិនអាចក្រោកទៅយកអ្វីឲ្យឯងបានទេ’។ 8ខ្ញុំប្រាប់អ្នករាល់គ្នាថា ទោះបីជាអ្នកនោះមិនក្រោកឡើងយកអ្វីឲ្យគាត់ ដោយសារគាត់ជាមិត្តភក្ដិក៏ដោយ ក៏គង់តែនឹងក្រោកឡើងយកឲ្យគាត់តាមដែលគាត់ត្រូវការ ដោយសារតែការទទូចអង្វររបស់គាត់។
9 “ដូច្នេះខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរបន្តសុំ នោះនឹងប្រទានឲ្យអ្នករាល់គ្នា; ចូរបន្តស្វែងរក នោះអ្នករាល់គ្នានឹងរកឃើញ; ចូរបន្តគោះ នោះនឹងបើកឲ្យអ្នករាល់គ្នា។ 10ដ្បិតអស់អ្នកដែលសុំនឹងទទួលបាន; អ្នកដែលស្វែងរកនឹងរកឃើញ; អ្នកដែលគោះនឹងត្រូវបានបើកឲ្យ។ 11ក្នុងចំណោមអ្នករាល់គ្នា តើមានឪពុកណាដែលកូនសុំត្រី#11:11 ដែលកូនសុំត្រី―ឯកសារបុរាណខ្លះថា “ដែលកូនសុំនំប៉័ង នឹងឲ្យដុំថ្មជំនួសនំប៉័ងវិញឬ? ឬកូនសុំត្រី”។នឹងឲ្យពស់ដល់កូនជំនួសត្រីវិញឬ? 12ឬកូនសុំពងមាន់ នឹងឲ្យខ្យាដំរីវិញឬ?#11:12 ឬកូនសុំពងមាន់ នឹងឲ្យខ្យាដំរីវិញឬ?―ឯកសារបុរាណខ្លះថា “បើកូនសុំពងមាន់ គាត់មុខជាមិនឲ្យខ្យាដំរីទេ”។ 13ដូច្នេះ ប្រសិនបើអ្នករាល់គ្នាដែលជាមនុស្សអាក្រក់ ចេះឲ្យរបស់ល្អដល់កូនរបស់ខ្លួនទៅហើយ ចុះទម្រាំព្រះបិតាដែលគង់នៅស្ថានសួគ៌ តើព្រះអង្គនឹងប្រទានព្រះវិញ្ញាណដ៏វិសុទ្ធដល់អ្នកដែលទូលសុំព្រះអង្គជាយ៉ាងណាទៅ!”។
ការបាក់បែកផ្ទៃក្នុង
14មានកាលមួយ ព្រះយេស៊ូវកំពុងដេញអារក្សមួយដែលធ្វើឲ្យមនុស្សគ។ នៅពេលអារក្សចេញទៅហើយ មនុស្សគនោះក៏និយាយបាន ហើយហ្វូងមនុស្សក៏ភ្ញាក់ផ្អើល។ 15ប៉ុន្តែមានអ្នកខ្លះក្នុងពួកគេនិយាយថា៖ “អ្នកនេះដេញអារក្សដោយបេលសេប៊ូលមេអារក្សទេ”។ 16មានអ្នកខ្លះទៀតល្បងលព្រះយេស៊ូវ ដោយទាមទារពីព្រះអង្គនូវទីសម្គាល់មួយពីលើមេឃ។
