YouVersion 標誌
搜尋圖標

យ៉ូហាន 14

14
ផ្លូវ សេចក្ដីពិត និងជីវិត
1 “កុំឲ្យ​ចិត្ត​របស់អ្នករាល់គ្នា​មានអំពល់​ឡើយ ចូរ​ជឿលើ​ព្រះ ហើយ​ជឿលើ​ខ្ញុំ​ដែរ​។ 2នៅក្នុង​ដំណាក់​របស់​ព្រះ​បិតា​ខ្ញុំ មាន​លំនៅ​ជាច្រើន​។ ប្រសិនបើ​គ្មានទេ ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ខ្ញុំ​នឹង​ទៅ​រៀបចំ​កន្លែង​សម្រាប់​អ្នករាល់គ្នា​ធ្វើអី​? 3ដូច្នេះ កាលណា​ខ្ញុំ​ទៅ​រៀបចំ​កន្លែង​សម្រាប់​អ្នករាល់គ្នា ខ្ញុំ​នឹង​មក​ម្ដងទៀត ហើយ​ទទួល​អ្នករាល់គ្នា​ទៅឯ​ខ្ញុំ ដើម្បីឲ្យ​អ្នករាល់គ្នា​នៅ​កន្លែងដែល​ខ្ញុំ​នៅ​ដែរ​។ 4កន្លែងដែល​ខ្ញុំ​ទៅ អ្នករាល់គ្នា​ស្គាល់​ហើយ រីឯ​ផ្លូវ​នោះ អ្នករាល់គ្នា​ក៏​ស្គាល់​ដែរ”។
5ថូម៉ាស​ទូលថា​៖ “ព្រះអម្ចាស់​អើយ យើងខ្ញុំ​មិន​ដឹង​ថា​ព្រះអង្គ​យាង​ទៅ​ឯណា​ទេ តើ​យើងខ្ញុំ​អាច​ស្គាល់​ផ្លូវ​នោះ​យ៉ាងដូចម្ដេច​បាន​?”។
6ព្រះយេស៊ូវ​មានបន្ទូលថា​៖“គឺ​ខ្ញុំ​ជា​ផ្លូវ ជា​សេចក្ដីពិត និង​ជា​ជីវិត​។ គ្មានអ្នកណា​ទៅឯ​ព្រះ​បិតា​បាន​ឡើយ លើកលែងតែ​តាមរយៈ​ខ្ញុំ​ប៉ុណ្ណោះ​។
ព្រះយេស៊ូវបើកសម្ដែងអំពីព្រះបិតា
7 “ប្រសិនបើ​អ្នករាល់គ្នា​បាន​ស្គាល់​ខ្ញុំ អ្នករាល់គ្នា​នឹង​ស្គាល់​ព្រះ​បិតា​របស់ខ្ញុំ​ដែរ​។ ចាប់ពីឥឡូវនេះទៅ អ្នករាល់គ្នា​ស្គាល់​ព្រះអង្គ ហើយ​អ្នករាល់គ្នា​ធ្លាប់​ឃើញ​ព្រះអង្គ​ហើយ”។
8ភីលីព​ទូលថា​៖ “ព្រះអម្ចាស់​អើយ សូម​បង្ហាញ​ព្រះ​បិតា​ដល់​យើងខ្ញុំ​ផង នោះ​យើងខ្ញុំ​ស្កប់ចិត្ត​ហើយ”។
9ព្រះយេស៊ូវ​មានបន្ទូលថា​៖“ភីលីព​អើយ ខ្ញុំ​នៅ​ជាមួយ​អ្នក​យូរណាស់ហើយ តើ​អ្នក​មិនទាន់​ស្គាល់​ខ្ញុំ​ទេ​ឬ​? អ្នក​ដែល​បាន​ឃើញ​ខ្ញុំ ក៏​បាន​ឃើញ​ព្រះ​បិតា​ដែរ​។ ម្ដេចក៏​អ្នក​និយាយថា​: ‘សូម​បង្ហាញ​ព្រះ​បិតា​ដល់​យើងខ្ញុំ​ផង’ ដូច្នេះ​? 