YouVersion 標誌
搜尋圖標

យ៉ូហាន 9

9
ប្រោសបុរសខ្វាក់ភ្នែកពីកំណើតឲ្យជា
1នៅពេល​ព្រះយេស៊ូវ​កំពុង​យាងតាមផ្លូវ ព្រះអង្គ​ទត​ឃើញ​បុរស​ម្នាក់​ខ្វាក់ភ្នែក​ពី​កំណើត​។ 2ពួក​សិស្ស​របស់​ព្រះអង្គ​ក៏​ទូល​សួរ​ថា៖ “រ៉ាប៊ី គាត់​កើតមក​ខ្វាក់ភ្នែក​ដូច្នេះ តើ​នរណា​បាន​ប្រព្រឹត្តបាប អ្នកនេះ ឬ​ឪពុកម្ដាយ​របស់​គាត់​?”។
3ព្រះយេស៊ូវ​ទ្រង់​ឆ្លើយថា​៖“មិនមែន​អ្នកនេះ​បាន​ប្រព្រឹត្តបាប​ទេ ហើយក៏​មិនមែន​ឪពុកម្ដាយ​របស់​គាត់​ដែរ ប៉ុន្តែ​ដើម្បីឲ្យ​ការងារ​របស់​ព្រះ​ត្រូវបាន​សម្ដែង​នៅក្នុង​គាត់​វិញ​។ 4យើង#9:4 យើង―ឯកសារបុរាណខ្លះថា “ខ្ញុំ”។ត្រូវតែ​ធ្វើ​ការងារ​របស់​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក ពេល​នៅ​ថ្ងៃ​នៅឡើយ​។ យប់​នឹង​មកដល់ ជា​ពេល​ដែល​គ្មានអ្នកណា​អាច​ធ្វើការ​បាន​ទេ។ 5ដរាបណា​ខ្ញុំ​នៅ​ក្នុង​ពិភពលោក ខ្ញុំ​ជា​ពន្លឺ​នៃ​ពិភពលោក”។
6ព្រះអង្គ​មានបន្ទូល​សេចក្ដីទាំងនេះ​ហើយ ក៏​ស្ដោះ​ទៅ​លើដី ធ្វើ​ភក់​ពី​ទឹកព្រះឱស្ឋ#9:6 ទឹកព្រះឱស្ឋ―ឬ “ទឹកមាត់”។ ហើយ​លាប​ភក់​លើ​ភ្នែក​ទាំងពីរ​របស់​បុរសនោះ 7រួច​មានបន្ទូល​នឹង​គាត់​ថា៖“ចូរ​ទៅ​លាង​ក្នុង​ស្រះ​ស៊ីឡោម​ចុះ” (​ស៊ីឡោម មានអត្ថន័យប្រែថា ត្រូវបាន​ចាត់ឲ្យទៅ​)​។ ដូច្នេះ គាត់​ក៏​ចេញទៅ​លាង ហើយ​មកវិញ​ទាំង​មើលឃើញ​។
8អ្នកជិតខាង និង​អ្នក​ដែល​ពីមុន​ឃើញ​ថា​គាត់​ជា​អ្នកសុំទាន#9:8 អ្នកសុំទាន―ឯកសារបុរាណខ្លះថា “អ្នកខ្វាក់ភ្នែក”។ ក៏​និយាយថា​៖ “តើ​អ្នកនេះ​មិនមែន​ជា​អ្នក​ដែល​អង្គុយ​សុំទាន​ទេ​ឬ​?”។
9អ្នកខ្លះ​ថា​៖ “គឺ​អ្នកនេះ​ហើយ”។ អ្នកខ្លះទៀត​ថា៖ “ទេ​! គាត់​គ្រាន់តែ​ដូច​អ្នកនោះ”។
គាត់​និយាយ​ថា៖ “គឺ​ខ្ញុំ​ហ្នឹងហើយ​!”។
10ពួកគេ​ក៏​សួរ​គាត់​ថា៖ “ចុះ​ភ្នែក​របស់អ្នក​ត្រូវបាន​បើក​យ៉ាងដូចម្ដេច​?”។