17ព្រះយេស៊ូវទ្រង់ជ្រាបគំនិតរបស់ពួកគេ ក៏មានបន្ទូលនឹងពួកគេថា៖“អស់ទាំងអាណាចក្រដែលបាក់បែកផ្ទៃក្នុង នឹងត្រូវវិនាស ហើយគ្រួសារណាដែលបាក់បែកផ្ទៃក្នុង ក៏នឹងរលំទៅដែរ។ 18ដូចគ្នាដែរ ប្រសិនបើសាតាំងបាក់បែកផ្ទៃក្នុងហើយ តើអាណាចក្ររបស់វានៅឈរដូចម្ដេចកើត? ទោះបីជាដូច្នេះក៏ដោយ ក៏អ្នករាល់គ្នាថា ខ្ញុំដេញអារក្សដោយបេលសេប៊ូល។ 19ប៉ុន្តែប្រសិនបើខ្ញុំដេញអារក្សដោយបេលសេប៊ូលមែន ចុះកូនចៅរបស់អ្នករាល់គ្នាដេញពួកវាដោយនរណាវិញ? ដូច្នេះ កូនចៅរបស់អ្នករាល់គ្នានឹងធ្វើជាចៅក្រមរបស់អ្នករាល់គ្នា។ 20ផ្ទុយទៅវិញ ប្រសិនបើខ្ញុំដេញអារក្សដោយព្រះចេស្ដារបស់ព្រះ#11:20 ព្រះចេស្ដារបស់ព្រះ―ន័យត្រង់គឺ “ព្រះអង្គុលីរបស់ព្រះ”។នោះអាណាចក្ររបស់ព្រះបានមកដល់អ្នករាល់គ្នាហើយ។ 21នៅពេលមនុស្សខ្លាំងពូកែកំពុងយាមវិមានរបស់ខ្លួន ដោយបានបំពាក់អាវុធគ្រប់គ្រាន់ហើយ នោះអ្វីៗដែលគាត់មានក៏បានគង់វង្ស។ 22ប៉ុន្តែកាលណាមានអ្នកដែលខ្លាំងជាងគាត់មកវាយឈ្នះគាត់ អ្នកនោះនឹងដណ្ដើមយកអាវុធទាំងអស់ដែលគាត់ទុកចិត្តនោះ ហើយយកជ័យភណ្ឌទៅចែកគ្នា។ 23អ្នកដែលមិននៅខាង#11:23 ខាង―ន័យត្រង់គឺ “ជាមួយ”។ខ្ញុំ គឺប្រឆាំងនឹងខ្ញុំ ហើយអ្នកដែលមិនប្រមូលជាមួយខ្ញុំ អ្នកនោះកម្ចាត់កម្ចាយវិញ។
វិញ្ញាណអសោចត្រឡប់មកវិញ
24 “កាលណាវិញ្ញាណអសោចចេញពីមនុស្សម្នាក់ វាក៏ដើរចុះឡើងតាមកន្លែងហួតហែងរកទីឈប់សម្រាក ប៉ុន្តែរកមិនបាន ដូច្នេះវានិយាយថា: ‘អញនឹងត្រឡប់ទៅផ្ទះរបស់អញវិញ គឺកន្លែងដែលអញបានចេញមក’។ 25នៅពេលវាមកដល់ក៏ឃើញទីនោះត្រូវបានបោសសម្អាត ព្រមទាំងមានសណ្ដាប់ធ្នាប់ផង 26វាក៏ចេញទៅ នាំវិញ្ញាណប្រាំពីរផ្សេងទៀតដែលអាក្រក់ជាងវាមក ហើយចូលទៅរស់នៅទីនោះ។ សភាពចុងក្រោយរបស់អ្នកនោះបានអាក្រក់ជាងសភាពដើមទៅទៀត”។
ព្រះពរពិតប្រាកដ
27ខណៈដែលព្រះយេស៊ូវកំពុងតែមានបន្ទូលសេចក្ដីទាំងនេះ មានស្ត្រីម្នាក់ស្រែកឡើងពីក្នុងហ្វូងមនុស្ស ទូលព្រះអង្គថា៖ “មានពរហើយ ផ្ទៃដែលបានផ្ទុកលោក និងអ្នកដែលបានបំបៅលោក!”។
28ប៉ុន្តែព្រះយេស៊ូវមានបន្ទូលថា៖“អ្នកដែលឮព្រះបន្ទូលរបស់ព្រះ ហើយប្រតិបត្តិតាមវិញទេ ដែលមានពរ!”។
ទីសម្គាល់របស់យ៉ូណាស