10តើ​អ្នក​មិន​ជឿ​ថា ខ្ញុំ​នៅក្នុង​ព្រះ​បិតា ហើយ​ព្រះ​បិតា​នៅក្នុង​ខ្ញុំ​ទេ​ឬ​? ពាក្យ​ដែល​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​នេះ ខ្ញុំ​និយាយ​មិនមែន​ចេញពី​ខ្លួនខ្ញុំ​ទេ គឺ​ព្រះ​បិតា​ដែល​ស្ថិតនៅ​ក្នុង​ខ្ញុំ​បាន​ធ្វើ​កិច្ចការ​របស់​ព្រះអង្គ​។ 11ចូរ​ជឿ​ខ្ញុំ​ថា ខ្ញុំ​នៅក្នុង​ព្រះ​បិតា ហើយ​ព្រះ​បិតា​នៅក្នុង​ខ្ញុំ ប្រសិនបើ​មិន​ជឿ​ដូច្នោះ​ទេ ចូរ​ជឿ#14:11 ឯកសារបុរាណខ្លះបន្ថែម “ខ្ញុំ”។ព្រោះតែ​កិច្ចការ​ទាំងនេះ​ចុះ​។
ការអធិស្ឋានក្នុងព្រះនាមព្រះយេស៊ូវ
12 “ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្នក​ដែល​ជឿលើ​ខ្ញុំ អ្នកនោះ​ក៏​នឹង​ធ្វើ​កិច្ចការ​ដែល​ខ្ញុំ​ធ្វើ​ដែរ ហើយ​នឹង​ធ្វើ​កិច្ចការ​ធំជាង​ការទាំងនេះ​ទៅទៀត ពីព្រោះ​ខ្ញុំ​នឹង​ទៅឯ​ព្រះ​បិតា​។ 13អ្វីក៏ដោយដែល​អ្នករាល់គ្នា​ទូល​សុំ​ក្នុង​នាម​របស់ខ្ញុំ ខ្ញុំ​នឹង​ធ្វើ​ការនោះ ដើម្បីឲ្យ​ព្រះ​បិតា​ទទួល​ការ​លើកតម្កើងសិរីរុងរឿង​តាមរយៈ​ព្រះបុត្រា​។ 14ប្រសិនបើ​អ្នករាល់គ្នា​ទូល​សុំ​អ្វី​ពី​ខ្ញុំ#14:14 ឯកសារបុរាណខ្លះគ្មាន “ពីខ្ញុំ”។ក្នុង​នាម​របស់ខ្ញុំ ខ្ញុំ​នឹង​ធ្វើ​ការនោះ​។#14:14 ឯកសារបុរាណខ្លះគ្មានខនេះ។
សេចក្ដីសន្យាអំពីព្រះជំនួយ
15 “ប្រសិនបើ​អ្នករាល់គ្នា​ស្រឡាញ់​ខ្ញុំ អ្នករាល់គ្នា​នឹង​កាន់តាម​សេចក្ដីបង្គាប់​របស់ខ្ញុំ # 14:15 អ្នក​រាល់គ្នា​នឹង​កាន់តាមសេចក្ដី​បង្គាប់​របស់​ខ្ញុំ―ឯកសារបុរាណខ្លះថា “ចូរអ្នករាល់គ្នាកាន់តាមសេចក្ដីបង្គាប់របស់ខ្ញុំ​ចុះ”។ 16ហើយខ្ញុំ​នឹង​ទូល​សុំ​ព្រះ​បិតា រួច​ព្រះអង្គ​នឹង​ប្រទាន​ព្រះជំនួយ​មួយអង្គទៀត​មក​អ្នករាល់គ្នា ដើម្បីឲ្យ​ព្រះអង្គ​គង់នៅ#14:16 គង់នៅ―ឯកសារបុរាណខ្លះថា “ស្ថិតនៅ”។ជាមួយ​អ្នករាល់គ្នា​ជារៀងរហូត​។ 17ព្រះអង្គនោះ​ជា​ព្រះវិញ្ញាណ​នៃ​សេចក្ដីពិត