11គាត់​ឆ្លើយថា​៖ “មាន​ម្នាក់​ដែល​គេ​ហៅថា​យេស៊ូវ​បាន​ធ្វើ​ភក់​លាប​ភ្នែក​របស់ខ្ញុំ រួច​ប្រាប់​ខ្ញុំ​ថា​: ‘ចូរ​ទៅ​លាង​នៅ​ស្រះ#9:11 ឯកសារបុរាណខ្លះគ្មាន “ស្រះ”។​ស៊ីឡោម​ចុះ’។ ខ្ញុំ​ក៏​ទៅ​លាង ហើយ​មើលឃើញ”។
12ពួកគេ​សួរថា​៖ “តើ​អ្នកនោះ​នៅ​ឯណា​?”។
គាត់​ថា៖ “ខ្ញុំ​មិន​ដឹង​ទេ”។
ពាក្យបន្ទាល់របស់បុរសខ្វាក់ភ្នែក
13ពួកគេ​នាំ​បុរស​ដែល​ខ្វាក់ភ្នែក​ពីមុន​នោះ​ទៅ​ជួប​ពួកផារិស៊ី​។ 14ថ្ងៃ​ដែល​ព្រះយេស៊ូវ​ទ្រង់​ធ្វើ​ភក់ ហើយ​បើក​ភ្នែក​របស់​គាត់​ជា​ថ្ងៃសប្ប័ទ​។ 15ពួកផារិស៊ី​ក៏​សួរ​គាត់​សាជាថ្មី​អំពី​របៀប​ដែល​គាត់​បាន​មើលឃើញ​ដែរ​។
បុរស​នោះ​ឆ្លើយថា​៖ “លោក​បាន​ដាក់​ភក់​លើ​ភ្នែក​របស់ខ្ញុំ រួច​ខ្ញុំ​លាងចេញ ហើយក៏​មើលឃើញ”។
16អ្នកខ្លះ​ក្នុង​ពួកផារិស៊ី​និយាយថា​៖ “ម្នាក់​នោះ​មិនមែន​មក​ពី​ព្រះ​ទេ ពីព្រោះ​មិន​រក្សា​ថ្ងៃសប្ប័ទ”។ ប៉ុន្តែ​អ្នកខ្លះទៀត​ថា៖ “តើ​ម្នាក់​ដែលជា​មនុស្សបាប​អាច​ធ្វើ​ទីសម្គាល់​បែបនេះ​យ៉ាងដូចម្ដេច​បាន?”។ នោះក៏​មាន​ការបាក់បែកគ្នា​ក្នុងចំណោម​ពួកគេ។
17ពួកគេ​សួរ​បុរស​ខ្វាក់ភ្នែក​ទៀត​ថា៖ “ដោយ​អ្នកនោះ​បាន​បើក​ភ្នែក​របស់អ្នក តើ​អ្នក​និយាយ​អំពី​អ្នកនោះ​ថា​ជា​នរណា​?”។
គាត់​ថា៖ “លោក​ជា​ព្យាការី”។
18ពួកយូដា​មិន​ជឿ​ថា ពីមុន​គាត់​ខ្វាក់ភ្នែក ហើយ​បាន​មើលឃើញវិញ​ទេ ទាល់តែ​ហៅ​ឪពុកម្ដាយ​របស់​បុរស​ដែល​មើលឃើញ​នោះ​មក 19សួរ​ថា៖ “តើ​អ្នកនេះ​ជា​កូន​របស់ពួកអ្នក ដែល​ពួកអ្នក​និយាយ​ថា​បាន​កើតមក​ខ្វាក់ភ្នែក​មែនទេ​? ចុះ​ឥឡូវនេះ តើ​អ្នកនេះ​បាន​មើលឃើញ​យ៉ាងដូចម្ដេច​?”។