29ពេលនោះ ប្រជាជនមកជុំគ្នាកាន់តែច្រើនឡើងៗ ហើយព្រះយេស៊ូវក៏ចាប់ផ្ដើមមានបន្ទូលថា៖“ជំនាន់នេះជាជំនាន់ដ៏អាក្រក់#11:29 ជំនាន់នេះជាជំនាន់ដ៏អាក្រក់―ឯកសារបុរាណខ្លះថា “ជំនាន់នេះអាក្រក់ណាស់”។គេទាមទារទីសម្គាល់ ប៉ុន្តែទីសម្គាល់នឹងមិនប្រទានឲ្យគេឡើយ លើកលែងតែទីសម្គាល់របស់យ៉ូណាស#11:29 យ៉ូណាស―ឯកសារបុរាណខ្លះថា “ព្យាការីយ៉ូណាស”។ប៉ុណ្ណោះ។ 30ពោលគឺ ដូចដែលយ៉ូណាសបានជាទីសម្គាល់ដល់ពួកអ្នកនីនីវេយ៉ាងណា កូនមនុស្សក៏នឹងបានជាទីសម្គាល់ដល់ជំនាន់នេះយ៉ាងនោះដែរ។ 31នៅគ្រាជំនុំជម្រះ មហាក្សត្រិយានីនៃភាគខាងត្បូង#11:31 មហាក្សត្រិយានីនៃភាគខាងត្បូង―គឺ “មហាក្សត្រិយានីស្រុកសេបា”។នឹងត្រូវបានលើកឲ្យរស់ឡើងវិញ#11:31 ត្រូវបានលើកឲ្យរស់ឡើងវិញ―ឬ “ក្រោកឡើង”។ជាមួយមនុស្សជំនាន់នេះ ហើយផ្ដន្ទាទោសជំនាន់នេះ ពីព្រោះព្រះនាងបានមកពីចុងបំផុតនៃផែនដី ដើម្បីស្ដាប់ប្រាជ្ញារបស់សាឡូម៉ូន ហើយមើល៍! អ្នកដែលធំជាងសាឡូម៉ូននៅទីនេះហើយ! 32នៅគ្រាជំនុំជម្រះ ពួកអ្នកនីនីវេនឹងរស់ឡើងវិញ#11:32 រស់ឡើងវិញ―ឬ “ក្រោកឡើង”។ជាមួយជំនាន់នេះ ហើយផ្ដន្ទាទោសជំនាន់នេះ ពីព្រោះពួកអ្នកនីនីវេបានកែប្រែចិត្តដោយសារតែការប្រកាសរបស់យ៉ូណាស ហើយមើល៍! អ្នកដែលធំជាងយ៉ូណាសនៅទីនេះហើយ!
ចង្កៀងនៃរូបកាយ
33 “គ្មានអ្នកណាអុជចង្កៀង ហើយដាក់នៅទីកំបាំង # 11:33 ទីកំបាំង―ឬ “បន្ទប់ក្រោមដី”។ ឬក្រោមថាំង#11:33 ឯកសារបុរាណខ្លះគ្មាន “ឬក្រោមថាំង”។ឡើយ គឺគេដាក់លើជើងចង្កៀងវិញ ដើម្បីឲ្យអស់អ្នកដែលចូលមកឃើញពន្លឺនោះ។ 34ចង្កៀងរបស់រូបកាយគឺភ្នែករបស់អ្នក នៅពេលភ្នែករបស់អ្នកភ្លឺថ្លា#11:34 ភ្លឺថ្លា―ន័យត្រង់គឺ “មើលរបស់តែមួយ” ឬ “សុខភាពល្អ”។រូបកាយអ្នកទាំងមូលក៏ពេញដោយពន្លឺ; ប៉ុន្តែកាលណាភ្នែករបស់អ្នកអាក្រក់ នោះរូបកាយអ្នកក៏ពេញដោយសេចក្ដីងងឹត។ 35ដូច្នេះ ចូរប្រុងប្រយ័ត្ន ក្រែងលោពន្លឺក្នុងអ្នកជាសេចក្ដីងងឹត។ 36ដោយហេតុនេះ ប្រសិនបើរូបកាយអ្នកទាំងមូលពេញដោយពន្លឺ គ្មានត្រង់ណាងងឹត នោះរូបកាយទាំងមូលក៏នឹងពេញដោយពន្លឺ ដូចពេលពន្លឺចង្កៀងបំភ្លឺអ្នកដែរ”។