ដែល​ពិភពលោក​មិនអាច​ទទួល​បានឡើយ ពីព្រោះ​ពិភពលោក​មិន​ឃើញ​ព្រះអង្គ ហើយក៏មិន​ស្គាល់​ព្រះអង្គ​ដែរ​។ រីឯ​អ្នករាល់គ្នា​វិញ អ្នករាល់គ្នា​ស្គាល់​ព្រះអង្គ ពីព្រោះ​ព្រះអង្គ​ស្ថិតនៅ​ជាមួយ​អ្នករាល់គ្នា ហើយ​ព្រះអង្គ​នឹង​គង់នៅ​ក្នុង​អ្នករាល់គ្នា​។ 18ខ្ញុំ​នឹង​មិន​ចាកចោល​អ្នករាល់គ្នា​ឲ្យ​នៅ​កំព្រា​ឡើយ ខ្ញុំ​នឹង​មករក​អ្នករាល់គ្នា​វិញ​។
ព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
19 “បន្តិចទៀត មនុស្សលោក​នឹង​លែង​ឃើញ​ខ្ញុំ​ទៀត​ហើយ ប៉ុន្តែ​អ្នករាល់គ្នា​នឹង​ឃើញ​ខ្ញុំ​។ ដោយសារ​ខ្ញុំ​រស់ អ្នករាល់គ្នា​នឹង​រស់​ដែរ​។ 20នៅ​ថ្ងៃ​នោះ អ្នករាល់គ្នា​នឹង​ដឹង​ថា​ខ្ញុំ​នៅក្នុង​ព្រះ​បិតា​របស់ខ្ញុំ ហើយ​អ្នករាល់គ្នា​នៅក្នុង​ខ្ញុំ រីឯខ្ញុំក៏​នៅក្នុង​អ្នករាល់គ្នា​ដែរ​។ 21អ្នក​ដែល​មាន​សេចក្ដីបង្គាប់​របស់ខ្ញុំ ហើយ​កាន់តាម​សេចក្ដីបង្គាប់ទាំងនេះ គឺ​អ្នកនោះ​ហើយ​ជា​អ្នក​ដែល​ស្រឡាញ់​ខ្ញុំ​។ អ្នក​ដែល​ស្រឡាញ់​ខ្ញុំ នឹង​ត្រូវ​ព្រះ​បិតា​របស់ខ្ញុំ​ស្រឡាញ់ ហើយខ្ញុំ​នឹង​ស្រឡាញ់​អ្នកនោះ​ដែរ ព្រមទាំង​បើកសម្ដែង​ខ្លួនខ្ញុំ​ដល់​អ្នកនោះ​ផង”។
22យូដាស (​មិនមែន​អ៊ីស្ការីយ៉ុត​) ទូល​ព្រះអង្គ​ថា​៖ “ព្រះអម្ចាស់​អើយ មាន​អ្វី​កើតឡើង​បានជា​ព្រះអង្គ​រៀបនឹង​បើកសម្ដែង​អង្គទ្រង់​ដល់​យើងខ្ញុំ ប៉ុន្តែ​មិន​បើកសម្ដែង​ដល់​មនុស្សលោក​?”។
23ព្រះយេស៊ូវ​មានបន្ទូល​តប​ថា​៖“ប្រសិនបើ​អ្នកណា​ស្រឡាញ់​ខ្ញុំ អ្នកនោះ​នឹង​កាន់តាម​ពាក្យ​របស់ខ្ញុំ​។ ព្រះ​បិតា​របស់ខ្ញុំ​នឹង​ស្រឡាញ់​អ្នកនោះ ហើយ​យើង​នឹង​មករក​អ្នកនោះ រួច​តាំង​លំនៅ​ជាមួយ​អ្នកនោះ​។ 24អ្នក​ដែល​មិន​ស្រឡាញ់​ខ្ញុំ មិន​កាន់តាម​ពាក្យ​របស់ខ្ញុំ​ឡើយ​។ ពាក្យ​ដែល​អ្នករាល់គ្នា​ឮ មិនមែន​ជា​ពាក្យ​របស់ខ្ញុំ​ទេ ប៉ុន្តែ​ជា​របស់​ព្រះ​បិតា​ដែល​ចាត់​ខ្ញុំ​ឲ្យមក​។