20ឪពុកម្ដាយ​របស់​គាត់​ឆ្លើយ​ថា៖ “យើងខ្ញុំ​ដឹង​ថា នេះ​ជា​កូន​របស់យើងខ្ញុំ​ដែល​កើតមក​ខ្វាក់ភ្នែក​មែន​។ 21ប៉ុន្តែ​យើងខ្ញុំ​មិន​ដឹង​ទេ​ថា ឥឡូវនេះ​វា​មើលឃើញ​យ៉ាងដូចម្ដេច ហើយក៏​មិន​ដឹង​ថា អ្នកណា​បាន​បើក​ភ្នែក​របស់​វា​ដែរ​។ សូម​សួរ​វា​ចុះ វា​ពេញវ័យ​ហើយ វា​នឹង​និយាយ​ដោយ​ខ្លួនឯង”។ 22ឪពុកម្ដាយ​របស់​បុរសនោះ​និយាយ​សេចក្ដីទាំងនេះ ដោយសារ​ខ្លាច​ពួកយូដា ពីព្រោះ​ពួកយូដា​បាន​ព្រមព្រៀងគ្នា​ហើយ​ថា ប្រសិនបើ​អ្នកណា​សារភាពថា​ព្រះយេស៊ូវ​ជា​ព្រះ​គ្រីស្ទ អ្នកនោះ​ត្រូវ​បណ្ដេញចេញពីសាលាប្រជុំ​។ 23ហេតុនេះហើយបានជា​ឪពុកម្ដាយ​របស់​គាត់​និយាយ​ថា​: “វា​ពេញវ័យ​ហើយ សូម​សួរ​វា​ចុះ”។
24ពួកគេ​ក៏​ហៅ​បុរស​ដែល​ធ្លាប់​ខ្វាក់ភ្នែក​មក​ជាលើកទីពីរ ហើយ​ប្រាប់​គាត់​ថា​៖ “ចូរ​ថ្វាយ​សិរីរុងរឿង​ដល់​ព្រះ​ចុះ​!#9:24 ចូរ​ថ្វាយ​សិរីរុងរឿងដល់​ព្រះ​ចុះ!―ឬ “ចូរ​សារភាពបាបរបស់អ្នកចុះ!” ឬ “ចូរ​និយាយតាមការពិតនៅមុខព្រះចុះ!”។ យើង​ដឹង​ហើយ​ថា អ្នក​នោះ​ជា​មនុស្សបាប”។
25គាត់​តបថា​៖ “ខ្ញុំ​មិន​ដឹង​ថា​តើ​លោកនោះ​ជា​មនុស្សបាប​ឬយ៉ាងណា​ទេ​។ ខ្ញុំ​ដឹង​តែ​រឿង​មួយ គឺ​ពីមុន​ខ្វាក់ភ្នែក ប៉ុន្ដែ​ឥឡូវនេះ​ខ្ញុំ​មើលឃើញ”។
26ពួកគេ​សួរថា​៖ “តើ​អ្នកនោះ​ធ្វើ​អ្វី​ដល់​អ្នក​? តើ​អ្នកនោះ​បើក​ភ្នែក​របស់អ្នក​យ៉ាងដូចម្ដេច​?”។
27គាត់​ឆ្លើយថា​៖ “ខ្ញុំ​ប្រាប់​អស់លោក​រួចហើយ ប៉ុន្តែ​អស់លោក​មិន​ស្ដាប់​ទេ ម្ដេចក៏​អស់លោក​ចង់​ស្ដាប់​ម្ដងទៀត​? មិនមែន​អស់លោក​ក៏​ចង់​ធ្វើជា​សិស្ស​របស់​លោកនោះ​ដែរ មែនទេ​?”។
28ពួកគេ​ក៏​ជេរ​គាត់​ថា​៖ “គឺ​អ្នកឯង​ហើយ ជា​សិស្ស​របស់​អ្នកនោះ រីឯ​យើង​វិញ យើង​ជា​សិស្ស​របស់​ម៉ូសេ​។ 29យើង​ដឹង​ថា​ព្រះ​បាន​មានបន្ទូល​នឹង​ម៉ូសេ រីឯ​អ្នកនោះ​វិញ យើង​មិន​ដឹង​ថា​មក​ពីណា​ទេ​!”។
30បុរស​នោះ​តប​នឹង​ពួកគេ​ថា​៖ “នេះ​ជា​រឿង​ចម្លែក​ណាស់​ដែល​អស់លោក​មិន​ដឹង​ថា​លោកនោះ​មក​ពីណា ប៉ុន្តែ​លោក​បាន​បើក​ភ្នែក​របស់ខ្ញុំ​! 