ស្ដីបន្ទោសចំពោះពុតត្បុតខាងសាសនា
37ខណៈដែលព្រះយេស៊ូវមានបន្ទូល មានពួកផារិស៊ីម្នាក់អញ្ជើញព្រះអង្គទៅសោយជាមួយគាត់ ព្រះអង្គក៏យាងចូលទៅ ហើយគង់ចុះនៅតុអាហារ។ 38នៅពេលពួកផារិស៊ីនោះបានឃើញ ក៏នឹកឆ្ងល់ដែលព្រះអង្គមិនបានធ្វើពិធីលាងសម្អាតជាមុន មុននឹងសោយ។ 39ព្រះអម្ចាស់ក៏មានបន្ទូលនឹងគាត់ថា៖“ឥឡូវនេះ អ្នករាល់គ្នាជាពួកផារិស៊ី អ្នករាល់គ្នាសម្អាតពែង និងចានតែខាងក្រៅ រីឯខាងក្នុងរបស់អ្នករាល់គ្នាវិញ ពោរពេញទៅដោយការលោភលន់ និងគំនិតអាក្រក់។ 40មនុស្សល្ងីល្ងើអើយ! តើព្រះអង្គដែលបង្កើតខាងក្រៅ មិនបានបង្កើតខាងក្នុងដែរទេឬ? 41យ៉ាងណាមិញ ចូរចែកទានពីអ្វីៗដែលនៅខាងក្នុងចុះ នោះមើល៍! អ្វីៗទាំងអស់នឹងបានស្អាតសម្រាប់អ្នករាល់គ្នា។
42 “វេទនាដល់អ្នករាល់គ្នាហើយ ពួកផារិស៊ីអើយ! ដ្បិតអ្នករាល់គ្នាថ្វាយតង្វាយមួយភាគដប់ ជាជីរអង្កាម ជីររូ និងដំណាំបន្លែគ្រប់ប្រភេទ ប៉ុន្តែអ្នករាល់គ្នាបោះបង់ចោលសេចក្ដីយុត្តិធម៌ និងសេចក្ដីស្រឡាញ់របស់ព្រះ។ ការទាំងនេះត្រូវតែធ្វើ ហើយក៏មិនត្រូវបោះបង់ចោលការឯទៀតនោះដែរ។
43 “វេទនាដល់អ្នករាល់គ្នាហើយ ពួកផារិស៊ីអើយ! ដ្បិតអ្នករាល់គ្នាស្រឡាញ់កៅអីកិត្តិយសក្នុងសាលាប្រជុំ និងការគោរពនៅតាមផ្សារ។
44 “វេទនាដល់អ្នករាល់គ្នាហើយ # 11:44 វេទនាដល់អ្នករាល់គ្នាហើយ―ឯកសារបុរាណខ្លះថា “វេទនាដល់អ្នករាល់គ្នាហើយ ពួកគ្រូវិន័យ និងពួកផារិស៊ី ជាមនុស្សមានពុតអើយ!”។ ដ្បិតអ្នករាល់គ្នាដូចជាផ្នូរដែលមើលមិនឃើញ ហើយមនុស្សដែលដើរជាន់ក៏មិនដឹងខ្លួនដែរ”។
45មានអ្នកច្បាប់ម្នាក់ទូលតបនឹងព្រះយេស៊ូវថា៖ “លោកគ្រូ លោកនិយាយដូច្នេះ គឺបង្អាប់បង្អោនពួកយើងដែរហើយ!”។