25 “ខ្ញុំ​បាន​ប្រាប់​សេចក្ដីទាំងនេះ​ដល់​អ្នករាល់គ្នា​ហើយ អំឡុងពេល​ខ្ញុំ​នៅ​ជាមួយ​អ្នករាល់គ្នា​។ 26ប៉ុន្តែ​ព្រះជំនួយ គឺ​ព្រះវិញ្ញាណដ៏វិសុទ្ធ​ដែល​ព្រះ​បិតា​នឹង​ចាត់ឲ្យមក​ក្នុង​នាម​របស់ខ្ញុំ ព្រះអង្គ​នឹង​បង្រៀន​សេចក្ដី​ទាំងអស់​ដល់​អ្នករាល់គ្នា ហើយ​នឹង​រំលឹក​អ្នករាល់គ្នា​អំពី​សេចក្ដី​ទាំងអស់​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នករាល់គ្នា​។
ព្រះយេស៊ូវប្រទានសេចក្ដីសុខសាន្ដ
27 “ខ្ញុំ​ទុក​សេចក្ដីសុខសាន្ត​ឲ្យ​អ្នករាល់គ្នា ខ្ញុំ​ផ្ដល់​សេចក្ដីសុខសាន្ត​របស់ខ្ញុំ​ឲ្យ​អ្នករាល់គ្នា​។ ខ្ញុំ​ផ្ដល់​ឲ្យ​អ្នករាល់គ្នា​មិនមែន​ដូចដែល​ពិភពលោក​ផ្ដល់ឲ្យ​ទេ​។ កុំឲ្យ​ចិត្ត​អ្នករាល់គ្នា​មានអំពល់ ឬ​ភិតភ័យ​ឡើយ​។ 28អ្នករាល់គ្នា​ឮ​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ហើយ​ថា​: ‘ខ្ញុំ​នឹង​ទៅ ហើយ​ខ្ញុំ​នឹង​មករក​អ្នករាល់គ្នា​វិញ’។ ប្រសិនបើ​អ្នករាល់គ្នា​ស្រឡាញ់​ខ្ញុំ ម្ល៉េះសម​អ្នករាល់គ្នា​បាន​អរសប្បាយ​ដោយសារ​ខ្ញុំ​ទៅឯ​ព្រះ​បិតា ដ្បិត​ព្រះ​បិតា​ធំជាង​ខ្ញុំ​។ 29ឥឡូវនេះ ខ្ញុំ​បាន​ប្រាប់​អ្នករាល់គ្នា​ហើយ មុន​ការនោះ​កើតឡើង ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ជឿ កាលណា​ការនោះ​កើតឡើង​។ 30ខ្ញុំ​នឹង​មិន​និយាយ​សេចក្ដី​ជាច្រើន​ជាមួយ​អ្នករាល់គ្នា​ទៀតទេ ពីព្រោះ​មេគ្រប់គ្រង​របស់​ពិភពលោក​នឹង​មក​។ វា​គ្មានអំណាច​លើ​ខ្ញុំ​ឡើយ​។ 31ប៉ុន្តែ​ដើម្បីឲ្យ​ពិភពលោក​ដឹង​ថា​ខ្ញុំ​ស្រឡាញ់​ព្រះ​បិតា ខ្ញុំ​ក៏​ធ្វើ​ដូច្នេះ​ដូចដែល​ព្រះ​បិតា​បាន​បង្គាប់​ខ្ញុំ​។
“ក្រោកឡើង​មក យើង​នាំគ្នា​ចេញ​ពីទីនេះ​ទៅ​!

醒目顯示

分享

複製

None

想在你所有裝置上儲存你的醒目顯示?註冊帳戶或登入