31យើងរាល់គ្នា​ដឹង​ហើយ​ថា ព្រះ​មិន​សណ្ដាប់​មនុស្សបាប​ទេ ប៉ុន្តែ​ប្រសិនបើ​មាន​អ្នកណា​កោតខ្លាចព្រះ ហើយ​ប្រព្រឹត្តតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ ព្រះអង្គ​ទ្រង់​សណ្ដាប់​អ្នក​នោះ​។ 32តាំងពីដើមរៀងមក​មិនដែល​ឮ​ថា មាន​អ្នកណា​បើក​ភ្នែក​របស់​មនុស្ស​ដែល​កើតមក​ខ្វាក់ភ្នែក​ឡើយ​។ 33ប្រសិនបើ​លោកនោះ​មិនមែន​មក​ពី​ព្រះ​ទេ លោក​មិនអាច​ធ្វើ​អ្វី​បានឡើយ”។
34ពួកគេ​តប​ថា​៖ “អ្នកឯង​បាន​កើតមក​ក្នុង​បាប​ទាំងស្រុង ហើយ​អ្នកឯង​កំពុង​បង្រៀន​ពួកយើង​ឬ​?”។ រួច​ពួកគេ​ក៏​បណ្ដេញ​គាត់​ចេញ​។
ភាពខ្វាក់ខាងវិញ្ញាណ
35ព្រះយេស៊ូវ​ទ្រង់​ឮ​ថា ពួកគេ​បាន​បណ្ដេញ​គាត់​ចេញ​។ នៅពេល​រក​គាត់​ឃើញ ព្រះអង្គ​មានបន្ទូលថា​៖“តើ​អ្នក​ជឿលើ​កូនមនុស្ស#9:35 កូនមនុស្ស―ឯកសារបុរាណខ្លះថា “ព្រះបុត្រារបស់ព្រះ”។ឬទេ​?”។
36បុរសនោះ​ក៏​ទូល​ឆ្លើយ​ថា​៖ “លោកម្ចាស់ តើ​កូនមនុស្ស​ជា​នរណា ដើម្បីឲ្យ​ខ្ញុំ​បាន​ជឿលើ​ព្រះអង្គ​ផង​?”។
37ព្រះយេស៊ូវ​មានបន្ទូលថា​៖“អ្នក​ធ្លាប់​ឃើញ​ព្រះអង្គ​ហើយ ម្នាក់​ដែល​កំពុង​និយាយ​នឹង​អ្នក គឺ​ព្រះអង្គ​ហ្នឹងហើយ”។
38គាត់​ទូលថា​៖ “ព្រះអម្ចាស់​អើយ ទូលបង្គំ​ជឿ​ហើយ​!”។ រួច​គាត់​ក៏​ថ្វាយបង្គំ​ព្រះអង្គ​។
39ព្រះយេស៊ូវ​មានបន្ទូលថា​៖“ខ្ញុំ​បាន​មក​ក្នុង​ពិភពលោកនេះ​ដើម្បី​កាត់ទោស គឺឲ្យ​អ្នក​ដែល​មើលមិនឃើញ​បាន​មើលឃើញ ហើយ​ឲ្យ​អ្នក​ដែល​មើលឃើញ​ត្រឡប់ជា​ខ្វាក់ភ្នែក​វិញ”។
40ពួកផារិស៊ី​ខ្លះ​ដែល​នៅ​ជាមួយ​ព្រះអង្គ​ឮ​ដូច្នេះ ក៏​និយាយថា​៖ “មិនមែន​យើង​ក៏​ជា​មនុស្ស​ខ្វាក់ភ្នែក​ដែរ មែនទេ​?”។
41ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ប្រសិនបើ​អ្នករាល់គ្នា​ជា​មនុស្ស​ខ្វាក់ភ្នែក ម្ល៉េះសម​អ្នក​រាល់គ្នា​គ្មាន​បាប​ទេ ប៉ុន្តែ​ឥឡូវនេះ​អ្នករាល់គ្នា​ថា​: ‘យើង​មើលឃើញ’ នោះ​បាប​របស់អ្នករាល់គ្នា​នៅតែមាន”៕

醒目顯示

分享

複製

None

想在你所有裝置上儲存你的醒目顯示?註冊帳戶或登入