46ព្រះយេស៊ូវមានបន្ទូលថា៖“វេទនាដល់អ្នករាល់គ្នាដែរ ពួកអ្នកច្បាប់អើយ! ដ្បិតអ្នករាល់គ្នាដាក់បន្ទុកដ៏ពិបាកនឹងទ្រាំ នៅលើមនុស្ស ចំណែកឯខ្លួនឯងវិញ មិនព្រមយកម្រាមដៃមួយប៉ះបន្ទុកនោះផង។
47 “វេទនាដល់អ្នករាល់គ្នាហើយ ដ្បិតអ្នករាល់គ្នាសាងសង់ផ្នូររបស់ព្យាការី ប៉ុន្តែដូនតារបស់អ្នករាល់គ្នាបានសម្លាប់ពួកគេ។ 48ដូច្នេះ អ្នករាល់គ្នាធ្វើជាសាក្សី ហើយយល់ស្របនឹងអំពើរបស់ដូនតាអ្នករាល់គ្នាដែរ ពីព្រោះពួកគាត់បានសម្លាប់ព្យាការី ហើយអ្នករាល់គ្នាបែរជាសាងសង់ផ្នូរឲ្យព្យាការី#11:48 ឯកសារបុរាណខ្លះគ្មាន “ផ្នូរឲ្យព្យាការី”។ទៅវិញ។ 49ហេតុនេះហើយបានជាព្រះប្រាជ្ញាញាណរបស់ព្រះក៏មានបន្ទូលដែរថា: ‘យើងនឹងចាត់បណ្ដាព្យាការី និងសាវ័កឲ្យទៅរកពួកគេ ហើយពួកគេនឹងសម្លាប់អ្នកខ្លះ និងបៀតបៀនអ្នកខ្លះពីចំណោមអ្នកទាំងនោះ’។ 50នេះគឺដើម្បីឲ្យឈាមរបស់ព្យាការីទាំងអស់ដែលបានបង្ហូរតាំងពីកំណើតនៃពិភពលោក ត្រូវបានទាមទារពីជំនាន់នេះវិញ 51គឺតាំងពីឈាមរបស់អេបិល រហូតដល់ឈាមរបស់សាការីដែលគេសម្លាប់នៅចន្លោះអាសនា និងទីវិសុទ្ធ#11:51 ទីវិសុទ្ធ―ន័យត្រង់គឺ “ព្រះដំណាក់”។។
“មែនហើយ ខ្ញុំប្រាប់អ្នករាល់គ្នាថា ឈាមទាំងនោះនឹងត្រូវបានទាមទារពីជំនាន់នេះវិញ។
52 “វេទនាដល់អ្នករាល់គ្នាហើយ ពួកអ្នកច្បាប់អើយ! ដ្បិតអ្នករាល់គ្នាបានដកយកកូនសោនៃចំណេះដឹងចេញ។ ខ្លួនអ្នករាល់គ្នាមិនចូលទៅទេ ហើយក៏ឃាត់អ្នកដែលកំពុងចូលថែមទៀតផង”។
53នៅពេលព្រះយេស៊ូវយាងចេញពីទីនោះ#11:53 នៅពេលព្រះយេស៊ូវយាងចេញពីទីនោះ―ឯកសារបុរាណខ្លះថា “នៅពេលព្រះយេស៊ូវមានបន្ទូលសេចក្ដីទាំងនេះនឹងពួកគេហើយ”។ ពួកគ្រូវិន័យ និងពួកផារិស៊ីក៏ចាប់ផ្ដើមប្រឆាំងនឹងព្រះអង្គយ៉ាងខ្លាំង ហើយសួរដេញដោលព្រះអង្គអំពីការជាច្រើន 54ក៏ចាំឱកាសដើម្បីចាប់កំហុសព្រះអង្គតាមរយៈព្រះបន្ទូលពីព្រះឱស្ឋរបស់ព្រះអង្គ#11:54 ឯកសារបុរាណខ្លះបន្ថែម “ដើម្បីចោទប្រកាន់ព្រះអង្គ”។៕
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative